28.4 C
Phnom Penh

មេគយ​បង្ហាញ​ឈ្មោះ​ក្រុម​ហ៊ុន​ជាប់​ពាក់​ព័ន្ធ​នឹង​​​ភ្លុក​ដំរី​ដែល​​​រឹបអូស​​​​បាន​​​ក្នុង​ចំនួន​យ៉ាង​ច្រើន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បីខែ​បន្ទាប់ពី​ភ្លុក​ដំរី​ក្នុង​ចំនួន​យ៉ាង​ច្រើន​បំផុត​មិន​ដែល​ធ្លាប់​មាន​នៅ​កម្ពុជា​​ត្រូវ​បាន​រឹប​អូស​នៅ​កំពង់ផែ​ស្វយ័ត​​ក្រុង​ព្រះសីហនុ មេគយ​នៃ​កំពង់​ផែ​នេះ​បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សាលា​ដំបូង​ខេត្ត​កាលពី​ថ្ងៃ​ពុធ ដើម្បី​ឆ្លើយ​សំណួរ​អំពី​ករណី​នេះ​ជា​លើក​ដំបូង​។

លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​​​ខេត្ត​នេះ​​បាន​បញ្ជាក់​កាលពី​ម្សិល​មិញ​ថា លោក គិន លី មេគយ​​ប្រចាំ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​ត្រូវ​បាន​សាកសួរ​​ហើយ​បាន​ផ្ដល់​​ឲ្យ​តុលាការ​នូវ​ឯកសារ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​ភ្លុក​ដំរី​ ប៉ុន្តែ​ថា ​លោក​ត្រូវ​ការ​ត្រួត​ពិនិត្យ​បន្ថែម​ទៀត​មុន​ពេល​លោក​​កោះ​ហៅ​ក្រុម​ហ៊ុន​ដែល​ដឹក​ជញ្ជូន​​​​ភ្លុក​​​ដំរី​​​​ទាំង​នេះ​។

លោក វិចិត្រ បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ស្នើ​ឲ្យ​គយ​ស្វែង​រក​ឯកសារ​បន្ថែម​ទៀត​ដើម្បី​វែក​មុខ​​ថា​តើ​ក្រុម​ហ៊ុន​មួយ​ណា​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​នេះ​។ តុលាការ​​នៅ​មិនទាន់​កោះហៅ​ក្រុម​ហ៊ុន​នៅ​ឡើយ​ទេ ព្រោះ​យើង​កំពុង​ដោះ​ស្រាយ​​ជាមួយ​គយជាមុន​សិន”។

តែ​ទោះ​ជាយ៉ាង​ណា លោក គិន លី បាន​លើក​ឡើង​ថា លោក​បាន​ផ្ដល់​ឲ្យ​តុលាការ​នូវ​ឯកសារ​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​ និង​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុម​ហ៊ុន​​ដឹកជញ្ជូន​ Reho Both (Cambodia) Co.Ltd ជា​ក្រុម​ហ៊ុន​អាហរ័ណ​នីហរ័ណ​​ ដែល​មាន​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​រួច​ហើយ​។

លោក គិន លី បាន​មាន​ប្រសាសន៍​ដោយ​មិន​រៀប​រាប់​ច្រើន​ថា “​យើង​បាន​បញ្ជូន​ឯកសារ​គ្រប់​គ្រាន់​ទៅ​តុលាការ​ជាភ័ស្តុតាង​រួច​ហើយ”។

មិន​ដែល​មាន​ព័ត៌មាន​​លម្អិត​ជុំវិញ​ករណី​នេះ​ឡើយ​ ចាប់​តាំង​ពី​មន្ត្រី​គយ​បាន​រក​ឃើញ​ភ្លុក​ដំរី​ទម្ងន់​៣.០០៨គីឡូក្រាម ដែលគេ​​​​បង្កប់​នៅ​ក្នុង​កុងតឺន័រ​ដឹក​សណ្ដែក​ចំនួន​ពីរ​​គ្រឿង​​​មក​ពី​ប្រទេស​កេនយ៉ា ​ឆ្លង​កាត់​តាម​រយៈ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៤មក​​​។ ដំបូង​ឡើយ ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ Olair Worldwide Logistics ​ត្រូវ​បាន​គេ​ប្រាប់​ឈ្មោះ​មក​ថា ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​នេះ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​បាន​បដិសេធ​ថា ខ្លួន​មិន​ដឹង​​អំពី​ទំនិញ​នេះ​ឡើយ។ភ្លុក​ដំរី​ទាំង​នេះ​អាច​មាន​តម្លៃ​រាប់​លាន​ដុល្លារ​។

នៅ​ពេល​ទាក់​ទង​កាលពី​ម្សិលមិញ លោក ខាន់ ស៊ីនិត ​ប្រធាន​ក្រុម​ហ៊ុន​ Reho Both (Cambodia) Co.Ltd ​​បាន​លើក​ឡើង​ថា មុនពេល​​​​​កុងតឺន័រ​​បាន​មក​ដល់​​កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​​ឆ្នាំមុន លោក​ទទួល​បាន​ដំណឹង​មក​ថា ក្រុម​ហ៊ុន​របស់​លោក​​ត្រូវ​ទទួល​​​ដឹក​​​ជញ្ជូន​​​​កុងតឺន័រ​​ចំនួន​ពីរ​គ្រឿង ដែល​លោក​មិន​បាន​ដឹង​ពី​មុន​មក​។

លោក​​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​​បាន​ផ្ញើ​សារ​ទៅ​ឲ្យ​នាវា​​​ដឹក​កុងតឺន័រ​ទាំង​ពីរ​នេះ​​ដោយ​ច្រាន​ចោល​មិន​ព្រម​​ទទួល​ដឹកជញ្ជូន​ឡើយ​ មុន​ពេល​មន្ត្រីគយ​រក​ឃើញ​ភ្លុក​ដំរី​។ តែ​ទោះ​ជា​យ៉ាង​ណា​វា​គឺ​ជា​កំហុស​របស់​ខ្្ញុំ​ដែល​មិន​បាន​រាយការណ៍​ជូន​មន្ត្រី​គយ​អំពី​បញ្ហា​នេះ​”។

លោក ស៊ីនិត បាន​លើក​ឡើង​ទៀត​ថា ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មួយ​ផ្សេង​ទៀត​ឈ្មោះ Road Logistics Express Co. មាន​ប្រវត្តិ​ប្រើ​ឈ្មោះ​ក្រុម​ហ៊ុន​របស់​លោក​ដើម្បី​​នាំ​ចូល​ទំនិញ​ខុស​ច្បាប់។

បុរស​ម្នាក់​ដែល​​​​បាន​លើក​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Road Logistics Express Co. បាន​ប្រាប់​ថា ខ្លួន​គឺ​ជា​បុគ្គលិក​​​ ហើយ​មានឈ្មោះ ណារ៉ា ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ​ឡើយ​។

បុរស​រូប​នេះ​បាន​និយាយ​ថា “​ខ្ញុំ​អត់​ដឹង​ទេ។ ខ្ញុំ​​ជាប់​រវល់​”៕ ស៊ុយឈាង​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស