29 C
Phnom Penh

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​​ប្រាប់គណបក្ស​ប្រឆាំង​ថា សភា​ ‘មិនមែនជា​ផ្សារត្រី’ ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិល ​មិញ លោក ឈាង វុន អ្នកនាំាពាក្យ​រដ្ឋសភា​បាននិយាយ​ការពារ​ការ​រារាំង​ការ​ធ្វើសន្និសីទកាសែត​ ស្តីពី​បញ្ហាព្រំដែន​​ដែលគ្រោង​ធ្វើដោយ​​ក្រុមសមាជិក​សភា​គណបក្ស​សង្គ្រោះ​ ជាតិ​​ ដោយ​លើកឡើង​ថា សភា​”មិនមែន​ជា​ផ្សារត្រី” ទេ។

លោក ម៉ៅ មុនីវណ្ណ និង​លោក អ៊ុំ សំអាន សមាជិក​សភាគណប​ក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃសុក្រ​​បាន​លុប​ចោល​ការ​ធ្វើ​ សន្និសីទកាសែត​​ដើម្បីរាយការ​ណ៍ពី​លទ្ធផល​របស់ខ្លួន​​ពី​ការស៊ើប​អង្កេត​ ថ្មីៗ​ពីបញ្ហាព្រំដែន​ជាមួយ​វៀត​ណាម​បន្ទាប់ពី​​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​បដិសេធ​មិន​ឲ្យ​ពួកគេ​ចូលក្នុង​សាលសន្និសីទ​នៅ​​សភា ដោយ​លើកឡើង​ថា ពួកគេ​មិន​បាន​សុំការ​អនុញ្ញាត​មុនពេល​ចុះ​ទៅកាន់​់ព្រំដែន។

លោក ​ ម៉ៅ មុនីវណ្ណ បាន​លើកឡើង​ថា លោក​នៅ​តែ​ចង់​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ប្រកាស​ពី​លទ្ធផល​នៃការ​ធ្វើ​ ដំណើរ​ចុះ​ទៅ​ខេត្ត​ស្វាយរៀង​ ខេត្ត​កណ្តាល ខេត្ត​រតនគិរី និង​ខេត្ត​ត្បូង​ឃ្មុំ កាលពី​ពេល​ថ្មី​ៗដដែល​​ ប៉ុន្តែ លោក ឈាង វុន ​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​​បានមាន​ប្រសាសន៍ថា លោក ហេង​ សំរិន មាន​សិទ្ធិគ្រប់គ្រង​​អគារ​រដ្ឋសភា​បើ​លោក​យល់ឃើញ​ថា​ត្រឹមត្រូវ​។

លោក ឈាង​ វុន បានមាន​ប្រសាសន៍ថា “​ពួកគេ​ជា​សមាជិក​​សភា ដូច្នេះ​ ពួកគេ​ត្រូវ​គោរព​បទបញ្ជាផ្ទៃក្នុង​​របស់​សភា។ បទបញ្ជាផ្ទៃក្នុង​…ចែងថា [លោក ហេង សំរិន] ទទួល​ខុស​ត្រូវ​សម្រាប់​ដំណើរការរដ្ឋសភា ដូច្នេះហើយ​​លោក​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ធ្វើ​ឬ​មិន​ឲ្យ​ធ្វើ​នៅ​រដ្ឋសភា”។

លោក​បាន​បន្ថែមថា “​រដ្ឋសភាមិនមែន ​ជា​ផ្សារត្រី​ដែល​គេ​អាច​ចេញចូល​តាម​តែ​អំពើ​ចិត្ត​នោះទេ។ ការ​ធ្វើ​សន្និសីទកាសែត​មិនមែន​ជា​បញ្ហាសាមញ្ញ​ទេ ពីព្រោះ​វាតម្រូវ​ឲ្យ​មានការ​ចេញ​​កាត​សម្រាប់​អ្នក​មក​ចូលរួម​សន្និសីទ ហើយ​ជាពិសេស​​សម្តេច​​ប្រធាន​ [ហេង​ សំរិន] ទទួល ​ខុសត្រូវ​​សន្តិសុខ​រដ្ឋសភា។ ប្រសិន​បើ​​ពួកគេ​ចង់​ធ្វើ​សន្និសីទ​កាសែត​ ហេតុ​អ្វី​​បានជា​ពួកគេ​មិន​នាំ​អ្នក​កាសែត​​ទៅ​ធ្វើ​សន្និសីទកាសែត​នៅ​ ព្រំដែន​ទៅ?”។

លោក មុនីវណ្ណ បានមាន​ប្រសាសន៍ថា លោក និង​ក្រុមសមាជិក​សភាគណប​ក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​នឹង​​ចេញ​ផ្សាយ​សេចក្តី​ ថ្លែងការ​ណ៍​ជាសាធារណៈ​​នៅថ្ងៃនេះ​​ ដោយ​បង្ហាញ​ពី​ការ​ទាម​ទារ​របស់ខ្លួន​ឲ្យ​រដ្ឋាភិបាល​​ចេញ​ផ្សាយ​ផែនទី​​ ព្រំដែន​ជាមួយ​វៀត​ណាម និង​រៀបរាប់​លម្អិត​ពី​ដំណើរ​ចុះទៅពិនិត្យ​ព្រំដែន​របស់ខ្លួន​កាលពី​ពេល​ ថ្មី​ៗ។

លោក មុនី​វណ្ណ បានមាន​ប្រសាសន៍ថា “​ការ ​ច្រានចោល​របស់សម្តេច​ ហេង សំរិន មិនឲ្យ​​ប្រើ​ប្រាស់​រដ្ឋសភា​ដើម្បីធ្វើសន្និសីទ​កាសែតនោះ​​​គឺជាការ​រើស​ អើង​នយោបាយ។ វា​ជា​កន្លែង​របស់ប្រជា​ពលរដ្ឋ មិនមែន​ជា​កម្មសិទ្ធិ​របស់​គណបក្ស​នយោបាយ​ទេ”។

លោក សម រង្ស៊ី ប្រធានគណបក្ស​ប្រឆាំង​​​បានមាន​ប្រសាសន៍​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ថា តើ​​ត្រូវ​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​អនុញ្ញាត​ឲ្យ​ធ្វើ​ សន្និសីទកាសែត​ឬ​យ៉ាងណា ហើយ​បាន​លើកឡើង​ថា ច្បាប់​ដែល​តម្រូវ​ឲ្យ​សមាជិក​សភា​​សុំការ​អនុញ្ញាត​ពី​លោក ហេង សំរិន​​​ដើម្បី​ចុះ​បំពេញ​បេសកកម្ម​នោះ​​គឺជាការខុស​ឆ្គង​។

លោក សម រង្ស៊ី បានមាន​ប្រសាសន៍​ថា “​ក្នុង ​នាម​ជា​សមាជិក​សភា ពួកគេ​​មិន​ចាំបាច់​សុំការ​អនុញ្ញាត​ចុះ​បំពេញ​ការ​ងារ​របស់ខ្លួន ដែលត្រូវ​តាមដាន​ស្ថានភាព​ថា តើ​មាន​កង្វល់​​ពីប្រជាពលរដ្ឋ​ឬយ៉ាងណានោះឡើយ​។ ប្រជាពលរដ្ឋ​ជា​ចៅហ្វាយ ហើយ​ពួកគាត់​​មិន​ចាំបាច់​សុំការ​អនុញ្ញាត​ពី​ចៅហ្វាយផ្សេង​ទៀត​ឡើយ”។

លោក​បានមាន​ប្រសាសន៍ថា “​បញ្ហានានា​តឹងរ៉ឹង​ណាស់ពីមុន​ ហើយ​គណបក្ស​ប្រឆាំង​មិន​មាន​អំណាចសោះ​។ ប៉ុន្តែឥឡូវ​នេះ​ យើង​ឃើញ​ថា [វិធាន​បែបនេះ]​ កាន់តែមិន ​ទាក់ទង​ទៅ​ទៀត ពីព្រោះ​ដោយសារតែ​តុល្យភាព​អំណាច ហើយ​វាមិន​ត្រឹមត្រូវ​ទេ​ក្នុងការ​រឹតត្បិត​​សិទ្ធិ​របស់សមាជិក​សភា​ ក្នុងការ​បង្ហាញ​លទ្ធផល​នៃការ​ស៊ើប​អង្កេត​​ដែល​ពួកគេ​បាន​ធ្វើ​​”៕សារុន​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស