នគរបាល និងសាច់ញាតិបាននិយាយកាលពីម្សិលមិញថា បន្ទាប់ពីត្រូវគ្លីនិកបីមិនទទួលព្យាបាលកាលពីថ្ងៃព្រហស្បតិ៍ ទារិកាម្នាក់ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញបានខក់រហូតដល់ស្លាប់ដោយត្រីតូចមួយក្បាលលោតចូលក្នុងមាត់របស់នាងដោយចៃដន្យ។
លោក ឃួន ឈាង នាយប៉ុស្តិ៍សង្កាត់បានមានប្រសាសន៍ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ខណៈម្ដាយមីងរបស់ទារិកា ខន ស្រីកា អាយុ៧ខែ បានយកត្រីទៅលេងជាមួយនាង ដោយបានព្យាយាមឲ្យនាងលៀនអណ្ដាតមកក្រៅ។
លោក ឃួន ឈាង បានមានប្រសាសន៍ថា “ទារិកាតូចនេះគួរឲ្យស្រឡាញ់ ហើយមនុស្សម្នាចូលចិត្តលេងជាមួយនាងណាស់ ហើយនាងចូលចិត្តលៀនអណ្ដាតមកក្រៅ។ នៅថ្ងៃដែលមានគ្រោះថ្នាក់នោះ ម្ដាយមីងរបស់នាងបានយកត្រីអណ្ដាតឆ្កែទៅលេងជាមួយនាង”។
លោកបានមានប្រសាសន៍ថា ពេលនោះត្រីបានលោតចេញពីដៃរបស់ម្ដាយមីង ហើយចូលក្នុងមាត់របស់ទារិកានោះមុនពេលរុលចូលក្នុងបំពង់ក។
លោក ឃួន ឈាង បានបន្ថែមថា មុនពេលទារិកានេះស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា ក្រុមគ្រួសារនាងបានយកនាងទៅគ្លីនិកចំនួនបីក្នុងមូលដ្ឋាន ប៉ុន្តែគ្លីនិកទាំងនោះនិយាយថា ពួកគេមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីព្យាបាលនាងទេ។
លោកបានមានប្រសាសន៍ថា “នាងមិនត្រូវបានទទួលព្យាបាលទេ ពីព្រោះពួកគេនិយាយថា ពួកគេមិនមានសមត្ថភាពជួយទារិការូបនេះទេ ពីព្រោះគេមិនមានឯកទេសឡើយ និងមិនមានឧបករណ៍គ្រប់គ្រាន់ ហើយស្ថានភាពរបស់នាងធ្ងន់ធ្ងរណាស់”។
អ្នកស្រី ជា សុផេន ជាម្ដាយមីងដែលបានលេងជាមួយទារិកា ខន ស្រីកា បាននិយាយថា គាត់បានសម្រេចយកត្រីនេះទៅលេង ពីព្រោះវានៅក្បែរនោះ។
អ្នកស្រី សុផេន បាននិយាយថា “ក្មេងស្រីម្នាក់បានយកត្រីដែលគាត់បានឃើញនោះទៅដាក់នៅលើគ្រែ ហើយបន្ទាប់មកខ្ញុំបានយកត្រីនោះទៅលេងជាមួយក្មួយស្រីរបស់ខ្ញុំ។ ជាអកុសល ត្រីនោះបានលោតពីដៃរបស់ខ្ញុំ ហើយចូលក្នុងមាត់របស់នាងតែម្តង”។
អ្នកស្រីបានបន្ថែមថា “ភ្លាមៗនោះនាងបានស្រែកយំយ៉ាងខ្លាំង ហើយបន្ទាប់មកឪពុកម្ដាយរបស់នាង និងអ្នកជិតខាងបានមកជួយ ហើយព្យាយាមយកត្រីចេញពីមាត់របស់នាង ប៉ុន្តែត្រីបានបន្តរុលចូលខាងក្នុង”។
មុនពេលត្រូវបានសាកសួរបន្ថែម អ្នកស្រី សុផេន បានហុចទូរស័ព្ទទៅបងប្អូនស្រីរបស់គាត់ឈ្មោះ ជា សាអែម។ អ្នកស្រី សាអែម បាននិយាយថា ម្ដាយរបស់ទារិការងគ្រោះ និងបងប្អូនស្រីផ្សេងទៀតមិនមានគម្រោងធ្វើការចោទប្រកាន់ឡើយ។ អ្នកស្រីបាននិយាយថា “វាបានកើតឡើងដោយចៃដន្យ”៕ សារុន