លោក គង់ សភា សមាជិកសភាគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា ដោយបន្តយុទ្ធនាការរបស់ក្រុមសមាជិកសភាគណបក្សប្រឆាំងដើម្បីចុះទៅពិនិត្យការអះអាងថាមានការរំលោភទឹកដីខ្មែរនៅតាមព្រំដែនវៀតណាមនោះ លោក អ៊ូ ចាន់រិទ្ធ សមាជិកសភាគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍ បានដឹកនាំដំណើរចុះទៅកាន់កសិដ្ឋានដាំស្វាយចន្ទីដែលមានវិវាទមួយ ក្នុងខេត្តស្វាយរៀង។
គណបក្សសង្គ្រោះជាតិ កាលពីខែមុន បានចុះទៅពិនិត្យការះអះអាងថា មានការរំលោភយកទឹកដីនៅតាមព្រំដែនស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យរដ្ឋសភាពិនិត្យមើលសន្ធិសញ្ញាព្រំដែនឆ្នាំ២០០៥ដ៏ចម្រូងចម្រាសជាមួយវៀតណាម។
យុទ្ធនាការនេះបានបណ្តាលឲ្យក្រសួងការបរទេស កាលពីថ្ងៃសុក្រ សុំឲ្យវៀតណាមផ្អាកការជីកស្រះនៅក្នុង “តំបន់ស” ដែលមានវិវាទ នៅក្នុងខេត្តរតនគិរី។
លោក សភា បានមានប្រសាសន៍ថា “យើងបានចុះទៅកាន់ខេត្តស្វាយរៀង ហើយយើងឃើញថា វៀតណាមបានបោះបង្គោលព្រំដែនក្នុងដីរបស់កសិករយើង ដោយគ្របដណ្តប់លើផ្ទៃដីទំហំប្រហែល៣០ហិកតា។ វៀតណាមក៏បានរំលោភយកដីស្រែរបស់ប្រជាពលរដ្ឋយើងជម្រៅពីរបីរយម៉ែត្រពីប្រឡាយ ‘៨៥’ និងកន្លែងកប់សពជាច្រើននៅលើដីនោះផងដែរ”។
ដោយប្រើពាក្យសម្តីបែបប្រមាថទៅលើជនជាតិវៀតណាម លោកបានបន្ថែមថា “កសិកររបស់យើងបានដាំដើមស្វាយចន្ទីនៅលើដីស្រែនេះជាយូរមកហើយ ប៉ុន្តែពួកគាត់មិនអាចប្រមូលផលបាន ពីព្រោះ យួនមិនអនុញ្ញាតឲ្យពួកគាត់ប្រមូលផលឡើយ”។
លោក សភា បានមានប្រសាសន៍ថា បង្គោលព្រំដែនទាំងនោះត្រូវបានផ្លាស់ប្តូរកាលពីឆ្នាំមុន ប៉ុន្តែថា វៀតណាមមិនបានអន្តរាគមន៍លើដីនេះទេរហូតដល់ខែមុន នៅពេលក្រុមអ្នកភូមិបានទៅប្រមូលផលស្វាយចន្ទីរបស់ពួកគាត់។
ដោយសំដៅដល់ប្រធានគណៈកម្មាធិការព្រំដែនចម្រុះនិងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកបានមានប្រសាសន៍ថា”យើងមានគម្រោងសរសេរលិខិតផ្ញើជូនលោក វ៉ា គឹមហុង និងលោក ហោ ណាំហុង នៅថ្ងៃច័ន្ទ ស្នើសុំឲ្យឯកឧត្តមទាំងពីរពិនិត្យលទ្ធភាពចេញកំណត់ទូតដើម្បីពិនិត្យឡើងវិញនូវបន្ទាត់ព្រំដែន”។
លោក វ៉ា គឹមហុង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងមិនពិចារណាការត្អូញត្អែររបស់លោក សភា ទេ ដែលលោកបានមានប្រសាសន៍ថា គ្មានសុពលភាព។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា “ខ្ញុំចង់និយាយថា វៀតណាមមិនបានរំកិលព្រំដែនចូលក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែ ប្រជាពលរដ្ឋរបស់យើងទេ បានរំលោភទឹកដីវៀតណាមនោះ។ គណបក្សប្រឆាំងមិនត្រូវបន្ទោសគណៈកម្មាធិការព្រំដែនឡើយ ពីព្រោះយើងបានអនុវត្ត [បញ្ហាព្រំដែន] តាមផែនទីអាណានិគមបារាំង”។
បន្ទាប់ពីការដាក់កំណត់ទូតទៅវៀតណាមកាលពីថ្ងៃសុក្រ ក្រសួងការបរទេស កាលពីម្សិលមិញក៏បានចេញកំណត់ទូតតាមដានដោយកំណត់ពីស្រះបីបន្ថែមទៀតនៅក្នុង “តំបន់ស” មានវិវាទផងដែរ ដែលចង់ឃើញការលុបចោល រង់ចាំការចរចាបន្ថែម។
នៅក្នុងសុន្ទរកថាក្នុងខេត្តព្រះសីហនុកាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ជាអ្នករិះគន់នយោបាយព្រំដែនរបស់លោក ហ៊ុន សែន យូរមកហើយបានមានប្រសាសន៍ថា លោកចង់ឃើញរដ្ឋាភិបាលក្រោកឈរឡើងប្រឆាំងការរំលោភទឹកដី។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “យើងបានរួបរួមគ្នាការពារទឹកដីរបស់យើង ហើយយើងត្រូវមានសេចក្តីក្លាហានក្នុងការប្រឈមមុខជាមួយយួន។ គណបក្សសង្គ្រោះជាតិសូមគាំទ្ររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្រសិនបើគាត់ហ៊ានប្រឈមមុខជាមួយយួនដើម្បីការពារទឹកដី”៕សារុន