ក្រោយអំពាវនាវឲ្យយុវជនទូទាំងប្រទេសស្វែងយល់ឲ្យបានច្បាស់អំពី “គោលនយោបាយឈ្នះឈ្នះ” របស់លោកដែលលោកតែងតែកោតសរសើរចំពោះការបញ្ចប់សង្គ្រាមស៊ីវិល និងការធ្វើសមាហរណកម្មខ្មែរក្រហមដោយសន្តិវិធីនោះ កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើបាឋកថារយៈពេល១ម៉ោងស្ដីពីប្រធានបទនេះទៅកាន់និស្សិតសាកលវិទ្យាល័យប្រមាណ១០០នាក់។
បាឋកថាស្ដីពីគោលនយោបាយរបស់លោក ហ៊ុន សែន ដែលអះអាងថា ដោះស្រាយបញ្ហាតាមរយៈការអធ្យាស្រ័យដល់អតីតសត្រូវរបស់ខ្លួននោះ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យន័រតុន ក្នុងរាជធានីភ្នំពេញ ដោយបិទទ្វារមិនឲ្យប្រព័ន្ធផ្សព្វផ្សាយចូលឡើយ។
និស្សិតដែលចូលរួមស្ដាប់បាឋកថានេះនិយាយថា អង្គរក្សរបស់លោក ហ៊ុន សែន បានប្រាប់ពួកគេមិនឲ្យថតសំឡេងនៃសុន្ទរកថានេះទេ ហើយក្រោយមកលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនសង្ខេបសាររបស់លោកនាយករដ្ឋមន្ត្រីឡើយ។
ដោយលើកឡើងថាមិនអាចពន្យល់ត្រួសៗអំពីអត្ថប្រយោជន៍នៃគោលនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន បាន លោក ឈឹម ផលវរុណ មានប្រសាសន៍បន្តថា “ស្រាវជ្រាវដោយខ្លួនឯងទៅ។ ២នាទី ខ្ញុំមិនអាចធ្វើបានទេ។ អស់លោកហាក់ដូចមិនមែនជាអ្នកកាសែតអាជីពទេ។ អស់លោកជាអ្នកកាសែត អស់លោកត្រូវសួរសំណួរ មិនមែនសុំឲ្យរៀបរាប់នោះទេ”។
និស្សិតដែលនៅខាងក្រៅសាលបាឋកថាកាលពីព្រឹកម្សិលមិញ បានបញ្ចេញទស្សនខុសៗគ្នាជុំវិញសុន្ទរកថារបស់លោក ហ៊ុន សែន ប៉ុន្តែភាគច្រើននិយាយថា ពួកគេគាំទ្រគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី។
ថាត ក្ដុំពី ជានិស្សិតឆ្នាំទី៣ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យនេះបាននិយាយថា “សម្រាប់ខ្ញុំវាជារឿងល្អ។ កាលពីមុនមានសង្គ្រាម ប៉ុន្តែពេលនេះគ្មានសង្គ្រាមទេ ហើយខ្ញុំគិតថា គាត់គិតគូរប្រទេសជារឿងសំខាន់”។
ស៊ុន ស៊ា និស្សិតឆ្នាំទី១ផ្នែកអេឡិចត្រូនិកនិយាយថា រូបគេមិនចាំទាំងអស់នូវអ្វីដែលលោក ហ៊ុន សែន បានលើកឡើង។ យុវជនរូបនេះនិយាយទៀតថា “គាត់បានលើកឡើង១០ចំណុចអំពីគោលនយោបាយឈ្នះឈ្នះ ប៉ុន្តែខ្ញុំស្ដាប់មិនអស់ទេព្រោះវាច្រើនពេក។ បាឋកថានេះធ្វើឡើងដើម្បីឲ្យយើងយល់អំពីការសង្គ្រោះប្រទេសពីខ្មែរក្រហម”។
លោក សុខ ឦសាន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយរបស់លោក ហ៊ុន សែន បានចាក់ឫសអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល និងកិច្ចប្រឹងប្រែងដែលទទួលបានជោគជ័យអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងការបញ្ចុះបញ្ចូលខ្មែរក្រហមឲ្យធ្វើសមាហរណកម្មចូលក្នុងរដ្ឋាភិបាលក្រុងភ្នំពេញ។
លោកបានលើកឡើងថា ចាប់តាំងពីពេលនោះមកទស្សនៈសំខាន់នៃការបង្ហាញអធ្យាស្រ័យចំពោះសត្រូវនយោបាយរបស់ខ្លួន បានបង្ហាញពីប្រយោជន៍របស់វានៅក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀត ដែលក្នុងពេលថ្មីៗនេះត្រូវបានបង្ហាញតាមរយៈ “វប្បធម៌សន្ទនា”ថ្មីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង។
លោកបានមានប្រសាសន៍បន្តថា “ទស្សនៈរបស់គណបក្សប្រជាជនគឺដើម្បីកសាងធនធានមនុស្សជំនាន់ក្រោយឲ្យបន្តដឹកនាំប្រទេស ដូច្នេះយើងចាំបាច់ត្រូវបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយឲ្យយល់ដឹងអំពីគោលនយោបាយឈ្នះឈ្នះដែលបង្កើតឡើងដោយគណបក្សប្រជាជន។ គ្មានអ្វីប្រសើរជាងឈ្នះទាំងអស់គ្នាទេ”៕ សុខុម