27.5 C
Phnom Penh

សាក្សី​រៀបរាប់​អំពី​ការ​ប៉ុនប៉ង​មិន​បាន​សម្រេច​ក្នុង​ការ​ផ្តួល​រំលំ​របប ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ច័ន្ទ សាលា​ក្តី​ខ្មែរ​ក្រហម​បាន​ស្តាប់​ការ​រៀបរាប់​ពី​សាក្សី​ម្នាក់ ដែល​បាន​ពន្យល់​អំពី​ការ​ដែល​មេ​បញ្ជាការ​កងពល​ចំនួន​ពីរ​នាក់​ត្រូវ​គេ​ធ្វើ​វិសុទ្ធិ​កម្ម ព្រោះតែ​ការ​ស្តុក​អាវុធ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ត្រៀម​ផែនការ​ផ្តួល​រំលំ​ថ្នាក់​ដឹកនាំ​របប​នេះ។

លោក កែវ លឿ ដែល​ជា​ប្រធាន​អង្គភាព​ជន​ពិការ ក៤ មុន​ពេល​ត្រូវ​ផ្ទេរ​ទៅ​វាល​យន្តហោះ​ខេត្ត​កំពង់​ឆ្នាំង​ក្នុង​ឆ្នាំ​១៩៧៨ បាន​និយាយ​អំពី​ការ​ចូល​រួម​ប្រជុំ​មួយ​នៅ​ជិត​វត្ត​ភ្នំ​នៅ​ដើម​ឆ្នាំ​១៩៧៧ ដែល​ក្នុង​ពេល​នោះ តា អូន ជា​មេ​បញ្ជាការ​កងពល​៣១០​របស់​កងទ័ព​បដិវត្តន៍​កម្ពុជា បាន​អំពាវនាវ​ឲ្យ​មាន​រដ្ឋប្រហារ​មួយ​ដើម្បី​ផ្តួល​រំលំ​របប ប៉ុល ពត ដោយសារ​ស្ថានភាព​រស់​នៅ​ក្រីក្រ​របស់​ទាហាន។

លោក លឿ បាន​និយាយ​ថា “ខ្ញុំ​បាន​ដឹង​ថា កងពល​៣១០ ដែល​មាន អូន និង កឹម [ជា] មេ​បញ្ជាការ ជិត​នឹង​ផ្តួល​រំលំ​កម្លាំង​ខ្មែរ​ក្រហម​ទៅ​ហើយ”។

លោក​បាន​និយាយ​ថា “គាត់ [តា អូន] …​បាន​បញ្ជាក់​ហេតុការណ៍​ថា ទាហាន​គួរ​ទទួល​បាន​ប្រាក់​ខែ និង​គួរ​រស់​នៅ​បាន​ស្រួល ហើយ​ថា​យើង​គួរ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​ឪពុក​ម្តាយ​របស់​យើង”។

លោក លឿ បាន​និយាយ​ថា លោក​មិន​បាន​ដឹង ថា​តើ​គេ​កំណត់​ពេល​វេលា​ធ្វើ​រដ្ឋប្រហារ​ហើយ​ឬ​យ៉ាងណា​ទេ ប៉ុន្តែ​ថា ពីរ​ថ្ងៃ​ក្រោយ​មក ថ្នាក់​លើ​របប​នេះ​បាន​ដឹង​គម្រោង​នេះ និង​បាន​ចាប់​ខ្លួន​មេបញ្ជាការ​ទាំង​ពីរ​នាក់។

លោក​បាន​បន្ត​ទៀត​ថា មិន​យូរ​ប៉ុន្មាន​ក្រោយពី​ការ​ចាប់​ខ្លួន​នោះ គេ​បាន​ហៅ​លោក​មក​ប្រជុំ ដែល​នៅ​ទី​នោះ​ខ្សែ​អាត់​សំឡេង​នៃ​ការ​សារភាព​របស់ តា អូន ពី​ពន្ធនាគារ​ទួល​ស្លែង​ក្នុង​ក្រុង​ភ្នំពេញ ជា​កន្លែង​ដែល​មាន​មនុស្ស​ជាង១២.០០០​នាក់​ត្រូវ​បាន​គេ​សម្លាប់​ចោល​នោះ ត្រូវ​គេ​ចាក់​ផ្សាយ​តាម​មេក្រូ។

លោក​បាន​និយាយ​ថា “នៅ​ពេល អូន និង កឹម ត្រូវ​បាន​ចាប់​ខ្លួន​ពី​កងពល ពួកគេ​បាន​ហៅ​ទាហាន​និង​ទាហាន​ពិការ​ដូចជា​ខ្ញុំ​ទៅ​រៀន​សូត្រ ដែល​នៅ​ទី​នោះ​គេ​បាន​ចាក់​ខ្សែ​អាត់​ឲ្យ​ស្តាប់…។ អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ខ្សែ​អាត់​នោះ គឺ​គាត់​ខ្លួន​ឯង[តា អូន] បាន​សារភាព​ថា គាត់​ជា​ជន​ក្បត់”។

លោក លឿ បាន​និយាយ​ថា ដោយសារ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​នោះ រូប​គាត់​និង​សមាជិក​ផ្សេង​ទៀត​ក្នុង​អង្គភាព ក៤ រួម​ជាមួយ​នឹង​ទាហាន​កងពល​៣១០​ផង បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ “លត់​ដំ” ក្នុង​ឆ្នាំ​១៩៧៧ មុន​ពេល​ត្រូវ​ចាត់​តាំង​ឲ្យ​ទៅ​ការដ្ឋាន​វាល​យន្តហោះ​កំពង់​ឆ្នាំង។

អតីត​ប្រធាន​អង្គភាព ដែល​បាន​ប្រាប់​សាលាក្តី​ថា គាត់​បាន​ចូល​រួម​បដិវត្ត ក្រោយពី​ឮ​ការ​អំពាវនាវ​របស់​ស្តេច នរោត្តម សីហនុ ឲ្យ​ងើប​បះបោរ​ប្រឆាំង​រដ្ឋប្រហារ​របស់ លន់ នល់ ក្នុង​ឆ្នាំ​១៩៧០ បាន​រៀបរាប់​ថា​បាន​ឃើញ​មនុស្ស​ម្នាក់​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​នៅ​ជិត​មន្ទីរ​ពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ នៅ​ពេល​គេ​យក​ធ្វើ​ជា​ការិយាល័យ​កងពល ក្រោយពី​ក្រុង​ភ្នំពេញ​បាន​ដួល​រលំ​ភ្លាម។

លោក​បាន​និយាយ​ថា “ខ្ញុំ​បាន​ឃើញ​មនុស្ស​ត្រូវ​គេ​ចង​និង​ព្យួរ​ក​នៅ​នឹង​មែក​ឈើ​…។ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​៣០​ករណី​នៃ​មនុស្ស​ត្រូវ​គេ​ធ្វើ​ទារុណកម្ម។ អ្វី​ដែល​ខ្ញុំ​បាន​ឮ ពួកគេ​បាន​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ខ្សែ​បណ្តាញ​ខ្មាំង”។

លោក វិកទ័រ កូប៉េ (Victor Koppe) មេធាវី​ការពារ​លោក នួន ជា ដែល​រួម​ជាមួយ​លោក ខៀវ សំផន កំពុង​ត្រូវ​តុលាការ​ជំនុំ​ជម្រះ​ក្តី​ពី​បទ​ឧក្រិដ្ឋកម្ម ក្នុង​នោះ​មាន​ទាំង​បទ​ចោទ​ប្រល័យ​ពូជសាសន៍​ក្នុង​ដំណាក់​កាល​ទី​២​នៃ​សំណុំ​រឿង​០០២ បាន​សួរ​សាក្សី​យ៉ាង​យូរ​អំពី​តួនាទី​របស់​គាត់​ក្នុង​ជួរ​ខ្មែរ​ក្រហម ដោយ​សន្និដ្ឋាន​ថា គាត់​ជា​កម្មាភិបាល​ស្មោះ​ស្ម័គ្រ​ម្នាក់។

លោក កូប៉េ បាន​សួរ​ថា “អ្នក​ជា​កម្មាភិបាល​ស្មោះ​ត្រង់​នឹង​បដិវត្តន៍​ពី​ឆ្នាំ​១៩៧០​រហូត​មក​ដល់​ឆ្នាំ​១៩៧៩ អ្នក​មិន​ដែល​ដូរ​ចិត្ត តើ​ត្រូវ​ទេ”? សាក្សី​បាន​បដិសេធ​ការ​ចោទ​សួរ​នេះ ដោយ​លោក​និយាយ​ជាថ្មី​ថា នៅ​ឆ្នាំ​១៩៧៧ លោក​បាន “ដូរ​ចិត្ត” បើ​ទោះបី​ជា​នៅ​មាន​ឋានៈ​ជា​ទាហាន​ក៏ដោយ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស