28.4 C
Phnom Penh

ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​ប្តឹង​អ្នក​តស៊ូមតិ​សិទ្ធិ​មនុស្ស​​ម្នាក់​ពីបទ​បរិហារកេរ្តិ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​ក្រសួង​យុត្តិធម៌​ កាលពី​ម្សិលមិញ​បាន​បញ្ជាក់​​ថា ព្រះរាជអាជ្ញា​និង​ចៅក្រម​ខេត្ត​សៀមរាប​បាន​ប្ដឹង​លោក នី ចរិយា អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ពីបទ​បរិហារកេរ្តិ៍​ជុំវិញពាក្យ​បណ្ដឹង​ដែល​គាត់​​បាន​ប្ដឹងលោក​​ទាំង​ពីរ​នាក់​កាល​ពី​ខែ​មុន។

កាលពី​ខែ​ឧសភា លោក នី ចរិយា ប្រធាន​ផ្នែក​ឃ្លាំមើល​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ និង​តុលាការ​កំពូល ​​ប្ដឹង​លោក សុខ កែវបណ្ឌិត ព្រះ​រាជ​អាជ្ញារង​​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​លោក គី រិទ្ធី ចៅក្រម​ស៊ើបសួរ​ជុំវិញ​​ការ​ដោះ​ស្រាយ​​វិវាទ​ដីធ្លី​ក្នុង​មូលដ្ឋាន​។

លោក នី ចរិយា បាន​ចោទ​ប្រកាន់​លោក​ទាំង​ពីរ​ថា មិន​បានអនុវត្ត​តាម​នីតិវិធី​ត្រឹម​ត្រូវ​ក្នុង​ការ​ចោទ​ប្រកាន់​ និង​ចាប់ខ្លួន​​អ្នក​ភូមិ​ពីរ​នាក់​ដាក់​ពន្ធនាគារ​ចំពោះ​ការ​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​​កសិពាណិជ្ជកម្ម​ (Community Takhmao Development Agriculture & Industrial ) ដែល​អ្នកភូមិចោទ​ថា បាន​ព្យាយាម​រឹបអូស​យក​ដី​ស្រែ​របស់​ពួកគាត់​ដោយ​ខុស​ច្បាប់​។

កាលពី​ម្សិលមិញ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បានមាន​ប្រសាសន៍​ថា លោក​ព្រះ​រាជអាជ្ញារង​ និង​ចៅក្រម​ស៊ើបសួរ​​បាន​ប្ដឹង​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​រូប​នេះ​ពី​បទ​បរិហារ​កេរ្តិ៍​ ដោយសារ​​ពាក្យ​បណ្ដឹង​របស់​គាត់​​ប្ដឹង​លោក​​ទាំង​ពីរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ករណី​នេះ​គឺ​ទាក់​ទង​ចៅក្រម​​ និង​ព្រះរាជអាជ្ញា​ដែល​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អង្គការ​អាដហុក​។ វា​ជា​វិវាទ​បុគ្គល​ មិន​មែន​រវាង​ស្ថាប័ន​មួយ​និង​ស្ថាប័ន​មួយ​ទៀត​ឡើយ។ វា​​ជា​វិវាទ​រវាង​​អ្នក​ដែល​ធ្វើ​ការ​នៅ​អង្គការ​អាដហុក​ និង​អ្នក​ផ្សេងទៀត​​ក្នុង​ប្រព័ន្ធ​តុលាការ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “​ពាក្យ​បណ្ដឹង​នេះហាក់​​ដូច​ជា​ការ​​បរិហារកេរ្តិ៍។ វា​ស្ថិត​ក្នុង​ដៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ”។

លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​​បាន​បញ្ជាក់ថា លោក​បាន​សាក​សួរ​មេធាវី​តំណាង​ព្រះរាជអាជ្ញារង​ និង​ចៅក្រម​រូប​នេះ​ដែល​ប្ដឹង​លោក នី​ ចរិយា ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​លម្អិត​ឡើយ​។ លោក សៀង សុខ បាន​មាន​ប្រសាសន៍​ថា “​យើង​កំពុង​ធ្វើ​ការ​លើ​ករណី​នេះ ដូច្នេះ​​កុំសួរ​​អី​”។

កាលពី​ម្សិលមិញ លោក នី ចរិយា បាន​មាន​ប្រសាសន៍​ថា លោក​បានអាន​ព័ត៌មាន​អំពី​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​រូប​លោក ប៉ុន្តែ​​មិន​ទាន់​ទទួល​បាន​ការ​​ជូន​ដំណឹង​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ​។

ចំណែក​ឯ​ពាក្យ​បណ្ដឹង​របស់​លោក នី ចរិយា ប្ដឹង​ចៅក្រម​ និង​ព្រះរាជអាជ្ញា​រូប​នោះ​វិញ​ លោក ជិន មា៉លីន បាន​មាន​ប្រសាសន៍​ថា ក្រសួង​យុត្តិធម៌​កំពុង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​នោះ ដើម្បី​កំណត់​ថាតើ​ត្រូវ​​ធ្វើ​ការ​​ស៊ើបអង្កេត​​​ផ្លូវ​ការ​ឬ​យ៉ាងណានោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​ពិនិត្យ​មើល​ដើម្បី​រកឲ្យឃើញ​ថា តើករណី​នេះ​​​អនុវត្ត​​តាម​ច្បាប់​​ឬ​ក៏អត់។ យើង​ត្រូវពិនិត្យអង្គហេតុ ហើយ​បាន​ធ្វើ​ការ​ស៊ើបអង្កេតជា​​បឋម​ដើម្បី​សម្រេច​ថា តើ​ត្រូវ​ធ្វើ​ការ​លើ​ពាក្យ​បណ្ដឹង​នេះឬ​មិនធ្វើ​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស