26 C
Phnom Penh

មន្ត្រី​នគរបាល​ម្នាក់​បាញ់​ដាក់ផ្ទះ​បុរស​ម្នាក់ដោយ​សង្ស័យថា ជា​អ្នក​ចេះ​អំពើអាប​ធ្មប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរ​បាល​ខេត្ត​កំពង់​ធំម្នាក់​បាន​បាញ់​កាំភ្លើង​ដាក់​​ផ្ទះ​បុរស​ម្នាក់​ដែល​​គាត់​សង្ស័យ​ថា ជាអ្នក​ចេះ​អំពើ​អាបធ្មប់ ហើយ​​បណ្ដាល​​​ឲ្យ​​​ប្រពន្ធ​របស់​​គាប់​​ស្លាប់ ប៉ុន្តែ​កាលពីម្សិលមិញ​គេ​នៅ​មិន​ទាន់​ច្បាស់​ថា​​តើ​បុរសរូបនេះ​​នឹង​ត្រូវ​ចោទ​ប្រកាន់​ឬ​យ៉ាង​ណា​នោះ​។

យោង​តាម​លោក ឃុន ប៊ុនហួរ មេបញ្ជាការ​រង​កង​រាជអាវុធ​ហត្ថ​ស្រុក​បារាយណ៍​​បាន​ឲ្យ​ដឹង​ថា លោក​ ស្វាយ សាវ៉េត អធិការ​រង​នគរ​បាល​ស្រុក​បារាយណ៍​បាន​បាញ់​​កាំភ្លើង​ដាក់​ផ្ទះ​បុរស​ម្នាក់​ដែល​នគរ​បាល​​​​ប្រាប់​ថា ឈ្មោះ នី នៅ​ម៉ោង​ប្រហែល​៦ល្ងាច​ថ្ងៃ​អាទិត្យ ពីព្រោះ​គាត់​ជឿ​ថា បុរស​រូប​នេះ​បាន​ប្រើ​​​ “​មន្ត​អាគម​” ធ្វើ​ឲ្យ​ប្រពន្ធ​របស់​គាត់​​ស្លាប់។ លោក​បាន​មាន​ប្រសាសន៍​ថា “​ករណី​នេះ​ស្ថិត​​ក្នុង​ដៃ​​នគរ​បាល​ខេត្ត​”។

លោក ជា ពឿន នាយ​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​មាន​ប្រសា​សន៍​ថា នគរ​បាល​បាន​ដក​ហូត​​កាំភ្លើង​ខ្លី​របស់បុរសឈ្មោះ​​​ សាវ៉េត កាលពី​យប់​ថ្ងៃ​អាទិត្យ ប៉ុន្តែមិន​មាន​គម្រោង​ចាត់​វិធានការ​បន្ថែម​ឡើយ​។

លោក ជា ពឿន បាន​មាន​ប្រសាសន៍​ថា “​ឥឡូវ​នេះ ករណី​នេះ​ចប់​​ហើយ។ យើង​​មិន​បាន​ចាប់​ខ្លួន​គាត់​ទេ ពីព្រោះ​គាត់​បាន​និយាយ​សុំទោសរួច​ហើយ ហើយ​មិន​មាន​នរណា​ម្នាក់​​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​គាត់​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “​គាត់​បាន​បាញ់​​ដាក់​ផ្ទះ​ជន​រងគ្រោះ​ដោយ​សារ​គាត់​ខូច​ចិត្ត”។ លោក​បាន​បន្ថែម​ថា មន្ត្រី​នគរ​បាល​រូប​នេះ​​បាន​បាញ់​ពីរ​គ្រាប់​​ដាក់​ផ្ទះ​ជន​រងគ្រោះ​ស្ថិត​ក្នុង​ឃុំ​បល្ល័ង្ក​។

បើ​ទោះ​ជា​នគរ​បាល​ខេត្ត​បាន​លើក​ឡើង​ថា ករណី​​នេះ​ត្រូវ​បាន​បិទ​ក៏ដោយ ក៏​លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​នៅ​រង់ចាំ​របាយការណ៍​ពី​នគរបាល​ស្រុក ដើម្បី​​​សម្រេច​​ថា​តើ​ត្រូវ​ចោទ​ប្រកាន់​លោក​ សាវ៉េត ជុំវិញ​ហេតុ​ការណ៍​នោះ​ឬ​យ៉ាង​ណា​។

លោក ណូរ៉ា បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ត្រូវ​កំណត់​ថា​តើ​មន្ត្រី​នគរ​បាល​រូប​នេះ​មាន​បំណង​បាញ់​​បុរស​រូប​នោះ​នៅ​ក្នុង​ផ្ទះ​ ឬគ្រាន់​តែ​បាញ់​ដាក់​ផ្ទះ​។ មិន​ថា​យ៉ាង​ណា​នោះ​ឡើយ លោក​បាន​លើក​ឡើង​ថា នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ ប្រសិន​បើ​នគរ​បាល​សន្និដ្ឋាន​ថា លោក​ សាវ៉េត បាន​បាញ់​ដោយ​គ្មាន​មូលហេតុមែន​​នោះ។

លោក ណូរ៉ា បាន​មាន​ប្រសាសន៍​ថា “​នៅ​ពេល​ខ្ញុំ​បាន​ប្រាប់​គាត់ [លោក​ សួង ថេន អធិការ​នគរ​បាល​ស្រុក​] ឲ្យ​ពិនិត្យ​ករណី​នោះ លោក​បានឆ្លើយ​ប្រាប់​ខ្ញុំ​ថា លោក​កំពុង​សាក​សួរ​សាក្សី​ និង​ស្វែង​រក​សម្បក​គ្រាប់​នៅ​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “​​គាត់​បាន​និយាយ​ថា គាត់​មិន​អាច​រក​សម្បក​គ្រាប់​ឃើញ​ឡើយ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា វា​មិន​សមហេតុ​ផល​ទេ”។ លោក​បាន​បន្ថែម​ថា លោក សាវ៉េត បាន​បដិសេធ​ថា គាត់​មិន​បាន​បាញ់​ទេ​ នៅ​ពេល​នគរ​បាល​ស្រុក​ធ្វើ​ការ​សាកសួរនោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ប្រសិន​បើ​ករណី​នេះ​ត្រូវ​បាន​សន្និដ្ឋាន​​ថា គាត់​ពិត​ជា​បាន​បាញ់​មែននោះ គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់។ បើ​ទោះគាត់​​ជា​មន្ត្រី​នគរ​បាល​ក៏ដោយ ក៏ គាត់​មិន​អាច​ប្រើ​អាវុធ​បាញ់​គំរាម​ប្រជាពលរដ្ឋ​ដែរ”។

គេ​មិន​អាច​ទាក់​ទង​លោក សួង ថេន អធិការ​នគរ​បាល​ស្រុក​​បាន​ទេ​៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស