31 C
Phnom Penh

តុលាការ​ចោទប្រកាន់បុរស​​ម្នាក់​ពីបទ​ឆបោក​​បន្ទាប់ពី​បោកប្រាស់អ្នកភូមិ​យក​ប្រាក់​អស់​ ១០០.០០០ដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​​​បាន​​​និយាយ​​​ថា កាល​​​ពីម្សិលមិញ​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​បាន​​​ចោទប្រកាន់​​​បុរស​​​ម្នាក់​​ពីបទ​​​ឆបោក​​​ដែល​​​តាម​​​ចោទ​​​ថា បាន​​​បោក​​​ប្រាស់​​​ប្រជា​​​ជន​​​ជាង​​​១០០គ្រួសារ​​​យក​​​បាន​​​ប្រាក់​​​សរុប​​​អស់​១០០.០០០ដុល្លារ​​​ដោយ​​​ការ​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​គាត់​​​​ឲ្យ​​ខ្ចីប្រាក់​​​នៅធនាគារ​​​អេស៊ីលីដា ដោយប្រើប្រាស់​​​ដី​​​របស់ខ្លួន​​​ជា​​​ដើម​​​ទុន​​​ ហើយ​​​បន្ទាប់មក​​​យក​​​ប្រាក់​​​ទាំង​​​នោះ​​​ទៅ​​​ដាក់​​​ក្រុមហ៊ុន​​​ខ្លែង​​​ក្លាយ​​​របស់​​​ជន​នេះ​។

លោក កែវ សុថា នាយការិយាល័យ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​មន្ត្រី​​​​​​បាន​​​ចាប់​​​ខ្លួន​​​លោក ចិត្ត សារិន អនុប្រធាន​​​ទីភ្នាក់​​​ងារ​​​អភិវឌ្ឍន៍​​​ភូមិ​​​កម្ពុជា​​​ក្នុង​​​ឃុំ​​​ពង​​​ទឹក​​​ស្រុក​​​រំដួល​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​។ លោក​បាន​បន្ថែម​ថា លោក ចិត្ត រ៉េន ជា​​​បង​​ប្អូន​​​ប្រុស​​​របស់​​​គាត់​​​គឺ​​​ជា​​​ប្រធាន​​​ទី​​​ភ្នាក់​​​ងារ​​​នេះ ហើយ​​​កំពុង​​​រត់​​​គេច​​​ខ្លួននៅឡើយ​​​​​​​។

លោក សុថា បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ បង​​​ប្អូន​​​ប្រុស​បង្កើត​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា ប្រសិន​​​បើ​​​ពួកគាត់​​​ប្រើ​​​ប្រាស់​​​ដី​​​របស់​​​ខ្លួន​​​ដើម្បី​​​ខ្ចី​​​​​​ប្រាក់​​​ ហើយ​​​យក​​​ប្រាក់​​​នោះ​​​ទៅ​​​ដាក់​​​នៅ​​​ក្រុមហ៊ុនពួកគេ​នោះ ពួកគាត់​​​​នឹង​​​ទទួល​​​បាន​​​ការ​​​ប្រាក់​​​៤០​​​ភាគ​​​រយ​​​ បន្ទាប់​​​ពី​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។

លោក សុថា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ព្យាយាម​​រំឭកប្រាប់​​​​​ពួក​​​គាត់​​​ថា ពួក​​​គាត់​​​នឹង​​​មាន​​​បញ្ហា​​​នៅ​​​ពេ​​ល​​​អនាគត​​​មិន​ខាន”។

យោងតាម​លោក សុថា បាន​ឲ្យ​ដឹង​ថា នគរ​​​បាល​​​បាន​​​​​​ចាប់​​​ខ្លួន​​​លោក សារិន បន្ទាប់​​​ពី​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពី​​​ប្រជា​​​ជន​​​១៣​គ្រួសារ​​​​​​កាល​​​ពី​​​ថ្ងៃ​​​៣០​​​ខែ​​​ឧសភា។ គ្រួសារ​​​ទាំង​​​នេះ​​​មាន​​​ការ​​​សង្ស័យ បន្ទាប់​​​ពី​​​ជួប​​​ប្រជុំ​​​ជា​​​មួួ​​​យ​​​ធនាគារ​​​អេស៊ីលីដា។

លោក សុថា បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជា​​​ជន​​​ប្រហែល​​​១០០គ្រួសារ​​​បាន​​​ខ្ចី​​​ប្រាក់​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១៣ ហើយ​​​ទទួល​​​បាន​​​ការ​​​ប្រាក់​​​របស់​​​ខ្លួន​​​តាម​​​ការ​​​សន្យា​​​បន្ទាប់ពីរយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។​លោក​បាន​ពន្យល់ថា រឿង​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួកគាត់​​​​​​ និង​​​អ្នក​​​ផ្សេង​​​ទៀត​​​ជឿ​​​ជាក់ ដោយ​បាន​​​​ទៅ​​​ខ្ចីប្រាក់​​​​​បន្ថែម​​​ទៀត​​​។

លោក ហឹុង​​​ ប៊ុនជា អគ្គ​ព្រះរាជ​​​អាជ្ញា​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​ឈ្មោះ សារិន ពីបទ​​​ឆបោក​​​កាល​​​ពីម្សិល​​​មិញ។

លោក សុត ដន មេឃុំ​​​ពង​​​ទឹក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ព្យាយាម​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា ពួក​​​គាត់អាច​​​ចាញ់​​​បោក​​​គេ​​​ ប៉ុន្តែ ថា ការ​​​ដាស់​​​តឿន​​​របស់​​​លោក​​​មិន​​​ត្រូវ​​​បាន​​​គេ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគាត់មិន​​​ខ្វល់​​​ឡើយ​​​ ពីព្រោះ​​​ពួកគាត់​​​ឃើញ​​​ការ​​​ប្រាក់​​​ខ្ពស់​​​ ហើយ​​​គិត​​​ថា ពួក​​​គាត់​មិន​​​ចាំ​​​បាច់​​​ខំ​​​ធ្វើ​​​ការទេ​​​”។

លោក តុល ថុល អនុប្រធាន​​​សាខា​​​ធនាគារ​​​អេស៊ីលីដា​​​ ខេត្ត​​​ស្វាយ​​​រៀង​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា មិន​​​​​​មាន​​​ការ​​​បង់​​​ការ​​​ប្រាក់​​​​​​ទាក់ទង​ប្រាក់​​​កម្ចី​​​ទាំងនោះ​​​ឡើយ​​​​ចាប់​​​តាំង​​​ពីខែ​​​មេសា​​​មក​​​ ហើយ​​​ថា ការ​​​ប្រាក់​​​ទាំង​​​អស់​​​នឹង​​​ត្រូវ​​​បង់​​​ពេញ​​​ ទើប​​​​គ្រួសារ​​​ទាំង​​​នោះ​​​អាចយកប័ណ្ណ​​​​​កម្ម​​​សិទ្ធិ​​​ដី​​​របស់ខ្លួន​​​​​​​ទៅ​​​វិញបាន​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​កិច្ច​​​សន្យា ​​​ពួក​​​គាត់​​​បាន​​​សន្យា​​​ចំពោះ​​​យើង​​​ថា ប្រាក់​​​នោះ​​​គឺ​​​ខ្ចី​​យកទៅធ្វើ​អាជីវកម្ម​​​​។ បើទោះ​ជា​ពួក​​​គាត់​​​យក​​​ប្រាក់​​​នោះ​ទៅ​​​ធ្វើ​​​អ្វ​​​ី​​​ផ្សេង​ក៏​​​ដោយ​​​ ក៏​​​យើង​​​មិន​​​ខ្វល់​​​ដែរ។ ពួកគាត់​​​​ត្រូវ​​បង់​​​ការ​​​ប្រាក់​​ទាំង​អស់​ដល់​​​យើង​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស