យោងតាមលទ្ធផលនៃការសិក្សាថ្មីដែលចេញដោយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅសប្តាហ៍នេះបានឲ្យដឹងថា អាជីវកម្មផ្លូវភេទកុមារបានថយចុះយ៉ាងច្រើនចាប់តាំងពីឆ្នាំ២០១២មក ប៉ុន្តែទីភ្នាក់ងារការពារកុមារផ្សេងទៀតបានព្រមានថា លទ្ធផលរកឃើញនេះអាចនាំឲ្យយល់ខុស។
ភ្នាក់ងារសម្ងាត់ IJM បានទៅដល់ទីតាំងអាជីវកម្មផ្លូវភេទ២៨៧កន្លែងក្នុងក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ សម្រាប់ការសិក្សាស្រាវជ្រាវនេះ និងបានកំណត់អត្តសញ្ញាណបុគ្គល២០១៤នាក់ដែលអាចបម្រើផ្លូវភេទ។ ចំនួន៣៨នាក់ក្នុងចំណោមនោះជាអនីតិជន ស្មើនឹងការថយចុះ៧៣ភាគរយពីចំនួន១៤៧ ដែលរកឃើញក្នុងការសិក្សាស្រដៀងគ្នានេះកាលពីឆ្នាំ២០១២។
ក្នុងអ្វីដែលអង្គការ IJM ចាត់ទុកថាទីផ្សារអាជីវកម្មផ្លូវភេទធំបំផុតចំនួនបីរបស់ប្រទេសកម្ពុជា អង្គការបានរកឃើញក្មេងស្រីតែពីរនាក់ដែលមានអាយុ១៥ឆ្នាំ ឬតិចជាងនេះ ធៀបទៅនឹងតិចជាង២០នាក់កាលពីបីឆ្នាំមុន។
លោកស្រី សារ៉ន ខូន វូ (Sharon Cohn Wu) អនុប្រធានជាន់ខ្ពស់នៃការផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌សម្រាប់ IJM បាននិយាយក្នុងសេចក្តីប្រកាសអមទិន្នន័យនេះថា “រូបភាពរបស់ក្មេងស្រីក្មេងៗដែលត្រូវបានយកចេញពីផ្ទះបនដ៏គួរឲ្យខ្លាចនៅភូមិស្វាយប៉ាកក្នុងប្រទេសកម្ពុជានោះ ធ្វើឲ្យស្រពាប់ស្រពោនផ្លូវចិត្តដល់សហគមន៍ពិភពលោក ព្រោះជាឧទាហរណ៍នៃភាពរន្ធត់ពីការជួញដូរផ្លូវភេទនៅទូទាំងពិភពលោក ប៉ុន្តែរូបភាពនេះលែងមានទៀតហើយ”។
លោកស្រី បាននិយាយថា “ប្រទេសកម្ពុជាមានការរីកចម្រើន ហើយយើងចាំបាច់ត្រូវប្រាប់រឿងបច្ចុប្បន្នភាពអំពីកុមារត្រូវសង្គ្រោះនិងស្តារនីតិសម្បទា ឧក្រិដ្ឋជនត្រូវចាប់ខ្លួននិងដាក់ទោស ប៉ូលិសប្រឆាំងការជួញដូរទទួលបានការបណ្តុះបណ្តាលបំពាក់ឧបករណ៍ និងការទប់ស្កាត់មានប្រសិទ្ធភាព”។
ប៉ុន្តែនៅពេលដែលរបាយការណ៍ IJM បានបង្ហាញឲ្យឃើញអនីតិជនតិចតួចជាងមុនត្រូវគេលក់ដូរសម្រាប់ការបម្រើផ្លូវភេទនោះ លោក ដុន ប៊្រូស្ទឺ (Don Brewster) ស្ថាបនិកនិងជានាយកប្រតិបត្តិអង្គការបេសកកម្មអន្តរជាតិ Agape ដែលស្ថិតនៅក្នុងភូមិស្វាយប៉ាកមានឈ្មោះមិនល្អនៅជាយក្រុងភ្នំពេញភាគខាងជើង បានប្រាប់រឿងផ្សេងទៅវិញ។
លោកបាននិយាយថា “IJM បានធ្វើឲ្យមានការរីកចម្រើនច្រើន ប៉ុន្តែនៅពេលយើងមិនបានធ្វើការស្រាវជ្រាវដែលពួកគេបានធ្វើ តួលេខដែលពួកគេរកឃើញគឺគួរឲ្យភ្ញាក់ផ្អើលណាស់”។
ដូចអង្គការ IJM អ៊ីចឹង លោក ប៊្រូស្ទឺ ធ្វើការជាមួយប៉ូលិសក្នុងស្រុកដើម្បីបំបែកក្រុមជួញដូរ និងរំដោះស្ត្រីដែលពួកគេឃាត់ទុក។ ប៉ុន្តែលោកនិយាយថា លោកនៅតែមើលឃើញអនីតិជនច្រើនដដែលក្នុងអាជីវកម្មបម្រើផ្លូវភេទនេះ។
ក្នុងអត្ថបទបញ្ចេញមតិចេញផ្សាយកាលពីខែមុនក្នុងកាសែតវ៉ាស៊ីងតោនប៉ុស្តិ៍ លោក ប៊្រូស្ទឺ បានសរសេរថា នៅឆ្នាំមុននេះ ការឆ្មក់ចូលឆែកឆេរមានជោគជ័យ១២លើកដោយអង្គការ Agape បានរំដោះស្ត្រី៨១នាក់ពីអាជីវកម្មផ្លូវភេទ ដោយ៣៩ភាគរយក្នុងចំណោមពួកគេមិនគ្រប់អាយុ។
លោកបាននិយាយកាលពីថ្ងៃអង្គារថា “ឥឡូវនេះ ក្រុមស៊ើបអង្កេតរបស់យើងបានរកឃើញ១៥កន្លែងដែលលក់ដូរផ្លូវភេទដោយមានក្មេងស្រីមិនគ្រប់អាយុ។ យើងកំពុងរង់ចាំការអនុញ្ញាតដើម្បីធ្វើការឆ្មក់ចូលឆែកឆេរ”។
លោកបាននិយាយថា “ពិតមែន ភាគច្រើនស្ថិតក្នុងតំបន់ក្រុង ក្នុងនោះមានកន្លែងមួយចំនួនដូចជា ប៉ោយប៉ែតនិងបន្ទាយមានជ័យជាដើម។ ទើបតែយប់មិញនេះ ក្រុមអ្នកស៊ើបអង្កេតរបស់ខ្ញុំបានប្រាប់ខ្ញុំជាសង្ខេបអំពីបួនកន្លែងក្នុងក្រុងភ្នំពេញមានក្មេងស្រីដែលគេបញ្ជាក់ថាមិនគ្រប់អាយុ”។
ក្នុងការសិក្សាចុងក្រោយរបស់ខ្លួន អង្គការ IJM បានរកឃើញថា កន្លែងខារ៉ាអូខេ កន្លែងលក់ស្រាបៀរ បា កន្លែងម៉ាស្សា និងផ្ទះបន ជ្រកក្រោមស្លាកហាងកាហ្វេ តែជាកន្លែងអាជីវកម្មបម្រើផ្លូវភេទ។
លោក ប៊្រូស្ទឺ បាននិយាយថា ដោយមានការរឹតបន្តឹងកាន់តែខ្លាំងពីប៉ូលិស បណ្តាញឧក្រិដ្ឋជនដែលផ្តល់ស្រីឲ្យជនល្មើសផ្លូវភេទ ឥឡូវនេះកាន់តែធ្វើលួចលាក់ និងបែបមានការចាត់តាំង ជាការពិតមួយដែលទទួលស្គាល់ដោយអង្គការ IJM។
លោកបាននិយាយថា “អ្នកផ្តល់ស្រីមានមធ្យោបាយទាក់ទងក្រុមក្មេងស្រីនៅកន្លែងជាក់លាក់។ ជនរួមរ័កជាមួយកុមារទាក់ទងអ្នកផ្តល់ស្រី ហើយគេយកក្មេងស្រីមកឲ្យ។ មិនធ្វើជាចំហដូចមុនទៀតទេ ប៉ុន្តែនៅតែមានដដែល”។
លោក សំលៀង សិលា នាយកប្រចាំប្រទេសនៃអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលមានជោគជ័យច្រើនបំផុតក្នុងការស៊ើបអង្កេតជនបរទេសដែលជាប់ចោទរំលោភបៀតបៀនកុមារ បានឲ្យតម្លៃលើការរកឃើញរបស់ IJM ថាត្រឹមត្រូវ ប៉ុន្តែបាននិយាយថា ការរំលោភផ្លូវភេទកុមារកើតឡើងញឹកញាប់បំផុតនៅតាមកន្លែងដែលមិនរាប់បញ្ចូលដោយការសិក្សានេះ។
លោកបាននិយាយថា “យើងត្រូវតែប្តូរវិធីសាស្ត្ររបស់យើងពីព្រោះ នៅពេលនៅតែមានផ្ទះបននិងកន្លែងផ្សេងទៀតបើក ភាគច្រើន[នៃការរកស៊ីនេះ]បានចេញមកតាមផ្លូវនានា”។
លោក សិលា ដែលអង្គការរបស់លោកនាពេលថ្មីៗនេះបានចូលរួមក្នុងការស៊ើបអង្កេត ដែលអតីតនាយករបស់ខ្លួនផ្ទាល់បានជាប់ពន្ធនាគារពីបទចោទរួមភេទជាមួយកុមារ បាននិយាយថា ការរំលោភបំពាននៅតាមអង្គការ សាលារៀន និងសហគមន៍ និងក្មេងតាមដងផ្លូវ គឺជាការផ្តោតយកចិត្តទុកដាក់នៅពេលបច្ចុប្បន្នរបស់លោក។
លោកបាននិយាយថា ៉សារនេះប្រាកដជាបង្ហាញឲ្យឃើញថា បានសម្រេចការងារដ៏ច្រើនហើយ ប៉ុន្តែសារនេះក៏អាចត្រូវគេបកស្រាយខុសដែរ។ បញ្ហានៅមាននៅឡើយ គ្រាន់តែប្តូររូបភាពប៉ុណ្ណោះ”។
យោងតាមការសិក្សារបស់ IJM បានឲ្យដឹងថា ចំនួនអនីតិជនរកស៊ីផ្លូវភេទនៅក្រុងព្រះសីហនុបានថយចុះ៨៦ភាគរយពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥។ ប៉ុន្តែលោកស្រី ម៉េកហ្គី អីុណូ (Maggie Eno) ស្ថាបនិកនិងជានាយកអង្គការម្លប់តាប៉ាង ដែលធ្វើការជាមួយកុមារតាមថ្នល់នៅក្រុងមាត់សមុទ្រនេះ បាននិយាយថា តួលេខនេះមិនមានន័យថា មានការរួមភេទជាមួយអនីតិជនតិចជាងមុននោះទេ។
លោកស្រីបាននិយាយថា “មានការផ្លាស់ប្តូរច្រើនចេញពីទីកន្លែងជាទម្លាប់ទាំងនោះ។ ប៉ុន្តែអ្នកទាំងឡាយណាដែលចង់រួមភេទជាមួយកុមារ ពួកគេនឹងរកឃើញផ្លូវ។ ពួកគេពូកែរកណាស់”។
“ខ្ញុំមិនអាចអត្ថាធិប្បាយអំពីតួលេខទាំងនោះ[របស់IJM]បានទេ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាន គឺថា ការរំលោភបំពានផ្លូវភេទកុមារក្នុងគ្រួសារខ្មែរមិនបានថយចុះសោះ។ តាមពិត វាបន្តកើនឡើង”។
ទាក់ទងកាលពីថ្ងៃអង្គារ លោកស្រី គ្រីស្តា ហេដិន សាព(Christa Hayden Sharpe) នាយកការិយាល័យស្រាវជ្រាវដល់ទីកន្លែងរបស់អង្គការ IJM បានសង្កត់បញ្ជាក់ថា នៅពេលការរកឃើញរបស់ក្រុមនេះប្រកាសថាជោគជ័យ ការរកឃើញនេះ នៅទីបញ្ចប់ តំណាងឲ្យ “ការថយចុះហើយមិនមែនការលុបបំបាត់នៃ”ក្មេងដែលត្រូវគេលក់ឲ្យពួកកេងប្រវ័ញ្ចផ្លូវភេទទេ។
លោកស្រីបាននិយាយថា “យើងមិននិយាយថា ការជួញដូរលែងមាន ឬថា គ្មានករណីដែលនៅតែមាននោះទេ។ នេះជារបៀបរបស់យើងក្នុងការបង្ហាញឲ្យឃើញថា ប្រសិនបើអ្នកធ្វើតាមប្រព័ន្ធយុត្តិធម៌សាធារណៈ វាអាចជាដំណោះស្រាយមានប្រសិទ្ធភាព”។
“នេះជាឱកាសមួយត្រូវឈប់ ពិនិត្យមើលនិងអបអរអ្វីដែលកំពុងដំណើរការ”៕ និត