41.3 C
Phnom Penh

​ជន​ជាតិ​រុស្ស៊ីម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ជុំវិញ​ការ​បាញ់​​នៅ​កាស៊ីណូមួួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា ជន​ជាតិ​រុស្ស៊ី​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​បាញ់​បុរស​ម្នាក់​អំឡុង​ជម្លោះ​​មួយ​រវាង​​​ជន​បរទេស​​ពីរក្រុមនៅ​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ខែ​កុម្ភៈ​នោះ ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​កាលពី​ម្សិលមិញ ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារដើម្បី​​​រង់ចាំ​ការ​ជំនុំជម្រះ​​​។

ដោយ​បដិសេធ​មិនពិភាក្សា​អំពី​ករណី​នេះ​បន្ថែម​ លោក លី សុផាណែត ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ចេញ​​ដីកា​​ឃុំខ្លួន​ជននេះ​​​ ហើយ​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ប្រើអំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​ ដោយ​បាន​ប្រើ​កាំភ្លើង​បាញ់​អ្នកដទៃ​ទៀត​”។

បន្ទាប់ពី​រត់​គេច​ខ្លួន​ជាច្រើន​ខែ​ Roman Dragomir អាយុ​៣៩​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ខណៈ​ដែល​ជននេះ​​បាន​អង្គុយ​ហូប​អាហារ​នៅ​ភោជនីយដ្ឋាន​ Five Men Fresh Beer Restaurant ក្នុង​សង្កាត់​លេខ៣ ក្រុង​ព្រះសីហនុ។ យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ប៉ុស្តិ៍នគរ​បាល​​មួយ​យប់​មុន​ពេល​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ម្សិលមិញ​។

យ៉ាងហោចណាស់ Dragomir គឺ​ជា​បុរស​ទី៤​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​ជុំវិញ​ជម្លោះ​​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ នៅ​​កាស៊ីណូ​ Queenco Hotel & Casino ដែល​នគរ​បាល​​និយាយ​ថា បាន​កើត​ឡើង​នៅ​ពេល​បុរស​មក​ពី​អឺរ៉ុប​ខាង​កើត​មួយ​ក្រុម​បាន​​ប៉ុន​ប៉ង​គំរាម​ទារ​​ប្រាក់​ម្ចាស់​ក្រុម​ហ៊ុនជនជាតិម៉ុលដាវី​ដែល​​លក់​សំបុត្រ​សម្រាប់​ការ​ប្រគំតន្ត្រី​ Kazantip ដែល​ទីបំផុត​ត្រូវ​បាន​អាជ្ញាធរ​លុប​ចោល​។ជន​ជាតិ​ម៉ុលដាវី​ទី២​ម្នាក់​ទៀត​ត្រូវ​បាន​ចាក់​ចំ​ដង​ខ្លួន និង​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​បាញ់​ចំ​​ជង្គង់។

ការ​ចាប់​ខ្លួន​ Dragomir កាលពី​ថ្ងៃ​ច័ន្ទ​កើត​ឡើង​បន្ទាប់ពី​​ Andrei Tcekhanskii អាយុ​៣៦​ឆ្នាំ ជា​ជន​រួម​ជាតិ​របស់​​ខ្លួន​​កាល​ពី​ចុង​ខែ​មីនា ដែលត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ការ​ដឹកនាំ​កម្លាំង​នគរ​បាល​ជាង​២០​នាក់​ជិះម៉ូតូ​ប្រដេញ​រយៈ​ពេល​១ម៉ោង​កាត់​ក្រុង​ព្រះសីហនុ។

ជន​ជាតិ​រុស្ស៊ី​ពីរ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វេលា​ព្រឹក​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​នៅ​កាស៊ីណូ Queenco នៅ​ក្រុង​ឆ្នេរ​សមុទ្រ​នេះ ដែល​នគរ​បាល​បាន​ដក​ហូតកាំភ្លើង​ឆក់ ​កាំបិត​ ដែក​បំពង់ទីប និង​កាំភ្លើង​ខ្យល់​។

នគរ​បាល​ និង​សាក្សី​បាន​ភ្ជាប់​​ Tcekhanskii និង Dragomir ទៅ​ Oleg Tikhanov ជន​ជាតិ​រុស្ស៊ី​ដែល​គេ​ចង់​ចាប់​ខ្លួន​ក្នុង​ប្រទេស​កំណើត​របស់​គាត់​ពីបទ​មាន​អាវុធ និង​ជាតិ​ផ្ទុះ​។

អាជ្ញាធរ​កម្ពុជា​ឲ្យ​ដឹង​ថា Tikhanov ដែល​បើក​​សណ្ឋាគារ រង្គសាល និង​សាលា​មត្តេយ្យ​​ក្នុង​ក្រុង​ព្រះសីហនុ​នោះ ​បាន​បញ្ជា​​ការ​វាយ​ប្រហារដែលបាន​ឈាន​ទៅដល់​ការ​វាយ​តប់គ្នា​​​នៅ​កាស៊ីណូ​នោះ​។ ជន​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ​។

ម្ចាស់​អាជីវកម្ម​ជន​បរទេស​ជាច្រើន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​បាន​លើក​ឡើង​ផង​ដែរ​ថា Dragomir ធ្វើ​ការ​ឲ្យ​គ្រួសារ​លោក នីកូឡៃ ដូរ៉ូសិនកូ ពាណិជ្ជករ​ជនជាតិ​រុស្ស៊ី។

នៅ​ពេល​​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក អូសថេប ដូរ៉ូសិនកូ កូន​ប្រុស​របស់​លោក ដូរ៉ូសិនកូ ជា​មន្ត្រី​នគរ​បាល​នៅ​នាយកដ្ឋាន​បុគ្គលិក​ក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសា​សន៍​ថា Dragomir បាន​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ជាមួយ​ប្រពន្ធ​ និង​កូន​របស់​គាត់​​រយៈ​ពេល​យូរ​មក​ហើយ​ ប៉ុន្តែ​រូបលោក​និង​ឪពុករបស់លោក​​មិន​ដែល​បាន​ជួល​​បុរស​រូប​នេះ​​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​គាត់​មិន​ដែល​ធ្វើ​ការ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំទេ”៕ សារុន​ (រាយការណ៍​បន្ថែម​ដោយ Ben Woods)​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស