
នៅក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ហាញពីវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺផ្លូវដង្ហើមមជ្ឈិមបូពា៌ (MERS) ដ៏កាចសាហាវកុំឲ្យឆ្លងចូលមកក្នុងប្រទេសកម្ពុជា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីជំងឺនេះត្រូវបានរកឃើញនៅក្នុងប្រទេសថៃនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបង្ហាញមា៉ស៊ីនចាប់សីតុណ្ហភាពក្នុងខ្លួនមនុស្សនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញ។
ចាប់តាំងពីចុងខែមុនមក ជំងឺ MERS ជាជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយប្រភេទដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងឆ្នាំ២០១២ បានផ្ដាច់ជីវិតមនុស្សចំនួន២៧នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីថ្ងៃព្រហស្បតិ៍ប្រទេសថៃបានបញ្ជាក់ករណីដំបូងរបស់ខ្លួននៃជំងឺនេះ។ រោគសញ្ញានៃជំងឺនេះមានដូចជា គ្រុនក្ដៅ ក្អក និងថប់ៗដង្ហើមជាដើម។
យោងតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាស៊ីនស្គែនសីតុណ្ហភាពក្នុងខ្លួនមនុស្សនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការជួសជុល ត្រូវបានរដ្ឋាភិបាលសិង្ហបុរីបរិច្ចាគសម្រាប់ចាប់ប្រជុំរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ដ៏កាចសាហាវដែលបានឆ្លងរាលដាលទូទាំងពិភពលោកនៅក្នុងឆ្នាំ២០០៣។
លោកមានប្រសាសន៍ថា ពេលនេះម៉ាស៊ីនទាំងនេះគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ MERS។ លោកបានថ្លែងទៅកាន់អ្នកយកព័ត៌មានមួយក្រុមថា “ជំងឺ MERS គ្មានថ្នាំ ឬអ្នកជំនាញព្យាបាលទេ ដូច្នេះរឿងសំខាន់ដែលយើងចាំបាច់ត្រូវផ្ដោត គឺការប្រើប្រាស់ម៉ាស៊ីនស្គែនទាំងនេះ”។
លោកបានពន្យល់ថា ពេលមកដល់រាជធានីភ្នំពេញ អ្នកដំណើរមកពីប្រទេសនានាដែលមានជំងឺនេះ និងដែលត្រូវបានរកឃើញថា មានសីតុណ្ហភាពក្នុងខ្លួនលើសពី៣៧អង្សានឹងត្រូវនាំទៅកាន់បន្ទប់សម្រាកមួយដែលមានគ្រែចំនួនប្រាំបីនៅអាកាសយានដ្ឋាននេះ មុនពេលបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត។
លោកបានមានប្រសាសន៍បន្តថា “នៅពេលម៉ាស៊ីននេះរកឃើញ [ជំងឺគ្រុនក្ដៅ] យើងត្រូវឃាត់ ហើយសាកសួរព័ត៌មានលម្អិតថាតើពួកគេមកពីណា មកពីបណ្ដាប្រទេសនៅអារ៉ាប់ ប្រទេសថៃ ឬប្រទេសកូរ៉េខាងត្បូង”។ លោកបានលើកឡើងបន្ថែមទៀតថា មន្ត្រីក្រសួងសុខាភិបាលក៏នឹងត្រូវបញ្ជូនឲ្យទៅបំពេញការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រមទាំងច្រកទ្វារអន្តរជាតិបាវិតដែលមិនទាន់មានម៉ាស៊ីនស្គែនសីតុណ្ហភាពក្នុងខ្លួនមនុស្សផងដែរ។
លោកស្រី វិកឃី ហូសៀ (Vicky Houssiere) មន្ត្រីផ្នែកទំនាក់ទំនងនៅអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ម៉ាស៊ីនស្គែនសីតុណ្ហភាពក្នុងខ្លួនមនុស្ស គ្រាន់តែជាវិធីមួយប៉ុណ្ណោះក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ MERS។
លោកស្រីបានគូសបញ្ជាក់ថា “រឿងដែលសំខាន់គឺថា វេជ្ជបណ្ឌិតត្រូវផ្ដោតការយកចិត្តទុកដាក់ប្រវត្តិនៃការធ្វើដំណើរ។ ប្រសិនបើអ្នកកើតជំងឺផ្ដាសាយនៅក្នុងរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន វាមិនអីនោះទេ ប៉ុន្តែប្រសិនបើអ្នកកើតជំងឺផ្ដាសាយនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសកូរ៉េខាងត្បូង នោះគឺជារឿងសំខាន់”៕ សុខុម (រាយការណ៍បន្ថែមដោយ Maria Paula Brito)