មន្ត្រីបាននិយាយថា ទាហានកងយោធពលខេមរភូមិន្ទម្នាក់ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនកាលពីថ្ងៃពុធ តាមការសង្ស័យពីបទបើកបរបុកមនុស្សហើយរត់ ដែលបានបណ្តាលឲ្យបុរសម្នាក់ស្លាប់ ហើយត្រូវបានឃុំខ្លួនកាលពីថ្ងៃសុក្រ នៅឯតុលាការមួយក្នុងខេត្តឈុនបូ៊រី ប្រទេសថៃ។
លោក សារ៉េត វិសិដ្ឋ អធិការរងនគរបាលស្រុកភ្នំព្រឹកបានមានប្រសាសន៍ថា លោក រ៉ុង សារីម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបាននគរបាលថៃឃាត់ខ្លួន បន្ទាប់ពីលោកបានបើកគេចខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបណ្តាលឲ្យជនជាតិថៃម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីឆ្លងដែនទៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។
លោកបានមានប្រសាសន៍បន្តថា “គាត់ទៅឈុនប៊ូរី ជាមួយប្រពន្ធរបស់គាត់ដើម្បីពិនិត្យផ្ទៃពោះ ហើយគាត់ធ្លាប់ទៅទីនោះជាញឹកញាប់នៅថ្ងៃឈប់សម្រាក”។
លោកបានលើកឡើងទៀតថា នៅពេលលោក រ៉ុង សារីម ជិះបានចម្ងាយប្រហែល២០គីឡូម៉ែត្រពីព្រំដែន រថយន្តរបស់លោកដែលមានកូនពីរនាក់របស់លោកជិះនៅក្នុងនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកម៉ូតូមួយគ្រឿងពីក្រោយជិះគ្នាពីរនាក់ ហើយក៏បានបើកគេចពីកន្លែងកើតហេតុ។
លោក សារ៉េត វិសិដ្ឋ បានបញ្ជាក់ថា “នៅម៉ោងប្រហែល៤រសៀលថ្ងៃពុធ លោក សារីម បានបើកបរបុកម៉ូតូមួយគ្រឿងពីក្រោយ ហើយបុរសថៃម្នាក់បានស្លាប់ភ្លាមៗ ចំណែកឯស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ដោយរយះជើងយ៉ាងធំ។ បន្ទាប់ពីបុកមនុស្សហើយរត់ គាត់បានព្យាយាមបើកបរឆ្ពោះមកស្រុកភ្នំព្រឹកកាត់តាមច្រកព្រំដែនអូររំដួលដើម្បីគេចខ្លួន ប៉ុន្តែ អាជ្ញាធរថៃបានស្ទាក់បិទផ្លូវចម្ងាយប្រហែល២០គីឡូម៉ែត្រពីព្រំដែនកម្ពុជា”។
លោកបានលើកឡើងទៀតថា លោក រ៉ុង សារីម កំពុងត្រូវបានឃុំខ្លួននៅឯតុលាការមួយក្នុងខេត្តឈុនបូ៊រី ។
ទោះបីជាមន្ត្រីយោធារូបនេះត្រូវបានឃុំខ្លួនក្តី ក៏លោក ហម ខែក មេបញ្ជាការរងនៃយោធពលភាគសឹករងខេត្តបាត់ដំបងបានមានប្រសាសន៍ថា លោកជឿថា អាចនឹងមានកិច្ចព្រមព្រៀងធានាដោះលែងលោក រ៉ុង សារីម មកវិញ។
លោកបានថ្លែងថា “ខ្ញុំទទួលបានសេចក្តីរាយការណ៍ថា គាត់ប្រហែលជាអាចដោះស្រាយករណីេនះជាមួយអាជ្ញាធរថៃបាន ពីព្រោះអាជ្ញាធរថៃតែងតែលើកលែងទោសឲ្យយើង”។
លោក វីនថៃ ស៊ូវ៉ារី (Winthai Suvari) អ្នកនាំពាក្យកងទ័ពថៃ បានលើកឡើងថា លោកមិនទាន់ទទួលបានរបាយការណ៍ណាមួយស្តីពីករណីលោក រ៉ុង សារីម នៅឡើយទេ។ វរសេនីយ៍ឯករូបេនះបានលើកឡើងបន្តថា “ខ្ញុំបានទាក់ទងកងទ័ព និងមេបញ្ជាការ [ក្នុងខេត្តឈុនប៊ូរី] ប៉ុន្តែយើងមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធនឹងទាហានកម្ពុជារូបនេះនៅចំណែកឯអ្នកនាំពាក្យនគរបាលថៃមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ៕ សុខុម (រាយការណ៍បន្ថែមដោយ George Wright)