28 C
Phnom Penh

លោក សាយ ឈុំ និង​​​លោក ស ខេង ទទួល​​​បានគោរម​​​ងារ​​​ជា​​​ “សម្តេច”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មុន​​​ការ​​​បោះ​​​ឆ្នោត​​​ផ្ទៃ​​​​​​ក្នុង​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​ចុង​​​សប្តាហ៍​​​េនះ ដើម្បី​​​​​​ជំនួស​​​តំណែង​​​ជា​​​ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​របស់​​​លោក ជា​​​ សីុម ដែល​​​​ទើប​​​តែ​​​ទទួល​​​​​មរណភាព​​​​​​​​​នោះ​​​ លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក សាយ​​​ ឈុំ ប្រធាន​​ព្រឹទ្ធ​​​សភា​​​​​​[ដែល​​​បុគ្គល​​​ទាំង​​​ពីរ​​​ជា​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​បំផុត​​​នៅ​​​ក្នុង​​​បក្ស​​​នោះ​​​] ​​​ត្រូវ​​​បាន​​​ផ្តល់​​​គោរម​​​ងារ​​​ជា “សម្តេច” កាល​​​ពី​​​ម្សិលមិញ​​​ដោយ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​បញ្ជី​​​ឥស្សរជន​​​ដែលមាន​​​គោរ​​​ម​​​ងារ​​​ជា​​​សម្តេច។

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ នឹង​​​ធ្វើ​​​សមាជ​​​មួយ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២០​​​ខែ​​​មិថុនា ដើម្បី​​​តែង​​​តាំង​​​លោក នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ជា​​​ប្រធាន​​​ថ្មី​​​របស់​​​ខ្លួន ហើយ​​​អ្នក​​​ដែល​​​ត្រូវ​​​ជំនួស​​​តំណែង​​​អនុប្រធាន​​​របស់​​​លោក​​​នោះ​​​ គឺ​​​គេ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ឡើយ​​​ថា តើ​​​លោក ស ខេង ឬ​​​លោក សាយ​​​ ឈុំ។

លោក ជា សីុម បាន​​​​​​ធ្វើ​​​ជា​​​ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩១​​​មក​​​ ហើយ​​​គឺ​​​ជា​​​មេដឹក​​​នាំ​​​បក្ស​​​មួយ​​​រូប​​​ដែល​​​មាន​​​គោរមងារ​​​ជា​​​ “សម្តេច” ​​​ដូច​​​មេ​​​ដឹក​​​នាំ​​​បក្ស​​​ចំនួន​​​ពីរ​​​រូប​​​ផ្សេង​​​ទៀត​​​ដែរ​​​ គឺ​​​[លោក ហ៊ុន សែន និង​​​លោក ហេង សំរិន ប្រធាន​​​កិត្តិយល​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​]  ។ ឥឡូវ​​​នេះ ​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី បាន​​ប្រោស​​​ព្រះរាជ​​​ទាន​​​​​​គោរម​​​ងារ​​​​​​ជា​​​សម្តេច​​​បន្ថែម​​​ទៀត​​​ដល់​​​លោក ស ខេង និង​​​លោក សាយ ឈុំ ។

នៅ​​​ក្នុង​​​ព្រះរាជ​​​ក្រឹត្យ​​​ដាច់​​​​​​ដោយ​​​ឡែក​​​ពី​​​គ្នា ព្រះ​​​មហាក្សត្រ​​​បាន​​​ថ្លែង​​​ព្រះរាជ​​​អំណរ​​​គុណ​​​ដល់​​​មេដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​នៃ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទាំង​​​ពីរ​​​រូប​​​េនះ​​​សម្រាប់​​​ការ​​​បម្រើ​​​ដល់​​​រាជវង្សានុវង្ស​​​ និង​​​ប្រទេស​​​ជាតិ។

ព្រះរាជក្រឹត្យ​​​ទី​​​១​​​មាន​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា “[ព្រះមហាក្សត្រ] បាន​​​ទ្រង់​​​យល់​​​ឯកឧត្តម ស ខេង ជា​​​អ្នក​​​ដឹក​​​នាំ​​​ដ៏​​​ឆ្នើ​​​ម​​​ ជា​​​ទ​​​ី​​​គោរព​​​ស្រឡាញ់​​​របស់​​​ប្រជា​​​រាស្ត្រ  មាន​​​ស្វាមីភក្តិ​​​ចំពោះរាជ​​​បល្ល័ង្ក​​​ ការ​​​ពារ​​​ និង​​​គោរព​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ ការពារ​​​យុត្តិធម៌​​​សង្គម​​​ ដើម្បី​​​និរន្តរភាព​​​រាជានិយម​​​​​​នៃ​​​ព្រះ​​​រាជ​​​ណា​​​ចក្រ​​​កម្ពុជា​​​។  ហើយ​​​ទ្រង់​​​បាន​​​ប្រោស​​ព្រះ​​​រាជ​​​ទាន​​​គោរម​​​ងារ​​​ ឯកឧត្តម​​​ ស ខេង ជា​​​សម្តេច​​​ក្រឡា​​​ហោម​​​”។

នៅ​​​ក្នុង​​​ព្រះ​​​រាជ​​​ក្រឹត្យ​​​មួ​​យ​​​ផ្សេង​​​ទៀត ព្រះ​​​មហាក្សត្រ​​​​​​ទ្រង់​​​បាន​​​ប្រោស​​​ព្រះរាជ​​​ទាន​​​គោរម​​​ងារ​​​ដល់​​​លោក សាយ ឈុំ ជា​”​​សម្តេច​​​វិបុល​​​សេនាភក្តី​​​” ។

ក្រៅ​​​ពី​​​លោក ស ខេង និង​​​លោក សាយ ឈុំ​​​ ​​​ជា​​​ជន​​​សាមញ្ញ​​​ដែល​​​ទទួល​​​បាន​​​គោរម​​​ងារ​​​ជា​​​សម្តេច​​​នោះ​​​ គឺ​​​មាន​​​តែ​​​ជន​​​សាមញ្ញ​​​បួន​​​រូបផ្សេង​​​ទៀត​​​​​​ប៉ុណ្ណោះ​​​ដែលទទួល​​​បាន​​​គោរមងារ​​​ជា​​​សម្តេច​​​នេះ​​​ និង​​​ដែលសុទ្ធ​​​​​​តែ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​ដូច​​​ជា​​​ លោក ហ៊ុន​​​ សែន  លោក ហេង សំរិន  លោក គង់​​​ សំអុល រដ្ឋមន្ត្រី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ និង​​​លោក​​​ស្រី ប៊ុន រ៉ានី ដែល​​​ជា​​​ភរិយា​​​របស់​​​លោក ហ៊ុន សែន ។

ចំណែក​​​ឯអ្នក​​​ដែលមិន​​​មែន​​​ជា​​​ជន​​​សាមញ្ញ​​​ ហើយ​​​មាន​​​ងារ​​​​​​ជា​​​ស្តេច​​​មានដូច​​​ជា​​​ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី សម្តេចម៉ែ នរោត្តម​​​ មុនីនាថ ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម ចក្រ​​​ពង្ស  ព្រះអង្គ​​​ម្ចាស់ នរោត្តម អរុណ​​​រស្មី​​​ និង​​​​​​សម្តេច​​​ព្រះ​​​សង្ឃ​​​រាជ​​​​​​ ទេព វង្ស និងសម្តេច​​​ព្រះ​​​សង្ឃរាជ​​​ ​​​ប៊ូ គ្រី ដែល​​​ក៏​​​មាន​​​គោរមងារ​​​ជា​​​សម្តេច​​​​​​ដែរ​​​នោះ​​​​​​។

លោក អ៊ូ វីរៈ ដែល​​​ជា​​​អ្នក​​​វិភាគ​​​នយោបាយ​​​មួួ​​យរូប​​​ ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ជាក់​​​ថា ការ​​​ផ្តល់​​​គោរម​​​ងារ​​​នេះ​​​គឺ​​​​​​មាន​​​គោល​​​បំណង​​​លើក​​​កម្ពស់​​​ការ​​​រួបរួម​​​គ្នា​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាក្រោយ​​​ការ​​​ទទួល​​​មរណ​​​ភាព​​​របស​​​់​​​លោក ជា ស៊ីម ដែល​​​គេ​​​ជឿ​​​ជាក់​​​ជា​​​យូរ​​​មក​​​ហើយ​​​ថា បាន​​​ដឹក​​​នាំ​​​​​​ក្រុម​​​មួយ​​​នៅ​​​ក​​​្នុង​​​​​​គណបក្ស​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​លោក ហ៊ុន សែន​​​ នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក ហ៊ុន​​​ សែន ប្រហែល​​​គិត​​​ថា ការ​​​ធ្វើ​​​ដូច្នេះ​​​អាច​​​ជួយ​​​បំបាត់​​​នូវ​​​អារម្មណ៍​​​ដែល​​​ខ្លាច​​​ក្រែង​​​​​​​​​លោក​​​នឹង​​​ក្តោបក្តាប់​​​​​​​​អំណាច​​​ហួស​​​ហេតុ​​​​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “មនុស្ស​​​គ្រប់​​​​​​គ្នា​​​ដឹង​​​ហើយ​​​ថា លោក​​​​​គឺ​​​ជា​​​អ្នក​​​មាន​​​អំណាច​​​តែ​​​មួយ​​​គត់​​​នៅ​​​ក្នុង​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាឥឡូវ​​​នេះ​​​ គឺ​​​គ្មាន​​​នរណា​​​ម្នាក់​​​អាច​​​ប្រកួត​​​ប្រជែង​​​បាន​​​ឡើយ​​​ ហើយ​​​ចំ​​​ពេល​​​ដែល​​​លោក ជា ស៊ីម ទទួល​​​មរណភាព​​​នោះ​​​ ខ្ញុំ​​​គិត​​​ថា លោក​​​កំពុង​​​តែ​​​ធ្វើ​​​ដូច្នេះដើម្បីកុំ​​​ឲ្យ​​​គេ​​​គិត​​​ថា ​​​លោក​​​ក្តោប​​​ក្តាប់​​​អំណាច​​​តែ​​​ម្នាក់​​​ឯង​​​”។

លោក​​​ អ៊ូ វីរៈ បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “នេះ​​​គឺ​​​ជាអ្វី​​​ដែល​​​អ្ន​​​ក​​​នយោបាយ​​​ជើង​​​ចាស់​​​រូប​​​នេះ​​​​​​ព្រួយ​​​បារម្ភ​​​ ហើយ​​​នេះ​​​គឺ​​​ជា​​​វិធី​​​តែ​​​មួយ​​​គត់​​​ដើម្បី​​​បំបាត់​​​ក្តី​​​ព្រួយ​​​បារម្ភ​​​ទាំង​​​នោះ​។ ​​ដោយ​​​ដំឡើង​​​​​​លោក ស ខេង និង​​​លោក សាយ ឈុំ​​​ ឲ្យ​​​ទទួល​​​បាន​​​គោរម​​​ងារ​​​នេះ​​​ គឺ​​​លោក​​​ចង់​​​ផ្តល់​​​សារ​​​​​​ថា អ្វី​​​​​​ៗ​​​វានឹង​​​នៅ​​​តែ​​​ដដែល​​​ដូច​​​ធម្មតា​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “វា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​នូវ​​​អ្វីដែល​​​កើត​​​មាន​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ ប្រសិន​​​បើ​​​យើង​​​ក្រឡេក​​​មើល​​​តួនាទី​​​របស់​​​លោក សាយ ឈុំ គាត់​​​គឺ​​​ជា​​​អគ្គលេខាធិការ​​​បក្ស​​​ ប៉ុន្តែ គាត់​​​មិន​​​សូវ​​​ជា​​​ឃើញ​​​ចេញ​​​មុខ​​​ចេញមាត់​​​​​​ទេ។ នេះ​​​អាច​​​ជា​​​ការបង្ហា​​​ញ​​​មួួ​​​យ​​​ឲ្យ​​​ឃើញ​​​ថា គាត់​​​នឹង​​​បង្ហាញ​​​មុខ​​​ជា​​​សាធារណៈ​​​ច្រើនជាង​​​មុន​​​​​​”។

ប៉ុន្តែ លោក ឈឹម ផល​​​វរុណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា គោរមងារ​​​ថ្មី​​​សម្រាប់​​​លោក ស ខេង និង​​​ លោក សាយ ឈុំ មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​យន្តការ​​​ផ្ទៃ​​​ក្នុង​​​របស់​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ឬ​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​អនុ​​​ប្រធាន​​​បក្ស​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទេ​​​។ នៅ​​​ពេល​​​យើង​​​ក្រឡេក​​​មើល​​​ព្រះរាជក្រឹត្យ​​​ដែល​​​ប្រោស​​ព្រះរាជ​​​ទាន​​​គោរមងារ​​​ដល់​​​លោក ស ខេង ជា​​​សម្តេច​​​ក្រឡាហោម​​​ និង​​​លោក សាយ ឈុំ ជា​​​សម្តេច​​​វិបុលសេនា​​​ភក្តី​​​នោះ គឺ​​​ដោយ​​​សារ​​​ពួក​​​គាត់​​​​​​បាន​​​បម្រើ​​​​​​ជាតិ​​​ និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ដោយ​​​ស្មោះ​​​ត្រង់​​​” ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ហេតុ​​​ដូច្នេះ​​​វា​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​តំណែង​​​ដែល​​​ត្រូវ​​​ជ្រើស​​​រើស​​​​​​នៅ​​​ពេល​​​អនាគត​​​ឡើយ​​​ ហើយ​​​ហេតុ​​​ដូច្នេះ​​​ទើប​​​យើង​​​ញែក​​​បញ្ហា​​​នេះដាច់​​​​​​ដោយ​​​ឡែក​​​ពី​​​គ្នា”។
លោក សឺន ស៊ូបែ៊រ្តិ៍​​​ ​​​អតីត​​​សមាជិក​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​​​​​​ ដែល​​​ឪពុក​​​របស់​​​លោក​​​ គឺ​​​លោក សឺន​​​ សាន ជា​​​ជន​​​សាមញ្ញ​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ជន​​​សាមញ្ញ​​​បី​​​រូប​​​ដែល​​​ទទួល​​​បាន​​​គោរម​​​ងារ​​​ជា​​​”សម្តេច​​​”ក្រោម​​​ការ​​​ប្រោស​​​ព្រះរាជ​​​ទាន​​​របស់​​​សម្តេច​​​ឪ​​​ នរោត្តម​​​ សីហនុ នោះ​​​បាន​​​លើក​​​ឡើង​​​ថា លោក ជឿ​​​ជាក់​​​ថា ការ​​​ផ្តល់​​​​​​គោរមងារ​​​​​​ជូន​​​លោក ស ខេង និង​​​លោក សាយ ឈុំ គឺ​​​ជា​​​ការ​​​ឆ្លុះ​​​បញ្ចាំង​​​ឲ្យ​​​ឃើញ​​​ពី​​​នយោបាយ​​​ផ្ទៃ​​​ក្នុង​​​នៅ​​​ក្នុង​​​បក្ស​​​មិន​​​មែន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បម្រើ​​​ជាតិ​​​នោះ​​​ឡើយ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ឪពុក​​​របស់​​​លោក​​​ដែល​​​ក៏​​​ជា​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​សេដ្ឋកិច្ច និង​​​​​ហិរញ្ញវត្ថុ និង​​​ជា​​​អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មួយ​​​រូប​​​​​​ដែរ​​​នោះ​​​ ក៏​​​ដូច​​​ជា​​​ លោក​​​ ប៉ែន នុត អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ និង​​​លោក ញឹក ជូឡុង​​​ អតីត​​​មន្ត្រី​​​រដ្ឋាភិបាល​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​គោរមងារ​​​ជា “សម្តេច​​​” បន្ទាប់​​​ពី​​​ពួក​​​គាត់​​​បាន​​​បម្រើ​​​​​​ផល​​​ប្រយោជន៍​​​សំខាន់​​​ៗ​​​ដល់​​​រាជ​​​បល្ល័ង្ក​​​។

លោក សឺន ស៊ូប៊ែរ្តិ៍ បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ត្រូវ​​​តែមាន​​​​​​ការ​​​ទទួល​​​ស្គាល់​​​ចំពោះ​​​ការ​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ដ៏​​​​​​ឧត្តុង​​​ឧត្តម​​​ដែល​​​បុគ្គល​​​ទាំង​​​បី​​នាក់​​​នេះ​​​បាន​​​ផ្តល់​​​ចំពោះ​​​ជាតិ​​​ ហើយ​​​នៅ​​​ក្នុង​​​ករណី​​​ដែល​​​បុគ្គល​​​ទាំង​​​បី​​​នាក់​​​េនះ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​របស់​​​សម្តេច​​​ឪ​​​ នរោត្តម សីហនុ​​​ នោះ វា​​​គឺ​​​ជា​​​ការ​​​ពិត​​​ដែល​​​ថា ពួក​​​​​​គាត់​​​បាន​​​ធ្វើ​​​រឿង​​​សំខាន់​​​ៗ​​​ជូន​​​សម្តេច​​​ឪ និង​​​ជាតិ​​​។ ប៉ុន្តែ នៅ​​​ពេល​​​នេះ​​​មាន​​​សម្តេច​​​ច្រើន​​​ពេក​​​ហើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ពី​​​មុន​​​វា​​​ជា​​​រឿង​​​កម្រ​​​ណាស់​​​ដែល​​​ពល​​​រដ្ឋ​​​ស៊ីវិល​​​ទទួល​​​បាន​​​គោរមងារ​​​នេះ​​​។  ប៉ុន្តែ ប្រសិន​​​បើ​​​យើង​​​ក្រឡេក​​​មើល​​​ពេល​​​ចប្ចុប្បន្ន​​​ នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​និន្នាការ​​​ពី​​​រ​​​គឺ​​​មួយ​​​មាន​​​ទំនោរ​​​ទៅ​​​រក​​​លោក​​​ ជា ស៊ីម និង​​​មួយ​​​ទៀត​​​មាន​​​ទំនោរ​​​ទៅ​​​លោក ហ៊ុន​​​ សែន  ហើយ​​​ឥឡូវ​​​នេះ​​​អ្នក​​​ដែល​​​មាន​​​ទំនោរ​​​ទៅលោក ជា ស៊ីម ទទួល​​​បាន​​​គោរមងារ​​​ជា​​​សម្តេច​​​ពីរ​​​រូប​​​ហើយ​​​ ហើយ​​​លោក ហ៊ុន សែន មាន​​​ភរិយា​​​របស​​​់​​​លោក​​ដែលមាន​​​គោរម​​​ងារ​​​ជា​​​សម្តេច​​​​​​ ហេតុ​​​ដូច្នេះ​​​ឥឡូវ​​​នេះ​​​វា​​​គឺ​​​ពីរ​​​ទល់​​​នឹង​​​ពី​​​រ​​​”៕ស៊ុយឈាង​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស