28 C
Phnom Penh

សហជីព​ចំនួន​ប្រាំបួន​​ព្រមព្រៀង​គ្នា​ទាមទារ​​ប្រាក់​ខែ​គោល​​​១៧៧​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីព​កម្មករ​ចំនួន​ប្រាំបួន​ដែល​តំណាង​ឲ្យ​កម្មករ​កាត់​ដេរ​ជា​ច្រើន​ក្នុង​ចំណោម​កម្មករ​កាត់​ដេរ​ចំនួន​៧០០.០០០​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​​ បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ទាម​ទារ​​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ​សម្រាប់​វិស័យ​កាត់​ដេរ​ អំឡុង​​ពេល​ចរចា​​យ៉ាង​ឆាប់រហ័ស។​

ក្រសួង​ការ​ងារ​​បាន​ដំឡើង​ប្រាក់​ខែ​គោល​ពី​១០០​ដុល្លារ​ដល់​១២៨​ដុល្លារ​កាលពី​ខែ​ធ្នូ ដោយ​ធ្វើ​ឲ្យ​សហជីព​មួយ​ចំនួន​ខក​ចិត្ត​ ប៉ុន្តែ​បាន​បន្ធូរ​កំហឹង​របស់​ពួកគេ​ និង​បាន​​​ពន្យារ​ពេល​កូដកម្ម​ និង​ការ​តវ៉ា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ជាច្រើន​ពាន​់​លាន​ដុល្លារ​នេះ​កាលពី​ចុង​ឆ្នាំ​២០១៣។

សហជីព​​ និយោជក និង​រដ្ឋាភិបាល​គ្រោង​នឹង​ចាប់​ផ្ដើម​​ដំណើរ​ការ​រាប់​ខែ​នៃ​ការ​កំណត់​ប្រាក់​ខែ​គោល​​សម្រាប់​ឆ្នាំ​ក្រោយ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ទៀត។ សហជីព​ចំនួន​ប្រាំបួន​ក្នុង​ចំណោម​សហជីព​ឯករាជ្យ​​​នៅ​ទូទាំង​ប្រទេស​ បាន​ជួប​ប្រជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​កំណត់​ការ​ទាម​ទារ​របស់​ខ្លួន​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ ដែល​ជា​សហជីព​ឯករាជ​ដ៏​ធំបំផុត​នៅ​ក្នុង​ប្រទេស បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​សម្រេច​ពិភាក្សា​​ប្រាក់​ខែ​​គោល​១៧៧​ដុល្លារ​ជាមួយ​រដ្ឋាភិបាល​ និង​និយោជក”។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធសហជីព​ចលនា​កម្មករ​ ដែល​បានចូល​រួម​កិច្ច​ប្រជុំ​នេះ​ដែរ​ បាន​មាន​ប្រសាសន៍​ថា “​យើង​ជ្រើស​រើស​យក​តួលេខ​នេះ​ដោយ​សារ​តែ​មាន​ការ​សិក្សា​មួយ​​ដែល​បាន​រក​ឃើញ​ថា ចំនួន​ប៉ុន្មាន​​ដែល​កម្មករ​ត្រូវ​ការ​​ដើម្បី​រា៉ប់​រង​ការ​ចំណាយ​របស់​ខ្លួន​”។

​ ពេល​នេះ​គេ​នៅ​រង់ចាំ​មើល​ថា តើ​សហជីព​ផ្សេងទៀត​យល់​ស្រប​តាម​ដែរ​ឬទេ​។

លោក ជួន មុំថុល ប្រធាន​សហព័ន្ធសហជីព​កម្ពុជា​ ជា​សហជីព​ដ៏ធំ​ដែល​មាន​សម្ពន្ធ​ភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​កាន់​អំណាច ​​បាន​លើក​ឡើង​ថា ​លោក​នៅ​តែ​គាំទ្រ​ផែន​ការ​​មួយ​ដែល​ក្រសួង​ការ​ងារ​បាន​ស្នើ​កាលពី​ពីរ​បី​ឆ្នាំ​មុន​ ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​​ត្រឹម​ឆ្នាំ​២០១៨។

លោក​បាន​ថ្លែង​ថា លោក​មិន​ទទួល​បាន​ការ​អញ្ជើញ​​​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​របស់​សហជីព​ទាំង​នេះ​​ទេ​កាលពី​ម្សិលមិញ ​ហើយ​​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​ ក៏​មិន​ទទួល​បាន​ការ​អញ្ជើញ​ដូច​គ្នា​ដែរ​។

លោក ជា មុនី បាន​មាន​ប្រសាសន៍​ថា “គេ​គិត​ថា សហជីព​របស់​ខ្ញុំ​ពុក​រលួយ​ពេក ហើយ​ចុះ​សម្រុង​នឹង​រដ្ឋាភិបាល ដូច្នេះ​ហើយ​ពួកគេ​មិន​បាន​អញ្ជើញ​យើង​ទេ​”។ លោក​បាន​​លើក​ឡើង​បន្ថែម​ថា សហជីព​របស់​លោក​​ប្រហែល​ជា​ត្រូវ​ទាម​ទារ​​ការ​ដំឡើង​ប្រាក់​ខែ​​គោល​ចន្លោះ​​ពី​១៧០​ដុល្លារ​ទៅ​១៨០​ដុល្លារ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​ បាន​ច្រាន​ចោល​ការ​អះអាង​​របស់​លោក ប៉ាវ ស៊ីណា ដែល​លើក​ឡើង​ថា មាន​ការវិភាគ​សមហេតុ​ផល​នៅ​ពីក្រោយ​ការ​ទាមទារ​​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ​នេះ។ លោក​បាន​ថ្លែង​ថា “​ពួកគេ​និយាយ​ទាំង​បិទ​ភ្នែក​។ ពួកគេ​គ្មាន​រូប​មន្ត​ទេ​”។ ​លោក​បាន​បញ្ជាក់​ថា ​វា​ឆាប់​រហ័ស​ពេក​ ដូច្នេះ​​លោក​មិនទាន់​​អាច​និយាយ​បាន​​ថា​ តើ​រដ្ឋាភិបាល​នឹង​ពិចារណា​ដំឡើង​ប្រាក់​ខែ​គោល​ប៉ុន្មាន​នោះ​​ទេអំឡុង​ពេល​ចរចា​៕ សុខុម​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស