33 C
Phnom Penh

គណបក្ស​សង្គ្រោះជាតិ​គ្រោង​កោះ​ហៅ​លោក ហ៊ុន សែន ទៅសាកសួរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​បាន​ជួយ​ដឹកនាំ​យុទ្ធនាការ​របស់​គណ​បក្ស​​ប្រឆាំង​​ក្នុង​ពេល​ថ្មីៗ​នេះ ដើម្បី​លាត​ត្រដាង​​​ការ​លុក​លុយ​​របស់​វៀតណាម​ចូល​ក្នុង​ទឹក​ដី​​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​​ថា លោក​គ្រោង​កោះ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចូល​សភា​ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​​​ នៅ​​ពេល​​សភា​បើក​សម័យ​ប្រជុំ​​នៅ​ខែ​ក្រោយ​។

ក្នុង​រយៈ​ពេល​១ខែ​មក​នេះ លោក អ៊ុំ សំអាន រួម​ជាមួយ​​លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​ការ​​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នានា​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​កើត​របស់​កម្ពុជា​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគិរី និង​ខេត្ត​ស្វាយរៀង ​ដែល​នៅ​ទីនោះ​​អ្នកភូមិ​និយាយ​ថា​ ទាហាន​និង​ជន​ស៊ីវិល​វៀតណាម​បាន​ទន្ទ្រាន​ចូល​​ទឹកដី​របស់​ពួកគាត់។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​មើល​​ព្រំដែន​​ទាំង​នេះ គឺ​ជា​ផ្នែក​នៃ​កិច្ច​​ប្រឹង​ប្រែង​មួយ​ដើម្បី​​ឲ្យ​រដ្ឋាភិបាល​​ពិនិត្យ​សើរើ​​ឡើង​វិញ​នូវ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​ដ៏​ចម្រូងចម្រាស​​ជាមួយ​វៀតណាម​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​ជំរុញ​ឲ្យ​​បញ្ចេញ​ផែន​ទី​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​អនុម័ត​សន្ធិសញ្ញា​នោះ។

ក្រោយ​រដ្ឋាភិបាល​បដិសេធ​មិន​បញ្ចេញ​ផែនទី​​ទាំង​នោះ លោក អ៊ុំ សំអាន បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​​ជាតិ​គ្មាន​ជម្រើស​ឡើយ​ក្រៅ​តែ​ពី​​កោះ​ហៅ​លោក ហ៊ុន សែន រួម​ជាមួយលោក ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ឲ្យ​មក​បង្ហាញ​វត្តមាន​នៅ​ចំពោះ​មុខ​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​។

លោក អ៊ុំ សំអាន ដែល​បាន​ដឹកនាំ​ក្រុម​​និស្សិត​​តវ៉ា​​ប្រឆាំង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម​​​កាលពី​ឆ្នាំ​២០០៥ បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​​ប្រគល់​ផែន​ទី​ឲ្យ​យើង ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ​នឹង​យើង​ម្ដង​ហើយ​ម្ដង​ទៀត​ ហើយ​គ្មាន​ចម្លើយ​ច្បាស់​លាស​់​ទេ​ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​ដែល​យើង​មិន​អាច​​ទទួល​យក​បាន​ឡើយ។ មូលហេតុ​ដែល​យើង​គ្រោង​កោះ​ហៅ​ពួកគាត់ គឺ​ដោយ​សារ​តែ​ ទី១​ ពួកគាត់​បដិសេធ​មិន​ប្រគល់​ផែន​ទី​ទាំងនោះ​ឲ្យ​យើង​ និង​ទី២​ ដោយ​សារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​ចម្លើយ​កាលពី​ម្សិលមិញ ដែល​មិន​បាន​ដោះ​ស្រាយ​ក្ដី​បារម្ភ​របស់​ខ្ញុំ​”។

លោក​បាន​បន្ត​ថា លោក​នឹង​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​​​រដ្ឋាភិបាល​លាត​ត្រដាង​ឈ្មោះ​ភូមិ​ចំនួន​ពីរ​ ដែល​ត្រូវ​បាន​​ដោះ​ដូរ​​ឲ្យ​ទៅ​​វៀតណាម ជា​ថ្នូរ​នឹង​ការ​ឲ្យ​កម្ពុជា​រក្សា​ទុក​ភូមិ​​របស់​​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា នៅ​ក្នុង​ខេត្ត​កំពង់ចាម​។

លោក​បាន​លើក​ឡើង​ទៀត​ថា “​​[លោក ហ៊ុន សែន​] មិន​បាន​ប្រាប់​ខ្ញុំ​ពី​ឈ្មោះភូមិ និង​ទីតាំង​​របស់​វា​ទេ​ ហើយ​គ្រាន់​តែ​​លើក​ឡើង​ថា ​លោក​បាន​​ពន្យល់​បក​ស្រាយ​​​អំពី​វា​នៅ​ក្នុង​រដ្ឋសភា​រួច​ហើយ​កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​នៅ​ពេល​នោះ​គាត់​មិន​បាន​បញ្ចេញ​ឈ្មោះ​ភូមិ​ដែល​​ត្រូវបាន​ដោះ​ដូរ​ទាំង​នោះ​ទេ​”។

លោក​បាន​មាន​ប្រសាសន៍​ថា បើ​យោង​តាម​​ច្បាប់​ចម្លង​នៃ​ផែន​ទី​ឆ្នាំ​១៩៥២​​របស់​លោក​ដែល​​រដ្ឋាភិបាល​និយាយ​ថា ខ្លួន​បាន​ប្រើ​ប្រាស់​ធ្វើ​ជាមូលដ្ឋាន​​សម្រាប់​ការ​ដោះ​ដូរ​ដី​ និង​ការ​កំណត់​ព្រំដែន​ជាមួយ​វៀតណាម​នោះ គឺ​វា​មិន​អាច​ទៅ​រួច​ទេ​​ដែល​ថា​ភូមិ​របស់​លោក ហេង សំរិន ស្ថិត​នៅ​ក្នុង​ទឹក​ដី​វៀតណាម​ ហើយ​​ត្រូវ​ការ​ការ​ដោះដូរ​បែប​នេះ​នោះ។

កាលពី​ម្សិលមិញ លោក វ៉ា គឹមហុង បាន​បដិសេធ​​មិន​​​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​បញ្ហា​ព្រំដែន​ ប៉ុន្តែ​បាន​បង្ហាញ​ថា លោក​​នឹង​គោរព​តាម​​ការ​កោះ​ហៅ​ឲ្យ​ចូល​រដ្ឋសភា​។ លោក​​បាន​មាន​ប្រសាសន៍​ថា “​ពេល​នេះ​ខ្ញុំ​ជាប់​រវល់​ប្រជុំ ប៉ុន្តែ​ខ្ញុំ​នឹង​រង់ចាំ​មើល​លិខិត​កោះ​ហៅ​របស់​ពួកគាត់”។

លោក សុខ ឦសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​​ឆ្លើយ​ស្រដៀង​គ្នា​​​ពាក់​ព័ន្ធ​នឹង​លទ្ធភាព​​​​ដែល​លោក ហ៊ុន សែន និង​លោក ហោ ណាំហុង ដែល​សុទ្ធតែ​​​ជា​សមាជិក​សភា​​អាច​នឹង​ចូល​សភា​ដើម្បី​ឆ្លើយ​សំណួរ​ជុំវិញ​បញ្ហា​ព្រំដែន។

លោក​បាន​មាន​ប្រសាសន៍​ថា “​វា​មិន​អី​ទេ ​បើ​ពួក​គាត់​ធ្វើ​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា និង​រដ្ឋធម្មនុញ្ញ។ ​បើ​ពួកគាត់​មិន​អនុវត្ត​តាម​ច្បាប់​ វា​​នឹង​មិន​អាច​ទៅ​រួច​ឡើយ”។

ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក សុខ ឦសាន ក៏​​សុំ​ឲ្យ​លោក អ៊ុំ សំអាន និង​លោក ម៉ៅ មុនីវណ្ណ ​ផ្ដល់​ផែនទី​​​​របស់​ពួកគាត់​​ឲ្យ​រដ្ឋាភិបាល​មើល​ជាមុន​សិន​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​រដ្ឋាភិបាល​​ធ្វើ​ការ​ងារ​ [ព្រំដែន​] បាន​ត្រឹម​ត្រូវ​ហើយ។ ហើយ​សម្រាប់​បញ្ហា​ដែល​ពួកគាត់​ចោទ​ប្រកាន់​រដ្ឋាភិបាល​​ថា ប្រើ​ប្រាស់​ផែន​ទី​ក្លាយ​ក្លាយ​ឬ​មិន​ត្រឹម​ត្រូវ​នោះ យើង​ចង់​​ឲ្យ​ពួកគាត់បង្ហាញ​យើង​នូវ​ផែនទីពិត​ប្រាកដ​ ដើម្បី​ឲ្យ​យើង​ពិនិត្យ​ផ្ទៀង​ផ្ទាត់”។

នៅ​​ក្នុង​លិខិត​របស់​លោក ហ៊ុន សែន ផ្ញើ​​ជូន​ទៅ​លោក អុ៊ំ សំអាន កាលពី​ថ្ងៃ​សុក្រ​ លោក ហ៊ុន សែន បាន​បដិសេធ​ថា រដ្ឋាភិបាល​​មិន​ដែល​ដោះ​ដូរ​ដី​​ដែល​ប្រជាពលរដ្ឋ​​កម្ពុជា​កំពុង​រស់​នៅ​ឲ្យ​ទៅវៀតណាម​នោះ​ទេ។ លោក​នាយករដ្ឋមន្ត្រី​បាន​សរសេរ​ថា “​រដ្ឋាភិបាល​គ្មាន​គោល​ការណ៍​យក​ភូមិ ដី​ស្រែចម្ការ​ និង​ភូមិ​ឋាន​ដែល​កាន់​កាប់​ និង​បង្កបង្កើន​ផលដោយ​​ប្រជាពលរដ្ឋ​កម្ពុជា​ ឲ្យ​ទៅ​វៀតណា​ម​ឡើយ​”៕ សុខុម​​​​​​​​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស