26 C
Phnom Penh

អ្នក​បច្ចេកទេស​ចិន​៥០០​នាក់​នៅ​ការដ្ឋាន​វាល​យន្តហោះ​កំពង់​ឆ្នាំង​ក្នុង​របប ប៉ុល ពត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ទាហាន​ខ្មែរ​ក្រហម​ម្នាក់​បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អវតក) កាលពី​ថ្ងៃ​អង្គារ​ថា អ្នក​បច្ចេកទេស​ចិន​ប្រហែល​៥០០​នាក់​បាន​មើល​ខុស​ត្រូវ​នៅ​ការដ្ឋាន​សំណង់​អាកាស​យានដ្ឋាន​កំពង់​ឆ្នាំង អំឡុង​របប ប៉ុល ពត។

ការ​ផ្តល់​សាក្ខី​កម្ម​នៅ​ថ្ងៃ​ទី​៣ លោក សែម ហឿន ជា​សមាជិក​កងពល​៣១០​តំបន់​ទិស​ឧត្តរ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​និយាយ​ថា ជនជាតិ​ចិន​បាន​ផ្តល់​ជំនាញ​នៅ​ការដ្ឋាន​សំណង់​វាល​យន្តហោះ ជា​កន្លែង​ដែល​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ “ដើម្បី​កសាង​ខ្លួន” ក្រោយពី​គម្រោង​រៀបចំ​ដោយ​មេ​កងពល​របស់​លោក​ដើម្បី​ដណ្តើម​កាន់កាប់​អាកាសយានដ្ឋាន​ពោធិចិនតុង​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​បរាជ័យ។

លោក​បាន​និយាយ​ថា “តាម​ការ​ប៉ាន់​ប្រមាណ​របស់​ខ្ញុំ មាន​មួយ​កងពល​ចិន ហើយ​ជនជាតិ​ចិន​ទាំង​នេះ​ត្រូវ​បាន​គេ​ចាត់តាំង​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​អង្គភាព​ជាច្រើន​ខាង​ការងារ​បច្ចេកទេស”។

លោក ហឿន បាន​និយាយ​ថា ទំនាក់​ទំនង​រវាង​កម្មករ​និង​មេការ​រាក់ទាក់​គ្នា​ល្អ។ លោក​បាន​បន្ថែម​ថា មេការ​ចិន​ក្នុង​អង្គភាព​របស់​លោក​បាន​លើក​ទឹក​ចិត្ត​កម្មករ​ឲ្យ​ប្រើ​វិធីសាស្ត្រ​ធ្វើ​កសិកម្ម​ស្រដៀង​ទៅ​នឹង​វិធីសាស្ត្រ​ដែល​គេ​ប្រើ​នៅ​ប្រទេស​ចិន។

លោក​បាន​និយាយ​ថា “គាត់​បាន​ចេញ​ការ​ណែនាំ​ផ្ទាល់​មក​ខ្ញុំ ក៏ដូចជា​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ក្នុង​អង្គភាព ហើយ​គាត់​តែងតែ​ណែនាំ​យើង​អំពី​របៀប​ធ្វើការ ដើម្បី​យើង​ទទួល​បាន​គុណភាព​ល្អ។ នៅ​ពេល​ដល់​ម៉ោង​សម្រាក ជា​ញឹកញាប់​គាត់​បាន​ណែនាំ​យើង​ឲ្យ​បាន​ដឹង​អំពី​លក្ខណៈ​បច្ចេកទេស​នៅ​ប្រទេស​ចិន របៀប​ដែល​ពួកគេ​ធ្វើការ​នៅ​ប្រទេស​ចិន”។

លោក ហឿន ដែល​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ប្រាប់​តុលាការ​អំពី​របៀប​ដែល​មេ​បញ្ជាការ​កងពល​របស់​លោក គឺ តា អូន មាន​ផែនការ​ដណ្តើម​យក​អាកាស​យានដ្ឋាន​ពោធិចិនតុង​ក្នុង​ក្រុង​ភ្នំពេញ​នោះ បាន​និយាយ​ថា គោល​បំណង​ចុង​ក្រោយ​នៃ​ក្រុម “ខ្មែរ​ស” ដ៏​អាថ៌កំបាំង​នេះ គឺ​ធ្វើ​រដ្ឋប្រហារ​ទាំងស្រុង​ប្រឆាំង​ថ្នាក់​ដឹកនាំ​របស់​របប​នេះ”។

លោក​បាន​និយាយ​ថា “ខ្ញុំ​ដឹង​ថា អូន បាន​ចាត់តាំង​កម្លាំង​មួយ​ចំនួន និង​បាន​ចាត់​ទុក​ពួកគេ​ជា​ខ្មែរ​ស ហើយ​គោល​បំណង​របស់​កម្លាំង​នេះ​គឺ​ត្រូវ​ផ្តួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ”។ លោក​បន្ថែម​ថា លោក​ពិតជា​បាន​ឮ​ពាក្យ​និយាយ​សំដៅ​ក្រុម​នេះ បន្ទាប់ពី តា អូន ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ចុង​ឆ្នាំ​១៩៧៧។

នៅ​ពេល​រសៀល ហ៊ឹម ហាន អតីត​ស្មៀន​ក្នុង​កងពល​៣១០ បាន​ឡើង​ពន្យល់​ថា គាត់​បាន​ចូល​រួម​ប្រជុំ​នៅ​ស្តាត​អូឡាំពិក​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ចុង​ឆ្នាំ​១៩៧៥ ដែល​នៅ​ទីនោះ មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពត អៀង សារី នួន ជា និង ខៀវ សំផន បាន​ចូល​រួម៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស