34 C
Phnom Penh

ប្រជាពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ប្រគល​់​ដីចម្ការ​​អំពៅ​ ​ដែល​​ក្រុម​ហ៊ុនថៃ​​បោះ​បង់​ចោល​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​ប្រាំមួយ​នាក់​មកពី​ខេត្ត​ឧត្ដរមានជ័យ​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ដើម្បី​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​កំពូល​ប្រគល់​​ដីចម្ការ​ត្រឡប់​មក​វិញ​ដែល​​​​​ប្រជាពលរដ្ឋ​​រាប់ពាន់​គ្រួសារ​និយាយ​ថា ​ជា​ដី​របស់​ខ្លួន​ដែល​ត្រូវ​​​​ក្រុម​ហ៊ុន​ចម្ការ​​អំពៅ​គ្រប់​គ្រង​ដោយ​ថៃ​ចំនួន​បី​​ លួច​ប្លន់យក​ទៅ​។

កាលពី​ខែ​មីនា ក្រសួង​កសិកម្ម​បាន​​ដក​ហូត​កម្មសិទ្ធិ​​ដី​ទំហំ​២០.០០០​ហិកតា​ ដែល​ខ្លួន​បាន​ជួល​ឲ្យ​​ក្រុម​ហ៊ុនមីត​ភុល (Mitr Phol) កាលពី​ឆ្នាំ​២០០៨ ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្គត់​ផ្គង​ស្ករស​ធំៗ​លំដាប់​ពិភព​លោក​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កូកាកូឡា។

តំណាង​ប្រាំមួយ​នាក់​នៃ​គ្រួសារ​រង​គ្រោះ​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​​ទៅ​ក្រសួង​​កសិកម្ម និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្នុង​បំណង​ទាម​ទារ​​ដី​ទំហំ​៥.០០៣​ហិកតា​សម្រាប់​ប្រជាពលរដ្ឋ​​ចំនួន​២.៤៦៦​គ្រួសារ​ ដែល​គ្រួសារ​ខ្លះ​ក្នុង​ចំណោម​នោះ​បាន​ទទួល​ដីថ្មី​​​ជា​​សំណង​រួច​ហើយ​​ ប៉ុន្តែ​និយាយ​ថា ដី​នោះ​គ្មាន​ជីជាតិ​សម្រាប់​ការ​ធ្វើ​កសិកម្ម​ទេ។

អ្នកភូមិ​ម្នាក់​ឈ្មោះ ស្មាន តេ ​និយាយ​ថា ​”​ខ្ញុំ​សង្ឃឹម​ថា យើងនឹង​​ទទួល​បាន​ដី​ត្រឡប់​មក​វិញ ពីព្រោះ​រដ្ឋាភិបាល​បាន​លុប​ចោល [ចម្ការ​​ទាំង​នោះ​] ហើយ”។ បុរស​រូប​នេះ​បាន​និយាយ​ទៀត​ថា គ្រួសារ​​យោធា​​ចំនួន​ប្រាំគ្រួសារ​បាន​រើ​ចូល​ទៅ​​រស់​នៅ​ក្នុង​ការិយាល័យ​ក្រុម​ហ៊ុន មីតភុល ដែល​គេ​បោះ​បង់​ចោល​កាលពី​ខែ​មេសា ​​ជា​ហេតុ​បង្ក​ការ​​​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​បាន​ប្រគល់​ដី​នោះ​​​ឲ្យ​យោធា​។

ពាក្យ​ចចាមអារ៉ាម​ដែល​លើក​ឡើង​ថា កង​យោធពល​ខេមរភូមិន្ទ​​បាន​ដាក់​សំណើ​ផ្លូវ​ការ​ដើម្បី​​​សុំ​យក​ដី​នេះ​ទៅ​ក្រសួង​កសិកម្ម​នោះ មិន​មែន​ជា​ការ​ពិត​ឡើយ​។

លោក អ៊ាង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ផ្នែក​សិទ្ធិ​ដីធ្លី​​បាន​មាន​ប្រសាសន៍​ថា ​ប្រជាពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​មួយ​ចំនួន​ត្រូវ​គេ​ប្រាប់​ថា ដី​នោះ​​ប្រហែល​ជា​ត្រូវ​ធ្លាក់​​លើ​កណ្ដាប់​ដី​ក្រុម​ហ៊ុន​វិញ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​សហគមន៍​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ថា ដី​នោះ​ប្រហែល​ជា​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​មួយ​ទៀត​ នោះ​ជា​មូលហេតុ​ដែល​ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ប៉ុន្តែ​ជា​​ផ្លូវ​ការ​ យើង​មិន​ទាន់​​ទទួល​បាន​​​​ព័ត៌មាន​អ្វី​នៅ​ឡើយ​ទេ​”។

កាលពី​ខែ​មុន លោក អៀង សុផាល្លែត អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ មីត​ភុល បាន​សម្រេច​ចិត្ត​បោះ​បង់​ចម្ការ​ទាំង​នេះ​ចោល​ដោយ​សារ​តែ​ភាព​ចម្រូងចម្រាស​​​ជុំវិញ​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ ហើយ​ថា គ្រួសារ​រងគ្រោះ​ប្រហែល​ជា​ទទួល​បាន​ដី​បាត់​បង់​របស់​ខ្លួន​ត្រឡប់​មក​វិញ។

កាលពី​ម្សិលមិញ​លោក ចាន់ សាវុធ អនុរដ្ឋលេខាធិការ​មួយ​រូប​ទៀត​នៅ​ក្រសួង​នេះ​​បាន​មាន​ប្រសាសន៍​ថា ជោគវាសនា​​​នៃ​ដី​ទំហំ​២០.០០០​ហិកតា​​នេះ​​បានធ្លាក់​លើ​កណ្ដាប់​ដៃ​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​​ហើយ ហើយ​លោក​មិន​ដឹង​ថា អាជ្ញាធរ​នេះ​បាន​​ធ្វើ​សេចក្ដី​សម្រេច​​ហើយ​ឬយ៉ាង​ណា​នោះ​ទេ។

ឧបនាយករដ្ឋមន្ត្រី ប៊ិន​ ឈិន ដែល​ជា​ប្រធាន​អាជ្ញាធរ​នេះ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេជុំវិញ​បញ្ហា​នេះ​។ ឧត្ដម​សេនីយ៍​ត្រី ម៉ក់ សុវណ្ណ មេបញ្ជាការ​​កង​យោធពល​ខេមរភូមិន្ទ​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​មិន​​អាច​​ទាក់​ទង​បាន​ឡើយ​។

បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស​​​ដែល​បាន​សិក្សា​​ពី​វិវាទ​ដីធ្លី​និយាយ​ថា ​ព្រៃ​ទំហំ​ជាង​៣.០០០​ហិកតា​ត្រូវ​បាន​កាប់​ឈូស​ឆាយ​​ ខណៈ​ក្រុម​ហ៊ុន​ មីតភុល​ ឈរ​ជើង​នៅ​ទីនោះ​ ហើយ​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​​ចេញ​និយាយ​ថា គ្រួសារ​យោធា​​ដែល​បាន​រើ​ចូល​ទៅ​រស់​នៅ​​ទីនោះ​ចាប់​តំាង​ពី​ពេល​នោះមក បាន​ធ្វើ​សកម្មភាព​កាប់​ព្រៃ​ដែល​នៅ​សេសសល់​។

លោក ទៀង ដាវុធ នាយខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​​ស្រុក​សំរោង ក្នុង​ខេត្ត​ឧត្ដរមានជ័យ ​បាន​ច្រាន​ចោល​ការ​រាយការណ៍​​​ដែល​លើក​ឡើង​ថា គ្រួសារ​យោធា​ទាំង​នោះ​​​កំពុង​បន្ត​កាប់​ឈើ​។ លោក​មាន​ប្រសាសន៍​ថា ​លោក​ ស ថាវី អភិបាល​ខេត្ត​នេះ​​បាន​បញ្ជូន​លោក​ទៅ​កាន់​​តំបន់​នោះ​ដើម្បី​ស៊ើបអង្កេត​ពី​ការ​រាយការណ៍ទាំង​នេះ​កាលពី​ពីរបី​ថ្ងៃ​មុន “​ប៉ុន្តែ​ខ្ញុំ​រក​មិន​ឃើញ​ថា ពួកគាត់​កាន់​កាប់​ដី​នោះឡើយ”៕ សុខុម (រាយការណ៍​បន្ថែម​ដោយ Zsombor Peter)​​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស