
នគរបាល និងម្ចាស់អគារបានឲ្យដឹងកាលពីម្សិលមិញថា ម្ចាស់ហាងស្រាមួយកន្លែងនៅក្នុងរាជធានីភ្នំពេញដែលជាជនបរទេស និងអ្នកលក់ស្រាម្នាក់នៅក្នុងហាងនេះបានបង្ហាញខ្លួននៅក្នុងតុលាការកាលពីម្សិលមិញ បន្ទាប់ពីនគរបាលប្រឆាំងការជួញដូរមនុស្ស បានបញ្ជូនស្ត្រីទាំងពីរនាក់នេះទៅឃុំខ្លួនកាលពីថ្ងៃសុក្រ ដើម្បីស៊ើបអង្កេតការចោទប្រកាន់ដែលថា អ្នកលក់ស្រារូបនេះត្រូវថៅកែរបស់ខ្លួនចាប់បង្ខាំងទុក។
លោក សាន វុធ ប្រធានការិយាល័យនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបានលើកឡើងថា ម្ចាស់ហាង Ga Do Italian Pizza & Wine Shop ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៦ ក្នុងខណ្ឌដូនពេញ និងបុគ្គលិកម្នាក់របស់ខ្លួនដែលក៏ជាជនបរទេសដែរនោះត្រូវបានឃាត់ខ្លួនអំឡុងការឆ្មក់ចូលមួយនៅក្នុងហាងនេះកាលពីថ្ងៃសុក្រ ហើយពួកគេទាំងពីរនាក់កំពុងឃុំនៅឯក្រសួងមហាផ្ទៃ។
លោកបានមានប្រសាសន៍ថា “ជនរងគ្រោះ និងម្ចាស់ហាងស្រាមិនបានបង្ហាញឈ្មោះរបស់ខ្លួនឡើយ”។ លោកបានបន្ថែមថា លោកក៏មិនដឹងថា ស្ត្រីទាំងពីរនាក់នេះមានសញ្ជាតិអ្វីដែរ។
លោក ម៉ែន រដ្ឋា អនុប្រធានការិយាល័យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនេះ បានលើកឡើងថា ស្ត្រីទាំងពីរនាក់នេះបានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញសម្រាប់ការសាកសួរដោយព្រះរាជអាជ្ញា ប៉ុន្តែត្រូវបានបញ្ជូនត្រឡប់ទៅក្រសួងមហាផ្ទៃវិញបន្ទាប់ពីមេធាវីរបស់ពួកគេមិនបានបង្ហាញខ្លួននៅតុលាការ។
គេមិនអាចទាក់ទងមន្ត្រីតុលាការបានទេ។ លោក ពុធ កែវបុរៈ មេធាវីរបស់ម្ចាស់ហាងស្រារូបនេះបាននិយាយថា លោកជាប់ប្រជុំ ហើយមិនអាចពិភាក្សាអំពីករណីនេះបានឡើយ។
យោងតាមលោក សុង ហួត ម្ចាស់អគារហាងស្រានេះបានឲ្យដឹងថា នគរបាលប្រឆាំងការជួញដូរមនុស្សបានឆ្មក់ចូលហាងនេះកាលពីថ្ងៃសុក្រ បន្ទាប់ពីឪពុកម្ដាយរបស់អ្នកលក់ស្រារូបនេះបានជូនដំណឹងដល់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)ថា នាងត្រូវបានគេឃុំខ្លួនផ្ទុយនឹងឆន្ទៈរបស់នាង។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែតាមពិតទៅ ម្ចាស់ហាងស្រានេះមិនបានឃុំខ្លួនជនរងគ្រោះដោយខុសច្បាប់ទាល់តែសោះ។ ពួកគេចេញទៅក្រៅជាមួយគ្នាដោយសេរី ហើយធ្វើការជាមួយគ្នានៅក្នុងហាងស្រានេះ”។
លោក សុង ហួត បានឲ្យដឹងទៀតថា នៅពេលនគរបាលចេញមកអនុវត្តផែនការរបស់ខ្លួនកាលពីថ្ងៃសុក្រ ពួកគេបានប្រាប់លោកថា ឪពុកម្ដាយរបស់អ្នកលក់ស្រារូបនេះចង់ឲ្យកូនស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះកំណើតវិញ ប៉ុន្តែថានាងមិនចង់ទៅទេ ដោយខ្លាចក្រែងឪពុកចុងដែលជាអ្នកញៀនស្រានឹងវាយដំធ្វើបាបនាង។ លោកបានលើកឡើងថា នគរបាលបានប្រាប់លោកថា ឪពុកម្ដាយរបស់ស្ត្រីរូបនេះបានទាក់ទងទៅអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ដែលជាអ្នកជូនដំណឹងដល់នគរបាលកម្ពុជា។
លោក ចូ ឡូរី (Joe Lowry) អ្នកនាំពាក្យប្រចាំតំបន់របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍បានលើកឡើងថា លោកគ្មានដឹងអ្វីទេអំពីបញ្ហានេះ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ”៕ ស៊ុយឈាង