33 C
Phnom Penh

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទៅ​ដល់​សភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ដែល​ស្នើ​ឡើង​ដើម្បី​ដាក់​កម្រិត​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ទៅ​ដល់​ដៃ​សភា​ហើយ ដែល​នៅ​ទី​នោះ អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា វា​ទំនង​នឹង​ឲ្យ​មាន​ការ​ពិភាក្សា​ជា​សាធារណៈ​មុន​ការ​បោះ​ឆ្នោត​អនុម័ត។

អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បារម្ភ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាន់​អំណាច​នឹង​ប្រើ​ច្បាប់​នេះ​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​របស់​ខ្លួន​នោះ សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ពិភាក្សា​ច្បាប់​នេះ មុន​ពេល​វា​ទៅ​ដល់​សភា។

ទោះ​យ៉ាងណា​ក៏​ដោយ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា។ ប៉ុន្តែ ទីស្តីការ​គណៈរដ្ឋមន្ត្រី​មិន​បាន​បញ្ជូន​វា​ទៅ​សភា​ទេ ក្នុង​បំណង​ដើម្បី​ធ្វើការ​ប្តូរ​ចំណុច​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ដក​មាត្រា​ចំនួន​ពីរ ដែល​មាត្រា​មួយ​នឹង​កំណត់​ចំណែក​នៃ​ថវិកា​របស់​ខ្លួន ដែល​អង្គការ NGOs បរទេស​ធ្វើការ​ ចំណាយ​ផ្សេងៗ​ត្រឹម​២៥​ភាគរយ។

កាលពី​ថ្ងៃ​អង្គារ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សភា​កាលពី​សប្តាហ៍​មុន។

លោក​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ ច្បាប់​នេះ​ស្ថិត​ក្នុង​ដៃ​សភា​ជាតិ ដូច្នេះ​វា​ជា​បុព្វសិទ្ធិ​របស់​សភា​ធ្វើការ​សម្រេច។ រដ្ឋាភិបាល​សង្ឃឹម​ថា សភា​ជាតិ​នឹង​អនុម័ត​ច្បាប់​នេះ​ក្នុង​ពេល​ឆាប់ៗ”។

លោក ឈាង វុន អ្នក​នាំ​ពាក្យ​សភា និង​ជា​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា បាន​បញ្ជាក់​អំពី​ការ​មក​ដល់​សេចក្តី​ព្រាង​ច្បាប់​នេះ និង​បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​អចិន្ត្រៃយ៍​សភា​នឹង​កោះ​ប្រជុំ​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​សម្រេច​ថា​គណៈកម្មការ​សភា​មួយ​ណា​នឹង​ស្នើ​ការ​ដាក់​បញ្ចូល​យោបល់។

លោក វុន បាន​មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​ទំនង​ជា​នឹង​អញ្ជើញ NGOs មក​ឲ្យ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​នា​ពេលណា​មួយ​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​ការ​បូជា​សព​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៨​ខែ​មិថុនា។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រាកដ​ណាស់​ថា យើង​នឹង​ធ្វើ​សិក្ខាសាលា​មួយ​ដើម្បី​ពិភាក្សា​អំពី​ច្បាប់​នេះ ពីព្រោះ​យើង​មាន​សិក្ខាសាលា​ច្រើន​លើក​មក​ហើយ​ដើម្បី​ប្រមូល​ព័ត៌មាន”។

លើក​ចុង​ក្រោយ​ដែល NGOs មាន​ឱកាស​ពិភាក្សា​ជា​សាធារណៈ​អំពី​ច្បាប់​នេះ​ជាមួយ​ក្រុម​មន្ត្រី គឺ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​មុន​នេះ​ត្រូវ​បាន​ចេញ​នៅ​ឆ្នាំ​២០១១ មុន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​វា​ចោល​មួយ​អន្លើ​នៅ​ពេល​មាន​ការ​រិះគន់​ខ្លាំង​លើ​ផែនការ​នេះ ទាំង​នៅ​ក្នុង​ស្រុក ទាំង​នៅ​ក្រៅ​ស្រុក។

នៅ​ពេល​នោះ NGOs បាន​តវ៉ា​ថា ​ខ​ជាច្រើន​មិន​ច្បាស់លាស់​និង​ទូលំ​ទូលាយ​ពេក​នឹង​ផ្តល់​ឲ្យ​រដ្ឋាភិបាល​នូវ​អំណាច​ថ្មី ដើម្បី​បិទ​ក្រុម​អង្គការ ដោយ​មាន​ការ​ពន្យល់​តិចតួច។ អង្គការ NGOs ដដែល​និយាយ​ថា កំណែ​ច្បាប់​ថ្មី​នេះ​ដែល​សម្រេច​យល់​ព្រម​នៅ​ដើម​ខែ​នេះ រឹតតែ​អាក្រក់​ទៅទៀត ដោយ​បន្ថែម​ការ​តម្រូវ​មិន​ច្បាស់លាស់​ឲ្យ​មាន​អព្យាក្រឹត្យ​ភាព​នយោបាយ ជា​លក្ខខណ្ឌ​តឹងរ៉ឹង​ថែម​ទៀត​លើ​អ្នក​ដែល​អាច​ចុះ​បញ្ជី NGO ហើយ​ជាទូទៅ​រំលោភ​សិទ្ធិ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ ចំពោះ​សេរីភាព​នៃ​ការ​បង្កើត​សមាគម។

រដ្ឋាភិបាល​មិន​យល់​ស្រប​ទេ ហើយ​និយាយ​ថា ខ្លួន​ត្រូវ​ការ​ច្បាប់​នេះ​ដើម្បី​ពិនិត្យ​ឲ្យ​ច្បាស់​ថា អង្គការ NGOs មិន​យក​ប្រាក់​ចូល​ប្រទេស​កម្ពុជា​ពី​ក្រុម​ភេរវកម្ម ដូចជា​ក្រុម​អាលកៃដា ជាដើម។

អង្គការ​សហ​ប្រជាជាតិ និង​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ថា​តើ​ប្រទេស​កម្ពុជា​ត្រូវការ​ច្បាប់​នេះ​ឬ​យ៉ាងណា ដោយ​ទទួល​រង​ការ​ចោទ​ថា​ជ្រៀត​ជ្រែក​នយោបាយ​ពី​ក្រសួង​ការបរទេស។

ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ជិត​ផុត​អាណត្តិ លោក ហ្សង់ ហ្វ្រង់ស័រ ក៏​បាន​ពិភាក្សា​ច្បាប់​នេះ​ក្នុង​ជំនួប​ឯកជន​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ដែរ។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ការិយាល័យ​របស់​សហភាព​អឺរ៉ុប​នៅ​ក្រុង​ភ្នំពេញ បាន​និយាយ​ថា លោក​ឯកអគ្គរដ្ឋទូត​បាន​ប្រាប់​លោក ហ៊ុន សែន ថា លោក​សង្ឃឹម​ថា ច្បាប់​ណាមួយ​ដែល​អនុម័ត​ដោយ​សភា នឹង​មិន​រារាំង​ការងារ​របស់​អង្គការ NGOs ក្នុង​ប្រទេស​នេះ​ទេ។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា “សហភាព​អឺរ៉ុប​បាន​សំដែង​កង្វល់​ជាច្រើន​លើក​អំពី​ការ​ចាំបាច់​ត្រូវ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជាប់​ពាក់ព័ន្ធ ដែល​នឹង​ត្រូវ​ប៉ះពាល់​បំផុត​ដោយសារ​ច្បាប់​នេះ”។

“ហេតុដូច្នេះ នៅ​ក្នុង​ជំនួប​នេះ ឯកអគ្គរដ្ឋទូត​អឺរ៉ុប​រីករាយ​ដែល​ឮ​ពី [នាយក​រដ្ឋមន្ត្រី] ថា សភា​មាន​ផែនការ​នឹង​ធ្វើ​ការ​ពិគ្រោះ​យោបល់​អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល”៕ និត (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស