35 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​អះអាង​ថា ពលកម្ម​កុមារ​មាន​តិចតួច​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា មាន​ករណី​​កម្មករ​អនីតិជន​​តិច​តួច​ណាស់​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ ដែល​ “​យើង​អាច​រាប់​ពួកគេ​​​ដោយ​​ម្រាមដៃ​បាន​” ប៉ុន្តែ​មន្ត្រី​សហជីព​មួយ​រូប​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​បាន​តប​ទៅ​វិញ​ថា ពលកម្ម​កុមារ​​នៅ​តែ​​មាន​ច្រើន​នៅ​តាម​រោងចក្រ​កាត់​ដេរ​តូចៗ​ក្នុង​ប្រទេស​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​សន្និសីទ​​ស្ដីពី​ទំនាក់​ទំនង​វិជ្ជាជីវៈ​​ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​អាំងទែកុងទីណង់តាល់​ក្នុង​រាជធានី​ភ្នំពេញ លោក អុិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​​ទទួល​ស្គាល់​ថា ពលកម្ម​កុមារ​គឺ​ជា​បញ្ហានៅ​ក្នុង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​នេសាទ ប៉ុន្តែ​បាន​អះអាង​ថា រដ្ឋាភិបាល​ជិត​​លុប​បំបាត់​ការ​អនុវត្ត​ខុស​ច្បាប់​នៅ​តាម​រោងចក្រ​កាត់​ដេរ​បាន​ហើយ​។

លោក​បាន​​បញ្ជាក់​ថា “​តាម​ការ​រក​ឃើញ​ថា មាន​​ករណី​​តិច​តួច​ប៉ុណ្ណោះ​ ហើយ​យើង​អាច​រាប់​ពួកគេ​ដោយ​ម្រាម​ដៃ​​បាន​។ មាន​ត្រឹម​តែ​៤ទៅ​១០ករណី​ប៉ុណ្ណោះ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ភាគច្រើន​នៃ​ករណី​ទាំង​នេះ​គឺ​កម្មករ​អនីតិជន​និយាយ​កុហក​អំពី​អាយុ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ការ​ងារ​ធ្វើ​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ដែល​ជា​សហជីព​​កម្មករ​​កាត់​ដេរ​ឯករាជ្យ​ដ៏ធំ​បំផុត​នៅ​ក្នុង​ប្រទេស​ បាន​មាន​ប្រសាសន៍​ថា ដោយ​សារ​តែ​រោងចក្រ​ធំៗ​ត្រូវ​បាន​ត្រួត​ពិនិត្យ​​យ៉ាង​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល និង​អង្គការ​ពលកម្ម​អន្តរជាតិ​ ILO ធ្វើ​ឲ្យ​រោងចក្រ​ទាំង​នោះ​ពិបាក​នឹង​​ទទួល​យក​កម្មករ​អនីតិជន​ឲ្យ​ចូល​ធ្វើ​ការ​។

ទោះ​ជាយ៉ាង​ណា លោក​បាន​មាន​ប្រសាសន៍​ថា ​រោងចក្រ​ធំៗ​ជាច្រើន​​បាន​ម៉ៅ​ការ​បន្ត​ឲ្យ​ទៅ​រោងចក្រ​តូចៗ​ដែល​គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ។ លោក​បាន​គូស​បញ្ជាក់​ថា “រោងចក្រ​តូចៗ​មាន​ករណី​រាប់​រយ​ [នៃ​ពលកម្ម​កុមារ] ដោយ​សារ​​តែ​អធិការកិច្ច​របស់​រដ្ឋាភិបាល​​ខ្សោយ។ មាន​ការ​អនុវត្ត​ច្បាប់​ខ្សោយ​ ដូច្នេះ​​ហើយ​នៅ​ពេល​ពួកគេចុះ​ទៅ​ធ្វើ​អធិការកិច្ច​​តាម​រោងចក្រ​ រោងចក្រ​បាន​ដឹង​មុន​បាត់​​ទៅហើយ”។ លោក​បាន​ប៉ាន់​ប្រមាណ​ថា មាន​រោងចក្រ​ចន្លោះ​ពី​៣០​ទៅ​៤០​ដែល​មាន​ពលកម្ម​កុមារ​។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការ​ងារ​​​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​មាន​ប្រសាសន៍​ថា ​គ្មាន​ការ​ចាត់​វិធាន​ការ​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ទប់​ស្កាត់​រោងចក្រ​​មិន​ឲ្យ​ទទួល​យក​​កម្មករ​អនីតិជន​ដែល​ប្រើ​ឯកសារ​ក្លែង​ក្លាយ​ចូល​ធ្វើ​ការ​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “​កម្មករ​ក្លែង​ឯកសារ​របស់​ខ្លួន​ដើម្បី​បាន​ការ​ងារ​ធ្វើ​។ រោងចក្រ​ដឹង​ថា កម្មករ​ទាំង​នោះ​ជា​អនីតិជន​ ប៉ុន្តែ​រោងចក្រ​ធ្វើ​ពុត​ជាមិន​ដឹង​ ពីព្រោះ​ពួកគេ​មិន​ចង់​ទទួល​ខុស​ត្រូវ​។ ចាំបាច់​ត្រូវ​មាន​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ និង​មាន​តម្លាភាព​លើ​​បញ្ហា​​នេះ​”៕ សុខុម​ (រាយការណ៍​បន្ថែម​ដោយ Chris Mueller)​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស