31 C
Phnom Penh

មន្ត្រី​ម្នាក់​និយាយថា នឹង​មាន​មនុស្ស​៣០.០០០នាក់ចូលរួម​ក្នុង​​ពិធី​ដង្ហែសព​លោក ជា ស៊ីម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

cam-photo-front-channa5

មន្ត្រី​រៀប​ចំ​ពិធី​បុណ្យ​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មនុស្ស​ជាង​៣០.០០០​នាក់​រំពឹង​ថា នឹង​ចូល​រួម​ពិធី​ដង្ហែ​សព​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ ដោយ​មាន​ការ​ពង្រឹង​​សន្តិសុខតឹងរ៉ឹង​​នៅ​ក្នុង​រាជធានី​។

លោក ជា ស៊ីម ​ដែល​ជា​អនុប្រធាន​រណសិរ្ស​​គាំទ្រ​ដោយ​វៀតណាម ដែល​បាន​​ផ្ដួល​រំលំ​របប ប៉ុល ពត ក្នុង​ឆ្នាំ​១៩៧៩ ​និង​ជា​ឥស្សរជន​ដ៏សំខាន់​ម្នាក់​ក្នុង​នយោបាយ​កម្ពុជា​ក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៨០ និង​១៩៩០ បាន​ស្លាប់​​កាលពី​ថ្ងៃទី៨ ខែ​មិថុនា ក្នុង​អាយុ​៨២​ឆ្នាំ។

រដ្ឋាភិបាល​បាន​សម្រេច​យក​ថ្ងៃ​សុក្រជា​ថ្ងៃ​​​កាន់​ទុក្ខ​ផ្លូវ​ការ​​ដល់​សព​ប្រធានគណបក្ស​​រូប​នេះ ដោយ​មាន​ការ​បង្ហូត​ទង់ជាតិ​មួយ​ភាគ​បី​ចាប់​ពី​ខាង​លើចុះមក​​ ហើយ​​គ្រប់​ស្ថានីយ​ទូរ​ទស្សន៍​ទាំង​អស់​ត្រូវ​ផ្អាក​ការ​ផ្សាយ​កម្មវិធី​កម្សាន្ត ដើម្បី​គោរព​ដល់​ពិធី​ដង្ហែសពតាមការ​គ្រោង​ទុក​។

លោក ឈិន កេតនា ប្រធាន​គណៈកម្មាធិការ​​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ​ បាន​មាន​ប្រសាសន៍​ថា ក្រុម​មនុស្ស​ជា​ច្រើន​រួម​មាន​ព្រះសង្ឃ ក្រុម​កាយឫទ្ធិ ដូន​ជី និង​មន្ត្រី​រាជការ​ នឹង​ចូល​រួមក្នុង​ពិធី​នោះ​ដើម្បី​​គោរព​​វិញ្ញាណ​ក្ខន្ធ​សព​លោក ជា ស៊ីម​។

លោក កេតនា បាន​មាន​ប្រសាសន៍​ថា “​យើង​រំពឹង​ថា នឹង​មាន​មនុស្ស​ចូល​រួម​៣០.០០០​នាក់ រួម​មាន​​សិស្សានុសិស្ស​ និង​មន្ត្រី​រាជការ​ ដែល​នឹង​ឈរ​នៅ​តាម​ដង​ផ្លូវ​​។ អាច​មាន​អ្នក​ចូល​រួម​ច្រើន​ជាង​នេះ​ ពីព្រោះ​នឹង​មាន​មនុស្ស​៣៧​ក្រុម​ផ្សេងទៀត​ចូល​រួម​​​ក្នុង​ពិធី​ដង្ហែសព​នោះ​ដែរ​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​បាន​​មាន​ប្រសាសន៍​ថា មេដឹកនាំ​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជាច្រើន​រូប​ក៏​នឹង​ចូល​រួម​ពិធី​នោះ​ដែរ។

លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា “​នឹង​មាន​ពិធី​ដង្ហែ និង​ពិធី​បូជា​សព​នៅ​មុខ​វត្ត​បទុម ដោយ​មាន​ការ​​យាង​ចូល​រួម​ពី​សំណាក់​ព្រះមហាក្សត្រ មេដឹកនាំ​រដ្ឋាភិបាល​ជាន់​ខ្ពស់​ គណៈប្រតិភូ​បរទេស​ និង​ប្រជាជន​ចំនួន​៣០.០០០​នាក់​”។

លោក​បាន​បន្ថែម​ថា សន្តិសុខ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ពិធី​ដង្ហែ​ និង​បូជាសព​នឹង​ត្រូវ​បាន​រឹត​បន្តឹង​ ដោយសារ​មាន​វត្តមាន​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ការទូត​ជាច្រើន ហើយ​ថា ក្រុម​ទាហាន​​​ក៏​នឹង​ចូល​រួម​ក្នុង​ពិធី​ដង្ហែសព​នោះ​ដែរ​។

លោក អេង ហ៊ី អ្នក​នាំពាក្យ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​មកពី​កង​កម្លាំង​របស់​លោក​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅជុំវិញ​សួន​មុខ​វត្ត​បទុម​នៅ​ថ្ងៃ​នេះ ដើម្បី​ត្រៀម​សម្រាប់​​ពិធី​ដង្ហែ និង​បូជា​សព​នៅ​ថ្ងៃ​សុក្រ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​រៀបចំ​កម្លាំង​សម្រាប់​ពិធី​នោះ​ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី២០។ យើង​​បាន​ដាក់​កម្លាំង​ឈរ​ជើង​នៅ​តាមគោលដៅ​​ និង​ត្រៀម​អន្តរាគមន៍​ផ្ទាល់​​ក្នុង​ករណី​មាន​បញ្ហា​​​ណាមួយ​កើត​ឡើង”។

យោង​តាម​សាលា​រាជធានី​បាន​ឲ្យ​ដឹង​ថា ពិធី​ដង្ហែសព​នៅ​ថ្ងៃ​សុក្រ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៦ព្រឹកតាម​ផ្លូវ​លេខ​៤៦២ និង​ធ្វើដំណើរ​​តាម​​បណ្ដោយ​ផ្លូវ​មួយ​ចំនួន​​ រួម​មាន​មហាវិថី​ព្រះ​នរោត្តម និង​វិថី​សុធារស មុន​ពេល​មក​ដល់ខាង​​មុខ​វត្តបទុម ដើម្បី​រៀបចំ​ពិធី​បូជា​នៅ​វេលា​ថ្ងៃ​ត្រង់​។

សារាចរ​ណែនាំ​ដែល​ចេញ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារអនុញ្ញាត​​ឲ្យ​មន្ត្រី​រាជការ និង​សមាជិក​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឈប់​សម្រាក​មួយ​ថ្ងៃ​​ដើម្បី​​ឲ្យ​ពួកគេ​មាន​ឱកាស​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ជា ស៊ីម​៕ សារុន​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស