40.6 C
Phnom Penh

ប្រទេស​កម្ពុជា​ឆ្លើយ​គេច​នៅ​ពេល​ដែល​ភាព​តានតឹង​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​កាន់តែ​​​កើន​ខ្លាំង​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​ដែល​លោក អាស្តុន ខាថឺ (Ashton Carter) ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទ្វីប​អាស៊ី​នៅ​សប្តាហ៍​នេះ​​​​ ក្នុង​​​ពេល​​​​​​​មាន​ភាព​តានតឹង​ខ្លាំង​ទាក់ទិន​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ប្រទេស​កម្ពុជា ជា​ថ្មី​ម្តង​ទៀត បាន​គាំទ្រ​ជំហរ​របស់​ប្រទេស​ចិន​ក្នុង​ជម្លោះ​នេះ ដោយ​បាន​ព្រមាន​ថា ការ​លើក​ឡើង​នា​ពេល​ថ្មីៗ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក គឺ​​​ជា​ការ “បង្ក​ហេតុ” និង​បាន​គំរាម​សន្តិភាព​ពិត​ប្រាកដ ដែល​អាមេរិក​អះអាង​ថា​កំពុង​​​ការពារ​នោះ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​និយាយ​ថា ការ​រីក​ធំ​នៃ​ភាព​តានតឹង​សព្វ​ថ្ងៃ​ទាក់ទិន​នឹង​សមុទ្រ​នេះ គឺ​ភាគ​ច្រើន​ដោយសារ​ការ​គំរាម​កំហែង​របស់​លោក ខាថឺ ដែល​ថា​នឹង​បញ្ជូន​នាវា​ចម្បាំង​និង​យន្តហោះ​ស៊ើបការណ៍​ក្នុង​ចម្ងាយ​២២​គីឡូម៉ែត្រ​នៃ​បណ្តា​​​​​​​កោះ​​​​​ដែល​​​ទាមទារ​​​កាន់កាប់​​​​ដោយ​​​ប្រទេស​​​ចិន​​​នៅ​​​ក្នុង​ផ្លូវ​ទឹក​ដ៏​សំខាន់​ខាង​យុទ្ធសាស្ត្រ​នេះ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា “វា​ជា​ការ​បង្ក​ហេតុ។ ខ្ញុំ​គិត​ថា វា​ជា​ការ​ថ្លែង​បង្ក​ហេតុ​ដែល​ប្រឆាំង​នឹង​គោល​បំណង​របស់​យើង​ក្នុង​ការ​ថែរក្សា​សន្តិភាព​ក្នុង​តំបន់”។

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ប្រទេស​កម្ពុជា ដូច​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​នេះ​ដែរ កំពុង​ព្យាយាម​រក្សា​ជំហរ​ប្រយោជន៍​សួនតួ​ក្នុង​ជម្លោះ​នេះ ហើយ​ថា អាស៊ាន​ទាំង​អស់​នឹង​នៅ​ខាង​អាមេរិក​និង​សម្ពន្ធ​មិត្ត​របស់​ខ្លួន ប្រសិន​​​បើ​អាមេរិក​និង​ចិន​ចាប់​ផ្តើម​មាន​ជម្លោះ​ក្នុង​តំបន់​នេះ។

នា​ពេល​ថ្មីៗ​នេះ អាមេរិក​បាន​បង្កើន​វោហារ​សាស្ត្រ​ទាក់ទិន​នឹង​កង្វល់​របស់​ខ្លួន​អំពី​ភាព​គឃ្លើន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ឃើញ​​​មាន​​​​​​​​ពាណិជ្ជកម្ម​​​ស្មើ​ពាក់​កណ្តាល​​​​​​​នៃ​​​​​ពិភព​លោក​ឆ្លង​កាត់​សមុទ្រ​នេះ​រាល់​ឆ្នាំ ហើយ​​​វា​​​មាន​សារៈ​សំខាន់​បំផុត​សម្រាប់​​​​ឧត្តម​ភាព​ផ្នែក​​​​យោធា​អាមេរិក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

បណ្តុំ​​​​នៃ​ជម្លោះ​ទឹក​ដី​ក្នុង​សមុទ្រ​នេះ ភាគច្រើន​កើត​ឡើង​ដោយសារ​កំណប់​រ៉ែ​ប្រេង​និង​ឧស្ម័ន ដែល​គេ​ជឿ​ថា​មាន​កប់​នៅ​ក្រោម​សមុទ្រ។ ប្រទេស​ចំនួន​ប្រាំ មាន​ប្រទេស​ប្រុ៊យណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់ និង​ប្រទេស​វៀតណាម មាន​ការ​អះអាង​សិទ្ធិ​កាន់កាប់ ដែល​ត្រួត​ស៊ីគ្នា​៩០​ភាគរយ​នៃ​សមុទ្រ​នេះ ដែល​ប្រទេស​ចិន​ទាមទារ​​​កាន់​​​កាប់​​​​​​ជា​ម្ចាស់​ជា​ប្រវត្តិ​សាស្ត្រ។

ប៉ុន្តែ​របាយការណ៍​មន្ទីរ​បញ្ចកោណ​ដែល​លេច​ធ្លាយ​នៅ​ខែ​ឧសភា ដែល​បង្ហាញ​ឲ្យ​ឃើញ​កោះ​​សិប្ប​និម្មិត​រាប់​ពាន់​សង់​យ៉ាង​លឿន​ដោយ​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​មាន​ភាព​ជ្រួល​ច្រាល ចំណែក​ឯ​អាមេរិក​បារម្ភ​ថា ផ្លូវ​ទឹក​ពាណិជ្ជកម្ម​ដ៏​មមាញឹក​បំផុត​លើ​ពិភព​លោក និង​ឧត្តម​ភាព​ផ្នែក​យោធា​របស់​ខ្លួន​ក្នុង​តំបន់​នេះ អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​ការ​ចូល​កាន់កាប់​ដ៏​រហ័ស​របស់​ប្រទេស​ចិន។

ប្រទេស​កម្ពុជា​មិន​មាន​ការ​ទាមទារ​សិទ្ធិ​កាន់កាប់​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ប៉ុន្តែ​សំឡេង​របស់​ខ្លួន​ក្នុង​ជម្លោះ​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​ធម្មតា។ ចាប់តាំង​ពី​ខ្លួន​បាន​រៀបចំ​ជំនួប​កំពូល​អាស៊ាន​ឆ្នាំ​២០១២​ក្នុង​ក្រុង​ភ្នំពេញ និង​មិន​ព្រម​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មក​និយាយ ប្រទេស​កម្ពុជា​បាន​ទទួល​រង​ការ​ចោទ ថា​បាន​ទម្លាក់​ចោល​ផល​ប្រយោជន៍​រួម​អាស៊ាន​ដើម្បី​គាំទ្រ​ចិន ដែល​ជា​អ្នក​វិនិយោគ​ក្រៅ​ប្រទេស​ដ៏​ធំ​បំផុត​តែ​មួយ​គត់​របស់​ខ្លួន។

ប៉ុន្តែ លោក ស៊ីផាន បាន​បដិសេធ​ថា​ប្រទេស​កម្ពុជា​មិន​បាន​សម្រប​ខ្លួន​តាម​ប្រទេស​ចិន​ទេ បើ​ទោះជា​មាន​ការ​ព្រមាន​ពី​ប្រទេស​ចិន​ម្តង​ហើយ​ម្តង​ទៀត​​ចំពោះ​អាមេរិក​ឲ្យ​ឈប់​គំរាម​កំហែង បើ​មិន​ដូច្នោះ​ទេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​កើត​ឡើង។

លោក​បាន​និយាយ​ថា “ប្រទេស​ទាំង​អស់ រួម​បញ្ចូល​ប្រទេស​ចិន​និង​អាមេរិក​ផង​ដែរ ចាំបាច់​ត្រូវ​ប្រឆាំង​នឹង​ចំណង់​បង្កើន​វត្តមាន​ផ្នែក​យោធា។ ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​ចង់​បាន​សន្តិភាព​និង​ស្ថិរភាព ហើយ​ថា​សមុទ្រ​ចិន​ខាង​ត្បូង​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ណា​មួយ​ទេ”។

លោក​បាន​បន្ថែម​ថា “រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​ឃើញ​នាវា​ចម្បាំង​ឬ​អំពើ​ឈ្លានពាន​ណាមួយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។ ប្រទេស​ណា​មួយ​ដែល​បង្ក​ហេតុ​បែប​នេះ ត្រូវ​ទទួល​ខុសត្រូវ ប្រសិនបើ​វា​កើត​មាន​ជម្លោះ”។

លោក ស៊ីផាន បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​ជា​អ្នក​ទទួល​បាន​​​​អំណោយ​ហិរញ្ញវត្ថុ​របស់​ចិន ប៉ុន្តែ​បាន​និយាយ​ថា បញ្ហា​ពីរ​នេះ​មិន​ទាក់ទង​គ្នា​ទេ។

លោក​បាន​និយាយ​ថា “សមុទ្រ​ចិន​ខាង​ត្បូង​មិន​ទាក់ទង​នឹង​ជំនួយ​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​ចិន ឬ​ប្រទេស​ណាមួយ នោះ​គឺ​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​យើង​ប៉ុណ្ណោះ។ ហើយ​ក្នុង​ប្រការ​នេះ ប្រទេស​កម្ពុជា​ជា​មិត្ត​ភក្តិ​​នឹង​គ្រប់​ប្រទេស” លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​អនុវត្ត​ស្រប​តាម​គោលការណ៍​អាស៊ាន និង​ចង់​បាន​ក្រម​ប្រតិបត្តិ​ដើម្បី​បង្កើត​ការ​ចរចា​ដោយ​សន្តិភាព។

កាលពី​ខែ​មេសា ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​និយាយ​ថា អាស៊ាន​គួរ​ស្ថិត​នៅ​ក្រៅ​ជម្លោះ​ទឹក​ដី ហើយ​អនុញ្ញាត​ឲ្យ​ប្រទេស​សមាជិក​របស់​ខ្លួន​ដោះស្រាយ​ជម្លោះ​ដោយ​ខ្លួន​ឯង ជា​ជំហរ​មួយ​ផ្សេង​ទៀត​ដែល​ប្រកាន់​យក​ដោយ​ប្រទេស​ចិន និង​ជា​ជំហរ​មួយ​ដែល​បញ្ជាក់​ថា​ជា​ឧបសគ្គ​ចំពោះ​ការ​ចរចា។

លោក​ស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​កម្ពុជា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ការ​ប្រជុំ​បិទ​ទ្វារ​ជាមួយ​ក្រុម​អ្នក​ការទូត​បរទេស​នៅ​ខែ​មុន​ថា “អាស៊ាន​មិន​អាច​ដោះស្រាយ​ជម្លោះ​នេះ​បាន​ទេ។ ជម្លោះ​ទឹក​ដី​នៅ សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​ដោះស្រាយ​ជាមួយ​ប្រទេស​ដែល​ពាក់ព័ន្ធ”។

យោង​តាម​លោក ខាល ថាយឺរ អ្នក​ជំនាញ​អាស៊ី​អាគ្នេយ៍​នៅ​បណ្ឌិត្យ​សភា​​ការពារ​ប្រទេស​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា ជា​ការ​គោរព​ជាក់​ស្តែង​របស់​ប្រទេស​កម្ពុជា​ចំពោះ​ប្រទេស​ចិន​ទំនងជា​មិន​ផ្លាស់ប្តូរ​ទេ​ដរាប​ណា​សន្តិភាព​នៅ​តែ​មាន។ លោក​បាន​និយាយ​ថា ការ​ប្តូរ​ជំហរ​នឹង​ប្រថុយ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ទំនាក់​ទំនង​ប្រកប​ដោយ​ប្រយោជន៍​ខ្លាំង​នេះ។

លោក ថាយឺរ បាន​និយាយ​ថា “ប្រទេស​កម្ពុជា​ផ្គាប់ផ្គុន​ប្រទេស​ចិន [និង]​ជៀសវាង​ការ​ប្រឆាំង​នឹង​អាមេរិក” ដោយ​លោក​លើក​ឡើង​ថា ប្រទេស​កម្ពុជា​បាន​បង្កើន​វោហារ​សាស្ត្រ​របស់​ខ្លួន​គាំទ្រ​ចិន​នា​ពេល​ថ្មីៗ​នេះ។

លោក​បាន​និយាយ​ថា “ប្រទេស​កម្ពុជា​នឹង​មិន​ផ្តាច់​សម្ព័ន្ធ​ភាព​[នេះ] ឬ​ប្រកាន់​យក​ជំហរ​ដែល​នឹង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សិទ្ធិ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ទទួល​បាន​ប្រាក់​ស្រួលៗ​ពី​ប្រទេស​ចិន”។

ប្រទេស​កម្ពុជា ជា​សមាជិក​តូច​មួយ​នៃ​អាស៊ាន​ដែល​គ្មាន​ការ​ទាមទារ​សិទ្ធិ​ក្នុង​សមុទ្រ​នោះ អាច​បញ្ចេញ​សំឡេង​គាំទ្រ​ប្រទេស​ចិន ពីព្រោះ​ប្រទេស​នេះ​មាន​ការ​ទាក់ទង​តិចតួច​ទៅ​នឹង​លទ្ធផល​នៃ​ជម្លោះ​នេះ។

លោក ថាយឺរ បាន​និយាយ​ថា ប៉ុន្តែ​ប្រសិនបើ​ការ​ពាក់ព័ន្ធ​នេះ​រីក​ធំ​ហួស​ពី​វោហារសាស្ត្រ​នោះ ប្រទេស​កម្ពុជា​នឹង​លើក​ការ​ជំទាស់​របស់​ខ្លួន​ជាមួយ​ថ្នាក់​ដឹកនាំ​អាស៊ាន បន្ទាប់​មក​ស្រប​តាម​មតិ​ទូទៅ ដូច​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ឯ​ជំនួប​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ​នេះ នៅ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

លោក​បាន​និយាយ​ថា “ប្រទេស​កម្ពុជា​អាច​ធ្វើ​សេចក្តី​ថ្លែងការណ៍​អំពី​ឥរិយាបថ​ធ្វើ​ឲ្យ​អស្ថិភាព​របស់​អាមេរិក ហើយ​ថា​អាស៊ាន​មិន​គួរ​ដើរ​តួនាទី​ដោយ​ផ្ទាល់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ទឹក​ដី​…​ហើយ​ថា​អាស៊ាន​នឹង​តម្រូវ​ចិត្ត​ប្រទេស​កម្ពុជា បើ​កម្ពុជា​មិន​ធ្វើ​ឲ្យ​ខូច​ដល់​មតិ​រួម​បច្ចុប្បន្ន​នេះ”។

យោង​តាម​លោក ថាយឺរ ឲ្យ​ដឹង​ថា ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង​របស់​ចិន​និង​អាមេរិក​ដែល​ចាប់​ផ្តើម​មាន​ជម្លោះ បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​កាន់តែ​ចង់​ទុក​ចិត្ត​លើ​ការ​ប្តេជ្ញា​របស់​ប្រទេស​ចិន​ចំពោះ​សន្តិភាព និង​នាំមក​នូវ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចរចា​វិញ។

ដោយ​សំដៅ​លើ​សេចក្តី​ប្រកាស​អំពី​ការ​ប្រតិបត្តិ​នៃ​ភាគី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង លោក​បាន​និយាយ​ថា “មាន​ភាព​បន្ទាន់​ថ្មី​នៅ​អាស៊ាន​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​នូវ​ខ​សំខាន់ៗ​នៃ​ឯកសារ​២០០២DOC ជា​ពិសេស​កថាខណ្ឌ​ដែល​និយាយ​ថា​ចំពោះ ‘សេចក្តី​អត់ធ្មត់’ និង ‘មិន​ប្រើ​កម្លាំង ឬ​ការ​គំរាម​កំហែង​ប្រើ​កម្លាំង’ ”។

លោក ថាយឺរ បាន​កត់​សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ទទួល​ប្រយោជន៍​ពី​ឥទ្ធិពល​របស់​ចិន ប៉ុន្តែ​ដោយ​មាន​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​អាស៊ាន-ចិន​ដែល​មាន​សារៈ​សំខាន់​ក្នុង​តំបន់​នោះ​ដែរ។ ហើយ​កម្ពុជា ដោយ​គ្មាន​ការ​ទាមទារ​សិទ្ធិ​នៅ​សមុទ្រ​នេះ ដឹង​ខ្លួនឯង​ថា​ត្រូវ​ស្ថិត​ក្នុង​ជំហរ​មួយ​ដើរ​កណ្តាល។

ប្រទេស​ចិន​ចង់​ធ្វើ​ការ​បញ្ជាក់​ត្រង់​ចំណុច​នេះ​ជា​ខ្លាំង នៅ​ពេល​ដែល​លោក លុយ យ៉ានដុង (Liu Yandong) ជា​ឧបនាយក​រដ្ឋមន្ត្រី បាន​និយាយ​ទៅ​កាន់​ប្រតិភូ​ជា​ច្រើន​រូប​នៅ​ជំនួប​កំពូល​ស្តីពី​សន្តិសុខ​អាស៊ី​លើក​ទី​១៤​អំពី​ប្រយោជន៍​នេះ​ចំពោះ​អាស៊ាន​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​ប្រទេស​ចិន។ លោក​បាន​ថ្លែង​ថា នៅ​រយៈ​ពេល​ប្រាំ​ឆ្នាំ​បន្ទាប់ ប្រទេស​ចិន​រំពឹង​ថា​នឹង​នាំ​ចូល​ទំនិញ​មាន​តម្លៃ​មួយ​ទ្រីលាន​ដុល្លារ​ពី​បណ្តា​ប្រទេស​អាស៊ាន និង​វិនិយោគ​៥០០​ពាន់​លាន​ដុល្លារ​ក្នុង​តំបន់​នេះ។

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​រង​ការ​រិះគន់​ត្បិត​ការ​ចេញ​មុខ​អះអាង​ថា អាស៊ាន​មិន​គួរ​ពាក់ព័ន្ធ​ជា​ប្លុក​ក្នុង​ការ​ចរចា​ទាក់ទិន​នឹង​ជម្លោះ​ទឹក​ដី​នោះ ប្រទេស​ផ្សេង​ទៀត​ក្នុង​សមាគម​នេះ​បាន​ចាប់​ផ្តើម​ជា​បណ្តើរៗ​ធ្វើការ​អះអាង​ជំហរ​ស្រដៀង​គ្នា​នេះ។

កាលពី​ចុង​សប្តាហ៍ ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​សំដែង​នូវ​ចេតនា​របស់​លោក​ថ្លឹងថ្លែង​អំពី​ការ​ពាក់ព័ន្ធ​ណា​មួយ​ក្នុង​ជម្លោះ​នេះ​ធៀប​ទៅ​នឹង​ប្រយោជន៍​នៃ​ប្រទេស​ធំ​បំផុត​នេះ​របស់​អាស៊ាន។

លោក វីដូដូ ត្រូវ​បាន​ដក​ស្រង់​សម្តី​ចុះ​ផ្សាយ​ក្នុង​កាសែត​ហ្សាការតា​ប៉ុស្តិ៍​ថា “ប្រសិនបើ​យើង​ដើរ​តួនាទី​មួយ នោះ​ក៏​ល្អ​ដែរ។ ប៉ុន្តែ​ប្រសិនបើ​យើង​មិន​មាន​ដំណោះស្រាយ​ត្រឹមត្រូវ​ទេ កិច្ច​ប្រឹងប្រែង​ការ​ទូត​របស់​យើង​មិន​ឲ្យ​ផល​អ្វី​ឡើយ អ៊ីចឹង​ហើយ តើ​យើង​គួរ​ធ្វើ​ទេ?”។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​សប្តាហ៍​មុន​ជាមួយ​ទស្សនា​វដ្តី​ Knowledge នៃ​សាកល​វិទ្យាល័យ​ផិននីស៊ិលវ៉ានា ថា ការ​ចាត់​ទុក​ចិន​ថា​មនុស្ស​អាក្រក់​និង​អាមេរិក​ថា​មនុស្ស​ល្អ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក លែង​គួរ​ឲ្យ​ជឿ​ត​ទៅ​ទៀត​ហើយ។

លោក ចាន់ថុល បាន​និយាយ​ថា អាមេរិក​ទំនង​ជា​មិន​អាច​ប្រកាន់​ខ្ជាប់​នូវ​ការ​ផ្លាស់ប្តូរ​មូលដ្ឋាន​គ្រឹះ​ក្នុង​អាទិភាព​ថ្នាក់​តំបន់ ដែល​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង​ដោយ​ការ​បដិសេធ​របស់​ខ្លួន​មិន​ចូលរួម​ជាមួយ​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី (AIIB) ដែល​ជា​ផែនការ​ផ្ទាល់​របស់​ប្រទេស​ចិន។

លោក​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា “ខ្ញុំ​មិន​អាច​និយាយ​ជំនួស​អាមេរិក​បាន​ទេ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ពួកគេ​នៅ​ឯកោ​ទាំង​ស្រុង។ សម្ព័ន្ធ​មិត្រ​អាមេរិក​ទាំងអស់ គឺ​មាន​ប្រទេស​កូរ៉េ​ខាង​ត្បូង បារាំង អាឡឺម៉ង់ សូម្បី​ប្រទេស​អូស្ត្រាលី ក៏​បាន​រួសរាន់​ចូល​ជា​សមាជិក [មាន​តែ] ប្រទេស​ជប៉ុន និង​អាមេរិក​ប៉ុណ្ណោះ មិន​ចូល​រួម”។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​បាន​បន្ថែម​ថា “​ខ្ញុំ​គិត​ថា ពិភព​លោក​នេះ​ប្រែប្រួល​ហើយ។ នៅ​ពេល​ប្រទេស​ចិន​ចម្រើន​លូតលាស់ ប្រទេស​ជិត​ខាង​ទាំង​ឡាយ ពិភព​លោក ក៏​រីក​ចម្រើន​ដែរ”។

លោក ភោគ គង់ សហ​ស្ថាបនិក​និង​ជា​ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ ជា​ស្ថាប័ន​​ប្រឹក្សា​យោបល់​ទើប​បង្កើត​ថ្មី​បាន​និយាយ​ថា ភាព​អាច​កើត​មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ជា​ព័ត៌មាន​សំខាន់​នៅ​ពេល​នេះ ប៉ុន្តែ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ទី​បញ្ចប់​នឹង​ផ្តល់​អាទិភាព​លើ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ផ្អែក​លើ​ស្ថិរភាព​ថ្នាក់​តំបន់។

លោក​បាន​និយាយ​ថា ៉អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ថា មនុស្ស​ជាច្រើន​ហាក់​ដូចជា​គិត​ថា ប្រទេស​កម្ពុជា​តែ​ឯង​កំពុង​ព្យាយាម​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន។ តាម​ពិត ប្រទេស​សមាជិក​អាស៊ាន​ភាគច្រើន​កំពុង​អនុវត្ត​ដូច​គ្នា ឬ​ជំហរ​ស្រដៀង​គ្នា។ ប្រទេស​ទាមទារ​សិទ្ធិ​កាន់​កាប់​មួយ​ចំនួន ដូចជា​ប្រទេស​ប៊្រុយណេ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម កំពុង​ព្យាយាម​បញ្ចៀស​បញ្ហា​[ទឹក​ដី]​ទាំង​អស់​គ្នា”។

“ការ​បង្កើត​ទំនាក់​ទំនង​រឹង​មាំ​ជាមួយ​ប្រទេស​ចិន​មិន​ដាក់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ឲ្យ​ប្រឈម​នឹង​ហានិភ័យ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ផ្តល់​ដំណោះ​ស្រាយ​​សម​ហេតុផល​និង​យូរ​អង្វែង​ដល់​ភាព​ចម្រើន​លូតលាស់​របស់​ខ្លួន​ទៅ​វិញ​ទេ។

ប៉ុន្តែ​បណ្តា​ប្រទេស​អាស៊ាន​នៅ​តែ​មាន​ការ​ចាប់​អារម្មណ៍​សំខាន់​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក និង​បស្ចិម​ប្រទេស​ផ្សេងទៀត ជាមួយ​នឹង​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម​ចាំបាច់​ប្រចាំ​តំបន់។ អាមេរិក​និង​សហ​ភាព​អឺរ៉ុប​នាំ​ចូល​ភាគ​ច្រើន​នៃ​ទំនិញ​ដែល​ប្រទេស​កម្ពុជា​ផលិត ក្នុង​នោះ​មាន​ខោអាវ ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​ការ​ចាំបាច់។

លោក គង់ បាន​និយាយ​ថា “ប្រទេស​កម្ពុជា​មិន​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ល្អក់​កករ” ជាមួយ​បស្ចិម​ប្រទេស​បាន​ទេ ក៏​ប៉ុន្តែ​លោក​បន្ថែម​ថា ទោះជា​យ៉ាងណា​ក៏ដោយ វា​នឹង​ត្រូវការ​លើស​ពី​ការ​បង្ហាញ​គោល​ជំហរ​ផ្នែក​ការទូត​ទៅទៀត​ក្នុង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​សេដ្ឋកិច្ច​នោះ។ “អាមេរិក​និង​សហ​ភាព​អឺរ៉ុប​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដូច្នេះ​បើ​បស្ចិម​ប្រទេស​មិន​សប្បាយ​ចិត្ត​ជាមួយ​ពួកគេ ពួកគេ​នៅ​តែ​នាំ​ផលិតផល​របស់​ខ្លួន​ចេញ​ទៅ​ទីផ្សារ​ទាំង​នោះ​ដដែល។

តុល្យភាព​ដែល​ប្រទេស​អាស៊ាន​ទាំងអស់​ស្វះស្វែង​ចង់​បាន នឹង​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន ទន្ទឹម​នឹង​បន្ត​បង្កើន​ការ​វិនិយោគ​និង​ទីផ្សារ​នាំ​ចេញ​នៅ​បស្ចិម​ប្រទេស ដោយ​ឲ្យ​ភាគី​ទាំង​ពីរ​ទទួល​បាន​ប្រយោជន៍​ពី​ការ​ពង្រីក​សេដ្ឋកិច្ច​ដ៏​រហ័ស​ក្នុង​តំបន់​នេះ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស