34 C
Phnom Penh

នគរបាល​ឃាត់​រថយន្ត​ក្រុង​មកពី​វៀត​ណាម​ដោយ​សង្ស័យ​ដឹក​ទំនិញ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា នគរបាល​ខេត្ត​ស្វាយ​រៀង​ កាលពី​ថ្ងៃ​អាទិត្យ​ បាន​ឃាត់រថយន្ត​ក្រុង​​បីគ្រឿង​ដែល​បើក​បរ​មក​កាន់​រាជធានី​ភ្នំពេញ​ពី​ប្រទេស​វៀត​ណាម​ ដោយ​សង្ស័យ​ថា ដឹក​ស្បែក​ជើង និង​សម្លៀក​បំពាក់​​ខុស​ច្បាប់​ចូលប្រទេស​កម្ពុជា។

លោក អឹុង សំអុល ប្រធាន​ការិយាល័យបទ​ល្មើស​សេដ្ឋកិច្ច​​នៃកង​កម្លាំង​នគរបាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​​បាន​ឃាត់​រថយន្ត​​ទាំង​នេះ​នៅម៉ោង​ប្រហែល​៩យប់ក្នុង​ក្រុង​ស្វាយ​រៀង​ ប៉ុន្មាន​គីឡូម៉ែត្រ​ឆ្លងកាត់​​ព្រំដែន បន្ទាប់ពី​​មានការ​សង្ស័យ​អំពី​ទំនិញទាំង​នោះ តែ​លោក​បាន​បដិសេធ​​មិន​ពន្យល់​ថា តើ​លោក​បានទទួលព័ត៌មាននេះ​​ពីនរណា ឬ​តាម​​ប្រភព​អ្វី​នោះ​ឡើយ​។

លោក សំអុល បានមាន​ប្រសាសន៍​កាលពី​ព្រឹក​ម្សិលមិញ​ថា “​មូលហេតុ​ដែល​យើង​ឃាត់​​រថយន្ត​ទាំង​នេះ​ ពីព្រោះ​យើង​សង្ស័យ​​ថា រថយន្ត​ទាំងនេះដឹក​ទំនិញ​ខុសច្បាប់”។

លោក​បានមាន​ប្រសាសន៍ថា “​នៅពេល​យើង​ឃាត់​​ពួកគេ​ យើង​បាន​សួរ​រក​បង្កាន់ដៃបង់​​ពន្ធ [ដែល​ចេញ​នៅ​ច្រក​ព្រំដែន] ប៉ុន្តែពួកគេ​​មិន​មាន​ឡើយ”។

លោក​បានបន្ថែមថា រថយន្ត​ពីរគ្រឿង​​ជារបស់​ក្រុមហ៊ុន ភួង​ ហេង និង​រថយន្ត​ទី​៣ ជា​របស់ក្រុមហ៊ុន​ដឹក​ជញ្ជូន ឈ្មោះ Truong Trinh។

បើ​ទោះ​ជា​មាន​ការសង្ស័យ​ថា រថយន្ត​ទាំងនេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បីដ​ឹក​ទំនិញ​រវាង​វៀត​ណាម និង​កម្ពុជា​រាល់​ថ្ងៃ​ក៏ដោយ ក៏​របាយការណ៍​ពី​ការចាប់​​ដូច​កាលពី​ថ្ងៃអាទិត្យ​នោះ​គឺ កម្រ​ណាស់។

លោក សំអុល បានមាន​ប្រសាសន៍​ថា រថយន្ត​ទាំង​នេះ​ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​គយ​ខេត្ត​ ទីដែល​រថយន្តទាំងនេះ​ត្រូវ​បាន​ពិនិត្យ​ដោយ​​មន្ត្រីគយ និង​លោក កៀង សុន្ទរោ ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត​ស្វាយ​រៀង។

លោក​បានមាន​ប្រសាសន៍ថា អ្នកបើក​បរ​បីនាក់​​ត្រូវ​បាន​សាកសួរ​​នៅ​ការិយាល័យ​គយ​កាល​ពី​ម្សិលមិញ។

លោក​បានមាន​ប្រសាសន៍ថា “​យើង​មិន​ដឹង​ថា ទំនិញ​ទាំងនេះ​ជា​អ្វីឡើយ ពីព្រោះ​​យើង​មិន​ទាន់​​បាន​​បើក​មើលនៅឡើយ​ទេ ប៉ុន្តែ​អ្នកបើក​បរ​បាននិយាយ​ថា ទំនិញ​ទាំងនោះ​ជា​សម្លៀក​បំពាក់​ និង​ស្បែក​ជើង។ ប្រសិន​បើ​យើង​រក​ឃើញ​ថា រថយន្ត​ទាំងនេះ​ពិត​ជា​ដឹក​ទំនិញ​ខុស​ច្បាប់​មែន​នោះ ក្រុមហ៊ុនរថយន្ត​ក្រុង​​ទាំងនេះ​នឹង​ត្រូវ​ផាក​ពិន័យ”។

នៅពេល​ត្រូវ​បាន​ទាក់ទង​កាលពី​ល្ងាច​ម្សិលមិញ លោក សុន្ទរោ បានមាន​ប្រសាសន៍ថា ការ​ធ្វើអធិការ​កិច្ច​កំពុង​តែបន្ត។ លោក​បានមាន​ប្រសាសន៍ថា “យើង​កំពុង​ពិនិត្យ​ទំនិញ​នោះ។ ខ្ញុំមិនដឹង​ថា តើ​វា​ជា​ទំនិញ​ខុសច្បាប់​ ឬ​ស្របច្បាប់ឡើយ​។ មានតែ​មន្ត្រី​គយ​ប៉ុណ្ណោះ​ទើប​ដឹង​”។

លោក ខៀវ សារឿន អនុប្រធាន​ការិយាល័យ​គយ​ខេត្ត​​បានបដិសេធមិន​ធ្វើ​អត្ថា​ធិប្បាយទេ។

ឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​បទល្មើស​សេដ្ឋកិច្ច​​ក្រសួង​មហា​ផ្ទៃ​​បានមាន​ប្រសាសន៍ថា លោក​មិន​ដឹង​ថា រថយន្ត​ក្រុង​ទាំង​បីគ្រឿង​នេះ​ត្រូវ​បាន​ចាប់ដូចម្តេចនោះឡើយ​។

ប៉ុន្តែ​ ឧត្តម​សេនីយ៍ត្រី ឡុង​ ស្រេង​ បានមាន​ប្រសាសន៍ថា លោក​សង្ស័យ​ថា នគរបាល​មូល​ដ្ឋាន​​បាន​ប្រុង​ជើងការ​ប​ន្ទាប់ពី​មានគ្រោះ​ថ្នាក់​ចរាចរណ៍មួយ​ក្នុង​ខេត្តនេះ​​​​កាលពី​ខែមុន​ពាក់ព័ន្ធ​រថយន្ត​ក្រុង​ និង​រថយន្ត​តួរីស​​ដែលដឹក​កម្មករ​រោងចក្រ​កាត់ដេរ​​ដែលបាន​ធ្វើ​ឲ្យ​មនុស្ស​១៨នាក់ស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​រាយការណ៍ថា រថយន្ត​ក្រុង​នោះ​​ដឹក​ទំនិញ​ខុស​ច្បាប់​នៅពេល​បង្កគ្រោះថ្នាក់ចរាចរណ៍នោះ។

បុគ្គលិក​ម្នាក់​ដែលបាន​លើក​ទូរស័ព្ទ​​ក្រុមហ៊ុន ភួង ហេង ក្នុង​រាជ​ធានី​ភ្នំពេញ​​បាន​បដិសេធ​មិនប្រាប់ពី​តួនាទី​របស់ខ្លួន​ទេ ហើយ​បាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​អំពី​ករណី​នេះឡើយ​។

លោក​បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​ជា​របស់​បុរស​ម្នាក់​ឈ្មោះ ភួង ហេង ប៉ុន្តែ​បាន​បដិសេធមិន​ផ្តល់​ព័ត៌មាន​សម្រាប់​ទាក់ទង​ឡើយ។

តំណាង​ក្រុមហ៊ុន​ Truong Trinh មិនអាច​ទាក់ទង​បានទេ៕សារុន​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស