38.1 C
Phnom Penh

លោក ស ខេង បំពេញ​ការងារ​ជាប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា ​នៅពេល​អវត្ត​មាន​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក សុខ ឦសាន អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​​បានមាន​ប្រសាសន៍កាលពី​ម្សិល​មិញ​ថា លោក ស ខេង រដ្ឋមន្ត្រ​ី​ក្រសួង​មហាផ្ទៃ​​ដែលកាលពីថ្ងៃសៅរ៍​ត្រូវ​បាន​តែង​តាំង​ជា​​អនុប្រធាន​មួយ​រូប​ក្នុង​ចំណោម​អនុប្រធាន​ពីរ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជានោះ នឹង​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​កាន់អំណាច​និង​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទីនៅពេល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អវត្ត​មានពី​ប្រទេស​។

បន្ទាប់ពី​​មរណភាព​របស់លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏យូរ​អង្វែង​​កាល​ពី​ថ្ងៃទី​៨ ខែ​មិថុនាមក គណបក្ស​កាន់​​អំណាច​ កាលពី​ថ្ងៃសៅរ៍ បាន​បោះឆ្នោត​ជ្រើស​រើស​លោក ហ៊ុន សែន ដែលជា​អតីត​​អនុប្រធាន​គណបក្ស​នេះ ជា​ប្រធានថ្មី ហើយ​បាន​ជំនួស​រូប​លោក​ជាអនុប្រធាន​គណបក្ស​ដោយ​លោក ស ខេង និង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​ថ្មី។

ដោយ​កត់សម្គាល់​ថា លោក ហ៊ុន សែន បាន​ចាក​ចេញ​ទៅ​ប្រទេស​ភូមា​កាលពី​ម្សិលមិញ លោក សុខ ឦសាន បាន​មាន​ប្រសាសន៍ថា “​សម្តេច​ប្រធាន [ហ៊ុន សែន] បាន​ផ្តល់សិទ្ធិ​ដល់​សម្តេច ស ខេង​ ជា​នាយក​រដ្ឋមន្ត្រីស្តីទី និង​ជា​ប្រធានគណបក្ស​ស្តីទី​ផងដែរ”។

លោក ស ខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី​ជាន់ខ្ពស់នោះ បានធ្វើជា​នាយករដ្ឋមន្ត្រី​ស្តីទី​​យូរ​មក​ហើយ​​នៅ​ពេល​អវត្ត​មាន​លោក​ ហ៊ុន សែន។

លោក សុខ ឦសាន ក៏បានបញ្ជាក់​ផងដែរ​ថា លោក សាយ ឈុំ ដែល​ធ្វើ​ជា​អគ្គ​លេខា​ធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ពីមុននោះ​ នឹង​បន្ត​តួនាទីនេះ​ដដែល បើទោះ​ជា​​លោក​មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស​ក៏ដោយ​។

លោក​បានមាន​ប្រសាសន៍ថា “​សម្តេច​ សាយ ឈុំ មាន​តួនាទីពីរគឺ ជា​អនុ​ប្រធាន​ និង​ជា​ប្រធាន​គណៈ​ប្រចាំការ​” ដោយ​លោក​ពន្យល់ថា គណៈប្រចាំការ​នេះ​ធ្វើ​ជាអគ្គលេខាធិការ​ដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​សមាជិកជាន់ខ្ពស់​​៩រូប​ក្នុ​ងចំណោម​សមាជិក​គណៈ កម្មាធិការ​អចិន្ត្រៃយ៍​៣៤រូប​របស់​បក្ស​ និង​គ្រប់គ្រង​ការ​សម្រេច​សម្រាប់ការងារ​ប្រចាំថ្ងៃ។

លោក សុខ ឦសាន បានមាន​ប្រសាសន៍ថា “​តួនាទី​របស់​គណៈប្រចាំការ​ ឬ​​អគ្គ​លេខាធិការដ្ឋាន គឺត្រូវ​ដោះស្រាយ​ការ​ងារ​ប្រចាំថ្ងៃ។ ចំពោះ​បញ្ហា​តូច​តាច បញ្ហា​នោះ​ត្រូវ​សម្រេច​ដោយប្រធានគណៈប្រចាំការ​។ ចំពោះ​ការ​ងារ​ធំៗ ត្រូវ​សម្រេច​ដោយ​សមាជិក​ទាំង​៩រូប”។

យោង​តាម​គេហទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានឲ្យដឹង​ថា “គណៈប្រចាំការ” មាន​លោក សាយ ឈុំ លោកស្រី ម៉ែន សំអន លោក អុឹម ឈុនលឹម លោក ប៉ុល សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ឌិត មុន្ទី​ ប្រធាន​តុលាការ​កំពូល និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជាមានលោក ស៊ីម កា លោក នៃ ប៉េណា លោក ប៊ូ ថង និង​លោក ទេព ងន៕សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស