យោងតាមលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ម្ចាស់ហាងបញ្ចាំម្នាក់ពីបទបើកអាជីវកម្មខុសច្បាប់ និងឃុបឃិតជាមួយក្រុមចោរ បន្ទាប់ពីនគរបាលបានឆ្មក់ចូលហាងរបស់គាត់ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យកាលពីចុងសប្ដាហ៍ ហើយដកហូតម៉ូតូជាង១០០គ្រឿង ដែលម៉ូតូភាគច្រើនត្រូវបានលួចនិងប្លន់។
លោក ស៊ីថា ដែលមន្ត្រីរបស់លោកបានសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាប់ខ្លួនលោក ម៉េង សី អាយុ៤៤ឆ្នាំ នៅហាងរបស់គាត់ស្ថិតនៅតាមផ្លូវជាតិលេខ៣កាលពីថ្ងៃសៅរ៍នោះ បានមានប្រសាសន៍ថា “ករណីចាប់ម្ចាស់ហាងបញ្ចាំខុសច្បាប់នេះមិនស្ថិតក្នុងដៃរបស់ខ្ញុំទេ។ មានតែតុលាការទេកំពុងបន្តករណីនេះ”។
បន្ទាប់ពីការចាប់ខ្លួនលោក ម៉េង សី នគរបាលដឹកម៉ូតូដែលដកហូតទាំង១០៣គ្រឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីឲ្យម្ចាស់ម៉ូតូស្របច្បាប់មកពិនិត្យម៉ូតូរបស់ខ្លួន។
លោក ស៊ីថា បានមានប្រសាសន៍កាលពីម្សិលមិញថា មនុស្សម្នាបានបន្តមកកាន់អធិការដ្ឋាននគរបាល ដោយយកមកជាមួយនូវប័ណ្ណសម្គាល់យានយន្តរបស់ខ្លួន ដោយសង្ឃឹមថា នឹងរកម៉ូតូរបស់ខ្លួនដែលត្រូវបានលួចនិងប្លន់នោះឃើញ ឬម៉ូតូដែលពួកគេធ្លាប់បានបញ្ចាំទៅឲ្យលោក ម៉េង សី។
លោកបានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ មន្ត្រីរបស់លោកបានប្រគល់ម៉ូតូជូនម្ចាស់វិញបានជិត២០គ្រឿងហើយ៕ សារុន