28.4 C
Phnom Penh

ប្តី​​​ដែល​​​ប្រច័ណ្ឌ​​​កាប់​​​ប្រពន្ធ​​​ជា​​​កង់​​​ៗ​​​រហូត​​​ដល់​​​ស្លាប់​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគ​​​រ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​ម្នាក់​​​ត្រូវ​​​បាន​​​កាត់​​​ក្បាល​​​ និង​​​កាត់​​​ដៃ​​​ជា​​​កង់ៗ​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ ដោយ​​​ប្តី​​​ដែល​​​ប្រច័ណ្ឌ​​​របស់​​​ខ្លួន​​​។ ប្តី​​​ដែល​​​ប្រច័ណ្ឌ​​​រូប​​​នោះ​​​បាន​​​រត់​​​គេច​​​ខ្លួន ​​​បន្ទាប់​​​ពី​​​​​​ធ្វើ​​​ឃាត​​​រួច​​​ ហើយ​​​បាន​​​ហៅ​​​ទូរស័ព្ទ​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ដើម្បី​​​សារភាព​​​ថា ខ្លួន​​​ជា​​​ឃាត​​​ករ​​​។

យោង​​​តាម​​​លោក​​​ រ៉េន មួត នាយនគរ​​​បាល​​​ប៉ុស្តិ៍​​​ឃុំ​​​កើន​​​ ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ស្រី សុខ គន្ធា អាយុ​​​៤៣​​​ឆ្នាំ​​​ត្រូវ​​​បាន​​​សម្លាប់​​​ដោយ​​​កាំបិត​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​យប់​​​ ហើយ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​ខ្លួន កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ដោយ​​​ក្មួយ​​​ប្រុស​​​របស់​​​អ្នក​​​ស្រី​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ចម្ការរបស់​​​​​​ប្តី​​​ប្រពន្ធ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ក្នុង​​​ឃុំ​​​កើន​​​​​​ ស្រុក​​​កូន​​​មុំ ។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “កម្មករ​​​រូប​​​នេះ​​​បាន​​​ឡើង​​​​​​ជណ្តើរ​​​ ហើយ​​បាន​​​ឃើញ​​​សព​​​របស់​​​អ្នកស្រី​​​ គន្ធា ដេក​​​ស្លាប់​​​នៅ​​​ទី​​​នោះ​​​ ខណៈ​​​ប្តី​​​របស់​​​អ្នក​​​ស្រី​​​ និង​​​ម៉ូតូ​​​​​​បាន​​​បាត់​​​ពីផ្ទះ​​​”។

យប់​​​មុន​​​ថ្ងៃ​​​កើត​​​ហេតុ​​​ ប្តី​​​របស់​​​ស្ត្រី​​​រង​​​គ្រោះ ឈ្មោះ ដួង សុផល អាយុ​​​​​​៤៦​​​ឆ្នាំ​​​បាន​​​ឲ្យ​​​ក្មួយ​​​ប្រុស​​​របស់​​​ខ្លួន​​​ទៅ​​​ទិញ​​​ស្រា​​​មួយ​​​លីត្រ​​​មក​​​ឲ្យ​​​ខ្លួន​​​និង​​​ប្រពន្ធ​​​ផឹក​​​រហូត​​​ដល់​​​ម៉ោង​​​៩​​​យប់់​​​​​​ដោយ​​​គ្មាន​​​ការ​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​ឡើយ​​​។

លោក សុផល ត្រូវ​​​បាន​​​គេ​​​ជឿ​​​ជាក់​​​ថា បាន​​រត់​​​គេច​​​ខ្លួន​​​បន្ទាប់​​​ពី​​​ការ​​​ធ្វើ​​​ឃាត​​​ ប៉ុន្តែ នៅ​​​ថ្ងៃ​​​អាទិត្យ​​​នា​​​វេលា​​​ម៉ោង​​​ប្រហែល​​​១០ព្រឹក ជន​​​នេះ​​​​​​បាន​​​ហៅ​​​ទូរស័ព្ទ​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​ដើម្បី​​​សារភាព​​​ថា ខ្លួន​​​ជា​​​អ្នក​​​សម្លាប់​​​ប្រពន្ធ​​​។

លោក រ៉េន មួត បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​នេះ​​​បាន​​​សារភាព​​​ថា សម្លាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ ហើយ​​​និយាយ​​​ថា ខ្លួន​​​បាន​​​ឃើញ​​​ប្រពន្ធ​​​នៅ​​​ជាមួយ​​​ប្រុស​​​ផ្សេង​​​ចំនួន​​​ពីរ​​​លើក​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ​​​​​​ជន​​​សង្ស័យ​​​​​​កំពុង​​​រត​​​់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​បន្ទាប់​​​ពី​​​ហៅទូរស័ព្ទ​​​មក​​​សារភាព​​​រួច​​​។

ចាប់​​​តាំង​​​ពី​​​ខែ​​​មករា​​​មក​​​ មាន​​​ករណី​​​អំពើ​​​ហិង្សា​​​ដែល​​​ផ្ទុះ​​​ឡើយ​​​ដោយ​​​សារ​​​គ្រឿង​​​ស្រវឹង​​​ស្រដៀង​​​គ្នា​​​នេះ​​​ចំនួន​​​ប្រាំ​​​លើក​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ចំណោម​​​សមាជិក​​​គ្រួសារ​​​ ឬអ្នក​​​ជិត​​​ខាង​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​នេះ​​​ដោយ​​​បន្សល់​​​ទុក​​​ឲ្យ​​​​​​មាន​​​មនុស្ស​​​ស្លាប់​​​ ឬ​​​ពិការ​​​ក្នុង​​​នោះ​​​មាន​​​បី​​​លើក​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ស្រុក​​​កូន​​​មុំ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​លោក​​​ ឆាយ ធី អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​។

លោក​​​ ឆាយ ធី បាន​​​មានប្រសាសន៍​​​ថា “អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​មាន​​​ការ​​​កើន​​​ឡើង​​​ បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​មុន​​​។ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ យើង​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​អំពី​​​ការ​​​ទទួល​​​ទាន​​​គ្រឿង​​​ស្រវឹង​​​ និង​​​ការ​​​ប្រើ​​​ប្រាស​​​់​​​គ្រឿង​​​ញៀន​​​ ព្រោះ​​​អ្វី​​​ទាំង​​​អស់​​​េនះ​​​អាច​​​ធ្វើ​​​ឲ្យ​​​កើត​​​អំពើ​​​ហិង្សា​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស