កាលពីថ្ងៃច័ន្ទ ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើសន្និសីទកាសែតការពារសេចក្តីជូនដំណឹងមួយដែលផ្សព្វផ្សាយនៅខែនេះ ប្រាប់មន្ត្រីរដ្ឋាភិបាលឲ្យសុំការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួន មុនពេលផ្តល់ព័ត៌មានទៅសមាជិកសភាដែលស៊ើបអង្កេតរឿងពុករលួយ។
សេចក្តីបង្គាប់នេះរងការរិះគន់ពីសំណាក់តំណាងរាស្ត្របក្សប្រឆាំង ក្នុងនោះមានលោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកាសែតក្នុងស្រុកបានដកស្រង់សម្តីដែលនិយាយថា វារំលោភមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ ដែលនិយាយពីសិទ្ធិរបស់តំណាងរាស្ត្រក្នុងការស្នើសុំព័ត៌មានពីស្ថាប័នរដ្ឋាភិបាល។
ប៉ុន្តែ លោក តឹក រ៉េតសំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចេញសេចក្តីជូនដំណឹងនេះកាលពីថ្ងៃទី៥ខែមិថុនា និងបានធ្វើសន្និសីទកាសែតកាលពីថ្ងៃច័ន្ទ បានមានប្រសាសន៍ថា សេចក្តីណែនាំដែលលោកបានដាក់ចេញ គឺស្របតាមទាំងច្បាប់រដ្ឋធម្មនុញ្ញ ទាំងច្បាប់ប្រឆាំងអំពើពុករលួយ។
លោក រ៉េតសំរេច បានមានប្រសាសន៍ថា សេចក្តីជូនដំណឹងនេះមានបំណងជូនដំណឹងដល់មន្ត្រីរាជការនូវរបៀបឆ្លើយតបទៅនឹងការសាកសួរព័ត៌មានសភា ដែលកាន់តែក្លាយជារឿងធម្មតាទៅហើយ ចាប់តាំងពីគណបក្សសង្គ្រោះជាតិបានបញ្ចប់ការធ្វើពហិការមិនចូលសភាកាលពីឆ្នាំមុន មួយផ្នែកជាថ្នូរនឹងការគ្រប់គ្រងគណៈកម្មការសភាចំនួនប្រាំ ក្នុងនោះមានគណៈកម្មការប្រឆាំងអំពើពុករលួយដែលទើបបង្កើតថ្មីផងដែរ។
លោកបាននិយាយថា “យើងគួរមានគោលការណ៍ណែនាំច្បាប់សម្រាប់មន្ត្រីថ្នាក់ក្រោម ពីព្រោះពីមុនយើងមិនដែលមានតំណាងរាស្ត្រមកមើលស្ថាប័នមួយចំនួនអំពីសកម្មភាពមន្ត្រីថ្នាក់ក្រោមទេ។ នេះជាលើកដំបូងហើយ”។
លោកបានបន្ថែមថា “គោលការណ៍ណែនាំនេះទើបបង្កើតឡើងដើម្បីណែនាំមន្ត្រីរដ្ឋាភិបាល ធានាថា មន្ត្រីថ្នាក់ក្រោមយល់និងមានព័ត៌មានគ្រប់គ្រាន់មុនពេលឆ្លើយ ឬពួកគេអាចសុំយោបល់ពីថ្នាក់លើ ដើម្បីប្រមូលព័ត៌មានគ្រប់គ្រាន់ឆ្លើយតបទៅតំណាងរាស្ត្រ”។
“ខ្ញុំសូមបញ្ជាក់ថា ឯកឧត្តម សុន ឆ័យ ជាតំណាងរាស្ត្រម្នាក់ ប៉ុន្តែគាត់មិនយល់ន័យក្នុងមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ”។
ការណែនាំនៅថ្ងៃទី៥ខែមិថុនាប្រាប់មន្ត្រីរាជការឲ្យសុំការអនុញ្ញាតពីថ្នាក់លើរបស់ខ្លួន មុនពេលឆ្លើយតបទៅនឹងតំណាងរាស្ត្រដែលស៊ើបអង្កេតការចោទប្រកាន់រឿងពុករលួយ និងប្រាប់មន្ត្រីរាជការស៊ីវិលឲ្យប្រកាន់ខ្ជាប់មាត្រា២២នៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលផ្តល់អំណាចឲ្យអង្គភាពប្រឆាំងអំពើពុករលួយទាក់ទិននឹងការស៊ើបអង្កេតអំពើពុករលួយ។
ទាក់ទងកាលពីថ្ងៃច័ន្ទ លោក ឆ័យ បានមានប្រសាសន៍ថា ទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី សុខ អាន មិនបានគោរពសភា ដោយចេញសេចក្តីជូនដំណឹងរបស់ខ្លួន ហើយបន្ទាប់មកធ្វើសន្និសីទកាសែតទៀត។
លោកបានមានប្រសាសន៍ថា “យើងទាមទារឲ្យទីស្តីការគណៈរដ្ឋមន្ត្រីសុំទោស ពីព្រោះពួកគេបានប្រើពាក្យដែលមើលងាយសភា”។
“ប្រសិនបើទីស្តីការគណៈរដ្ឋមន្ត្រីមិនព្រមសុំអភ័យទោស យើងនឹងកោះហៅលោក សុខ អាន មកផ្តល់ការពន្យល់នៅសភាជាតិ”៕ និត