អតីតកម្មាភិបាលខ្មែរក្រហមម្នាក់នៅខេត្តកំពង់ធំ ដែលរងការចោទថាជា “មេពេជ្ឈឃាដ” ដោយសាក្សីម្នាក់នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាកាលពីថ្ងៃអង្គារ បានច្រានចោលការចោទប្រកាន់នេះ ប៉ុន្តែបានទទួលស្គាល់ថា ក្រុមអ្នកភូមិចង់សម្លាប់គាត់ ក្រោយពីការដួលរលំរបប ប៉ុល ពត។
កាលពីថ្ងៃទី៣ ខែមិថុនា សាក្សី អ៊ុត សេង ដែលជាពលករនៅការដ្ឋានទំនប់១មករា ក្នុងស្រុកសន្ទុក អំឡុងរបបកម្ពុជាប្រជាធិបតេយ្យ បានប្រាប់តុលាការថា លោកបានឃើញពេជ្ឈឃាដគួរឲ្យខ្លាចឈ្មោះ “លុន” ដើរចុះឡើងជុំវិញភូមិ ដោយមានដំបងដាវប្រឡាក់ឈាម។ លោក សេង បាននិយាយថា បុរសនេះបានជាប់ពន្ធនាគារ បន្ទាប់ពីកម្លាំងវៀតណាមបានផ្តួលរំលំខ្មែរក្រហម ហើយថាអ្នកភូមិជាច្រើនចង់សងសឹកនឹងគាត់។
កាលពីថ្ងៃអង្គារ លោក យាន លុន ជាអតីតមេកងនៅភូមិកងសៅ ឃុំកំពង់ថ្ម បានទទួលស្គាល់ថា អ្នកស្រុកខ្លះ “ស្អប់គុំកួន” នឹងគាត់ ដោយសារតែសកម្មភាពរបស់គាត់នៅក្នុងរបបនោះ និងបាននិយាយថា ជីវិតរបស់គាត់អាចជួបគ្រោះថ្នាក់ បើគាត់មិនត្រូវវៀតណាមចាប់ដាក់គុកទេនោះ។

លោក លុន បាននិយាយថា “ជាទូទៅ អ្នកភូមិមិនស្អប់ខ្ញុំពេកទេ មានតែបុគ្គលមួយចំនួនប៉ុណ្ណោះស្អប់ខ្ញុំខ្លាំង…ពិតមែន នៅពេលធ្វើការងារ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែចូលចិត្តអ្វីដែលអ្នកធ្វើនោះទេ”។
លោកបាននិយាយថា “ប្រសិនបើគេមិនចាប់ខ្ញុំដាក់គុកទេ ខ្ញុំមុខជាត្រូវគេសម្លាប់ហើយ ពីព្រោះប្រជាជនចង់សងសឹកនឹងខ្ញុំ”។
ទោះបីជាបានសារភាពថា គាត់បានជាប់ពន្ធនាគារនៅឆ្នាំ១៩៧៩ ព្រោះតែ “ការសម្លាប់” ក៏ដោយ ក៏លោក លុន បាននិយាយមិនច្បាស់លាស់ នៅពេលដែលប្រឈមនឹងការចោទថា គាត់ជាមេពេជ្ឈឃាដ ដែលល្បីខាងដើរទៅមកមានកាំបិត ដាវ និងដំបងប្រឡាក់ឈាមនោះ។
លោកបាននិយាយថា “ទេ ការនិយាយហ្នឹងគឺមិនត្រឹមត្រូវទេ។ នៅក្នុងរបបនោះ មិនមែនតែខ្ញុំប្រឹងប្រែងធ្វើអ្វីដែលខ្ញុំបានធ្វើនោះទេ មនុស្សរាប់លាននាក់ក៏ធ្វើការដូចគ្នាដែរ”។
“គ្រប់គ្នាតាមដានគ្នា។ វាមិនត្រឹមត្រូវទេដែលលើកឡើងថា ខ្ញុំជាពេជ្ឈឃាដតែម្នាក់នោះ”។
នៅពេលចោទសួរអំពីវិសុទ្ធិកម្មចាមក្នុងតំបន់របស់គាត់ សាក្សីរូបនេះបានពន្យល់ថា មនុស្សជាច្រើនត្រូវបានចាប់ខ្លួនតាមបញ្ជាកម្មាភិបាលខ្មែរក្រហមថ្នាក់លើក្នុងខេត្តនោះ។ លោកបាននិយាយថា “ប្រជាជនចាមត្រូវបានចាប់ខ្លួនតាមបញ្ជាដាក់ចុះពីថ្នាក់តំបន់និងថ្នាក់ខេត្ត។ មេឃុំបានទៅទទួលការណែនាំទាំងនោះ។ នៅពេលគាត់ត្រឡប់មកឃុំវិញ គាត់អនុវត្តតាមការណែនាំទាំងនោះ”៕ និត