លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍កាលពីម្សិលមិញថា ចាប់ពីខែក្រោយទៅ ក្រសួងអប់រំ និងក្រសួងការងារនឹងផ្ដល់ការប្រឹក្សាការងារដល់សិស្សនិស្សិតក្នុងខេត្តស្វាយរៀង ជាជំហានដំបូងក្នុងកិច្ចប្រឹងប្រែងដើម្បីផ្ដល់ឱកាសការងារស្មើភាពនៅក្នុងប្រទេស ជាមួយនឹងជំនាញរបស់យុវជនខ្មែរដែលត្រូវចូលប្រឡូកក្នុងកម្លាំងការងារ។
រដ្ឋមន្ត្រីរូបនេះបានលើកឡើងអំពីយុវជនដែលគ្រប់អាយុចូលធ្វើការនៅក្នុងប្រទេសថា “ការគ្មានការងារធ្វើតិចជាង៥ភាគរយ គឺទាបមែនទែន។ ប៉ុន្តែបញ្ហាមិនស្ថិតត្រង់ភាពគ្មានការងារធ្វើទេ បញ្ហានៅត្រង់ប្រាក់ខែទាបដែលផ្ដល់ឲ្យកម្មករនិយោជិតដែលមិនសូវមានជំនាញ”។
លោកបានពន្យល់ថា ដោយសេដ្ឋកិច្ចចម្រុះជាងមុន តម្រូវការកម្មករក្នុងឧស្សាហកម្មអេឡិចត្រូនិក ផលិតកម្ម កសិឧស្សាហកម្ម និងភ័ស្តុភារ បានកើនឡើង។ លោកថ្លែងថា រដ្ឋាភិបាលនឹងព្យាយាមបង្ហាញសិស្សនិស្សិតថា ការងារប្រើកម្លាំងគឺមិនមែនសុទ្ធតែមានន័យថា ជាអាជីពដែលទទួលបានប្រាក់ចំណូលទាបឡើយ។
លោកបានបន្តថា “ពេលខ្លះមនុស្សគិតថា ការងារ [បច្ចេកទេស] ជាការងារអន់ នោះជាមូលហេតុដែលយើងគួរតែធ្វើឲ្យការបណ្ដុះបណ្ដាលវិជ្ជាជីវៈកាន់តែមានភាពទាក់ទាញ”។
លោកបានបញ្ជាក់ថា លោក និងលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារត្រូវបានចាត់តាំងជាប្រធានក្រុមការងារមួយដែលចាប់ពីខែក្រោយទៅត្រូវអនុវត្តកិច្ចការដំបូងរបស់ខ្លួននោះគឺកម្មវិធីផ្ដល់ប្រឹក្សាការងារនៅសាកលវិទ្យាល័យស្វាយរៀង ដែលបើកទូលាយស្វាគមន៍សិស្សអនុវិទ្យាល័យ និងសិស្សវិទ្យាល័យ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងចង់ផ្ដល់ប្រឹក្សាដល់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីឲ្យពួកគេអាចទៅចូលរួមកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ដែលក្រសួងការងារមានរួចជាស្រេច។ ក្រសួងទាំងពីរនឹងសហការគ្នាដើម្បីបង្កើត “គោលការណ៍ណែនាំវិជ្ជាជីវៈ” សម្រាប់គ្រូបង្រៀនជួយសិស្សឲ្យទទួលបានជំនាញដែលគេកំពុងត្រូវការនាពេលបច្ចុប្បន្ន។
សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងទាំងពីរកាលពីសប្ដាហ៍មុនបានលើកឡើងថា ក្រុមការងារនេះក៏ទទួលបន្ទុកកាត់បន្ថយអត្រាសិស្សឈប់រៀនត្រឹមអនុវិទ្យាល័យផងដែរ ដែលបានកើនឡើងដល់១៩ភាគរយកាលពីឆ្នាំមុន តាមរយៈការបង្កើនលទ្ធភាពទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក សានតូស ខាទី (Santosh Khati) អ្នកឯកទេសខាងអប់រំមកពីអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលផ្ដល់ដោយក្រសួងទាំងពីរ ចាំបាច់ត្រូវតែមានភាពទាក់ទាញ និងទទួលបានច្រើនជាងមុន ជាផ្នែកមួយនៃកំណែទម្រង់ដើម្បីអភិវឌ្ឍកម្លាំងការងារក្នុងប្រទេស។
លោកបានមានប្រសាសន៍អំពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈថា “[វា] គ្មានឋានៈខ្ពស់ទេ ហើយវាមិនមែនមានតែនៅកម្ពុជាឡើយ វាជាបញ្ហាទូទៅដែលកើតមាននៅគ្រប់ទីកន្លែង។ គេមិនចាត់ទុកវាសំខាន់ដូចការអប់រំក្នុងប្រព័ន្ធដូចជាសាកលវិទ្យាល័យនោះទេ”។
លោកស្រី សានដ្រា ដាមីកូ (Sandra D’Amico) នាយកគ្រប់គ្រងផ្នែកធនធានមនុស្សនៅក្រុមហ៊ុន HR Inc បានលើកឡើងថា តម្រូវការកម្មករជំនាញកំពុងកើនឡើងនៅក្នុងវិស័យសំណង់ ទេសចរណ៍ សេវាកម្ម និងកាត់ដេរសម្លៀកបំពាក់ ដោយលោកស្រីបញ្ជាក់ថា និន្នាការនេះនឹងពន្លឿនកិច្ចប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែល្អប្រសើរឡើង។
លោកស្រីបានបន្តថា “ខ្ញុំគិតថា យើងចាំបាច់ត្រូវតែកែសម្រួលប្រព័ន្ធអប់រំមិនមែនយោងទៅតាមតែតម្រូវការរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវសម្លឹងមើលរបៀបដែលយើងត្រៀមមនុស្សសម្រាប់បរិយាកាសពិភពលោកផងដែរ។ តម្រូវការការងារដោយសារអាសា៊នគឺធំណាស់”៕ សុខុម