28 C
Phnom Penh

នគរបាល​រក​ឃើញ​ទំនិញ​ខុសច្បាប់​​១៤តោន​​ក្នុង​រថយន្ត​ក្រុង​មកពី​វៀត​ណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ការ​ឆែក​ឆេរ​របស់​នគរ​បាល​​ទៅ​លើ​រថយន្ត​ក្រុង​​បី​គ្រឿង​ដែល​ដឹក​ទំនិញ​ខុស​ច្បាប់​ពីទីក្រុង​ហូជីមិញ​មក​កាន់​រាជធានី​ភ្នំពេញ ​បាន​រក​ឃើញ​ក្រណាត់​ សាំង​ក្រអូប និង​សម្ភារ​មួយ​ចំនួន​ទៀតទម្ងន់​ជាង​១៤​តោន​។

រថយន្ត​ក្រុង​ទាំង​បី​គ្រឿង​នេះ​ គឺ​ពីរ​គ្រឿង​ជា​របស់​ក្រុម​ហ៊ុន Phuong Heng និង​មួយ​គ្រឿង​ទៀត​ជា​របស់​ក្រុម​ហ៊ុន​ដឹកជញ្ជូន Phuong Trinh ​ត្រូវ​បាន​ឃាត់​ក្នុង​ខេត្ត​ស្វាយ​រៀង​កាលពី​ថ្ងៃ​អាទិត្យ ដោយ​សង្ស័យ​ដឹក​ទំនិញ​ខុស​ច្បាប់​ឆ្លង​ព្រំដែន​ដោយ​​មិន​បង់​ពន្ធ​។

លោក អ៊ុង សំអុល នាយ​នគរ​បាល​ទទួលប​ន្ទុក​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​មាន​ប្រសា​សន៍​ថា “​យើង​បាន​រក​ឃើញ​ថា ទំនិញ​ទាំង​អស់​នេះ​មិន​​បាន​បង់​ពន្ធ​ឡើយ​”។ លោក​បាន​បន្ថែម​ថា ទំនិញ​ទាំង​នេះ​រួម​មាន​សម្លៀក​បំពាក់ បាត​ស្បែក​ជើង ថ្នាំ​លាប និង​សាំង​ក្រអូប។

លោក សំអុល បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា ​តើនរណា​នឹង​ត្រូវ​ដាក់​​ទោស​ទណ្ឌ​​ឬដាក់ដូច​ម្តេច​ឡើយ ដោយ​កត់​សម្គាល់​ថា វា​ជា​ការងារ​របស់​មន្ត្រី​គយ ហើយ​លោក​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​បន្ថែម​ឡើយ​។

លោក ខៀវ សារឿន អនុប្រធាន​ការិយាល័យ​គយ​ខេត្ត​ស្វាយ​រៀង​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ។ ព័ត៌មាន​សម្រាប់​ទាក់​ទង​លោក ឡុញ វណ្ណៈ ជា​ប្រធាន​ការិយា​ល័យ​គយ​​ ក៏​មិន​មាន​ដែរ​។

រថយន្ត​ក្រុង​ជាច្រើន​គ្រឿង​បើក​ឆ្លង​កាត់​ច្រក​ព្រំដែន​ក្រុង​បាវិត​រាល់​ថ្ងៃ​ ដោយ​មាន​ដឹក​ទំនិញ​ ដែល​តាម​ច្បាប់​ត្រូវ​តែ​បង់​ពន្ធ​។

រថយន្ត​​ក្រុង​ដែល​ត្រូវ​បាន​យកទៅរក្សាទុក​កាលពី​ថ្ងៃ​អាទិត្យ​មិន​ត្រូវ​បាន​ឃាត់​​នៅ​ព្រំដែន​ទេ ប៉ុន្តែ​បើ​តាម​នគរបាលគឺ​ឃាត់​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូ​ឯណោះ​បន្ទាប់ពី​ឆ្លង​ចូល​។

លោក ហ៊ូ វឌ្ឍនៈ អភិបាល​រង​ខេត្ត​បានមាន​ប្រសាសន៍​ថា មន្ត្រី​គយ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ណាស់​ក្នុង​ការ​បំពេញ​ការ​ងារ​នៅ​ព្រំដែន ប៉ុន្តែ​មិន​អាច​ចាប់បាន​រាល់​​ទំនិញ​គេច​ពន្ធ​ទាំង​អស់​​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​មន្ត្រី​គយ​ឆែក​​រថយន្ត​ទាំង​អស់​ ប៉ុន្តែ​វា​ជា​ល្បិច​របស់​ឈ្មួញ ក្នុងការ​​លាក់​ទំនិញ​ពី​អាជ្ញាធរ​របស់​​យើង​។ យើង​បាន​ត្រួត​ពិនិត្យ​ហ្មត់ចត់​លើ​​ទំនិញ​ខុស​ច្បាប់ ហើយ​យើង​បាន​និង​កំពុង​អនុវត្ត​ការ​គ្រប់​​គ្រង​ទាំង​នេះ”។

លោក ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​បទ​ល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​បាន​និយាយ​​ការ​ពារ​វិធី​សាស្ត្រ​របស់​រដ្ឋាភិបាលក្នុងការ​ចាប់​ទំនិញ​​បង្កប់​តាម​រថយន្ត​ក្រុុងដែល​មិន​ប្រកាស​ឲ្យដឹង​​​។

លោក​បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ត្រួតពិនិត្យ​តាម​ផ្លូវកាន់តែ​ច្រើន​​នឹង​ជំរុញ​ឲ្យ​មន្ត្រី​ដែល​គ្មាន​ការ​អនុញ្ញាត​ដាក់​ប៉ុស្តិ៍ត្រួត​ពិនិត្យ​​​ខុស​ច្បាប់​ដោយ​ខ្លួន​ឯង​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​មិន​អាច​​ដាក់​ការ​ត្រួតពិនិត្យ​​ទំនិញ​ដឹក​តាម​ផ្លូវ​ថ្នល់​ឲ្យ​លើស​ពី​នេះ​បាន​ទេ ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​អនាធិបតេយ្យ​កាន់​តែ​ច្រើន”។

បុរស​ម្នាក់​ដែល​លើក​ទូរស័ព្ទ​ក្រុម​ហ៊ុន Phuong Heng បាន​បដិសេធ​មិន​ប្រាប់​អត្ត​សញ្ញាណ​របស់​ខ្លួន ឬ​ធ្វើ​អត្ថាធិប្បាយ​ទេ។ គេ​មិន​មាន​ព័ត៌មាន​សម្រាប់​ទាក់​ទង​​ក្រុមហ៊ុន​ Phuong Trinh ទេ៕ សារុន​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស