28 C
Phnom Penh

ប៉ូលិស​​​បារាំង​​​នឹង​​​ចុះទៅ​​​ស៊ើប​​​អង្កេត​​​ករណី​​​ឃាតកម្មម្តង​​​ទៀត​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​មួយ​​​រូប បាន​​​និយាយ​​​ថា ប៉ូលិស​​​បារាំង​​​នឹង​​​​​​មក​​​ដល់​​​កម្ពុជា​​​ក្នុង​​​ខែ​​​តុលា​​​នេះ​​​ ដើម្បី​​​​​​ស៊ើប​​​អង្កេត​​​ឡើង​​​វិញ​​​លើ​​​ករណី​​​ឃាតកម្ម​​​ពីរ​​​ផ្សេង​​​គ្នា​​​​​​ទាក់​​​ទង​​​នឹង​​​ជនជាតិ​​​បារាំង ដែល​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ដោយ​​​ប៉ូលិស​​​ខ្មែរ។​​​ 

យោង​​​តាម​​​លោក សុខ ខេមរិន្ទ ប្រធាន​​​នាយក​​​ដ្ឋាន​​​ប៉ូលិស​​​ព្រហ្ម​​​ទណ្ឌ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ឲ្យ​​​ដឹង​​​ថា​​​ប៉ូលិស​​​បារាំង​​​និង​​​អ្នក​​​ការទូត បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ដើម្បី​​​ស្នើ​​​សុំ​​​​​​កិច្ច​​​សហការ​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​​ឡើង​​​វិញ​​​លើ​​​ករ​​​ណី​​​ឃាតកម្ម​​​​​​នា​​​ឆ្នាំ​​​២០១២​​​លើ​​​ជន​​​ជាតិ​​​បារាំង​​​ គឺ​​​លោក ឡូរ៉ង់ វ៉ាល្លីយ៉េ និង​​​កូន​​​របស់​​​គាត់ និង​​​ករណី​​​អ្នកទេសចរ​​​ម្នាក់​​​ គឺ​​​ អូផេលី បេកនិស​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣។​​​​​​

លោក ខេមរិន្ទ​​​ បាន​​​និយាយថា “ពួកគេ​​​ស្នើ​​​សុំ​​​ការ​​​សហការ ហើយ​​​នឹង​​​ចុះ​​​មក​​​ក្នុង​​​ខែ​​​តុលាឆ្នាំ​​​នេះ។​​​ យើង​​​រីក​​​រាយ​​​​​​នឹង​​​សហការ។​​​ ប៉ូលិស​​​បារាំង​​​នឹង​​​ដឹក​​​នាំ​​​​​​ការ​​​ស៊ើប​​​អង្កេត”។

លោកឧត្តម​​​សេនីយ៍​​​ទោ ខេមរិន្ទ​​​ បាន​​​និយាយ​​​បន្ថែម​​​ថា​​​ សំណើ​​​នឹង​​​បញ្ជូន​​​ទៅ​​​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ នេត សាវឿន។​​​​​​

នៅ​​​ពេល​​​ដែល​​​សាក​​​សព​​​ ឡូរ៉ង់ វ៉ាល្លីយ៉េ និង​​​កូន​​​បួន​​​នាក់​​​របស់​​​គាត់​​​ ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​រថយន្ត​​​ឡង់គ្រីស័រ​​​​​​លិច​​​​​​ក្នុង​​​ស្រះទឹក​​​​​​​​​នៅ​​​ក្បែរ​​​ផ្ទះ​​​គាត់​​​នៅ​​​ក្នុង​​​ក្រុង​​​ច្បារ​​​មន ខេត្ត​​​កំពង់​​​ស្ពឺ បី​​​ខែ​​​បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​បាត់​​​ខ្លួន ប៉ូលិស​​​កម្ពុជា​​​​​​ភ្លាមៗ​​​​​​បាន​​​ចាត់​​​ទុក​​​​​​ករណី​​​នេះ​​​ថា​​​ជា​​​​​​អត្តឃាត ទោះ​​​បី​​​ជា​​​ក្បាល​​​របស់​​​បុរស​​​ជន​​​ជាតិ​​​បារាំង​​​​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​វ៉ាលិស​​​នៅ​​​​​​​​​​​​ក្រោយ​​​រថយន្ត​​​ក៏​​​ដោយ​​​។​​​

សាច់ញាតិ​​​របស់ឡូរ៉ង់ វ៉ាល្លីយ៉េ នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​ បាន​​​សន្និដ្ឋាន​​​ថា មាន​​​បញ្ហា​​​ជាប់​​​ពាក់​​​ព័ន្ធ ដោយ​​​ចង្អុល​​​ទៅ​​​លើ​​​ជម្លោះ​​​​​​​​​ជាមួ​​​យ​​​សាច់​​​ថ្លៃទាក់​​​ទង​​​នឹង​​​ដីធ្លី ដែល​​​ទទួល​​​បាន​​​ដោយ​​​ក្រុម​​​គ្រួសារ​​​នៃ​​​ប្រ​​​ពន្ធ​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​របស់​​​គាត់​​​​​​បន្ទាប់​​​ពី​​​ការ​​​ស្លាប់​​​របស់​​​គាត់។​​​​​​​​​

អូផេលី បេកនិស អាយុ​​​២៥​​​ឆ្នាំ បាន​​​ស្នាក់​​​នៅ​​​ឯ​​​រមណីយ​​​ដ្ឋាន​​​ក្នុង​​​ក្រុង​​​កំពត​​​ ក្នុង​​​ពេល​​​ដែល​​​នាង​​​ត្រូវ​​​គេ​​​សម្លាប់​​​​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៣។​​​ សាក​​​សព​​​ស្រាត​​​របស់​​​នាង​​​ អណ្តែត​​​ទើរ​​​នៅ​​​តាម​​​មាត់​​​ច្រាំង​​​ទន្លេ​​​កំពត នៅ​​​ថ្ងៃ​​​ដែល​​​នាង​​​បាន​​​បាត់​​​ខ្លួន។​​​

កាល​​​ពី​​​ខែ​​​មេសា​​​ឆ្នាំ​​​មុន​​​ ដោយ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​អន្តរ​​​ជាតិ​​​​​​កាន់​​​តែ​​​ខ្លាំង​​​ ប៉ូលិស​​​ខេត្ត​​​កំពត បាន​​​ចាប់​​​ខ្លួន​​​ និង​​​ចោទ​​​​​​ប្រកាន់​​​ជនជាតិ​​​បែល​​​ហ្សិកម្នាក់ គឺ​​​ អូលីវឺ វ៉ាន់ ដែន​​​ បូហ្គឺត​​​ពី​​​បទ​​​ឃាតកម្ម​​​ ដោយ​​​និយាយ​​​ថា សាក្សី​​​មួយ​​​រូប បាន​​​ឃើញ​​​គាត់​​​ទម្លាក់​​​ចោល​​​កង់​​​ ដែល​​​ជន​​​រងគ្រោះ​​​​​​បាន​​​ជិះ​​​នៅ​​​ព្រឹក​​​ដែល​​​នាង​​​បាន​​​បាត់​​​ខ្លួន។​​​​​​

លោក​​​វ៉ាន់​​​ ដែន បូហ្គឺត​​​ នៅពេល​​​នោះជា​​​ម្ចាស់​​​ផ្ទះ​​​សំណាក់​​​ក្នុង​​​ខេត្ត​​​កំពត​​​ បាន​​​ជាប់​​​​​​ពន្ធនាគារ​​​ខេត្ត​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មុន​​​នឹង​​​ត្រូវ​​​ដោះ​​​លែង​​​​​​ដោយ​​​សារ​​​តែ​​​ខ្វះ​​​ភ័ស្តុ​​​តាង ហើយ​​​គាត់​​​ក៏​​​វិល​​​ទៅ​​​ប្រទេស​​​របស់​​​គាត់​​​វិញ។​​​​​​

កាល​​​ពី​​​ខែ​​​ មីនា ឆ្នាំ​​​២០១៣ មាន​​​អ្នក​​​ជំនាញកោសល្យ​​​វិច័យ​​​បារាំង​​​មួយ​​​ក្រុម​​​ បាន​​​មក​​​កម្ពុជា​​​ ដើម្បី​​​ស៊ើប​​​អង្កេត​​​ករណី​​​ឃាតកម្ម​​​ទាំង​​​ពីរ ដោយ​​​ច្រាន​​​ចោល​​​ករណី​​​អត្តឃាត​​​​​​នៅ​​​ក្នុង​​​ករណី​​​ឡូរ៉ង់ វ៉ាល្លីយ៉េ ហើយ​​​ក្រោយ​​​មក​​​និយាយ​​​ថា ភ័ស្តុតាង​​​​​​ឌីអិនអេដែល​​​យក​​​​​​ពី​​​សព​​​នាង​​​ អូផេលី បេកនិសមិន​​​បាន​​​ដាក់​​​បន្ទុក​​​លើ​​​​​​លោក វ៉ាន់ ដែន​​​ បូហ្គឺតទេ។

ស្ថាន​​​ទូត​​​បារាំង​​​ បាន​​​បដិសេធ​​​ម្តងហើយ​​​ម្តង​​​ទៀត​​​មិន​​​ធ្វើ​​​​​​អត្ថាធិប្បាយ​​​លើ​​​ការ​​​ស៊ើប​​​អង្កេតនោះ​​​​​​ទេ។​​​

ទាក់​​​ទង​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​ លោក ឈឹម ឬទ្ធី​​​ ចៅ​​​ក្រម​​​​​​ស៊ើប​​​អង្កេត​​​​​​ក្នុង​​​ខេត្ត​​​កំពង​​​ស្ពឺ​​​ ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុង​​​ករណី​​​ឡូរ៉ង់ វ៉ាល្លីយ៉េ បាន​​​និយាយ​​​ថា លោក​​​មិន​​​ទទួល​​​បាន​​​ការ​​​អញ្ជើញ​​​ឲ្យ​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​​​​កាលពី​​​ថ្ងៃ​​​អង្គារ​​​នៅ​​​ឯ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ទេ។

លោក ហង្ស សុគន្ធ​​​វឌ្ឍ​​​នា​​​ ចៅ​​​ក្រម​​​​​​ស៊ើបអង្កេត​​​​​​ដែល​​​កាន់​​​ករណី​​​អូផេលី បេកនិស បាន​​​និយាយ​​​ថា ការ​​​ស៊ើប​​​អង្កេត​​​ក្នុង​​​ករណី​​​ឃាតកម្ម​​​នាង​​​ បាន​​​កំពុង​​​បន្ត។​​​​​​

លោក​​​ចៅ​​​ក្រម​​​រូប​​​នេះ បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​ប៉ូលិស​​​បារាំង​​​ ស្នើ​​​សុំ​​​ការ​​​សហការពី​​​តុលាការ​​​ យើង​​​នឹង​​​សហការ”។​​​ រើន​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស