មន្ត្រីតុលាការម្នាក់បាននិយាយថា បុរសជនជាតិខ្មែរម្នាក់ដែលបានលក់អាជ្ញាប័ណ្ណបើកគ្លីនិកព្យាបាលមួយក្នុងក្រុងស្ទឹងត្រែងនោះ ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ បន្ទាប់ពីស្ត្រីម្នាក់បានស្លាប់ក្រោយពេលទៅរំលូតកូនចេញនៅគ្លីនិកនោះ។
លោក អៀង គឹមថុល ប្រធានសាលាដំបូងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាអ្នកស្រី សៅ ផល្លី អាយុ៣០ឆ្នាំបានទៅរំលូតកូនចេញនៅគ្លីនិកស្ទឹងត្រែងសេកុង កាលពីថ្ងៃទី២៩ ខែឧសភា ។ នៅថ្ងៃទី៨ខែមិថុនា គាត់បានស្លាប់ទំនងដោយសារការព្យាបាលមិនមានបច្ចេកទេសត្រឹមត្រូវ។
លោក គឹមថុល បានមានប្រសាសន៍ថា “ជនរងសង្ស័យរូបេនះបានលក់អាជ្ញាប័ណ្ណរបស់ខ្លួនទៅឲ្យគ្រូពេទ្យជនជាតិចិនម្នាក់ដែលបានបន្តព្យាបាលអ្នកជំងឺរយៈពេលពីរឆ្នាំមកហើយ “។
ប្រធានសាលាដំបូងរូបនេះបានមានប្រសាសន៍ថា “អាជ្ញាប័ណ្ណបើកគ្លីនិកស្ទឹងត្រែងសេកុងនេះដែលត្រូវបានចេញដោយមន្ទីរសុខាភិបាលខេត្តនោះ នៅមានសុពលភាពនៅឡើយហើយថាដោយសារពីគ្លីនិកនេះបានចុះឈ្មោះ ដោយប្រើឈ្មោះ លោក រិន រ៉ាវុធ
ដែលជាមន្ត្រីបច្ចេកទេសនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនោះ គាត់ត្រូវទទួលខុសត្រូវចំពោះបញ្ហាណាមួយនៅគ្លីនិកនេះ។
លោក គឹមថុល បានមានប្រសាសន៍ថា នគរបាលទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះបន្ទាប់ពីស្ត្រីរូបនេះបានស្លាប់ ហើយឈានទៅដល់ការចាប់ខ្លួនគាត់កាលពីថ្ងៃទី១២ ខែមិថុនា ហើយនៅសវនាការជំនុំជម្រះកាលពីម្សិលមិញ លោក រ៉ាវុធ មានជំនឿថា បញ្ហានេះត្រូវបានដោះស្រាយរួចរាល់អស់ទៅហើយ។
លោក គឹមថុល បានមានប្រសាសន៍ថា “នៅពេលត្រូវបានសាកសួរ ជនសង្ស័យរូបនេះបាននិយាយថា គាត់បានផ្តល់សំណងជាប្រាក់ប្រហែល៦.០០០ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះហើយ ប៉ុន្តែ ក្រោយមកនគរបាលបានចាប់ខ្លួនគាត់ បើទោះជាពួកគេបានព្រមព្រៀងគ្នាហើយក៏ដោយ”។
លោកបានបន្ថែមថា ទឹកប្រាក់ចំនួន៦.០០០ដុល្លារនេះមិនមានតម្លៃស្មើនឹងយុត្តិធម៌ទេ ហើយថា លោក វ៉ាវុធ នឹងប្រឈមការចោទប្រកាន់ពីបទពាក់ព័ន្ធការរំលូតកូននោះ ដែលបណ្តាលឲ្យស្ត្រីរូបនោះស្លាប់ ដែលបើតាមច្បាប់សុខាភិបាល មានទោសជាប់ពន្ធនាគារពីប្រាំឆ្នាំដល់១០ឆ្នាំ។
ប្រធានសាលាដំបូងរូបនេះបានបន្ថែមថា គ្លីនិកនេះមិនមានអាជ្ញាប័ណ្ណធ្វើការការរំលូតកូនទេ ហើយថា ឥឡូវនេះគ្លីនិកនេះត្រូវបិទ។
លោក ហោ វុទ្ធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា លោករង់ចាំតុលាការចេញដីកាចាប់ខ្លួនបុរសជនជាតិចិនដែលលោកមិនស្គាល់ឈ្មោះ។
លោកបានមានប្រសាសន៍ថា ទោះយ៉ាងណា ទីបំផុតលោក វ៉ាវុធ នឹងត្រូវទទួលខុសត្រូវចំពោះការបាត់បង់ជីវិតស្ត្រីរូបនោះ។
លោកបានមានប្រសាសន៍ ថា “បុរសជនជាតិចិនរូបនោះដែលបានបណ្តាលឲ្យស្ត្រីនោះស្លាប់បានរត់គេចខ្លួនបាត់ ប៉ុន្តែ អ្នកដែលជាម្ចាស់គ្លីនិកត្រូវទទួលខុសត្រូវ”៕សារុន