លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោក ប្រេដ អាដាម (Brad Adams) អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សលេចធ្លោ នឹងត្រូវហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជា ប្រសិនបើលោកមិនសុំអភ័យទោសចំពោះការថ្លែងរបស់លោកកាលពីសប្តាហ៍មុន ដែលក្នុងការថ្លែងនោះលោកបានលើកឡើងថា លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា គួរត្រូវបានស៊ើបអង្កេតចំពោះឧក្រិដ្ឋកម្ម ដែលគេសង្ស័យថា គាត់បានប្រព្រឹត្តក្នុងនាមជាមន្ត្រីខ្មែរក្រហមម្នាក់។
ក្នុងលិខិតចំហមួយច្បាប់ផ្ញើជូនលោក អាដាម នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីកាលពីថ្ងៃសៅរ៍ ឧត្តមសេនីយ សុភ័គ បានមានប្រសាសន៍ថា ការថ្លែងដែលចេញដោយអង្គការនេះ នៅថ្ងៃបន្ទាប់ពីមរណភាពលោក ជា ស៊ីម នៅថ្ងៃទី៨ខែមិថុនាជា “ចរិតគ្មានគុណធម៌”។

លិខិតមានខ្លឹមសារថា “សំខាន់ជាងនេះទៅទៀត នៅពេលដែលប្រជាជនកម្ពុជា និងគ្រួសារសពកំពុងកាន់ទុក្ខមរណភាពសម្តេច [ជា ស៊ីម] សេចក្តីថ្លែង ដែលខ្លឹមសារខ្វះសីលធម៌នេះ ឆ្លុះបញ្ចាំងអំពីចរិតគ្មានគុណធម៌របស់នាយករូបនេះតែប៉ុណ្ណោះ”។
ទាក់ទងកាលពីថ្ងៃអាទិត្យ ឧត្តមសេនីយ៍ សុភ័គ បានមានប្រសាសន៍ថា លោក អាដាម នឹងត្រូវដាក់ក្នុង “បញ្ជីខ្មៅ” របស់ប្រទេសកម្ពុជា ប្រសិនបើលោកមិនសុំអភ័យទោសជាសាធារណៈចំពោះការអត្ថាធិប្បាយរបស់លោកទេ។
នាយឧត្តមសេនីយ៍ សុភ័គ បានមានប្រសាសន៍ថា “គាត់នឹងត្រូវចូលក្នុងបញ្ជីខ្មៅរបស់ប្រទេសកម្ពុជា”។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា គាត់នឹងដូរចិត្តរបស់គាត់ និយាយថា ‘សូមអភ័យទោស’ ឬ ‘ខ្ញុំសូមអភ័យទោស ខ្ញុំខុស។ ប្រសិនបើគាត់មិនសុំអភ័យទោសទេ ខ្ញុំគិតថា ប្រទេសកម្ពុជានឹងមិនស្វាគមន៍គាត់ទៀតទេ”។
ក្នុងការថ្លែងរបស់ខ្លួនកាលពីសប្តាហ៍មុន អង្គការសិទ្ធិមនុស្ស HRW បាននិយាយថា មរណភាពរបស់លោក ជា ស៊ីម គួរនាំមកនូវការប្រឹងប្រែងថ្មី ដើម្បីជំនុំជម្រះមេដឹកនាំខ្មែរ ដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្រោមរបបខ្មែរក្រហម។
លោក អាដាម បាននិយាយក្នុងសេចក្តីថ្លែងនោះថា “មរណភាពរបស់លោក ជា ស៊ីម ជាការរំឭកថា អតីតមន្ត្រីខ្មែរក្រហមស្ទើរតែទាំងអស់បានរួចខ្លួនគ្មានទោសពៃរ៍ចំពោះការស្លាប់មនុស្សរាប់លាននាក់ និងការរងទុក្ខវេទនាហួសវិស័យរបស់ប្រជាជនអំឡុងការគ្រប់គ្រងដោយខ្មែរក្រហម”។
សេចក្តីថ្លែងនោះបានបន្ថែមថា ការស្រាវជ្រាវដែលធ្វើឡើងដោយអង្គការ HRW ក្នុងឆ្នាំ២០០៥បានរកឃើញភ័ស្តុតាងថា លោក ជា ស៊ីម ដែលធ្វើការជាលេខាស្រុកខ្មែរក្រហមម្នាក់នៅតំបន់បូព៌ាប្រទេសនេះ បានរួមដៃក្នុងឧក្រិដ្ឋកម្ម ក្នុងនោះមានទាំងការប្រហារជីវិតមនុស្សតាមតែអំពើចិត្តផង។
ប៉ុន្តែ លិខិតរបស់លោកឧត្តមសេនីយ៍ សុភ័គ បាននិយាយថា ដោយសារ លោក ជា ស៊ីម គ្រាន់តែជាកម្មាភិបាលថ្នាក់ទាបម្នាក់ លោកមិនទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយខ្មែរក្រហមនោះទេ។
លោក អាដាម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា មិនអាចទាក់ទងបានភ្លាមៗទេកាលពីថ្ងៃអាទិត្យ។
លោក ហ្វីល រ៉ូប៊ឺសុន (Phil Robertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ប្រចាំតំបន់អាស៊ីបានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាអ្នកគាំទ្រសិទ្ធិមនុស្ស បានមានប្រសាសន៍ថា ការគំរាមកំហែងពីក្រសួងមហាផ្ទៃ មិនមែនជាការភ្ញាក់ផ្អើលទេ ដោយសារលោក អាដាម ជាអ្នករិះគន់រដ្ឋាភិបាលច្រើនឆ្នាំហើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា លោក ប្រេដ អាដាម ពិតជាស្ថិតនៅលើគេនៃបញ្ជីមនុស្សដែលរដ្ឋាភិបាលមិនចូលចិត្ត។ ខ្ញុំមិនគិតថា នេះជាសកម្មភាពយុទ្ធសាស្ត្រទេ ខ្ញុំគិតថា នេះជាការផ្សំគ្នានៃពេលវេលាដ៏យូរ ហើយពួកគេប្រហែលនិយាយថា ល្មមហើយ បញ្ឈប់ទៅ”។
សេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុនមិនមែនជាលើកដំបូងទេ ដែលលោក អាដាម បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាធុញទ្រាន់នោះ។ កាលពីខែមីនាឆ្នាំ២០១៣ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពីការចោទប្រកាន់ពីលោក អាដាម ដែលថារដ្ឋាភិបាលបានជ្រៀតជ្រែកសាលាក្តីខ្មែរក្រហម។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “មានមនុស្សម្នាក់ដែលបាននិយាយថា ហ៊ុន សែន បានធ្វើឲ្យសាលាក្តីរអាក់រអួល។ ប្រេដ អាដាម មែនទេ? មកពីអង្គការសិទ្ធិមនុស្ស។ ប្រេដ អាដាម។ អូ លោកអើយ”៕ និត