26 C
Phnom Penh

លោក ហ៊ុន សែន ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី និង​មាន​អនុប្រធាន​ថ្មី​ពីរ​រូប​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​ពេល​ជិត​២៥​ឆ្នាំ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង គណបក្ស​កាន់​អំណាច​នេះ​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្តូរ​ថ្នាក់​ដឹកនាំ​ខ្លួន​ជា​លើក​ដំបូង ដោយ​បាន​ជ្រើសរើស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ធ្វើ​ជា​ប្រធាន​របស់​គណបក្ស និង​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង និង​លោក​ប្រធាន​ព្រឹទ្ធសភា សាយ ឈុំ ជា​អនុ​ប្រធាន។

បន្ទាប់ពី​មរណភាព​លោក ជា ស៊ីម នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​នៃ​របប​កុម្មុយនិស្ត​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​បាន​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ពេល​បង្កើត​បក្ស​ក្នុង​ឆ្នាំ​១៩៩១ គណបក្ស​នេះ​បាន​ធ្វើ​សន្និបាត​ពិសេស​ដើម្បី​ជ្រើសរើស​លោក ហុ៊ុន សែន អតីត​អនុ​ប្រធាន​បក្ស ឲ្យ​កាន់​តំណែង​នេះ និង​ជំនួស​រូប​លោក​ពី​អនុប្រធាន។

លោក ស ខេង និង​លោក សាយ ឈុំ ដែល​ជា​អគ្គលេខាធិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ បាន​ទទួល​គោរមងារ “សម្តេច” នៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា ហើយ​អ្នក​ទាំង​ពីរ​ជា​មនុស្ស​ជំនិត​កាន់​តំណែង​អនុ​ប្រធាន នៅ​ពេល​លោក ហ៊ុន សែន លាលែង​តំណែង​នេះ។

ប៉ុន្តែ សន្លឹក​ឆ្នោត​ដែល​ប្រគល់​ទៅ​ឲ្យ​សមាជិក​គណៈកម្មាធិការ​កណ្តាល​៥០៨​នាក់​ដែល​មាន​វត្តមាន​នៅ​ថ្ងៃ​សៅរ៍ មិន​បាន​ផ្តល់​ឱកាស​សម្រាប់​ការ​ជ្រើសរើស​ទេ ដោយ​សន្លឹក​ឆ្នោត​តែ​មួយ​មាន​ដាក់​ឈ្មោះ​លោក ហ៊ុន សែន ជា​ប្រធាន និង​ទាំង​លោក ខេង ទាំង​លោក ឈុំ ជា​អនុប្រធាន។ សមាជិក​អាច​ត្រឹមតែ “យល់ព្រម” “មិន​យល់​ព្រម” ឬ “អនុបវាទ” ប៉ុណ្ណោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោយពី​សន្និបាត​នោះ​បាន​និយាយ​ថា “សន្និបាត​បាន​បន្ត​ជ្រើស​តាំង​លោក ហ៊ុន សែន ដោយ​ផ្ទាល់​និង​ជា​សម្ងាត់​ជា​ប្រធាន លោក ស ខេង ជា​អនុ​ប្រធាន និង សាយ ឈុំ ជា​អនុ​ប្រធាន”។cam-photo-cpp-channa

នៅ​ល្ងាច​ថ្ងៃ​សៅរ៍ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​របស់​លោក​ថា សមាជិក​តែ​ម្នាក់​ប៉ុណ្ណោះ​នៃ​គណៈកម្មាធិការ​កណ្តាល​ដែល​មាន​វត្តមាន មិន​បាន​បោះឆ្នោត​យល់​ព្រម​នឹង​សន្លឹក​ឆ្នោត​ជា​កញ្ចប់​មាន​លោក ហ៊ុន សែន លោក ខេង និង​លោក ឈុំ នោះ​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​និយាយ​ដែរ​ថា លោក ហ៊ុន សែន ត្រូវ​បាន​គេ​អះអាង​បញ្ជាក់​ជា​ថ្មី​ថា​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ជា​ការ​រៀបចំ​ធម្មតា​សម្រាប់​សន្និបាត​គណបក្ស​ប្រជាជន ប៉ុន្តែ​មិន​បាន​ធ្វើ​នៅ​ឯ​សន្និបាត​បក្ស​លើក​ចុង​ក្រោយ​របស់​ខ្លួន​កាលពី​ខែ​មករា​ឡើយ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​បាន​និយាយ​ថា “[បន្ទាប់ពី] សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៣៨ អាណត្តិ​[រដ្ឋាភិបាល]​ទី​៥​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នា​ថ្ងៃ​ទី​២០​ខែ​មិថុនា ដើម្បី​ជ្រើសតាំង លោក ហ៊ុន សែន ជា​ប្រធាន និង​លោក ស ខេង និង​លោក សាយ ឈុំ ជា​អនុប្រធាន​មក ក៏​មាន​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​បំពុល​ក្នុង​សាធារណមតិ​ថា លោក ហ៊ុន សែន នឹង​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទៀត​ហើយ”។

“ចំពោះ​បញ្ហា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​សូម​ប្រកាស​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ដដែល និង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត ទៅ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ទាក់ទង​កាលពី​ថ្ងៃ​អាទិត្យ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​លោក ខេង និង​លោក ឈុំ ជា​អនុប្រធាន សម្រេច​ដោយ​គណៈកម្មការ​អចិន្ត្រៃយ៍ និង​អនុម័ត​យល់​ព្រម​ដោយ​គណៈកម្មាធិការ​កណ្តាល ហើយ​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​ចាត់​ទុក​ថា​ជា “អនុ​ប្រធាន​ទី១​ទេ”។

លោក ឥសាន បាន​និយាយ​ថា “អនុ​ប្រធាន​ទាំង​ពីរ​ជា​វីរជន​មក​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​បក្ស ហើយ​មិន​ចាំបាច់​ដាក់​លេខ​រៀង​ទេ ពីព្រោះ​នៅ​ពេល​យើង​ដាក់​លេខ​រៀង ម្នាក់​នឹង​ខ្ពស់​ជាង​ហើយ​ម្នាក់​នឹង​ទាប​ជាង។ សមិទ្ធផល​របស់​ពួកគាត់​ស្មើ​គ្នា ហើយ​ពួកគាត់​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន”។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ថែម​ថា េសចក្តី​សម្រេច​ដាក់​លោក ហ៊ុន សែន លោក ខេង និង លោក ឈុំ លើ​សន្លឹក​ឆ្នោត​តែ​មួយ​សម្រាប់​ការ​យល់​ព្រម​ដោយ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​មាន​ប្រជាធិបតេយ្យ​តិច​ជាង​ការ​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​កណ្តាល​បោះ​ឆ្នោត​រើស​បេក្ខជន​ផ្សេងៗ​គ្នា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា “យើង​អនុវត្ត​នីតិវិធី​ដែល​មាន​ស្រាប់​របស់​យើង ដែល​ចែង​ក្នុង​លក្ខន្តិក​និង​វិធាន​ផ្ទៃ​ក្នុង​របស់​បក្ស ហើយ​លក្ខន្តិក​និង​វិធាន​ផ្ទៃ​ក្នុង​របស់​បក្ស​យើង គឺ​មាន​ប្រជាធិបតេយ្យ​ពេញលេញ បើ​ធៀប​ទៅ​នឹង​គណបក្ស​ផ្សេង​ទៀត”។

លោក ឥសាន បាន​មាន​ប្រសាសន៍​ដែរ​ថា បដា​និង​ផ្ទាំង​បដា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​ឃើញ​បង្ហាញ​រូប​លោក ជា ស៊ីម ជា​ប្រធាន​បក្ស លោក ហ៊ុន សែន ជា​អនុប្រធាន និង​លោក ហេង សំរិន ប្រធាន​សភា ជា​”ប្រធាន​កិត្តិយស” នឹង​ត្រូវ​ដក​ចេញ​បណ្តើរ ហើយ​ដាក់​ជំនួស​វិញ​ដោយ​បដា​ថ្មី ដែល​បង្ហាញ​តែ​មុខ​លោក ហ៊ុន សែន និង​លោក សំរិន ប៉ុណ្ណោះ។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិនបើ​យើង​ដាក់​អនុ​ប្រធាន​ពីរ វា​មើល​ទៅ​ឃើញ​មិន​ល្អ​ទេ។ យើង​ដាក់​តែ​មេដឹកនាំ​កំពូល​ប៉ុណ្ណោះ”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស