លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកាលពីថ្ងៃសៅរ៍ត្រូវបានតែងតាំងជាអនុប្រធានមួយរូបក្នុងចំណោមអនុប្រធានពីររូបរបស់គណបក្សប្រជាជនកម្ពុជានោះ នឹងធ្វើជាប្រធានស្តីទីគណបក្សកាន់អំណាចនិងជានាយករដ្ឋមន្ត្រីស្តីទីនៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អវត្តមានពីប្រទេស។
បន្ទាប់ពីមរណភាពរបស់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាដ៏យូរអង្វែងកាលពីថ្ងៃទី៨ ខែមិថុនាមក គណបក្សកាន់អំណាច កាលពីថ្ងៃសៅរ៍ បានបោះឆ្នោតជ្រើសរើសលោក ហ៊ុន សែន ដែលជាអតីតអនុប្រធានគណបក្សនេះ ជាប្រធានថ្មី ហើយបានជំនួសរូបលោកជាអនុប្រធានគណបក្សដោយលោក ស ខេង និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាថ្មី។
ដោយកត់សម្គាល់ថា លោក ហ៊ុន សែន បានចាកចេញទៅប្រទេសភូមាកាលពីម្សិលមិញ លោក សុខ ឦសាន បានមានប្រសាសន៍ថា “សម្តេចប្រធាន [ហ៊ុន សែន] បានផ្តល់សិទ្ធិដល់សម្តេច ស ខេង ជានាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានគណបក្សស្តីទីផងដែរ”។
លោក ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រីជាន់ខ្ពស់នោះ បានធ្វើជានាយករដ្ឋមន្ត្រីស្តីទីយូរមកហើយនៅពេលអវត្តមានលោក ហ៊ុន សែន។
លោក សុខ ឦសាន ក៏បានបញ្ជាក់ផងដែរថា លោក សាយ ឈុំ ដែលធ្វើជាអគ្គលេខាធិការគណបក្សប្រជាជនកម្ពុជាពីមុននោះ នឹងបន្តតួនាទីនេះដដែល បើទោះជាលោកមានតួនាទីជាអនុប្រធានគណបក្សក៏ដោយ។
លោកបានមានប្រសាសន៍ថា “សម្តេច សាយ ឈុំ មានតួនាទីពីរគឺ ជាអនុប្រធាន និងជាប្រធានគណៈប្រចាំការ” ដោយលោកពន្យល់ថា គណៈប្រចាំការនេះធ្វើជាអគ្គលេខាធិការដ្ឋានគណបក្សប្រជាជនកម្ពុជា និងមានសមាជិកជាន់ខ្ពស់៩រូបក្នុងចំណោមសមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍៣៤រូបរបស់បក្ស និងគ្រប់គ្រងការសម្រេចសម្រាប់ការងារប្រចាំថ្ងៃ។
លោក សុខ ឦសាន បានមានប្រសាសន៍ថា “តួនាទីរបស់គណៈប្រចាំការ ឬអគ្គលេខាធិការដ្ឋាន គឺត្រូវដោះស្រាយការងារប្រចាំថ្ងៃ។ ចំពោះបញ្ហាតូចតាច បញ្ហានោះត្រូវសម្រេចដោយប្រធានគណៈប្រចាំការ។ ចំពោះការងារធំៗ ត្រូវសម្រេចដោយសមាជិកទាំង៩រូប”។
យោងតាមគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា “គណៈប្រចាំការ” មានលោក សាយ ឈុំ លោកស្រី ម៉ែន សំអន លោក អុឹម ឈុនលឹម លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាមានលោក ស៊ីម កា លោក នៃ ប៉េណា លោក ប៊ូ ថង និងលោក ទេព ងន៕សារុន