28 C
Phnom Penh

គណបក្សសង្គ្រោះជាតិ​​ដឹក​នាំ​ដំណើរ​ចុះ​ទៅ​​ពិនិត្យ​​តំបន់​ព្រំដែន​​វៀត​ណាម​មួយ​​ទៀត​​ដែល​មាន​​វិវាទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ុំ សំអាន សមាជិក​សភា​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ដឹក​នាំ​សកម្មជន​អ្នក​ជាតិ​និយម​ប្រហែល​២០០​នាក់​ចុះ​ទៅ​ពិនិត្យ​មើល​ដី​ដែល​មិន​ទាន់​បោះបង្គោល​ព្រំដែន​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​កណ្ដាល​​ដែល​មាន​វិវាទ​ជាមួយ​ប្រទេស​​វៀតណាម ដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​សាង​សង់​ប៉ុស្តិ៍​​យោធា។

កាលពី​ថ្ងៃព្រហស្បតិ៍ ក្រសួង​ការ​បរទេស​​បាន​​ផ្ញើ​កំណត់ទូត​ទៅ​រដ្ឋាភិបាល​វៀតណាម​ ដោយ​រំឭក​អំពី​កំណត់ទូត​ដែល​ខ្លួន​បាន​ផ្ញើ​កាលពី​ខែ​មេសា ដែល​បាន​ចោទ​ប្រកាន់​ប្រទេស​វៀតណាម​ពីបទ​សាង​សង់​ប៉ុស្តិ៍​យោធា​ដោយ​ខុស​ច្បាប់​នៅ​លើ​ដី​ស្ថិត​ក្នុង​ស្រុក​កោះធំ​​ ​ជា​ “តំបន់ស” ដែលគេមិន​អាច​ប្រើ​ប្រាស់​បាន​ដែល​អះអាងសិទ្ធិ​​​កាន់​កាប់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។

លោក អ៊ុំ សំអាន ដែល​បាន​ដឹកនាំ​យុទ្ធនាការ​កាលពី​ពេល​ថ្មីៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិដើម្បី​​បង្ហាញ​ពី​ការ​រំលោភ​បំពាន​ទឹក​ដី​កម្ពុជា​ពី​សំណាក​់វៀតណាម​នោះ​បាន​មាន​ប្រសា​សន៍​ថា ដំបូង​ឡើយ​កាលពី​ថ្ងៃ​សៅរ៍​អាជ្ញាធរ​បាន​រារាំង​​ក្រុម​របស់​លោក​មិន​ឲ្យ​ចូលទៅ​​តំបន់​នោះចំ​ពេល​ដែល​មាន​វិវាទ​ឡើយ​។

ដោយ​ប្រើ​​ពាក្យ​សម្ដី​​បែប​​ប្រមាថ​ដល់​ជន​ជាតិ​វៀតណាមនោះ​​ លោក អ៊ុំ សំអាន បាន​មាន​ប្រសាសន៍​ថា “​អាជ្ញាធរ​មូលដ្ឋាន​បាន​រារាំង​យើង​មិន​ឲ្យ​​ចុះទៅ​​ឃើញ​ប៉ុស្តិ៍​យោធា​យួនទេ ប៉ុន្តែ​​មនុស្ស​ម្នា​បាន​ជម្នះ​ឆ្លង​កាត់​​របាំង​បិទផ្លូវ​​ចំនួន​បី​​មុន​ពេល​ទៅ​ដល់​របាំង​បិទផ្លូវ​​ទី៤”។

លោក​បាន​មាន​​ប្រសាសន៍​ថា “​យើង​បាន​ឃើញ​​ទាហាន​និង​នគរ​បាលព្រំដែន​កម្ពុជា​​​ប្រហែល​៥០​នាក់​​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​​កន្លែង​នីមួយៗ ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​​ដល់​ប្រហែល​១០០​នាក់​ ដោយ​បិទ​ផ្លូវ​នៅ​ពេល​ពួក​គាត់​ព្យាយាម​ឆ្លង​កាត់​របាំងបិទផ្លូវ​​ទី៤ ដើម្បី​ទៅ​មើល​ប៉ុស្ដិ៍​យោធា​យួន​នោះ​”។

ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ទីបំផុត​មនុស្ស​មួយ​​ក្រុម​​តូច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល ហើយ​បាន​ឃើញ​នូវ​អ្វី​ដែល​លោក​​លើក​ឡើង​ថា ជា​ការ​រំលោភ​បំពាន​ទឹក​ដីមែន។

លោក អ៊ុំ សំអាន បាន​មាន​ប្រសាសន៍​ថា “​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ពួក​យើង​ជាង​១០​នាក់​ចូល​ទៅ​ដល់​ប៉ុស្តិ៍​យោធា​យួន​នោះ ហើយ​យើង​បាន​ឃើញ​អគារ​នេះ​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​ព្រំដែន​”។

លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ធ្វើការ​ងារ​របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​ក្នុង​ការ​​ចុះទៅ​ពិនិត្យ​មើល​តំបន់​ស​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​អស់​នេះ​ទៅដល់​​តំបន់​ស​ទេ ពីព្រោះ​​ពួកគេ​ចង់​បង្ក​បញ្ហា​ជាមួយ​ភាគី​វៀតណាម​ ដូច្នេះនេះ​ជាមូលហេតុ​ដែល​​យើង​បាន​អនុញ្ញាត​ឲ្យ​តំណាង​មួយ​ចំនួន​ចូល​ទៅ​ទីនោះ​តែ​ប៉ុណ្ណោះ”។

លោក​បាន​បន្ថែម​ថា “​យើង​បារម្ភ​ថា វា​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​ពួកគាត់ ពីព្រោះ​ពួកគាត់​និយាយ​ដោយ​កំហឹង​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នោះ”។

លោក ភិរុណ ក៏​បាន​បដិសេធ​ការ​អះអាង​របស់​លោក សំអាន ដែល​ថា ប៉ុស្តិ៍​យោធា​វៀត​ណាម​​កំពុង​ត្រូវ​បាន​សាង​សង់​ក្នុង​ទឹក​ដី​​កម្ពុជា ដោយ​លើក​ឡើង​ថា ច្បាស់​ណាស់​​វា​ស្ថិត​ក្នុង​ “តំបន់ស” ដែល​ទុក​ដោយ​ឡែក​សម្រាប់​ការ​ចរចា​ដើម្បី​កំណត់​ព្រំដែន​នៅ​ពេល​អនាគត​”។

លោក​បាន​មាន​ប្រសាសន៍​ឡើង​វិញ​ថា ប្រទេស​វៀតណាម​ត្រូវ​បាន​​​ស្នើ​សុំ​ឲ្យ​ផ្អាក​ការ​សាង​សង់​ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ការ​អំពាវ​នាវ​នេះ​​ត្រូវ​បាន​គេ​មិន​អើពើឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ស្នើ​ឲ្យ​​វៀតណាម​ផ្អាក​ការ​សាងសង់​បណ្ដោះអាសន្ន ហើយ​រង់ចាំ​ការ​ពិភាក្សា​ថ្នាក់​ជាតិ​រវាង​ប្រទេស​ទាំង​ពីរសិន​ ប៉ុន្តែ​ពួកគេ​មិន​ស្ដាប់​ឡើយ​”។

រឿងដាច់​ដោយ​ឡែក​មួយ​ទៀត​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ម្សិលមិញ​បាន​​អំពាវ​នាវ​ឲ្យ​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​​ទៅ​កាន់​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​​​ ដើម្បី​ការ​ពារ​សកម្មភាពរបស់​​​​អាជ្ញាធរ​ខេត្ត​កណ្ដាល ដោយ​លើក​ឡើង​ថា វា​ជា​ការ​ចាំបាច់​ណាស់​ក្នុង​ការ​បញ្ចៀស​ភាព​ជា​សត្រូវ​ជុំវិញ​​បញ្ហា​រសើបនេះ​​ រហូត​ដល់​ការ​កំណត់​ព្រំដែន​ត្រូវ​បាន​ធ្វើ​ចប់​សព្វ​គ្រប់​សិន។

លោក ផៃ ស៊ីផាន បានមាន​ប្រសាសន៍​ថា “​ខ្ញុំ​សូមថ្លែង​អំណរគុណ​នគរ​បាល​ខ្មែរ​របស់​យើង​​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​​ពលរដ្ឋខ្មែរ​ទាំង​នោះ​ចូល​ក្នុង​ទឹក​ដីវៀតណាម​​ ពីព្រោះ​វៀតណាម​នឹង​ចាប់​ខ្លួន​ពួកគាត់​ ហើយ​ពួកគេ​នឹង​ចោទ​​ប្រកាន់​ពួកគាត់​​​​ពីបទ​ឆ្លង​ព្រំដែន​ដោយ​ខុស​ច្បាប់​”។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ​”​យើង​មិន​អាច​ប្រើ​ប្រាស់​កម្លាំង​យោធា​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​វៀតណាម​​ជុំវិញ​បញ្ហា​ព្រំដែន​​បាន​ទេ​ ពីព្រោះ​ប្រទេស​​របស់​យើង​បាន​បរាជ័យ​ពីរ​លើក​រួច​មក​ហើយ[ក្នុង​កា​រធ្វើ​បែបនេះ] ​អំឡុង​របប​ លន់ នល់ និង​របប​ ប៉ុល ពត”៕ សារុន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស