
កាលពីម្សិលមិញកម្មករវៀតណាមជិត១០០នាក់ត្រូវបានឃាត់ខ្លួនដើម្បីបណ្ដេញទៅប្រទេសរបស់ពួកគេវិញ បន្ទាប់ពីរកឃើញថាពួកគេកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ អំឡុងអំឡុងប្រតិបត្តិការចុះឆែកឆេរការដ្ឋានសំណង់នានានៅលើកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការអនុវត្តច្បាប់អន្តោប្រវេសន៍តាមអំពើចិត្តពីសំណាក់ក្រសួងមហាផ្ទៃ។
ដឹកនាំដោយឧត្ដមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នគរបាលជាង៤០នាក់បានចុះឆែកឆេរការដ្ឋាននានានៅលើកោះពេជ្រ ដោយធ្វើការឃាត់ខ្លួនកម្មករវៀតណាមរហូតដល់ទៅ១៣១នាក់ និងកម្មករចិនចំនួន៨៥នាក់ មុនពេលត្រួតពិនិត្យឯកសាររបស់ពួកគេ។
ការពិនិត្យឯកសារបង្ហាញថា កម្មករចិនទាំង៨៥នាក់សុទ្ធតែមានលិខិតឆ្លងដែនស្របច្បាប់ និងមានទិដ្ឋាការអាជីវកម្ម ដែលជួយឲ្យពួកគេរួចខ្លួនពីការបណ្ដេញទៅប្រទេសរបស់ពួកគេវិញ ប៉ុន្តែពួកគេគ្មានប័ណ្ណការងារនោះទេ ហេតុដូច្នេះហើយពួកគេត្រូវបង់ថ្លៃប័ណ្ណការងារក្នុងម្នាក់ៗប្រហែល១២៥ដុល្លារ។
ក្នុងចំណោមជនជាតិវៀតណាមទាំងនេះ មានតែបីនាក់ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន និងមានទិដ្ឋាការមានសុពលភាព ចំណែកឯ៣៣នាក់ទៀតធ្វើការដោយប្រើទិដ្ឋាការទេសចរណ៍ ហើយអ្នកដែលនៅសេសសល់ចំនួន៩៥នាក់គឺគ្មានលិខិតឆ្លងដែនទាល់តែសោះ។

លោក អ៊ុក ហៃសិលា បានមានប្រសាសន៍ថា “សម្រាប់អ្នកដែលគ្មានលិខិតឆ្លងដែន ពួកគេកំពុងតែធ្វើការនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ហើយ ហើយយើងនឹងធ្វើសំណើបណ្ដេញពួកគេត្រឡប់ទៅប្រទេសរបស់ពួកគេវិញ”។ លោកបានលើកឡើងទៀតថា ជនជាតិវៀតណាមទាំង៣៣នាក់ដែលប្រើទិដ្ឋាការទេសចរណ៍ នឹងត្រូវទទួល “ការអប់រំ” និងស្នើឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញដោយស្ម័គ្រចិត្ត។
កាលពីខែសីហាឆ្នាំមុន នាយកដ្ឋានអន្តោប្រវេសន៍បានចាប់ផ្ដើមធ្វើជំរឿនជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ហើយចាប់តាំងពីពេលនោះមក បានឆ្មក់ចូលឆែកឆេរទូទាំងប្រទេស និងបណ្ដេញអ្នកដែលខ្វះលិខិតស្នាមចាំបាច់ឲ្យត្រឡប់ទៅវិញ។
នៅពេលនគរបាលចុះទៅឆែកឆេរនៅកោះពេជ្រកាលពីម្សិលមិញ ដែលខ្លះប្រដាប់ដោយកាំភ្លើងវែងអាកា៤៧ មាននគរបាលម្នាក់បានឃាត់ខ្លួនអ្នកយកព័ត៌មានជាជនបរទេសម្នាក់ ហើយបានប្រាប់ឲ្យអ្នកយកព័ត៌មានរូបនោះបង្ហាញលិខិតឆ្លងដែន ដោយនិយាយថា តាមច្បាប់ជនបរទេសទាំងអស់ត្រូវតែដាក់លិខិតឆ្លងដែន ឬច្បាប់ចម្លងនៃលិខិតឆ្លងដែនតាមខ្លួន។
នៅឯការដ្ឋានសាងសង់មួយ កម្មករត្រូវបាននគរបាលប្រមូលផ្ដុំជាជួរ និងសាកសួរថាតើពួកគេជាប្រជាពលរដ្ឋកម្ពុជាឬយ៉ាងណា។ ផ្អែកតាមសំនៀងរបស់ពួកគេ ពួកគេនឹងត្រូវដោះលែង ឬរុញបញ្ចូលរថយន្តដឹកទៅកាន់ការដ្ឋានមួយផ្សេងទៀត ដើម្បីធ្វើការពិនិត្យបន្ថែម។
នៅពេលកម្មករចិន និងកម្មករវៀតណាមដើររេរាៗខណៈនគរបាលប្រមូលឯកសារ លោក អ៊ុក ហៃសិលា បានមានប្រសាសន៍ថា គ្រាន់តែក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥ មានជនអន្តោប្រវេសន៍ខុសច្បាប់ជាង១.១០០នាក់ដែលមកពីប្រទេសចំនួន៣៣ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា លោកមិនអាចបា៉ន់ប្រមាណដឹងថាជនបរទេសដែលធ្វើការនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់មានចំនួនសរុបប៉ុន្មាននោះទេ ហើយបានបញ្ចេញទស្សនយល់ឃើញតិចតួចប៉ុណ្ណោះជុំវិញការសម្រេចឆ្មក់ចូលឆែកឆេរក្រុមហ៊ុនសហគ្រាស ឬសហគមន៍មួយចំនួន។
លោកបានលើកឡើងបន្ថែមទៀតថា “យើងមានប្រភពខ្លះ។ យើងមានមន្ត្រីដែលចុះទៅពិនិត្យមើលថា តើកន្លែងណាខ្លះមានជនបរទេសធ្វើការដោយខុសច្បាប់។ យើងធ្វើជារៀងរាល់ថ្ងៃ ជារៀងរាល់ថ្ងៃ។ ហើយយើងនឹងធ្វើនៅទូទាំងប្រទេស ប៉ុន្តែពេលនេះយើងផ្ដោតលើរាជធានីភ្នំពេញ”៕ សុខុម