38 C
Phnom Penh

នគរ​​​បាល​​​លើក​​​ឡើង​​​ថា នៅ​​​មិន​​​ទាន់​​​មាន​​​តម្រុយ​​​ក្នុង​​​ករណី​​​ធ្វើ​​​ឃាត​​​បុរ​​​សម្នាក់​​​ក្នុង​​​ហាង​​​គុយទាវ​​​នៅ​​​ឡើយ​​​ទេ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ នគរ​​​បាល​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នៅ​​​មិន​​​ទាន់​​​មាន​​​តម្រុយ​​​នៅ​​​ក្នុង​​​ករណី​​​ធ្វើ​​​ឃាត​​​បុរស​​​ម្នាក់​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យដែល​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​ឲ្យ​​​ដួល​​​មុន​​​ពេល​​​​​​ត្រូវ​​​បាន​​​បាញ់ចំ​​​​​​​​​ក្បាល​​​ពី​​​ក្រោយ​​​នៅ​​​ក្នុង​​​ហាង​​​គុយទាវ​​​មួយ​​​កន្លែង​​​​​​ក្នុង​​​សង្កាត់​​​បឹង​​​កេង​​​កង​​​១​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​នៅ​​​ឡើយ​​​ទេ​​​។

លោក អេង សោភា នាយ​​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៧ និង​​​៣០នាទី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​​​​​​​ បុរស​​​ពី​​​រនាក់​​​បាន​​​ដេញ​​​តាម​​​​​​លោក ឡោ សុភាព​​​ អាយុ​​​៣២​​​ឆ្នាំ​​​ចូល​​​ទៅ​​​ដល់​​​ក្នុង​​​ហាង​​​គុយទាវ​​​សឹង​​​ហឺុ នៅ​​​ត្រង់​​​ចំណុចប្រសព្វ​​​នៃ​​​ផ្លូវ​​​លេខ​​​៦៣ និង​​​៣៩២ ។​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​ចំនួន​​​ពីរ​​​នាក់​​​បាន​​​​​​វាយ​​​​​​ជន​​​រងគ្រោះ​​​​​​ ខណៈ​​​​​នៅ​​​ក្បែរ​​​​ភោជនីយដ្ឋាន​​​ ហើយ​​​នៅ​​​ផ្នែក​​​ម្ខាង​​​ទៀត​​​នៃ​​​ផ្លូវ ប៉ុន្តែ ជន​​​រង​​​គ្រោះ​​​បាន​​​រត់​​​ចូល​​​​​​ក្នុង​​​ភោជនីយដ្ឋាន​​​​​​ ព្រោះ​​​គាត់​​​ចង់​​​ឲ្យ​​​គេ​​​ជួយ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ជន​​​សង្ស័យ​​​បាន​​​ដេញ​​​តាម​​​ជន​​​រងគ្រោះ​​​រហូត​​​ដល់​​​ខាង​​​ក្នុង​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “បន្ទាប់មក ​​​ជន​​​សង្ស័យ​​​បាន​​​វាយ​​​ក្បាល​​​ជន​​​រង​​​គ្រោះ​​​ពី​​​ក្រោយ​​​​​​នៅ​​​ពេល​​​ជន​​​រង​​​គ្រោះ​​​ដួល​​​លើ​​​ឥដ្ឋ​​​ ហើយ​​​ជន​​​សង្ស័យ​​​ម្នាក់​​​បាន​​​បាញ់​​​ក្បាល​​​ជ​​​ន​​​រង​​​គ្រោះ​​​​​​ពី​​​ក្រោយ​​​​​​ បាញ់​​​ដៃ​​​ខាង​​​ស្តាំ និង​​​បាញ់​​​ខ្នង​​​ជន​​​រងគ្រោះ​​​ តែ​​​គ្រាប់​​​កាំភ្លើង​​​ទី​​​៤​​​បាញ់​​​ខុស​​​”។

លោក សោភា បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា នគរ​​​បាល​​​មិន​​​ដឹង​​​ថា កាំភ្លើង​​​ប្រភេទ​​​អ្វី​​​ដែល​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​នេះ​​​ឡើយ​​​ ហើយ​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​នៅ​​​មិន​​​ទាន់​​​មាន​​​តម្រុយ​​​ពី​​​ជន​​​សង្ស័យ​​​នៅ​​​ឡើយ​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “យើង​​​នៅ​​​មិន​​​ទាន់​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​​​​ណា​​​ម្នាក់​​​បាន​​​នៅឡើយ​​​ទេ​​​ព្រោះ​​​យើង​​​ទើប​​​តែ​​​ស៊ើុប​​អង្កេត​​​បាន​​​តែ​​​មួយ​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​”។

តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ នគរ​​​បាល​​​បាន​​​សម្រេច​​​ថា ហេតុការណ៍​​​នេះ​​​ទំនង​​​ជា​​​​​​​​មិន​​​មែន​​​​ជា​​​អំពើ​​​ប្លន់​​​​​​ទេ ព្រោះ​​​ថា គ្មាន​​​អ្វី​​​បាន​​​បាត់​​​នោះ​​​ឡើយ​​​​​​រួម​​​ទាំង​​​ម៉ូតូ​​​របស់​​​ជន​​​រងគ្រោះ​​​ ឡោ សុភាព ដែល​​​​​​នៅ​​​ទល់​​​មុខ​​​ហាង​​​គុយទាវ​​​ផង​​​ដែរ​​​។

បន្ទាប់​​​ពី​​​ពិធី​​​បុណ្យ​​​សព​​​របស់​​​ប្តី​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ នៅ​​​វត្ត​​​សន្សំ​​​កុសល​​​ ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ អ្នកស្រី​​​ ស្រី​​​នាង​​​ អាយុ​​​២៦​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​និយាយ​​​លើក​​​ចុង​​​ក្រោយ​​​ជាមួយ​​​ប្តី​​​របស់​​​ខ្លួន​​​​​​ប្រហែល​​​៣០​​​នាទី​​​មុន​​​​​​ជន​​​រងគ្រោះ​​​ស្លាប់។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “នៅ​​​ម៉ោង​​​ប្រហែល​​​៧យប់​​​ប្តី​​​របស់​​​ខ្ញុំ​​​បានតេ​​​ទូរស័ព្ទ​​​មកហៅ​​​​​​ខ្ញុំ​​​ញាំ​​​អាហារ​​​ពេល​​​ល្ងាច​​​  ហើយ​​​ខ្ញុំ​​​បាន​​​រង​​​់​​​ចាំ​​​គាត់​​​មក​​​ទទួល​​​រហូត​​​ដល់​​​ជិត​​​ម៉ោង​​​៨​​”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ប្តី​​​របស់​​​ខ្លួន​​​កំពុង​​​ធ្វើ​​​ដំណើរ​​​មក​​​ផ្ទះ​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ Sigma Textiles ជា​​​ទី​​​ដែល​​​ជន​​​រង​​​គ្រោះ​​​ធ្វើ​​​ការ​​​ជា​​​ប្រធាន​​​រដ្ឋបាល​​​ និង​​​បក​​​ប្រែ​​​ភាសាចិន​​​។

អ្នកស្រី​​​ ស្រី​​​នាង​​​ បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​ស្រី​​​​​​ហើយ​​​នឹង​​​ប្តី​​​របស់​​​ខ្លួន​​​ទើប​​​តែ​​​រៀប​​​ការ​​​បានប្រហែល​​​​​​ប្រាំ​​​មួយ​​​ខែ​​​ប៉ុណ្ណោះ​​​​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ទៀត​​​ថា “គាត់​​​មិន​​​ដែល​​​ឈ្លោះ ឬ​​​មាន​​​បញ្ហា​​​ជាមួយ​​​នរណា​​​ម្នាក់​​​ឡើយ​​​។ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​មូល​​​ហេតុ​​​អ្វី​​​ដែល​​​ធ្វើ​​​ឲ្យ​​​គេ​​​សម្លាប់​​​គាត់​​​ឡើយ”។

អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា សេចក្តី​​​រាយការណ៍​​​ព័ត៌​​​មាន​​​របស់​​​ប្រ​​​ព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​​​​ដែល​​​ថា​​​ ហេតុការណ៍​​​បាញ់​​​ប្រហារ​​​នេះមាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​បំណុល​​​ គឺ​​​មិន​​​​​​​ដូច្នោះ​​​ឡើយ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា “គ្រួសារ​​​យើង​​​មិន​​​ត្រូវ​​​ការ​​​ខ្ចី​​​លុយ​​​គេ​​​ទេ​​​”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា អ្នកស្រី​​គ្រប់​​​គ្រង​​​​​​ហាង​​​មួយ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ។

អ្នកស្រី ឡោ លីគុន អាយុ​​​៣៥​​​ឆ្នាំ​​​ជា​​​បង​​​ស្រី​​​របស់​​​ជន​​​រងគ្រោះ ឡោ សុភាព បាន​​​លើក​​​ឡើង​​​ថា នៅពេល​​​ប្អូន​​​ប្រុស​​​របស់​​​ខ្លួន​​​ឈប់​​​សម្រាក​​​ពី​​​ការ​​​ងារ​​​ គាត់​​​ឆ្លៀត​​​ទៅ​​​សិក្សា​​​ផ្នែក​​​​​​រចនា​​​តុបតែង​​​ប្លង​​​់​​​​​​នៅ​​​វិទ្យាស្ថាន​​​Setec ។

​​​អ្នកស្រី​​​បាន​​​និយាយ​​​ថា “គាត់​​​មិន​​​មែន​​​ជា​​​មនុស្ស​​​ដែល​​​ចេញ​​​ទៅ​​​ក្រៅ​​​ពេល​​​យប់​​​ដើម្បី​​​ជួប​​​អ្នក​​​នេះ​​​ ឬអ្ន​​​ក​​​នោះឡើយ ព្រោះ​​​គាត់​​​តែង​​​តែ​​​មក​​​ផ្ទះ​​​វិញ​​​​​​ បន្ទាប់​​​ពី​​​ចេញ​​​ពីរៀន”។

អ្នកស្រី លីគុន បាន​​​បន្ថែម​​​ថា ថៅកែ​​​របស់​​​ប្អូនប្រុស​​​ខ្លួន​​​នៅ​​​រោង​​​ចក្រក៏​​​មាន​​​ទំនុក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​លើ​​​ជន​​​គ្រោះ​​​ដែរ​​​។

អ្នកស្រីបាន​​​និយាយ​​​ទៀត​​​ថា “ជូន​​​កាល​​​ម្ចាស់​​​រោង​​​ចក្រ​​​បាន​​​ឲ្យ​​​ប្រាក់​​​គាត់​​​កាន់​​​ប្រហែល​​​២០០.០០០ដុល្លារ​​​ទៅ​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​​​​ក៏​​​មាន​​​ដែរ​​​។ នេះមាន​​​ន័យ​​​ថា ថៅ​​​កែ​​​ជឿ​​​ជាក់​​​ថា គាត់​​​គឺ​​​ជា​​​មនុស្ស​​​ស្មោះ​​​ត្រង់​​​”៕ ស៊ុយឈាង​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស