ក្រសួងការបរទេសសហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងសក្ខីកម្មសភាកាលពីថ្ងៃព្រហស្បតិ៍ថា ការចូលរួមពាក់ព័ន្ធរបស់ខ្លួននៅក្នុងការបញ្ចប់ការជាប់គាំងផ្នែកនយោបាយក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣នៅកម្ពុជា គឺជា “ការទូតល្អបំផុត” ហើយក៏ទទួលបានការសរសើរមួយផ្នែកដែរចំពោះការដំឡើងប្រាក់ខែគោលរបស់កម្មករកាត់ដេរ និងការដោះលែងសកម្មជនពីពន្ធនាគារនៅឆ្នាំនេះ។
នៅក្នុងសក្ខីកម្មដែលត្រូវបានបង្ហោះតាមគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងដែលមានចំណងជើងថា “ដើរថយក្រោយ ឬប្រសើរឡើង-របាយការណ៍ស្ថានភាពស្ដីពីលទ្ធិប្រជាធិបតេយ្យនៅអាស៊ី” ក្រុមមន្ត្រីការទូតសហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនបានបន្តផ្ដោតជាអាទិភាពលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
របាយការណ៍សក្ខីកម្មនេះមានខ្លឹមសារយ៉ាងដូច្នេះថា “អំឡុងពេលជាប់គាំងផ្នែកនយោបាយ [ដែលបានកើតឡើងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០១៣] រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសតាមរយៈស្ថានទូតរបស់យើងនៅក្នុងរាជធានីភ្នំពេញ បានតស៊ូមតិដោយមិននឿយហត់ និងប្រកបដោយប្រសិទ្ធភាពដើម្បីអហិង្សា និងការចរចាផ្ទាល់រវាងរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រឆាំង។ កិច្ចប្រឹងប្រែងទាំងនេះគឺជាការទូតល្អបំផុត ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើរតួជាគូសន្ទនា និងជាស្ពានដ៏សំខាន់ ខណៈបន្តគាំទ្រគោលការណ៍ប្រជាធិបតេយ្យទាំងជាលក្ខណៈឯកជន ទាំងជាសាធារណៈនៅក្នុងរាជធានីភ្នំពេញ និងពីរដ្ឋធានីវ៉ាស៊ីនតោន”។
របាយការណ៍ចេញដោយក្រុមមន្ត្រីការទូតកំពូលៗសហរដ្ឋអាមេរិកនៅក្នុងតំបន់នេះបញ្ជាក់ថា សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់នៅក្្នុងការដំឡើងប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរ និងការធានាឲ្យមានការដោះលែងសកម្មជនពីពន្ធនាគារ។
របាយការណ៍នេះបានលើកឡើងថា “មួយផ្នែកដោយសារការតស៊ូមតិដោយស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា សហជីពកម្មករកាត់ដេរបានចរចាសុំដំឡើង២៨ភាគរយលើប្រាក់ខែគោលដែលត្រូវបានអនុម័តនៅខែវិច្ឆិកា ឆ្នាំ២០១៤ ហើយចូលជាធរមាននៅខែមករា។ USAID បានផ្ដល់ការតំណាងផ្លូវច្បាប់ ការឃ្លាំមើលសវនាការ និងការគាំទ្រផ្នែកតស៊ូមតិដល់សកម្មជនជាប់ពន្ធនាគារចំនួន១.១៥៤នាក់ ហើយការជួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសារៈសំខាន់ណាស់ក្នុងការធានាឲ្យមានការដោះលែងសកម្មជនរាប់សិបនាក់”។
លោក ចេ រ៉េមែន (Jay Raman) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញសក្ខីកម្មនេះ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាអ្នកតស៊ូមតិការពារសិទ្ធិមនុស្សដ៏សំខាន់មួយរូប បានមានប្រសាសន៍ថា របាយការណ៍នេះគឺត្រឹមត្រូវដោយហេតុថា សហរដ្ឋអាមេរិកកំពុងបន្តផ្ដល់មូលនិធិដល់អង្គការជាច្រើនដែលបំពេញការងារដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្ស។
លោកបានមានប្រសាសន៍ទៀតថា “អង្គការមួយចំនួនក្នុងចំណោមអង្គការសំខាន់ៗបំផុតទទួលបានមូលនិធិពីសហរដ្ឋអាមេរិក។ តើពួកគេជាអ្នកផ្ដល់មូលនិធិតែមួយគត់ ហើយពិតជាអ្នកដែលធ្វើឲ្យរឿងទាំងនោះកើតឡើងឬ? ទេ។ ប៉ុន្តែតើពួកគេកំពុងតែជួយឬ? បាទ”។
លោកបានលើកឡើងសំដៅដល់កិច្ចប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិកក្រោយការបោះឆ្នោតក្នុងឆ្នាំ២០១៣ថា “ខ្ញុំមិនដឹងថាតើការបញ្ចប់ការជាប់គាំងផ្នែកនយោបាយជារឿងល្អដែលត្រូវទទួលបានការកោតសរសើរឬយ៉ាងណានោះទេ។ ប៉ុន្តែតើពួកគេបានចូលរួមពាក់ព័ន្ធនៅក្នុងដំណើរការនេះនៅថ្នាក់ខ្ពស់បំផុតឬ?បាទ”។
ទោះជាយ៉ាងណា លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានតួនាទីតូចមួយប៉ុណ្ណោះនៅក្នុងនយោបាយក្រោយការបោះឆ្នោតក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងថា “ខ្ញុំពិតជាមិនដឹងថា ពួកគេបានរួមចំណែកអ្វីខ្លះនោះទេ។ ប្រហែលជាពួកគេបានរួមចំណែកផ្ដល់យោបល់ឲ្យគណបក្សប្រឆាំងចូលសភាដើម្បីដោះស្រាយបញ្ហានយោបាយហើយមើលទៅ”។
លោកបានមានប្រសាសន៍សំដៅដល់ដំណើរទស្សនកិច្ចរបស់លោក កឹម សុខា ទៅកាន់មន្ទីរបញ្ចកោណក្នុងសហរដ្ឋអាមេរិកកាលពីខែមេសា ឆ្នាំ២០១៤ថា “ការរួមចំណែករបស់សហរដ្ឋអាមេរិកគឺមិនត្រឹមតែគាំទ្រគណបក្សប្រឆាំងប៉ុណ្ណោះទេ។ ដូចជាករណីលោក កឹម សុខា ទៅជួបមេបញ្ជាការមួយរូបនៅមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ដើម្បីប្រកាសព័ត៌មានគួរឲ្យភ្ញាក់ផ្អើល [នៅកម្ពុជា] ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលជាដើម។ ទីបំផុតគ្មានអ្នកណាចាប់អារម្មណ៍ឡើយ។ ដូច្នេះវាគឺជាការរួមចំណែកដោយប្រយោលរបស់សហរដ្ឋអាមេរិក”។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារក៏បានមានប្រសាសន៍ដែរថា សហរដ្ឋអាមេរិកនិយាយបំផ្លើសពីតួនាទីរបស់ខ្លួននៅក្នុងការធ្វើសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន ដើម្បីដំឡើងប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរពី១០០ដុល្លារដល់១២៨ដុល្លារ។
លោកបានលើកឡើងថា “កម្ពុជាមិនមែនដំឡើង [ប្រាក់ខែ] ដោយសារតែសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែកម្ពុជាដំឡើងដោយផ្អែកលើគោលនយោបាយមានស្រាប់យោងទៅលើស្ថានភាព ជាពិសេសដើម្បីបម្រើផលប្រយោជន៍របស់បងប្អូនដែលជាកម្មករកាត់ដេរ”។
ប៉ុន្តែលោក អ៊ូ វីរៈ បានមានប្រសាសន៍ថា មិនថាមន្ត្រីរដ្ឋាភិបាលនិយាយអ្វីជាសាធារណៈនោះឡើយ គឺសហរដ្ឋអាមេរិកពិតជាបានបន្តបញ្ចេញឥទ្ធិពលខ្លាំងនៅកម្ពុជាប្រាកដមែន។ លោកបានថ្លែងបន្តថា “សហរដ្ឋអាមេរិកពិតជានៅបន្តមានឥទ្ធិពលខ្លាំង។ មន្ត្រីកម្ពុជាចង់បានភាពស្របច្បាប់ ហើយភាពស្របច្បាប់នោះអាចទទួលបានលុះត្រាតែសហរដ្ឋអាមេរិកគាំទ្ររាល់ចំណាត់ការរបស់រដ្ឋាភិបាល”៕ សុខុម