27.5 C
Phnom Penh

ក្រសួង​ពីរ​សហការ​គ្នា​ជំរុញ​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដោយ​ចាប់​ផ្ដើមក្នុង​ខេត្ត​ស្វាយរៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ចាប់​​ពី​ខែ​ក្រោយទៅ ក្រសួង​អប់រំ​ និង​ក្រសួង​ការ​ងារ​នឹង​ផ្ដល់​ការ​​ប្រឹក្សា​ការ​ងារ​ដល់​សិស្ស​និស្សិត​ក្នុង​ខេត្ត​ស្វាយរៀង​ ជា​ជំហាន​ដំបូង​​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​​ផ្ដល់​ឱកាស​ការ​ងារ​ស្មើ​ភាព​នៅ​ក្នុង​ប្រទេស​ ជាមួយ​នឹង​ជំនាញ​​របស់​យុវជន​ខ្មែរ​ដែល​ត្រូវ​​ចូលប្រឡូក​​​ក្នុង​កម្លាំងការ​ងារ។

រដ្ឋមន្ត្រី​រូប​នេះ​បាន​លើក​ឡើង​អំពី​​​យុវជន​ដែល​​គ្រប់​អាយុ​ចូល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​​​ថា “​​ការគ្មាន​ការ​ងារ​ធ្វើតិច​ជាង​៥ភាគរយ​ គឺទាប​មែន​ទែន​។ ប៉ុន្តែ​បញ្ហា​​មិន​ស្ថិត​​ត្រង់​​ភាព​គ្មាន​ការ​ងារ​ធ្វើ​ទេ បញ្ហា​នៅ​ត្រង់​ប្រាក់​ខែ​ទាប​ដែល​ផ្ដល់​ឲ្យ​កម្មករ​និយោជិត​ដែល​មិនសូវ​មាន​ជំនាញ​”។

លោក​បាន​ពន្យល់​ថា ដោយ​​សេដ្ឋកិច្ច​ចម្រុះ​ជាង​មុន តម្រូវ​ការ​កម្មករ​ក្នុង​ឧស្សាហកម្ម​អេឡិច​ត្រូនិក​ ផលិត​កម្ម កសិឧស្សាហកម្ម​ និង​ភ័ស្តុភារ​​ បាន​កើន​ឡើង​។ លោក​ថ្លែង​ថា រដ្ឋាភិបាល​​នឹង​​ព្យាយាម​បង្ហាញ​សិស្ស​និស្សិត​ថា ការ​ងារ​ប្រើ​កម្លាំង​គឺ​មិន​មែន​​សុទ្ធតែ​មាន​ន័យ​ថា ជា​អាជីព​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ទាប​ឡើយ​។

លោក​បាន​បន្ត​ថា “​ពេល​ខ្លះ​​​មនុស្ស​គិត​ថា ការ​ងារ​ [បច្ចេកទេស​] ជា​ការ​ងារ​អន់​ ​នោះ​ជា​មូលហេតុ​ដែល​យើង​គួរ​តែ​ធ្វើ​ឲ្យ​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កាន់​តែ​មាន​ភាព​ទាក់​ទាញ”។

លោក​បាន​បញ្ជាក់​ថា លោក​ និង​លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​​ត្រូវ​បាន​ចាត់​​តាំង​ជា​ប្រធាន​ក្រុម​ការ​ងារ​មួយ​ដែល​ចាប់​ពី​ខែ​​ក្រោយ​ទៅ​ត្រូវ​​​អនុវត្ត​កិច្ច​ការ​ដំបូង​របស់​ខ្លួន​​នោះ​គឺ​កម្មវិធី​ផ្ដល់​ប្រឹក្សា​ការ​ងារ​នៅ​សាកល​វិទ្យាល័យ​ស្វាយរៀង ដែល​បើក​ទូលាយ​​ស្វាគមន៍​សិស្ស​អនុវិទ្យាល័យ និង​សិស្ស​វិទ្យាល័យ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​យើង​ចង់​ផ្ដល់​ប្រឹក្សា​ដល់​សិស្ស​អនុវិទ្យាល័យ និង​វិទ្យាល័យ​ ដើម្បី​ឲ្យ​ពួកគេអាច​ទៅ​ចូល​រួម​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​” ដែល​ក្រសួង​ការ​ងារ​មាន​រួច​ជា​ស្រេច​។ ក្រសួង​ទាំង​ពីរ​នឹង​សហការ​គ្នា​ដើម្បី​បង្កើត​​ “គោល​ការណ៍​ណែនាំ​វិជ្ជាជីវៈ” សម្រាប់​គ្រូបង្រៀន​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​ជំនាញ​ដែល​គេ​កំពុង​ត្រូវ​ការ​នាពេល​បច្ចុប្បន្ន​។

សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​​ទាំង​ពីរ​កាលពី​សប្ដាហ៍​មុន​បាន​លើក​ឡើង​ថា ក្រុម​ការ​ងារ​នេះ​ក៏​​ទទួល​បន្ទុក​កាត់​បន្ថយ​អត្រា​សិស្ស​ឈប់​រៀន​ត្រឹម​អនុ​វិទ្យាល័យ​ផង​ដែរ ដែល​បាន​កើន​ឡើងដល់​​១៩ភាគរយ​កាលពី​ឆ្នាំ​មុន តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​។

លោក សានតូស ខាទី (Santosh Khati)​ អ្នក​ឯកទេស​ខាង​អប់រំ​​មក​ពី​អង្គការ​យូណេស្កូ​ប្រចាំ​​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែល​ផ្ដល់​ដោយ​ក្រសួង​​ទាំង​ពីរ​ ចាំបាច់​ត្រូវ​តែ​មានភាព​ទាក់​ទាញ​ និង​ទទួល​​បាន​ច្រើន​ជាង​មុន ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ដើម្បី​អភិវឌ្ឍ​កម្លាំង​ការងារ​​ក្នុង​ប្រទេស។

លោក​បាន​មាន​ប្រសាសន៍​អំពី​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​ថា “​[វា​] គ្មាន​​ឋានៈ​ខ្ពស់​ទេ ហើយ​​វា​មិន​មែន​មាន​​តែ​នៅ​កម្ពុជា​ឡើយ​ វា​ជា​បញ្ហា​ទូទៅ​ដែល​កើត​មាន​នៅ​គ្រប់ទីកន្លែង។ គេមិន​​ចាត់​ទុក​វា​​សំខាន់​ដូច​​ការ​អប់រំ​​ក្នុង​ប្រព័ន្ធ​​ដូចជា​សាកលវិទ្យាល័យ​​នោះ​ទេ”។

លោកស្រី សានដ្រា ដាមីកូ (Sandra D’Amico) នាយក​គ្រប់​គ្រង​ផ្នែក​ធនធាន​មនុស្ស​នៅ​ក្រុម​ហ៊ុន​ HR Inc បាន​លើក​ឡើង​ថា តម្រូវ​ការ​កម្មករ​ជំនាញ​កំពុង​កើន​ឡើង​នៅ​ក្នុង​វិស័យ​សំណង់ ទេសចរណ៍ សេវាកម្ម និង​កាត់​ដេរ​សម្លៀក​បំពាក់​ ដោយ​លោកស្រី​បញ្ជាក់​ថា និន្នា​ការ​នេះ​នឹង​ពន្លឿន​កិច្ច​​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​​ឡើង​។

លោកស្រី​បាន​បន្ត​ថា “​ខ្ញុំ​គិត​ថា យើងចាំបាច់​ត្រូវ​តែ​កែសម្រួល​ប្រព័ន្ធ​អប់រំ​​មិន​មែនយោង​ទៅ​តាម​​​តែ​តម្រូវ​ការ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ត្រូវ​​សម្លឹង​មើល​របៀបដែល​យើង​​ត្រៀម​មនុស្ស​សម្រាប់​បរិយាកាស​ពិភព​លោក​​ផងដែរ​។ តម្រូវ​ការ​​ការ​ងារ​ដោយ​សារ​អាសា៊នគឺ​ធំណាស់​​”៕ សុខុម

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស