34.8 C
Phnom Penh

នគរបាល​រកឃើញ​​ម៉ូតូដែលលួច​ប្លន់​បាន​ជិត​១០៣គ្រឿង​​នៅ​ហាងបញ្ចាំមួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-motorbikes-supplied

មន្ត្រី​ម្នាក់​បាននិយាយ​កាលពី​ម្សិលមិញ​ថា នគរបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃសៅរ៍បាន​ចាប់​ខ្លួន​អ្នក​រកស៊ី​បញ្ចាំ​របស់​ម្នាក់ និង​បាន​ដកហូត​​ម៉ូតូ​ដែល​លួច​ប្លន់​បាន​ជាង​​១០០គ្រឿង​​​ដែល​គាត់​បាន​លក់​នៅក្នុង​ហាង​របស់គាត់​ស្ថិតក្នុង​ខណ្ឌពោធិ៍សែនជ័យ។

យោងតាម​លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃសុក្រ​ បុរស​ម្នាក់​បាន​រាយ​ការណ៍​មក​នាយកដ្ឋាន​របស់លោក​ថា គាត់​បាន​ឃើញ​ម៉ូតូរបស់គាត់​ដែល​បាត់​នៅ​ហាង​បញ្ចាំ​នោះ ស្ថិតនៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក ស៊ីថា បានមាន​ប្រសាសន៍ថា មន្ត្រី​របស់លោក​​បាន​សហការ​ជាមួយ​​នគរបាល​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​​ឆ្មក់​ចូល​​​ហាង​​នោះ​កាលពី​រសៀល​ថ្ងៃសៅរ៍​​ ដោយ​ដកហូត​បាន​ម៉ូតូ​១០៣​គ្រឿង ហើយ​បាន​ចាប់ខ្លួន​ លោក ម៉េង​ សៀ អាយុ​៤៤ឆ្នាំ ជា​ម្ចាស់​ហាង​បញ្ចាំ​នោះ។

ដោយបាន​ពន្យល់ថា អ្នកដែលសង្ស័យ​​ថា ម៉ូតូ​របស់​ខ្លួន​ស្ថិត​ក្នុង​ចំណោម​ម៉ូតូ​ដែល​ត្រូវ​បាន​ដកហូត​នេះ​ អាច​យក​ប័ណ្ណសម្គាល់យានយន្ត​​របស់ខ្លួន​មក​កាន់​អធិការ​នគរបាល​ខណ្ឌ​ដើម្បី​ពិនិត្យនោះ លោក​បានមាន​ប្រសាសន៍ថា “​យើង​បាន​ដក​ហូត​​ម៉ូតូ​ទាំង​អស់​នោះ​យក​ទៅ​រក្សា​ទុក​នៅ​​អធិការ​នគរបាល​ខណ្ឌ​​ដង្កោ​ ដើម្បីឲ្យ​អ្នក​ដែល​បាន​បាត់​ម៉ូតូ​របស់ខ្លួន​ដោយ​ត្រូវ​ចោរ​លួច​ ឬ​ប្លន់ ​មក​ពិនិត្យ​មើល​ម៉ូតូ​ទាំងនោះ”។

លោក ស៊ីថា បាន​មាន​ប្រសាសន៍ថា ដោយសារ​ភាគច្រើន​នៃម៉ូតូ​ទាំងនោះ​គឺជាម៉ូតូ​​ស៊េរី​ចាស់ និង​មាន​គុណភាព​មិនសូវល្អនោះ លោក​សង្ស័យ​ថា ម៉ូូតូ​ទាំងនោះ​ត្រូវ​បានគេយកមក​ពី​ខាង​​ក្រៅ​រាជធានីភ្នំពេញ។លោក​បាន​មាន​ប្រសាសន៍ថា “​ម៉ូតូទាំងនោះ​​ប្រហែល​ជាត្រូវ​បាន​លួច​ឬ​ប្លន់​ពី​តំបន់​ជន​បទ”។

អធិការ​នគរបាលខណ្ឌរូបនេះ​បានមាន​ប្រសាសន៍ថា ​លោក ម៉េង​ សៀ ដែល​ជា​ម្ចាស់​ហាង​បញ្ចាំ មិនទាន់ត្រូវ​បានចោទប្រកាន់​នៅឡើយ​ទេ ហើយ​កំពុង​ត្រូវ​បានសាកសួរ​ដោយ​នគរ​បាល​ខណ្ឌ​ដង្កោ ខណៈដែលពួកគេ​ឆែក​ឆេរ​រក​ឯកសារ​អាជីវកម្ម​របស់គាត់​​ដើម្បី​តាម​រក​អ្នក​ដែល​បានលក់​ម៉ូតូ​ទាំងនេះមក​ឲ្យ​​គាត់៕សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស