28 C
Phnom Penh

ក្រុម​អង្គរក្ស​របស់​លោក ជា ស៊ីម នឹងត្រឡប់​ទៅ​កាន់​អតីត​កងពលតូច​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

 

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កង​អង្គរក្ស​ផ្ទាល់​របស់​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ទទួល​មរណភាព​​ នឹង​​ត្រូវ​រំសាយ​បន្ទាប់ពី​ពិធី​បូជា​សព​រួច​នៅ​ថ្ងៃ​សុក្រ ហើយ​សមាជិក​​កង​អង្គរក្ស​នេះ​​នឹង​ត្រឡប់​ទៅ​អតីត​នាយកដ្ឋាន​នគរ​បាល និង​កង​ពលតូច​យោធា​​របស់​ខ្លួន​វិញ។

លោក ជា ស៊ីម ​បាន​ទទួល​មរណភាព​​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ហើយ​ត្រូវ​បាន​ជំនួស​​​តួនាទី​របស់​​ប្រធាន​ព្រឹទ្ធសភា​រូបនេះ​នៅ​ថ្ងៃ​បន្ទាប់​ក្នុង​សមាជ​ពិសេស​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​តែង​តាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ផ្លូវ​ការ​ជំនួស​រូប​លោក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍។cam-photo-bodyguards-channa

ទាហាន​ស្លៀក​ពាក់​ឯកសណ្ឋាន​បាន​បន្ត​ដើរ​ចល័ត​នៅ​​ក្នុង​ និង​​ជុំវិញ​បរិវេណកង​​អង្គរក្ស​របស់​​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជារូបនេះ​ដែលទទួលមរណភាព​ ​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៩ ខាង​ក្រោយ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក សុខ ឦសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ពួកគេ​នឹង​ត្រូវចាត់​​តាំង​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មិនទុក​ឲ្យ​ពួកគេ​សម្រាក​​ ហើយ​បើក​ប្រាក់​ខែ​នោះទេ ដូច្នេះ​ពួកគេ​​ត្រូវ​ត្រឡប់​មក​ធ្វើ​ការ​វិញ…ហើយ​ធ្វើ​ការ​នៅ​អង្គភាព​របស់​ខ្លួន​”។

លោក សុខ ឦសាន បាន​មាន​ប្រសាសន៍​ថា មាន​ឱកាស​ដែលអង្គរក្ស​របស់​លោក ជា ស៊ីម អាច​ស្វែង​រក​ការ​ងារ​ថ្មី​ជា​អ្នក​​ការ​ពារថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី។ លោក​បាន​មាន​ប្រសា​សន៍​ថា “​ប្រសិន​បើ​មាន​សំណើ​ណាមួយ​នៅ​ពេល​អនាគត​ ពួកគេ​នឹង​ត្រូវ​ចាត់​តាំង​ទៅ​កាន់​កង​អង្គរក្ស​ថ្មី​នោះ​”។

លោក ទូច ណារ៉ុថ ប្រធាន​កង​អង្គរក្ស​ក្រសួង​មហាផ្ទៃ​ក៏​បាន​លើក​ឡើង​ផង​ដែរថា សមា​ជិក​កង​អង្គរក្ស​​លោក ជា ស៊ីម ​អាច​ត្រូវ​បាន​ចាត់​តាំង​ឡើង​វិញ​ទៅ​ការ​ពារ​មេដឹកនាំ​ផ្សេង​​នៅ​ពេល​​​សព​របស់​លោក​ត្រូវ​បាន​បូជា​​​រួច​រាល់​។

លោក ទូច ណារ៉ុថ បាន​​​​បន្ថែម​ថា “​វា​ឆាប់​ពេក​ហើយ​ក្នុង​ការ​សួរ​សំណួរ​នេះ ដូច្នេះ​សូម​រង់​ចាំ​រហូត​ដល់​បូជា​សព​សម្ដេច​ ជា​ ស៊ីម រួច​សិន។ យើង​ដឹង​ថា​​សម្ដេច សាយ ឈុំ ​​បាន​​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​​សភា ប៉ុន្តែ​យើង​ត្រូវ​​រង់ចាំ​រហូត​ដល់​​​ពិធីបូជា​សព​រួច​រាល់​សិន ពីព្រោះ​កង​អង្គ
រក្ស​របស់​លោក ជា ស៊ីម រវល់​រៀបចំ​ពិធី​បុណ្យ​សព​”។

​លោក ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម មាន​ទាំង​នគរ​បាល​ និង​ទាហាន​ ប៉ុន្តែ​ថា លោក​មិន​ដឹង​ថា មាន​សមាជិក​ប៉ុន្មាន​ឡើយ​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​មាន​ប្រសាសន៍​ថា កម្លាំង​ប្រដាប់​អាវុធ​នឹង​ដោះ​ស្រាយ​ការ​រំសាយ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម បន្ទាប់ពី​បូជា​សពមេដឹកនាំ​រូប​នេះ​រួច​នៅ​ថ្ងៃ​សុក្រ។

ឧត្ដម​សេនីយ៍​ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​ “​នេះ​គឺ​ជា​បញ្ហា​យោធា ហើយ​ពួកគេ​ដឹង​របៀប​ធ្វើ​ការ​របស់​ខ្លួន​ដូច​ម្ដេចហើយ គឺមិន​ចាំបាច់​សួរ​​សំណួរ​នេះ​ទេ​។ ពួកគេ​ដឹងរបៀប​គ្រប់​គ្រង​បញ្ហា​ដូច​ម្ដេច​ហើយ ហើយ​មិន​ចាំបាច់​អ្នក​ប្រាប់​យើង​ហើយសួរ​យើង​ទេ”។

កង​អង្គរក្ស​របស់​លោក ជា ស៊ីម មាន​ចំនួន​តិច​តួច​​បើ​ប្រៀប​ធៀប​​ទៅ​នឹង​កង​អង្គ​រក្ស​​ដែល​ការ​ពារ​លោក ហ៊ុន សែន ជា​កង​កម្លាំង​សម្ងាត់​ដែល​គេ​ចាត់​ទុក​ថា ជា​ក្រុម​ដែល​ហ្វឹក​ហាត់​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​នោះ ត្រូវ​គេ​ជឿ​ថា​មាន​ចំនួន​​រាប់​ពាន់​នាក់​​ឯណោះ​៕ សារុន​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស