30 C
Phnom Penh

ការជីករណ្តៅដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រណ្តៅជីកយកដីក្នុងភូមិត្រាចគុល ខេត្តកណ្តាល។ រូបថតៈ Ben Woods/The Cambodia Daily
រណ្តៅជីកយកដីក្នុងភូមិត្រាចគុល ខេត្តកណ្តាល។ រូបថតៈ Ben Woods/The Cambodia Daily

ជំនួញជីកយកអាចម៍ដីដ៏មានកម្រៃច្រើន កំពុងធ្វើឲ្យរណ្តៅកាយយកដីធំល្ហល្ហេវក្នុងភូមិអ្នកស្រុក

 

ស្រុកអង្គស្នួល ខេត្តកណ្តាល-ពីជ្រុងណាមួយក៏ដោយ ក៏ភូមិត្រាចតុល ហាក់ដូចជាភូមិខ្មែរដទៃទៀតដែរ។ មានខ្ទមថ្មមួយចំនួនតូច ជាទីសក្ការបែបសាសនា ហើយក៏គ្មានអ្វីផ្សេងទៀតដែរ។ វាលស្រែធំល្វឹងល្វើយ លាតសន្ធឹងគ្រប់ទិសទី។ ភ្លេងអាពាហ៍ពិពាហ៍ ឮសូររងំៗពីចម្ងាយ។

ប៉ុន្តែក្រឡេកមើលជុំវិញខ្លួន មើលឲ្យកាន់តែច្បាស់ មានឃើញរណ្តៅដីល្ហល្ហេវ។ មានរណ្តៅដី៨កន្លែង រួមមានរណ្តៅដីដ៏ធំ៤កន្លែងពេញប្រៀបទៅដោយទឹកភ្លៀង ហើយខ្ញុំមិនដឹងថាអ្វីជាអ្វីទេនិងមានរណ្តៅដីតូចៗជាច្រើនផងដែរ។

រណ្តៅដីមានឃើញលេចធ្លោលើទិដ្ឋភាពភូមិត្រាចតុល ចាប់តាំងពីគេបានជីករណ្តៅម្តងមួយៗតាំងពីឆ្នាំ២០០៨រហូតមក ក្នុងពេលដែលពាណិជ្ជករក្នុងស្រុកពីររូប ដែលអ្នកស្រុកហៅឈ្មោះថា “សុខធំ” និង”សុខតូច” បានចាប់ផ្តើមលក់អាចម៍ដីចាក់បំពេញទីតាំងសាងសង់។នាពេលថ្មីៗនេះ រណ្តៅដីបានចាប់ផ្តើមមានភាពលុបលើទិដ្ឋភាពអ្នកតាផងដែរ។

អ្នកស្រី លីវាសនា ឈរជិតរណ្តៅជីកយកដី ដែលកូនស្រីភ្លោះរបស់អ្នកស្រីបានលង់ទឹកស្លាប់។ រូបថតៈ Ben Woods/The Cambodia Daily
អ្នកស្រី លីវាសនា ឈរជិតរណ្តៅជីកយកដី ដែលកូនស្រីភ្លោះរបស់អ្នកស្រីបានលង់ទឹកស្លាប់។ រូបថតៈ Ben Woods/The Cambodia Daily

នៅថ្ងៃមួយក្នុងខែមេសាកាលពីឆ្នាំមុន កូនភ្លោះមានអាយុ៨ឆ្នាំ គឺឈឿន ចាន់រីយ៉ា និងឈឿន ចាន់លីដា បានប្រឡែងគ្នាលេងនៅតាមមាត់រណ្តៅជីកយកដីមួយ ក្នុងពេលនោះពួកគេធ្លាក់ចូលក្នុងរណ្តៅដី ហើយលង់ទឹកស្លាប់សឹងតែភ្លាមៗ។

កូនភ្លោះនេះ នៅតូច ហើយរពឹស ដោយមានរង្វង់មុខមូលនិងភ្នែកធំៗ។ ពួកគេចូលចិត្តភ្លេង ហើយចូលចិត្តស្តាប់ភ្លេងណាស់។ ក្នុងពេលដែលម្តាយរបស់ពួកគេ បានវិលមកផ្ទះវិញ ពួកគេតែងតែរត់មករកឆែកកាបូបម្តាយ រាវរកនំនិងស្ករគ្រាប់។ ពួកគេមានចរិតសមរម្យចំពោះក្មេងស្រីផ្សេងទៀតនៅក្នុងភូមិ ដែលហៅពួកគេថា បងស្រីធំ។ ពួកគេដូចជាក្មេងស្រីផ្សេងទៀតនៅក្នុងភូមិក្នុងស្រុកខ្មែរដែរ រហូតដល់ពួកគេស្លាប់តែម្តង។

ម្តាយពួកគេឈ្មោះ លី វាសនា ជាកម្មកររោងចក្រអាយុ ៣៦ឆ្នាំ និងមានសម្តីទន់ មានភ្នែកជ្រៅ និងវៃ មានអារម្មណ៍ដក់ជាប់នឹងវាសនារបស់កូនស្រីគាត់ចាប់តាំងពីពេលនោះមក។

អ្នកស្រីចំណាយពេលជិតមួយឆ្នាំដោយព្យាយាមជួបពួកគេនៅក្នុងពិភពព្រលឹង និងរៀបចំឲ្យពួកគេទៅចាប់ជាតិជាថ្មី។ អ្នកស្រីបានទៅរកគ្រូអន្ទងព្រលឹង ដើម្បីឲ្យបានទៅជួបពួកគេ បានឮសំឡេងវាចាពួកគេស្រែកហៅថា “ម៉ាក់” ម្តងទៀត។ អ្នកស្រីបានកើបដីពីរណ្តៅដី ហើយគ្រវែងចេញពីមាត់ទ្វារអ្នកជិតខាងអ្នកស្រី ក្នុងក្តីសង្ឃឹមថា ពួកគេនឹងចាប់ជាតិជាថ្មីនៅទីនោះ។

អ្នកជិតខាងអ្នកស្រី វាសនា គឺ អ៊ិន លាភ បាននិយាយទាក់ទងនឹងការលង់ទឹកស្លាប់នោះថា “វាពិតជាប៉ះពាល់ទាំងស្រុងលើភូមិនេះ។ សូម្បីតែខ្លួនខ្ញុំ នៅថ្ងៃដែលកូនភ្លោះបានស្លាប់ ខ្ញុំបានសន្លប់ជាច្រើនដង។ ប្រសិនបើពួកគេមិនស្លាប់ទេ ពួកគេអាចមានកម្ពស់ខ្ពស់ដូចកូនខ្ញុំអ៊ីចឹងដែរ”។

លោក អ៊ុក ឧត្តម អង្គុយក្នុងអង្រឹងខាងក្រៅផ្ទះជួលនៅលើមាត់ច្រាំងរណ្តៅជីកយកដីនៅក្បែរសាកលវិទ្យាល័យភូមិកសិកម្ម ក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ។ រូបថតៈ Ben Woods/The Cambodia Daily
លោក អ៊ុក ឧត្តម អង្គុយក្នុងអង្រឹងខាងក្រៅផ្ទះជួលនៅលើមាត់ច្រាំងរណ្តៅជីកយកដីនៅក្បែរសាកលវិទ្យាល័យភូមិកសិកម្ម ក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ។ រូបថតៈ Ben Woods/The Cambodia Daily

ការអភិវឌ្ឍ មិនបាននាំឲ្យមានការផ្លាស់ប្តូរជាក់ស្តែងច្រើននៅក្នុងភូមិត្រាចតុលឡើយ។ គ្មានរថយន្តទំនើបៗនៅទីនេះទេ សូម្បីតែរថយន្តមានតម្លៃថោកក៏គ្មានដែរ។ សូម្បីតែផ្លូវចាក់កៅស៊ូក៏គ្មានដែរ។ ភាគច្រើននៃផ្ទះសំបែងនៅទីនេះ តូចៗនៅប្រជ្រៀតកុំគ្នា ដែលសង់ពីឥដ្ឋនិងប្រក់ស័ង្កសី។ វាជាទីកន្លែងមួយក្នុងបណ្តាទីកន្លែងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ដែលបន្សល់ទុកស្លាកស្នាមដោយល្បឿនឆាប់រហ័សនៃកំណើនសេដ្ឋកិច្ច ដោយគ្មានការទទួលបានផលប្រយោជន៍ច្រើនទេ។

គ្មាននរណាម្នាក់ដឹងច្បាស់លាស់ថាតើមានភូមិចំនួនប៉ុន្មាន ដែលមានរណ្តៅដីទាំងនេះទេ។ រដ្ឋាភិបាលមិនទំនងជាតាមដានឲ្យបានដិតដល់ចំពោះការកាយយកដីទេ ហើយគ្មានអង្គការក្រៅរដ្ឋាភិបាលណាមួយតាមដានមើលដោយដិតដល់ដែរ។ ប៉ុន្តែវាច្បាស់ណាស់ថា ឧស្សាហកម្មនេះ កំពុងតែរីកដុះដាល ហើយប្រជាពលរដ្ឋសហគមន៍ជនបទ រាយការណ៍ថា ពួកគេជាញឹកញាប់ពើបប្រទះនឹងការដ្ឋានជីកយកដី។

នៅក្នុងសេណារីយ៉ូល្អបំផុត រណ្តៅដីទាំងនេះ អាចត្រូវប្រើជាអាងស្តុកទឹកខ្នាតតូច ឬស្រះ។ ក្នុងករណីអាក្រក់បំផុត រណ្តៅទាំងនេះ គឺជាស្នាមរង្វះដ៏ធំក្នុងដី។ ប្រសិនបើលោកអ្នកមិនរស់នៅក្បែរទីនោះទេ លោកអ្នកពិតជាមិនចាប់អារម្មណ៍ចំពោះរណ្តៅដីទេ រហូតទាល់តែលោកអ្នកចាប់ផ្តើមរកមើល ទើបបានឃើញ។ មួយសន្ទុះក្រោយមក ឃើញរណ្តៅដីព្រោងព្រាតគ្រប់ទីកន្លែង។

លោក ជា ប៊ុនស៊ាង គឺជាស្ថាបត្យករម្នាក់ល្បីល្បាញបំផុតក្នុងស្រុកខ្មែរ មានមាឌតូច មានទឹកមុខញញិមពព្រាយ ធ្វើការជាមួយបុគ្គលិកមួយក្រុមតូចនៅក្នុងផ្ទះវីឡាដែលបំពាក់ដោយអំពូលម៉ែត្រ ដែលធ្វើជាហាងកាហ្វេទំនើប។ លោក ប៊ុនស៊ាង មានគម្រោងជាច្រើនគ្រប់ទីកន្លែង ហើយលោក និយាយថា ដីត្រូវការសម្រាប់គម្រោងសាងសង់គ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា។ គេចាក់ដីពង្រាបលើក្បាលដី និងចាក់លើកឲ្យខ្ពស់កុំឲ្យលេចទឹកភ្លៀងជោរជន់។

លោក ប៊ុនស៊ាង អាចដំឡើងរូបផ្កាយរណបពីលើអាកាសនៃក្រុងភ្នំពេញនៅលើផែនទីហ្គូហ្គលហើយបង្ហាញឲ្យឃើញរណ្តៅដីរាប់សិបកន្លែង ដែលគេជីកយកដីសម្រាប់ចាក់បំពេញការដ្ឋានសាងសង់។

លោក ប៊ុនស៊ាង បាននិយាយដោយចង្អុលទៅលើលំហទទេដ៏ធំនៅលើផែនទីមានស្អេកស្កះនៅជាយក្រុងភាគនិរតីនៃក្រុងភ្នំពេញថា “ជីក ជីក ជីក”។

ស្ថាបត្យកររូបនេះបាននិយាយពន្យល់ថា “រាល់ឆ្នាំ ម្ចាស់ដីស្រែទាំងនេះ ពីព្រោះពួកគេរស់នៅកៀកនឹងទីក្រុង ពួកគេផ្លាស់ប្តូរមុខរបរទៅជាអ្នករត់ម៉ូតូឌុប ហើយមនុស្សចាស់ៗប្រគល់ដីឲ្យកូនប្រុសរបស់គេ ហើយកូនប្រុសរបស់គេមិនចូលចិត្តធ្វើស្រែទេ ហេតុដូច្នេះគេលក់ដីល្អជាង។ ឥឡូវនេះ ការអភិវឌ្ឍទីក្រុងផ្លាស់ប្តូរតាមរបៀបនេះ ដូច្នេះគេយកដីនេះទៅចាក់បំពេញដីនេះ ហើយយកដីនេះទៅចាក់បំពេញដីនេះ”។

រណ្តៅជីកយកដីមើលពីលើ។ រូបថតៈ Ben Woods/The Cambodia Daily
រណ្តៅជីកយកដីមើលពីលើ។ រូបថតៈ Ben Woods/The Cambodia Daily

ប្រហែលមួយទសវត្សរ៍មុន ឈ្មួញជីកដីចាប់ផ្តើមកាយយកដីពីរណ្តៅធំមួយកន្លែងនៅក្នុងខណ្ឌដង្កោ នៅក្បែរសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រណ្តៅដី គឺរីកធំណាស់ ដែលគេអាចយល់ច្រឡំថាជាបឹងទឹកប្រៃ ត្បិតមាត់វាមិនបានកំណត់ច្បាស់លាស់ទេ ហើយផ្ទះសម្បែងដែលនៅតាមមាត់ច្រាំងលាយឡំទៅនឹងដីសើមជោកជាំនៅជុំវិញមាត់រណ្តៅដី។

លោក យី ឈួន ជាបុរសមានវ័យ៥០ឆ្នាំមានកូនបីនាក់ រស់នៅតាមមាត់រណ្តៅដី បាននិយាយថា កសិករបានលក់ដីរបស់គេឲ្យឈ្មួញជីកដីម្នាក់ក្នុងរង្វង់ឆ្នាំ២០០៤។ បន្ទាប់មក លោកបានជីករណ្តៅដីដ៏ធំមួយ ហើយក៏លក់ដីនោះឲ្យឈ្មួញម្នាក់ទៀត ដែលបានជីកកាន់តែជ្រៅនិងរីកកាន់តែធំ។ នៅពេលដែលគេបានឈប់ជីកបន្តទៀត រណ្តៅដីមានជម្រៅជ្រៅរហូតដល់ធ្វើឲ្យទឹកក្រោមដីហូរចេញមក។

លោក ឈួន បាននិយាយថា “ខ្ញុំមិនសប្បាយចិត្តសោះចំពោះរណ្តៅដីនេះ។ ខ្ញុំព្រួយណាស់….ជួនកាល ចៅៗចង់ចុះលេងទឹក ប៉ុន្តែក្រុងត្រូវតែអភិវឌ្ឍ”។

ឆ្ពោះទៅទិសខាងលិច នៅក្បែរពន្ធនាគារព្រៃស មានរណ្តៅដីពីរកន្លែងដែលមានជម្រៅកាន់តែជ្រៅ ដែលហាក់ដូចជារយះប្រេះចេញពីដីដោយកម្លាំងធម្មជាតិ គឺការរញ្ជួយដី ឬការផ្ទុះដូច្នេះដែរ។ រណ្តៅដីនេះទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានមួយរយៈកាលពីឆ្នាំមុន ក្នុងពេលដែលឧទ្ធម្ភាគចក្រយោធាមួយគ្រឿងបានបុករណ្តៅដីមូយកន្លែង ហើយកិច្ចប្រឹងប្រែងជួយសង្គ្រោះ ត្រូវរារាំងដោយរណ្តៅជញ្ជាំងចោត ហើយទឹកកខ្វក់ក៏កាន់តែហៀរហូរឡើងនៅក្នុងរណ្តៅដែរ។ អ្នកភូមិដែលរស់នៅក្បែរៗនិយាយថា ពួកគេមិនស្គាល់ឈ្មោះឈ្មួញដីទេ។

អ្នកស្រី សម្បត្តិ រស្មី ដែលមានផ្ទះបែរមុខទៅរកជ្រោះជ្រៅនោះ និងដែលព្យាយាមឃាត់កូនប្រុសអាយុ៤ឆ្នាំ គឺសុផានិតមិនឲ្យលេងនៅក្នុងកន្លែងនោះ និយាយថា “ជាពួកអ្នកមាន។ មុននឹងខ្ញុំចូលមកនៅទីនេះ ខ្ញុំខ្លាចណាស់ ប៉ុន្តែឥឡូវនេះ ដូចជាធម្មតាទៅហើយ”។

លោក ប៊ុនស៊ាង ជាស្ថាបត្យករ បានពន្យល់ថា វាជាធម្មតាចំពោះអ្នកភូមិ ដែលមិនស្គាល់ឈ្មោះ ឬអត្តសញ្ញាណនៃអ្នកដែលជីករណ្តៅដីនៅក្នុងសហគមន៍របស់គេ។ ពីព្រោះជំនួញលក់ដី ពឹងផ្អែកលើការយល់ដឹងពីស្ថានការណ៍តាមមូលដ្ឋាន ដែលមានដីអាចជីកយកបាន ដែលអ្នកភូមិខ្សត់ខ្សោយប្រាក់កាស់ ដែលពួកគេចង់លក់ដីគេ ហើយដោយសារតែអ្នកសាងសង់ចង់ទិញដីពីតំបន់ជិតៗដើម្បីចំណេញលើការដឹកជញ្ជូន ជំនួញនេះមានលក្ខណៈវិមជ្ឈការណាស់ ហើយក៏មានក្រុមហ៊ុនធំៗពីរបីប៉ុណ្ណោះជាប់ពាក់ព័ន្ធ។

លោក ប៊ុនស៊ាង បាននិយាយថា ឈ្មួញភាគច្រើន ជាម្ចាស់ដីឯកជន ឬឈ្មួញតូចតាច ដូចជាសុខធំ និងសុខតូចជាដើម។ ជាញឹកញាប់ ពួកគេពឹងផ្អែកលើការសូកប៉ាន់មន្ត្រីរដ្ឋាភិបាលមូលដ្ឋាន ដែលពួកគេស្គាល់ ជាជាងសុំច្បាប់អនុញ្ញាតពីក្រសួងរ៉ែនិងថាមពល ដែលធ្វើនិយ័តកម្មជាផ្លូវការលើការជីកយកដី។

លោក ប៊ុនស៊ាង បាននិយាយថា “គ្មានក្រុមហ៊ុនទេ គឺវាដូចជាក្រុមឯកជនមួយប៉ុណ្ណោះ។ ដូចថា ខ្ញុំមានឡានចំណុះ១០ម៉ែត្រគូប ហើយខ្ញុំមានម៉ាស៊ីនកាយដីមួយគ្រឿង ពីរគ្រឿង បីគ្រឿង ដូច្នេះ ខ្ញុំទៅជីកដី អ្នកបង់ប្រាក់ឲ្យខ្ញុំ ហើយខ្ញុំដឹកដីទៅដល់កន្លែងរបស់អ្នក ហើយខ្ញុំបង់ប្រាក់ឲ្យប៉ូលិសតាមផ្លូវ និងបង់ឲ្យអាជ្ញាធរមូលដ្ឋាន”។

លោក ប៊ុនស៊ាង បាននិយាយបន្ថែមថា “តាមសន្និដ្ឋានវាស្ថិតនៅក្រោមក្រសួងរ៉ែនិងថាមពល ប៉ុន្តែក្រសួងរ៉ែនិងថាមពលនៅតាមថ្នាក់ស្រុក មានសមត្ថភាពទាប ហើយគ្មានអំណាច”។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា ក្រសួងរបស់លោកទទួលខុសត្រូវចំពោះការធ្វើនិយ័តកម្មលើការជីកយកដី។

លោកបានសរសេរនៅក្នុងអ៊ីម៉េលថា “នេះត្រូវចាត់ទុកជាធនធានរ៉ែផងដែរ។ ដូច្នេះ វាត្រូវធ្វើនិយ័តកម្មដោយច្បាប់រ៉ែ និងស្ថិតក្រោមការពិនិត្យមើលរបស់ក្រសួងយើង លើកលែងតែមានការជីកប្រព័ន្ធធារាសាស្ត្រ ដែលនឹងស្ថិតក្រោមក្រសួងធនធានទឹក។

លោក ទីណា បានយល់ព្រមឆ្លើយសំណួរបន្ថែមទៀតអំពីប្រធានបទនេះ ប៉ុន្តែមិនបានឆ្លើយតបទៅនឹងសារច្រើនបន្ថែមទៀតទេ។

លោក ប៊ុនស៊ាង បាននិយាយថា បន្ថែមលើទីតាំងរណ្តៅជីកដីដ៏ធំបំផុតនិងលេចធ្លោបំផុត មានរណ្តៅដីតូចៗនៅពាសពេញជនបទទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមជាយតំបន់ទីក្រុងនានា ដែលគេមិនសូវចាប់អារម្មណ៍។

លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បាននិយាយថា ការអនុវត្តបែបនេះ កើតឡើងជាទូទៅនៅក្នុងប្រទេសកម្ពុជាភាគខាងលិច ក៏ដូចជាក្រុងភ្នំពេញ។ លោក ចាន់គា បាននិយាយថា មានរណ្តៅជីកដី”ច្រើន”នៅក្នុងតំបន់ដែលលោកឃ្លាំមើល។ លោកនិយាយថា រណ្តៅដីជ្រងោមួយកន្លែង មានទំហំប្រហែល៤០០ម៉ែត្រការ៉េ ត្រូវបានគេជីកនៅឆ្នាំនេះក្នុងក្រុងសិរីសោភ័ណ។ អ្នកស្រុកត្អូញត្អែរថា រណ្តៅដីនោះកំពុងធ្វើឲ្យដីស្រែបាក់និងផ្លូវបាក់់។

លោក ចាន់គា បាននិយាយថា “គេយកដីលក់ឲ្យផ្ទះអ្នកមាន ដើម្បីចាក់បំពេញដីដែលអ្នកមានបានទិញ។ គេជីកដីលុងកើតជារណ្តៅ ហើយគេធ្វីឲ្យព្រៃភ្នំត្រងោល។

នៅលើកោះឧកញ៉ាតី ការជិះទូកដមួយភ្លែតពីក្រុងភ្នំពេញ គេគ្រប់គ្នាស្គាល់ ហេង សុខហ៊ាង។ លោកអ្នកគ្រាន់តែសួររកហ៊ាងដឹកដី។

បុរសរូបនេះ បង្ហាញភ័ស្តុតាងនៃមុខរបបរបស់គាត់នៅលើរាងកាយគាត់ គឺស្បែកជើងគាត់រុំទៅដោយធូលី ដោយមានម្រាមជើងកណ្តាលលៀនចេញពីស្បែកជើង ហើយក្រចកដៃរបស់គាត់មានពណ៌ត្នោត ប៉ុន្តែគាត់រកប្រាក់កាស់បានគ្រប់គ្រាន់ ដែលធ្វើឲ្យប្រពន្ធគាត់អាចពាក់ក្រវិលពេជ្រនិងចិញ្ចៀនពេជ្រ ហើយកូនស្រីអាយុ១០ឆ្នាំរបស់គេ អាចលេងទូរស័ព្ទស្មាតហ្វូន ដោយស្លៀកពាក់ខោអាវកីឡាកម្ញីដោយមានពាក្យថា “ព្រះមហាក្សត្រី”នៅលើត្បូងសិប្បនិម្មិត។

កម្ទេចកម្ទីផ្ទះបែកបាក់នៅតាមមាត់រណ្តៅជីកយកដីក្នុងខណ្ឌដង្កោ។ រូបថតៈ Ben Woods/The Cambodia Daily
កម្ទេចកម្ទីផ្ទះបែកបាក់នៅតាមមាត់រណ្តៅជីកយកដីក្នុងខណ្ឌដង្កោ។ រូបថតៈ Ben Woods/The Cambodia Daily

លោក សុខហ៊ាង រកស៊ីលក់អាចម៍ដីអស់រយៈពេល២០ឆ្នាំមកហើយ ដោយធ្វើឲ្យគាត់រួចផុតពីភាពក្រខ្សត់ ហើយបានក្លាយជាមនុស្សឋានៈកណ្តាល។ បន្ទាប់ពីកុមារភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាភាគខាងកើត គាត់បានមកទីក្រុងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយចាប់ផ្តើមធ្វើការជាមួយសាច់ញាតិម្នាក់ដែលរកស៊ីលក់ដី។ ជាយថាហេតុ គាត់មានប្រាក់កាស់គ្រប់គ្រាន់រកស៊ីខ្លួនឯង ដោយដាក់វិនិយោគទិញឡានដឹកដីមួយគ្រឿងចំណុះ២តោនកន្លះនិងគ្រឿងចក្រជីកដីមួយគ្រឿង។ គាត់រកប្រាក់បានកាក់កប។

ឥឡូវនេះ គាត់ធ្វើការស្ទើរតែឥតឈប់ឈរ។ ជួនកាល គាត់គ្រាន់តែជួលឡានដឹកដីរបស់គាត់ឲ្យគេដឹកដីពីកន្លែងមួយទៅកន្លែងមួយ។ គាត់បានពន្យល់ថា ដើម្បីបានជំនួញល្អប្រសើរ គឺត្រូវទិញដីផ្ទាល់ពីអ្នកភូមិក្រីក្រ បន្ទាប់មកលក់យកចំណេញ។ គាត់បង់ប្រាក់ពី៤ទៅ៥ដុល្លារក្នុងដីមួយឡាន បន្ទាប់មកដឹកមកកាន់ការដ្ឋានសាងសង់ ហើយចាក់ដីក្នុងមួយឡានតម្លៃប្រហែល១២ដុល្លារ។

លោក សុខហ៊ាង និងប្រពន្ធរបស់គាត់ ជាឈ្មួញដី ទិញដីច្រើនក្បាលថោកៗ ហើយជីកយកដី។ម្តងម្កាល គាត់រកស៊ីដីខ្សាច់ ប៉ុន្តែ រកស៊ីដីបានចំណេញជាងសព្វថ្ងៃនេះ។

លោក សុខហ៊ាង បាននិយាយថា “ដីថ្លៃជាងដីខ្សាច់។ ដីជាជំនួញកាក់កប ព្រោះវាមានទីផ្សារធំ។ ដីយកចាក់បំពេញ”។

នៅថ្ងៃមួយក្នុងខែមេសា លោក សុខហ៊ាង បានយល់ព្រមបង្ហាញការដ្ឋានជីកដីមួយកន្លែងដល់អ្នកកាសែត គឺជិះតែប្រាំនាទីប៉ុណ្ណោះពីផ្ទះរបស់គាត់។ កូនប្រុសរបស់គាត់អាយុ២៧ឆ្នាំ ឈ្មោះ ហេង អឹម បានបញ្ជាគ្រឿងចក្រជីកដី ហើយបានផឹកស្រាស្រវឹងនៅម៉ោង៣រសៀល។ អឹមស្រែកដាក់អ្នកយកព័ត៌មានស្រីម្នាក់ពីកាប៊ីនគ្រឿងចក្រ មុននឹងបញ្ជាគ្រឿងចក្រ ដោយលើកចាក់បំពេញដីលើឡានចំណុះ២តោនកន្លះមួយគ្រឿងក្នុងបណ្តាឡានទាំងអស់របស់ឪពុកគាត់ថា “លោក លោក លោក ខ្ញុំចូលចិត្តអង់គ្លេស ខ្ញុំចូលចិត្តអ្នក”។

សម្លឹងមើលយ៉ាងយកចិត្តទុកដាក់ពីមាត់រណ្តៅដី គឺអ្នកស្រី អួង វុទ្ធី មានវ័យ៤១ឆ្នាំ ជាស្ត្រីម្នាក់មានមាឌតូចល្អិត ដែលពាក់អាវពណ៌មិនស៊ីគ្នាទៅនឹងសារ៉ុង។ អ្នកស្រីកាន់កូនសៀវភៅតូចមួយក្បាលមានសន្លឹកពណ៌លឿងដោយសរសេរពាក្យថា “វិក្កយបត្រដី”ជាពណ៌ក្រហម។ រាល់ពេល ដីមួយឡានបានបើកចេញពីការដ្ឋាន ក្រដាសមួយសន្លឹកត្រូវបំពេញ ហើយចុះហត្ថលេខា ដែលធ្វើឲ្យអ្នកស្រីទទួលបាន៤ដុល្លារក្នុងមួយឡាន។

អ្នកស្រី សម្បត្តិ រស្មី រស់នៅលើមាត់រណ្តៅជីកយកដីដ៏ធំពីរកន្លែងក្នុងសង្កាត់ព្រៃស។ កូនប្រុសរបស់អ្នកស្រីឈ្មោះ សុផានិត អាយុ៤ឆ្នាំ ចូលចិត្តលេងក្បែររណ្តៅជីកយកដីនេះ។ រូបថតៈ Ben Woods/The Cambodia Daily
អ្នកស្រី សម្បត្តិ រស្មី រស់នៅលើមាត់រណ្តៅជីកយកដីដ៏ធំពីរកន្លែងក្នុងសង្កាត់ព្រៃស។ កូនប្រុសរបស់អ្នកស្រីឈ្មោះ សុផានិត អាយុ៤ឆ្នាំ ចូលចិត្តលេងក្បែររណ្តៅជីកយកដីនេះ។ រូបថតៈ Ben Woods/The Cambodia Daily

នៅពេលដែលការជីកដីបានចប់ អ្នកស្រីនឹងប្តូរក្រដាសវិក្កយបត្រយកប្រាក់ពីលោក សុខហ៊ាង ហើយអ្នកស្រីនឹងមានប្រាក់ល្មមសាងសង់ផ្ទះថ្មីមួយខ្នង។ តាមពិត ជំនួញនេះនឹងមានរណ្តៅដីធំពីរកន្លែងនៅពីមុខផ្ទះរបស់អ្នកស្រី។

នៅពីក្រោយរណ្តៅដីជីកថ្មីៗពីីរកន្លែង លោក សុខហ៊ាង បានចង្អុលទៅរករណ្តៅដីចាស់មួយកន្លែងទៀត។ នេះជាក្បាលដីផ្ទាល់របស់គាត់ ដែលគាត់បានទិញដើម្បីជីកយកដីក្នុងឆ្នាំ២០១៣។ឥឡូវរណ្តៅដីនេះ ដុះត្រែងដុះស្មៅស្តុកជិត។ លោក សុខហ៊ាង និងប្រពន្ធគាត់ គឺអ្នកស្រី សុខហ៊ាង បានពន្យល់ថា ពួកគេមិនព្រួយបារម្ភអំពីការមានរណ្តៅដីធំមួយទេ ត្បិតពួកគេជឿថា រយៈពេលជាច្រើនឆ្នាំ ដីនឹងដុះពេញឡើងវិញ។

អ្នកស្រី បាននិយាយថា “ដោយសារតែដីនៅជិតទន្លេ ទឹកហូរចូល ហើយក៏នាំយកដីមកបំពេញ។ គេហៅថា ‘ដីដុះខ្លួនឯង'”។

ត្រឡប់មកភូមិត្រាចតុលវិញ អ្នកភូមិនិយាយថា ការជីកយកដី បានចាប់ផ្តើមប្រហែលក្នុងឆ្នាំ២០០៨។ ដំបូងឡើយ មានម្ចាស់ដីម្នាក់ ដែលអ្នកភូមិស្គាល់ថាសុខធំ បានរកស៊ីជីករណ្តៅដីធំៗជាច្រើនកន្លែង។ បន្ទាប់មក សុខធំបានអស់ដីជីក ដូច្នេះគាត់បានចាប់ផ្តើមទិញពីសុខតូច។

អ្នកស្រី វាសនា និយាយថា ដំបូងរណ្តៅដីរាក់ល្មមទេ ហើយឪពុកម្តាយក៏មិនភ័យព្រួយដែរ។ ក្មេងៗនឹងប្រឡែងគ្នាលេង ហើយហែលទឹក។

អ្នកស្រី វាសនា និយាយថា “រណ្តៅដីទាំងនោះ និងបឹងរាក់ៗក៏កាន់តែជ្រៅទៅៗ បន្ទាប់ពីម្ចាស់ដីឯកជន បានជួលកម្មករនិងគ្រឿងចក្រដើម្បីកាយដីលក់។ រណ្តៅដីទាំងនេះ មានម្ចាស់ផ្សេងៗគ្នា។ រណ្តៅដីធំៗជារបស់លោក សុខតូច ហើយមានខ្លះជារបស់លោក សុខធំ”។

ទោះបីជាមានបុរសម្នាក់បានលង់ទឹកស្លាប់នៅក្នុងរណ្តៅដីមួយក្នុងបណ្តារណ្តៅដីទាំងនេះដែលគេសង្ស័យថាជាអត្តឃាតក៏ដោយ ក៏ឪពុកម្តាយជួនកាលនៅតែបណ្តោយឲ្យកូនរបស់គេលេងក្បែរៗ ជាពិសេសនៅត្រង់កន្លែងរាក់ៗនៃរណ្តៅដីដ៏ធំបំផុតរបស់សុខតូច ដែលបានកំពុងពង្រីកសន្សឹមៗ ហើយមានពោរពេញទៅដោយតំបន់វាលភក់ ដែលកូនក្មេងចូលចិត្តលេង។

បន្ទាប់មក នៅថ្ងៃមួយក្នុងខែមេសា ឆ្នាំ២០១៤ កុមារី ចាន់លីដា និងចាន់រីយ៉ា បានលិចបាត់ក្នុងទឹក ដែលពួកគេកំពុងលេង។ អ្នកជិតខាងមានផ្ទៃពោះម្នាក់ គឺអ្នកស្រី ពៅ បានឃើញពួកគេលង់ទឹក ហើយក៏លោតចុះទៅព្យាយាមជួយនិងស្រង់ពួកគេ។ អ្នកស្រី បាននិយាយាថា អ្នកស្រីបានបាត់បង់កូនក្នុងផ្ទៃដោយសារតែប្រឹងជួយស្រង់ ប៉ុន្តែមិនអាចជួយសង្គ្រោះជីវិតរបស់ក្មេងស្រីទាំងពីរ។ អ្នកស្រី បានយល់សប្តិឃើញព្រលឹងពួកគេទាំងពីរនាក់ប៉ុន្មានសប្តាហ៍ក្រោយមក។

អ្នកស្រី បាននិយាយថា “ខ្ញុំបានឃើញពួកគេទាំងពីរ ត្រូវចងជាប់គ្នានឹងខ្សែអណ្តាតភ្លើង ហើយបានស្រែកហៅខ្ញុំឲ្យជួយស្រាយចំណងពួកគេ។ ក្នុងយល់សប្តិ ខ្ញុំបានយកមាត់ខាំផ្តាច់ខ្សែអណ្តាតភ្លើងដើម្បីស្រាយពួកគេពីចំណង ប៉ុន្តែខ្ញុំមិនរលាកទេ។ ខ្ញុំសោកស្តាយណាស់ចំពោះការស្លាប់ពួកគេ”។

អ្នកស្រី វាសនា និងប្តីរបស់អ្នកស្រី គឺឈន ប៊ុនធី សោកសៅយ៉ាងខ្លាំង។ គាត់មានបញ្ហាសុខភាពផ្លូវចិត្ត ចាប់តាំងពីពេលនោះមក និងតែងតែផឹកស្រាដើម្បីបំភ្លេចកូនស្រីទាំងពីរ ដែលគាត់មើលថែពេលពួកគេលង់ទឹកស្លាប់។ អ្នកស្រី បានធូរទ្រូងដោយសារតែសំបូងសង្រូងឲ្យព្រលឹងកូនស្រីទៅចាប់ជាតិជាថ្មី។

ជំហានដំបូង គឺត្រូវអន្ទងព្រលឹងឲ្យចេញពីរណ្តៅដី ដែលអ្នកស្រី បានជឿថាពួកគេនៅតែជាប់នៅទីនោះ។ ជារឿយៗ អ្នកភូមិបានរាយការណ៍ថាបានឃើញខ្មោចក្មេងទាំងពីរប្រឡែងគ្នាលេងលើមាត់រណ្តៅដី ជាពិសេសពេលព្រលប់។

តាមការណែនាំពីដូនយុម ជាគ្រូអន្ទងព្រលឹង អ្នកស្រី វាសនា បានរៀបចំធ្វើពិធីសែនព្រេននៅក្បែរមាត់រណ្តៅដីដើម្បីបន់ស្រន់ដល់អ្នកតាសុំការអនុញ្ញាតឲ្យដោះលែងព្រលឹងក្មេងស្រីទាំងពីរពីរណ្តៅដី។ ដូចគ្នានឹងអាជ្ញាធរមូលដ្ឋាន កំណត់ការផ្លាស់ប្តូរការស្នាក់នៅនៅក្នុងភូមិឋានដែរ អ្នកតាមានអំណាចលើព្រលឹងភូមិ ហើយត្រូវតែអនុវត្តតាមនីតិវិធីត្រឹមត្រូវ មុននឹងព្រលឹងត្រូវដោះលែង។

ការដ្ឋានជីកយកដីមួយកន្លែងនៅឯព្រៃស។ រូបថតៈ Ben Woods/The Cambodia Daily
ការដ្ឋានជីកយកដីមួយកន្លែងនៅឯព្រៃស។ រូបថតៈ Ben Woods/The Cambodia Daily

អាចារ្យ បានរៀបចំពិធីសែនព្រេនដោយថ្វាយឪឡឹកពីរផ្លែ ដែលតំណាងឲ្យក្មេងស្រី ចងជាប់គ្នាដោយអំបោះ ហើយក៏បោះចូលទៅក្នុងរណ្តៅដី បន្ទាប់មកធ្វើម្តងទៀត។ ក្រោយមកអ្នកស្រី វាសនា បានសរសេរឈ្មោះកូនភ្លោះនៅលើក្រដាសមួយសន្លឹកជាមួយអ្នកជិតខាង ដែលដើរតួជា “មេភូមិ”និង”មេឃុំ” ហើយក៏រោយក្រដាសជាមួយនឹងធូលីដីដែលយកពីរណ្តៅដី។ អ្នកស្រី សង្ឃឹមថា ការធ្វើបែបនេះនឹងជាការអនុញ្ញាតឲ្យព្រលឹងកូនស្រីរបស់អ្នកស្រីរួចចេញពីរណ្តៅដី។

រយៈពេលមួយខែបន្ទាប់ពីការស្លាប់ក្មេងទាំងពីរនាក់ អ្នកស្រី វាសនា និងលោក ប៊ុនធី នៅតែស្វះស្វែងរកព័ត៌មានទាក់ទងនឹងកូនរបស់ខ្លួន និងថាតើព្រលឹងរបស់គេ បានចាកចេញពីរណ្តៅដី ឬយ៉ាងណាទេ។ ពួកគេសុំឲ្យ ដូនយុម អន្ទងព្រលឹង ចាន់លីដា និង ចាន់រីយ៉ា។

ដូនយុម បានយល់ព្រម ហើយឪពុកម្តាយបានខ្ចីប្រាក់ដើម្បីរៀបចំពិធីសែនព្រេន ដែលនៅពេលនោះ ដូនយុម ត្រូវព្រលឹងក្មេងស្រីទាំងពីរចូលសណ្ឋិត ហើយនិយាយទៅកាន់ឪពុកម្តាយរបស់ខ្លួនដោយសំឡេងកូនក្មេង។ អ្នកស្រី វាសនា រំជួលចិត្តយ៉ាងខ្លាំងដែលកូនស្រីរបស់ខ្លួនហៅខ្លួនថា ម៉ាក់ចេញពីផ្នូរ។

ដូនយុម បានស្រែកយំជាសំឡេងក្មេងស្រីថា “ម៉ាក់ ម៉ាក់ ខ្ញុំបានឃើញដើមត្នោតធំមួយដើម។  ស្បែកជើងខ្ញុំនៅឯណា? ម៉ាក់ អូ ម៉ាក់”។ “ម៉ាក់ ខ្ញុំនឹកម៉ាក់។ ខ្ញុំចង់ត្រឡប់មកវិញ ហើយនៅជាមួយម៉ាក់ ប៉ុន្តែ ម៉ាក់បានបិទទ្វារ”។

លោក ឈន ប៊ុនធី លើករូបថតកូនស្រីភ្លោះរបស់គាត់។ រូបថតៈ Ben Woods/The Cambodia Daily
លោក ឈន ប៊ុនធី លើករូបថតកូនស្រីភ្លោះរបស់គាត់។ រូបថតៈ Ben Woods/The Cambodia Daily

អ្នកស្រី វាសនា និងលោក ប៊ុនធី បានអាត់សំឡេងព្រលឹងសណ្ឋិតចូលដោយទូរស័ព្ទដៃតម្លៃថោកមួយគ្រឿង ហើយតែងតែយកមកស្តាប់ ឬចាក់ឲ្យអ្នកដទៃស្តាប់។ នៅថ្ងៃមួយកាលពីឆ្នាំមុន អ្នកភូមិម្នាក់ឈ្មោះ ជា ស្រីដែន អាយុ២០ឆ្នាំ បានដាក់ត្រចៀកស្តាប់ទូរស័ព្ទយ៉ាងផ្ចិតផ្ចង់។ អ្នកភូមិដទៃទៀតបានចោមរោមស្តាប់។ គេគ្រប់គ្នាយល់ស្របថា ពួកគេបានឮសំឡេង ចាន់លីដា និង ចាន់រីយ៉ា។

កញ្ញា ស្រីដែន បាននិយាយថា “ខ្ញុំជឿថា សំឡេងនោះគឺពិតប្រាកដមែន។ ខ្ញុំចាំសំឡេងរបស់គេច្បាស់ណាស់ ខ្ញុំធ្លាប់ប្រឡែងលេងជាមួយពួកគេ ហើយពួកគេស្អាតនិងស្លូតបូត។ មិនដែលនិយាយឈ្លើយទេ។ ពួកគេគោរពយើង ហើយគេហៅខ្ញុំថា បងស្រី ហើយពួកគេចូលចិត្តភ្លេងណាស់”។

ដោយស្តាប់ឮសំឡេងរបស់ក្មេងស្រីទាំងពីរក្នុងពិធីអន្ទងព្រលឹងនោះ អ្នកស្រី វាសនា បានច្បាស់ក្នុងចិត្តថា កូនទាំងពីររបស់ខ្លួនពិតជាអន្ទះសាចង់ចាប់ជាតិជាថ្មី។ អ្នកស្រីបានព្រួយបារម្ភថា អ្នកស្រី បានសែនស្ករគ្រាប់ខុសឲ្យព្រលឹងពួកគេ ឬក៏បួងសួងខុស។ អ្នកស្រី ព្រួយចិត្តថា ក្មេងទាំងពីរកំពុងតែស្រែកឃ្លាន និងដណ្តើមអាហារស៊ីដោយព្រលឹងក្មេងផ្សេងទៀតដែលស្លាប់ក្មេងពេក។

អ្នកស្រី បាននិយាយថា “គេទាំងពីរនាក់ត្អួញប្រាប់ខ្ញុំថា ខ្ញុំឲ្យស្ករគ្រាប់មិនឆ្ងាញ់ដល់គេ ហើយទិញអាឆ្ងាញ់ឲ្យប្តីខ្ញុំ។ វាធ្វើឲ្យខ្ញុំក្តុកក្តួលចិត្តយ៉ាងខ្លាំង។ គេប្រាប់ខ្ញុំថា គេបានឃើញខ្ញុំដើរជុំវិញផ្ទះ ហើយស្រែកយំស្ទើររាល់ថ្ងៃ បន្ទាប់ពីពួកគេបានចាកចេញទៅ”។

លោក ប៊ុនធី ស្តាប់ខ្សែអាត់សំឡេងគ្រូអន្ទងព្រលឹង ដែលនិយាយសំឡេងកូនស្រីទាំងពីររបស់គាត់។ រូបថតៈ Ben Woods/The Cambodia Daily
លោក ប៊ុនធី ស្តាប់ខ្សែអាត់សំឡេងគ្រូអន្ទងព្រលឹង ដែលនិយាយសំឡេងកូនស្រីទាំងពីររបស់គាត់។ រូបថតៈ Ben Woods/The Cambodia Daily

បន្ទាប់ពីពិធីនោះ អ្នកភូមិម្នាក់ទៀតបានយល់សប្តិថា ព្រលឹងក្មេងស្រីទាំងពីរ ត្រូវបានដោះលែងពីរណ្តៅដី ហើយមានសេរីភាពលេងជុំវិញផ្ទះចាស់របស់គេ និងនៅក្នុងខ្ទមអ្នកតាដែលសាងសង់សម្រាប់ពួកគេ។ អ្នកស្រី វាសនា បានធូរទ្រូងត្បិតកូនរបស់ខ្លួនមានសេរីភាពឡើងវិញ។

ឥឡូវនេះ រយៈពេលជាងមួយឆ្នាំបន្ទាប់ពីការស្លាប់របស់ពួកគេ អ្នកស្រីវាសនាពេញចិត្តដែលថា ពួកគេចូលនៅផ្ទះថ្មីរបស់ខ្លួន។ អ្នកស្រីជឿថា ព្រលឹងចាន់លីដា បានចាប់កំណើតក្នុងគ្រួសារកម្មកររោងចក្រដែលធ្វើការជាមួយនាង ដែលបានយល់សប្តិឃើញក្មេងនោះកាលពីឆ្នាំមុន។ អ្នកស្រីបានទៅលេងទារកនោះ ហើយក៏ភ្ញាក់ផ្អើលដោយឃើញថា ក្មេងនោះមានថ្ពាល់ខួចពីរដូចកូនរបស់គាត់អ៊ីចឹង។ អ្នកស្រីសង្ស័យថា ចាន់រីយ៉ា នឹងទៅចាប់ជាតិជាមួយគ្រួសារផ្សេងទៀត ជាកូនស្រីរបស់អ្នកជិតខាងម្នាក់ដែលរស់នៅក្នុងភ្នំពេញ។

អ្នកស្រីបាននិយាយថា “ខ្ញុំសំណាងណាស់ដែលមានពួកគេ ប៉ុន្តែ ឥឡូវនេះពួកគេទៅអស់ហើយ”។

អ្នកភូមិនិយាយថា សុខធំ និងសុខតូច ក៏បានចាកចេញទៅដែរ។ ដោយកាយដីអស់ពីកន្លែងនោះ ពួកគេផ្លាស់ទៅកន្លែងថ្មី ហើយកម្រឃើញនៅក្នុងភូមិតទៅទៀត។ សុខធំ ត្រូវប្រទះឃើញបើករថយន្តភិកអាប់នៅក្បែរដីរបស់គាត់មួយកន្លែង នៅពេលអ្នកកាសែតទៅដល់ភូមិនោះ ប៉ុន្តែបដិសេធមិនឲ្យសម្ភាសទេ។

តាមពិតទៅ រណ្តៅដីនៅដដែល។

លោក សុខធំ ឈ្មួញជីកដីលក់បើកឡានភិកអាប់ក្នុងភូមិត្រាចគុល។ រូបថតៈ Ben Woods/The Cambodia Daily
លោក សុខធំ ឈ្មួញជីកដីលក់បើកឡានភិកអាប់ក្នុងភូមិត្រាចគុល។ រូបថតៈ Ben Woods/The Cambodia Daily

ឥឡូវនេះ រណ្តៅដីទាំងនេះមិនអាចធ្វើអ្វីកើតទេ។ លោក ប៊ុនស៊ាង ជាស្ថាបត្យករ បាននិយាយថា ដោយមានផែនការត្រឹមត្រូវ ការដ្ឋានជីកយកដី អាចធ្វើឲ្យទៅជាសួនច្បារ ឬអាងស្រោចស្រព។ ទោះជាយ៉ាងណាក៏ដោយ ក៏ការគ្មានការគិតពិចារណាជាមុន រណ្តៅដី តែងតែមិនបានផ្តល់ផលប្រយោជន៍អ្វីទេ គឺវាពេញប្រៀបទៅដោយទឹកស្អុយ និងឡោមព័ទ្ធដោយដីទំនេរចោល ឬស្ថិតក្នុងតំបន់ដែលមិនអាចធ្វើកសិកម្មកើត។

លោក ប៊ុនស៊ាង បាននិយាយថា “ក្តីព្រួយបារម្ភរបស់ខ្ញុំ ក្តីព្រួយបារម្ភរបស់អ្នក ឬក្តីព្រួយបារម្ភរបស់គេគ្រប់គ្នា គឺថាអ្នកនឹងប្រើរណ្តៅដីនេះសម្រាប់ធ្វើអ្វីក្នុងពេលអនាគត។ បាទ ផលប៉ះពាល់បរិស្ថាននឹងកើតឡើង កូនចៅរបស់ប្រជាជន អាចលង់ទឹកនៅទីនោះ ហើយកាកសំណល់ ក៏អាចហូរចូលទៅក្នុងទីនោះ ទឹកនៅនឹង ហើយមិនច្រោះទេ។ មិនយូរមិនឆាប់ វាបង្កឲ្យមានបញ្ហាបរិស្ថានជាពុំខានឡើយ”។

អ្នកស្រី វាសនា គិតថាកូនស្រីរបស់អ្នកស្រី ត្រូវគេយកពីអ្នកស្រី ត្បិតអ្នកស្រីមិនបានសាងអំពើល្អឲ្យបានគ្រប់គ្រាន់ ពីព្រោះកម្មរបស់ពួកគេមិនបានធ្វើឲ្យពួកគេនៅជាមួយគ្នាបាន។ អ្នកស្រី មិនសប្បាយចិត្តនឹងរណ្តៅដីដែលមានពាសពេញភូមិរបស់អ្នកស្រី ប៉ុន្តែនិយាយថា អ្នកស្រី មិនបន្ទោសសុខធំនិងសុខតូចចំពោះការស្លាប់កូនស្រីរបស់អ្នកស្រីទេ។ អ្នកស្រីនៅតែសែននៅផ្ទះ និងនៅក្បែររណ្តៅដីដែលក្មេងទាំងពីរបានលង់ទឹកស្លាប់។

អ្នកស្រី វាសនា បាននិយាយថា “តាមពិតទៅ ជារឿងពិបាកណាស់។ យើងមិនអាចនិយាយថាយើងខឹងនឹងពួកគេទេ ដោយសារតែទ្រព្យឯកជនរបស់គេ។ ប៉ុន្តែនិយាយឲ្យត្រង់ទៅ ខ្ញុំមានកំហឹងនៅខាងក្នុង។ ប៉ុន្តែខ្ញុំមិនអាចខឹងនឹងម្ចាស់ដីទេ ព្រោះដីរបស់គេ មិនមែនដីរបស់យើងឡើយ”៕ រើន

អ្នកស្រី ពៅ ឡើងលើច្រាំងរណ្តៅជីកយកដីដែលក្មេងស្រីភ្លោះទាំងពីរបានលង់ទឹកស្លាប់។ រូបថតៈ Ben Woods/The Cambodia Daily
អ្នកស្រី ពៅ ឡើងលើច្រាំងរណ្តៅជីកយកដីដែលក្មេងស្រីភ្លោះទាំងពីរបានលង់ទឹកស្លាប់។ រូបថតៈ Ben Woods/The Cambodia Daily

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស