ក្រសួងការបរទេសកម្ពុជាបានបញ្ជូនកំណត់ទូតមួយដែលប្រើពាក្យសម្ដីធ្ងន់ៗទៅប្រទេសវៀតណាមកាលពីថ្ងៃសុក្រ ដោយស្នើឲ្យប្រទេសជិតខាងប៉ែកខាងកើតរបស់ខ្លួនមួយនេះ “គោរពខ្សែបន្ទាត់ព្រំដែន” បន្ទាប់ពីការចុះធ្វើអធិការកិច្ចដោយមន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា អាជ្ញាធរវៀតណាមបានជីកស្រះចំនួនប្រាំនៅក្នុងទឹកដីរបស់កម្ពុជាក្នុងខេត្តរតនគិរី។
កំណត់ទូតចុះថ្ងៃទី១២ ខែមិថុនា ដែលផ្ញើជូនសមាជិករដ្ឋសភា ព្រមទាំងបញ្ជូនទៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញនេះ បញ្ជាក់ថា ការចុះធ្វើអធិការកិច្ចដោយក្រសួងមហាផ្ទៃ និងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម បានរកឃើញថា ស្រះទាំងនោះត្រូវបាន “ជីកចូលក្នុងទឹកដីរបស់កម្ពុជាយ៉ាងជ្រៅ”។
អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុក គឺជាអ្នកដំបូងគេដែលធ្វើឲ្យសាធារណជនផ្ដោតការចាប់អារម្មណ៍មកលើស្រះទាំងប្រាំនេះ និងចម្ការដំឡូងមីក្បែរៗនោះនៅក្នុងស្រុកអូរយ៉ាដាវកាលពីខែមុន បណ្ដាលឲ្យក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើដំណើរចុះទៅពិនិត្យមើលការចូលលុកលុយនៅទីនោះ។ កាលពីថ្ងៃច័ន្ទ ទាហានប្រដាប់អាវុធវៀតណាមបានព្យាយាមរារាំងមនុស្សមួយក្រុមមានគ្នាជាង៣០០នាក់ រួមមាននិស្សិត ព្រះសង្ឃ និងសកម្មជនគណបក្សប្រឆាំង មិនឲ្យចូលទៅកាន់តំបន់មានវិវាទ។
កំណត់ទូតរបស់ក្រសួងការបរទេសនេះបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលបានប្រទះឃើញស្រះចំនួនប្រាំដែលមានទំហំ៥គុណនឹង១៣ម៉ែត្រស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣០ និងលេខ៤០ក្នុងឃុំប៉ក់ញ៉ៃ នៅក្នុងផ្នែកមួយតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនដែលមិនទាន់បានកំណត់នៅឡើយ។ យោងតាមកំណត់ទូតនេះបង្ហាញថា ស្រះទាំងនោះស្ថិតនៅក្នុងទឹកដីកម្ពុជាចម្ងាយចន្លោះពី៣៨០ម៉ែត្រទៅ៥៤៥ម៉ែត្រ។ កំណត់ទូតដដែលបានបញ្ជាក់ថា “ផ្អែកតាមផែនទី ស្រះទាំងនោះត្រូវបានជីកនៅក្នុងទឹកដីកម្ពុជា”។
នៅក្នុងកំណត់ទូតនេះរដ្ឋាភិបាល “ទាមទារ” ឲ្យវៀតណាមគោរពផែនទីដែលផ្អែកលើការចរចាកន្លងមករវាងប្រទេសទាំងពីរ ព្រមទាំងសេចក្ដីប្រកាសព័ត៌មានរួមមួយនៅខែមករា ឆ្នាំ១៩៩៥ ដោយក្នុងនោះរដ្ឋាភិបាលបានប្ដេជ្ញា “អប់រំទប់ស្កាត់ពលរដ្ឋទាំងសងខាង មិនត្រូវធ្វើការដាំដុះ ឬតាំងទីលំនៅឆ្លងដែន និងសហការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខព្រំដែន”។
កំណត់ទូតនេះគូសបញ្ជាក់ថា នៅក្នុងជំនួបរបស់លោកនៅសប្ដាហ៍នេះជាមួយលោក ឡេ ហុងអាញ់ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន “ក៏បានលើកឡើងពីបញ្ហានេះដែរ ហើយបានទាមទារថា ‘ដោយរង់ចាំការកំណត់ព្រំដែន តំបន់ដែលមិនទាន់បានកំណត់ មិនគួរកែប្រែទេ’”។
ពេលទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃសុក្រ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានដឹកនាំគណៈប្រតិភូរបស់គណបក្សប្រឆាំង ដើម្បីធ្វើដំណើរចុះទៅពិនិត្យមើលព្រំដែន បានសម្ដែងការពេញចិត្តចំពោះអន្តរាគមន៍របស់ក្រសួងការបរទេស ប៉ុន្តែលោកបានលើកឡើងបន្ថែមថា គួរតែចាត់វិធានការបន្ថែមទៀតដើម្បីដោះស្រាយបញ្ហានេះ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមរយៈកំណត់ទូតនេះ វាបង្ហាញថា ស្រះទាំងនោះត្រូវបានជីកនៅក្នុងទឹកដីរបស់កម្ពុជា ដូច្នេះគ្រាន់តែចេញកំណត់ទូត វាមិនគ្រប់គ្រាន់ទេ ប៉ុន្តែរដ្ឋាភិបាលគួរតែរៀបចំការចរចាអហិង្សាជាមួយវៀតណាម ដើម្បីទាមទារឲ្យលុបស្រះទាំងនោះវិញ ហើយបង្ហាញថា ពួកគេជាអ្នកទទួលខុសត្រូវចំពោះទង្វើឧក្រិដ្ឋនៃការបំពានទឹកដីរបស់កម្ពុជា”។
ដោយឡែកពីនេះ ស្ថានភាពតានតឹងក៏បាននិងកំពុងកើតឡើងដែរតាមបណ្ដោយព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លែងដែលអ្នកភូមិកំពុងតែក្ដៅក្រហាយចំពោះវៀតណាមដែលអះអាងសិទ្ធិកាន់កាប់ដីទំហំ១៦,៦ហិកតា ដែលពួកគាត់បានបង្កបង្កើនផលកសិកម្មជាយូរមកហើយ។ ជាការឆ្លើយតបទៅនឹងលិខិតមួយច្បាប់របស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជួសមុខឲ្យកសិករទាំងនោះ លោក ហោ ណាំហុង បានបញ្ជាក់កាលពីខែមុនថា ដីនោះស្ថិតនៅក្នុងប្រទេសវៀតណាម។
កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាហៅកាត់ថា CWC បានថ្វាយញត្តិទៅព្រះមហាក្សត្រ នរោត្តម សីហមុនី និងបានដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសុំឲ្យដកលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន ចេញពីតំណែងចំពោះការមិនការពារទឹកដីរបស់កម្ពុជា។
លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ជាសមាជិកមួយរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលជាសម្ព័ន្ធអង្គការជាតិនិយមដ៏ធំ បានមានប្រសាសន៍ថា “យើងដាក់ញត្តិអមជាមួយលទ្ធផលរបស់យើង ដើម្បីស្នើសុំឲ្យថ្នាក់ដឹកនាំកំពូលៗដកពួកគាត់ទាំងពីរចេញពីតំណែង ពីព្រោះពួកគាត់អសមត្ថភាពក្នុងការបំពេញការងារ និងដោយសារពួកគាត់និយាយម្ដងហើយម្ដងទៀតថា ដីមានវិវាទនោះគឺជាដីរបស់វៀតណាម ទោះបីជាវាស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាក៏ដោយ”។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាក៏បានគាំទ្រដែរចំពោះការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិនៅសប្ដាហ៍នេះ ដែលស្នើឲ្យរដ្ឋាភិបាលអនុវត្តឲ្យបានល្អ ឬចរចាជាមួយវៀតណាមឡើងវិញជុំវិញសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ដែលត្រូវបានក្រុមអ្នកនយោបាយ និងសកម្មជនប្រឆាំងជំទាស់យ៉ាងខ្លាំងក្លានៅពេលនោះ៕ សុខុម