29 C
Phnom Penh

អ្នក​នេសាទ​កម្ពុជា​២៣០​នាក់​វិល​ត្រឡប់​ពី​ឥណ្ឌូ​ណេស៊ី​​តាម​យន្តហោះ​ឈ្នួល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នក​នេសាទ​​កម្ពុជា​ជាង​២០០​នាក់​ដែល​​ជាប់​ទៅ​ណា​មិន​រួច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​នៅ​ព្រឹក​នេះ​តាម​យន្ត​ហោះឈ្នួល​ធុនBoeing 737 មួយ​គ្រឿង ​​ក្រោយ​មាន​អន្តរាគមន៍​ពី​ក្រសួង​ជលផល​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ និង​​មន្ត្រី​ការ​ទូត​កម្ពុជា​​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​​។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​​​ក្រសួង​ការ​បរទេស​កម្ពុជា​​កាលពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា អ្នក​នេសាទ​សរុប​​ចំនួន​២៣០​នាក់​​គ្រោង​នឹង​ត្រឡប់​ពី​កោះ​អាំប៊ុន (Ambon) ​ក្រោយ​មាន​ការ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​​ឧស្សាហកម្ម​ ភីធី​ ម៉ារីប៊ូ គ្រុប (PT Maribu Industries Group) ជា​ក្រុម​ហ៊ុន​តំណាង​ទូក​នេសាទ​ថៃ​ដែល​កសិករ​ទាំង​នេះ​ធ្វើ​ការ​​​ឲ្យ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

សេចក្ដី​ថ្លែងការណ៍​នេះ​មាន​ខ្លឹមសារ​​ដូច្នេះ​ថា “​យោង​តាម​ការ​ទាម​ទារ​របស់​ស្ថានទូត​ ក្រុម​ហ៊ុន​នេះ​បានជួល​យន្ត​ហោះ​ Boeing​ 737-900 ER ដែល​អាច​​ផ្ទុក​ពលករ​កម្ពុជា​​ចំនួន​២១៣​នាក់​ ដើម្បី​ចាកចេញ​ពី​កោះ​អាំប៊ុន ហើយ​នឹង​​មក​ដល់​​រាជធានី​ភ្នំពេញ​នៅ​ម៉ោង​៦ព្រឹក”។ សេចក្ដី​ថ្លែងការណ៍​នេះ​បាន​​បន្ថែម​ថា អ្នក​នេសាទ​ដែល​នៅ​សេសសល់​ចំនួន​១៧​នាក់​នឹង​មក​ដល់​តាម​ក្រោយ​ក្នុង​ថ្ងៃ​ដដែល​តាម​ជើង​ហោះ​ហើរ​ដាច់​ដោយ​ឡែក​មួយ​ ដែល​ក្រុមហ៊ុន​នេះ​ជា​អ្នក​ចេញ​ថ្លៃ​ចំណាយ​ដែរ​។ “​ក្រុមហ៊ុន​បាន​ទូទាត់​ប្រាក់​​ខែ​ឲ្យ​ពលករ​កម្ពុជា​ទាំង​២៣០​នាក់​រួច​ហើយ​”។

ការ​វិល​ត្រឡប់​របស់​ក្រុម​អ្នក​នេសាទ​​នេះ កើត​មាន​​ឡើង​ក្រោយ​​អ្នក​នេសាទ​ជាង​១០០​នាក់​​ធ្វើ​មាតុភូូមិ​និវត្ត​​កាលពី​ខែ​មុន​ពី​ភូមិ​​កោះ​បេនជីណា (Benjina)​ ដែល​ទីភ្នាក់​ងារ​សារព័ត៌មាន​​ AP បាន​​លាត​ត្រដាង​ថា ជា​កន្លែង​​​ចាប់​បង្ខំ​ពលករ​ចំណាក​ស្រុក​ធ្វើ​ការ​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​នេសាទ​មួយ​របស់​ឥណ្ឌូណេស៊ី ដោយ​ប្រើ​​ទូក​នេសាទ​​​ដែល​បញ្ជា​ដោយ​ជនជាតិ​ថៃ​ដើម្បី​​ធ្វើ​ការ​នេសាទ​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី។

អ្នក​នេសាទ​មួយ​ចំនួន​ដែល​ត្រូវ​បាន​សង្គ្រោះ​ចេញពី​ភូមិ​​កោះ​បេនជីណា ត្រូវ​បាន​រត់​ពន្ធ​ពី​កម្ពុជា​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ប្រើ​លេស​បោក​បញ្ឆោត​ថា ពួកគេ​នឹង​ទទួល​បាន​ការ​ងារ​មាន​ប្រាក់​ខែ​ខ្ពស់​ ហើយ​បន្ទាប់​មក​ក៏​​ត្រូវ​គេ​យក​កាំភ្លើងភ្ជុង​​បង្ខំ​ឲ្យ​ឡើង​ទូក​នេសាទ​​ និង​ធ្វើ​ការ​អស់​រយៈ​ពេល​រាប់​ឆ្នាំ​ដោយ​គ្មាន​ប្រាក់​ខែ។ ពួកគេ​​ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្ត​​ដោយ​មានជំនួយ​ពី​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM)”។

លោក​ ស្ទីវ ហាមីល​ថុន (Steve Hamilton) អនុប្រធាន​បេសកកម្ម​​នៃ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ប្រចំា​ឥណ្ឌូ​ណេស៊ី​ បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញ​ថា ​បម្រាម​ផ្អាក​ការ​នេសាទ​​ដែល​ចេញ​ដោយ​ក្រសួង​ជលផល​របស់​ឥណ្ឌូណេស៊ី​កាលពី​ខែ​វិច្ឆិកា បាន​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​ពលករ​ចំណាក​ស្រុក​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ដែល​ត្រូវ​​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​​នៅ​លើ​ទូក​ជន​បរទេស​។

លោក​បាន​លើក​ឡើង​ថា “​ការ​ផ្អាក​គឺ​ជា​រឿង​សំខាន់​។ វា​​ធ្វើ​ឲ្យ​​អ្នក​នេសាទ​ទាំង​នោះ​បាន​ឡើង​គោក​វិញ​។ វា​បាន​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី​ជលផល និង​នគរ​បាល​និយាយ​ជាមួយ​​អ្នក​នេសាទ​ទាំង​នោះ​”។ លោក​បាន​បន្ត​ថា “​វា​ច្បាស់​ណាស់​” ថា មាន​អ្នក​នេសាទ​ចំណាក​ស្រុក​ជាច្រើន​ទៀត​មក​ពី​ប្រទេស​ភូមា ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ កំពុង​តែ​ត្រូវ​ការ​ការ​ធ្វើ​មាតុភូមិ​និវត្ត​ បន្ទាប់​ពី​ត្រូវ​គេ​យក​ទៅ​ទម្លាក់​ចោល​នៅ​លើ​កោះ​ផ្សេងៗ​គ្នា​​ក្រោយ​មាន​បម្រាម​ផ្អាក​ការ​នេសាទ​។

លោក​បាន​បញ្ជាក់​ថា “​អាជ្ញាធរ​​ឥណ្ឌូណេស៊ី​​កំពុង​ធ្វើ​ការ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​។ ពួកគេ​មិន​ទាន់​បោះ​បង់​ចោល​នៅ​ឡើយទេ ហើយ​កំពុង​តែ​​ចាត់​វិធានការ​​​បង្ការ​ និង​បន្ត​ស៊ើបអង្កេត​។

លោកស្រី សារ៉ា ភាហ្សាណូ (Sara Piazzano) នាយក​គម្រោង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា ​ដែល​ទទួល​បាន​មូលនិធិ​ពី​ USAID បាន​មាន​ប្រសាសន៍​ថា ​កន្លង​មក​មាន​​ការ​ប៉ាន់​ប្រមាណថា មាន​ពលករ​ចំណាក​ស្រុក​យ៉ាង​ហោច​ណាស់​៣០០.០០០​នាក់​​​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​បញ្ជា​ដោយ​ជនជាតិ​ថៃ​ ដែល​ទូក​ជាច្រើន​ក្នុង​ចំណោមនោះ​ធ្វើ​ការ​នេសាទ​ក្នុង​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី។

លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​វា​នៅ​តែ​​អាច​រក​ឃើញ​​ប្រជាជន​​កម្ពុជា​​បន្ថែម​ទៀត​​។ វា​មិន​មែន​ជា​សញ្ញា​អាក្រក់​ទេ វា​ជា​សញ្ញាល្អ​។ ពេល​នេះ​មាន​ការ​ឃ្លាំ​មើល​កាន់​តែ​ច្រើន​”។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​ផ្នែក​បច្ចេក​ទេស​ស៊ើបអង្កេត​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ក៏​ត្រូវ​តែ​ពង្រឹង​ការ​ឃ្លាំ​មើល​របស់​ខ្លួន​ដែរ ជា​ពិសេស​នៅ​តាម​បណ្ដោយ​ព្រំដែន​ ដើម្បី​កាត់​បន្ថយ​ឱកាស​​ដែល​ពលករ​ចំណាក​ស្រុក​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ដូច​ទាសករ​នៅ​លើ​ទូក​នេសាទ​បរទេស​។

លោក​មាន​ប្រសាសន៍​បន្ត​ថា “​យើង​បាន​មើល​ឃើញ​ថា កម្ពុជា​មាន​តែ​យន្តការ​សង្គ្រោះ​ពួក​គេ​ប៉ុណ្ណោះ ប៉ុន្តែ​គ្មាន​ការ​រឹត​បន្តឹង​លើ​ប្រជាពលរដ្ឋ​​ឆ្លង​ដែន​ខុស​ច្បាប់​ ដែល​ជា​ចំណុច​សំខាន់​នោះ​ទេ។ នៅ​តាម​បណ្ដោយ​ព្រំដែន​ មន្ត្រី​ឃុប​ឃិតជាមួយ​អ្នក​រត់​ពន្ធ​ ដើម្បី​អនុញ្ញាត​ឲ្យ​ពលករ​​ឆ្លង​ដែន​ទៅរក​ការ​ងារ​ធ្វើ ហើយនៅ​ពេល​ពួកគេ​ឡើង​ដល់​លើ​ទូក​ក៏​​​ត្រូវ​ក្លាយជា​ទាសករ”៕ សុខុម​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស