29 C
Phnom Penh

រដ្ឋាភិបាល​ប្រកាស​ការ​ចាប់​ផ្តើម​ពិភាក្សា​ការ​ដំឡើង​ប្រាក់​ឈ្មួល​ដល់​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​ថា ការ​ចរចា​ជា​ផ្លូវការ​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​វិស័យ​កាត់ដេរ ដែល​ឥឡូវ​ទទួល​បាន​១២៨​ដុល្លារ​ក្នុង​មួយ​ខែ នឹង​ចាប់​ផ្តើម​នៅ​ខែ​កក្កដា ដោយ​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​​គម្រោង​សម្រាប់​ការ​ពិភាក្សា​ដូច​គ្នា​នេះ ដែល​ខ្លួន​បាន​ប្រើ​ជាមួយ​សហជីព​និង​និយោជក​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​មុន។

ក្រសួង​នេះ​បាន​ចាប់​ប្រើ​ដំណើរការ​ថ្មី​មាន​ជា​ច្រើន​ជំហាន​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤ ក្រោយ​ពី​មាន​កូដកម្ម​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​ទាក់ទិន​នឹង​ប្រាក់​ឈ្នួល​វិស័យ​កាត់ដេរ មុន​ខែ​ធ្នូ​និង​ខែ​មករា ដែល​បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​ជាប់​គាំង និង​ចប់​ទៅ​វិញ​ដោយ​មាន​ការ​បាញ់​ស្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់ ពីសំណាក់​កម្លាំង​រាជ​អាវុធហត្ថ​ក្នុង​ក្រុង​ភ្នំពេញ។

ក្រសួង​សង្ឃឹម​ថា ដំណោះស្រាយ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា សហជីព​ឯករាជ្យ​ដែល​នៅ​ពី​ក្រោយ​កូដកម្ម​មិន​ចេញ​ដើរ​តាម​ដង​ផ្លូវ ហើយ​ធ្វើ​តាម​ការ​ចរចា។

សហជីព​បាន​ទទួល​យក​ដោយ​ស្ទាក់​ស្ទើរ ដែល​នៅ​ទី​បញ្ចប់​ដំណើរការ បាន​កើត​ចេញ​ជា​រូបរាង បើ​ទោះជា​ពួកគេ​មួយ​ចំនួន​បាន​ចាត់​ទុក​ការ​ថយ​ចុះ​នៃ​ការ​តវ៉ា ដោយសារតែ​ការ​ភ័យ​ខ្លាច​មាន​ការ​បាញ់​ប្រហារ​ថែម​ទៀត​ប៉ុណ្ណោះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ ក្រសួង​ការងារ​បាន​និយាយ​ថា ដំណើរការ​នេះ​នឹង​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ ជាមួយ​រដ្ឋាភិបាល រោងចក្រ និង សហជីព ដែល​នឹង​ធ្វើការ​កំណត់​ប្រាក់​ឈ្នួល​ថ្មី​ក្នុង​ចំណោម​ពួកគេ។ ពួកគេ​នឹង​ធ្វើ​ការ​ចរចា​ទ្វេភាគី​នៅ​ខែ​សីហា និង​ត្រី​ភាគី​នៅ​ខែ​កញ្ញា។ គណៈកម្មការ​ក្រុមប្រឹក្សា​ការងារ​ត្រី​ភាគី​បន្ទាប់​មក​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ខែ​តុលា ក្នុង​ការ​សម្រេច​ប្រាក់​ឈ្នួល​ដើម្បី​ផ្តល់​អនុសាសន៍​ទៅ​ក្រសួង​ការងារ ដោយ​មតិ​រួម​ប្រសិនបើ​ធ្វើ​ទៅ​បាន បើ​ពុំ​នោះ​ទេ​បោះ​ឆ្នោត​ជា​សម្ងាត់។

ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដែល​ក្រសួង​សម្រេច នឹង​ចូល​ជាធរមាន​នៅ​ខែ​មករា។

អំឡុង​ការ​ចរចា​ឆ្នាំ​មុន សមាគម​​​រោងចក្រ​​​កាត់ដេរ​​​នៅ​​​កម្ពុជា ហៅ​កាត់​ថា GMAC បាន​ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​១០​ភាគរយ។

ទោះជា​ការ​ដំឡើង​ដែល​ក្រសួង​បាន​កំណត់ ខ្ពស់​ជាង​ច្រើន​ក៏​ដោយ ក៏​លោក កេន លូ អគ្គលេខាធិការ GMAC បាន​និយាយ​ថា និយោជក​ពេញ​ចិត្ត​នឹង​ដំណើរការ​នេះ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា “យើង​គ្មាន​បញ្ហា​ជាមួយ​នឹង​ដំណើរការ​នេះ​ទេ។ កាល​បរិច្ឆេទ​ល្អ”។

លោក​បាន​មាន​ប្រសាសន៍​ថា វា​ឆាប់​ពេក​មិន​អាច​និយាយ​ថា រោងចក្រ​អាច​ស្នើ​ដំឡើង​ប៉ុន្មាន​នៅ​ឆ្នាំ​នេះ ត្បិតអី ការ​ចរចា​ផ្លូវការ​មិន​ទាន់​បាន​ចាប់​ផ្តើម​នៅ​ឡើយ ហើយ​រោងចក្រ​នៅ​កំពុង​ដោះស្រាយ​រឿង​ឡើង​ប្រាក់​ខែ​ចុង​ក្រោយ​នេះ​នៅ​ឡើយ។

GMAC បាន​ព្រមាន​កាលពី​ឆ្នាំ​មុន​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ច្រើន​នឹង​ធ្វើ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ខោ​អាវ​របស់​ប្រទេស​នេះ ដែល​មាន​ប្រហែល​មួយ​ភាគ​បី​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា។

ប៉ុន្តែ​ការ​នាំ​ចេញ​មាន​សន្ទុះ​ខ្លាំង​រហូត​ដល់​ពេល​នេះ គឺ​កើន​១១​ភាគ​រយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្នុង​ត្រី​មាស​ទី​១។

ដើម្បី​ធ្វើ​ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​ឲ្យ​បាន​ទូលំទូលាយ​ថែម​ទៀត​នោះ ក្រសួង​ការងារ​កាលពី​ឆ្នាំ​មុន​បាន​បង្កើត​ក្រុម​ការងារ​ត្រី​ភាគី​ដើម្បី​ផ្តល់​យោបល់​ដល់​គណៈកម្មការ​ប្រឹក្សា​ការងារ ដែល​រួម​មាន​សហជីព​មួយ​ចំនួន ដែល​ធម្មតា​បាន​ដើរ​ចេញ​ពី​ដំណើរការ​នេះ។

ប៉ុន្តែ​សហជីព​ដែល​ក្រុម​ការងារ​ចង់​ធ្វើ​ឲ្យ​ស្ងប់​ចិត្ត បាន​តវ៉ា​ថា សំឡេង​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ដោយ​សហជីព​មាន​សម្ពន្ធ​នឹង​រដ្ឋាភិបាល​ដែល​គេ​ដាក់​ចូល​ក្រុម​ការងារ​ជាមួយ​ពួកគេ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ ក្រសួង​ការងារ​បាន​និយាយ​ថា ខ្លួន​ក៏​នឹង​ធ្វើ​ឲ្យ​ក្រុម​ការងារ​មាន​ដូច​ដើម​វិញ​ដែរ។

យ៉ាង​នេះ​ក្តី លោក ប៉ាវ ស៊ីណា ប្រធាន​​​សហព័ន្ធ​​​សហជីព​​​​​​ចលនា​​​កម្មករ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​មិន​ចូលរួម​ជាមួយ​ក្រុម​នេះ​វិញ​ទេ លុះត្រាតែ​ក្រសួង​អញ្ជើញ​សុទ្ធ​តែ​សហជីព​ឯករាជ្យ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​ឃើញ ថា​តើ​ក្រសួង​ប្តូរ​ដំណើរការ​នេះ​ឬ​ទេ។ បើ​ដំណើរការ​នេះ​នៅ​ដដែល យើង​នឹង​មិន​ចូលរួម​ទេ”។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕ និត ​(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស