33 C
Phnom Penh

មន្ត្រី​៣៨​រូប​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​លោក សាយ ឈុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា មនុស្ស​៣៨​នាក់​​រួម​ទាំង​អតីត​មន្ត្រី​ក្រសួង​សុខាភិបាលម្នាក់​ ដែល​កំពុង​​ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ (ACU)​ពី​បទ​ទទួល​ប្រាក់​សំណូក​ជាង​៣៥០.០០០​ដុល្លារ ផងនោះ​ នៅ​សប្ដាហ៍​នេះ​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ថ្មី​។

នៅ​ក្នុង​ព្រះរាជក្រឹត្យ​ពីរ​លើក​មុន​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​​ព្រះមហាក្សត្រ​ នរោត្តម សីហមុនី នៅ​​ថ្ងៃ​បន្ទាប់ពី​មរណភាព​​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​កាលពី​ថ្ងៃទី​៨ ខែ​មិថុនានោះ​ ទីប្រឹក្សា​ទាំង​អស់​ទាំង​​​របស់​លោក សាយ ឈុំ ដែល​បាន​កាន់​តួនាទី​ពីមុន​ជា​អនុប្រធាន​ព្រឹទ្ធសភា​ និង​របស់​​លោក​ ជា ស៊ីម ត្រូវ​បាន​​លុប​ចោល​តួនាទី​របស់ខ្លួនទាំងអស់​។

ព្រះរាជក្រឹត្យ​​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ច័ន្ទ​បង្ហាញ​ថា អតីត​ទីប្រឹក្សា​លោក ជា ស៊ីម មួយ​ចំនួន​ត្រូវ​បាន​ផ្ដល់​តួនាទី​ថ្មី​ជា​ទីប្រឹក្សា​របស់​លោក សាយ ឈុំ ដែល​ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​មួយ​រូប​ក្នុង​ចំណោម​អនុប្រធានពីររូប​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ចុង​សប្ដាហ៍។

ក្នុង​ចំណោម​ទីប្រឹក្សា​ចាស់ៗ​របស់​លោក ជា ស៊ីម ដែល​ឥឡូវ​នេះ​​​ជា​ទី​ប្រឹក្សា​​របស់​លោក សាយ ឈុំ នោះ​គឺ​លោក ម៉ម​ សារិន ដែល​ពី​មុន​ជា​ប្រធាន​​ខុទ្ទកាល័យ​លោក ជា ស៊ីម និង​លោក យឹម លាង កូន​ប្រុស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ដែល​ជា​ប្រធាន​កង​អង្គរក្ស​លោក ជា ស៊ីម។

ដោយ​ត្រូវ​បាន​តែង​តាំងជា​ទីប្រឹក្សារបស់​​លោក សាយ ឈុំ ផង​ដែរ​ គឺ​លោក ដួង សុជាតិ អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ជំងឺ​គ្រុន​ចាញ់​​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​បាន​ទទួលប្រាក់​​​សំណូក​​ជាង​៣៥០.០០០​ដុល្លារ​ទាក់​ទង​នឹង​កិច្ច​សន្យា​ពី​អង្គការ​មូលនិធិ​សាកល​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ របេង និង​គ្រុន​ចាញ់។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ការ​ស៊ើបអង្កេត​ផ្ទៃ​ក្នុង​របស់​អង្គការ​មូលនិធិ​សាកល​​បាន​កំណត់​ថា លោក ដួង​ សុជាតិ បាន​ឃុប​ឃិត​ជាមួយ​ក្រុមហុ៊ន​ផលិត​មុង​បរទេស​ដើម្បី​កិប​កេង​ប្រាក់​របស់​អង្គការ​មូលនិធិ​សាកល​ បណ្តាល​ឲ្យ​មាន​​ការ​ស៊ើបអង្កេត​របស់​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​ដែល​កំពុង​តែ​បន្ត​នៅ​ឡើយ​”។

នៅ​ពេល​ត្រូវ​បាន​ទាក់​ទង​កាលពី​ម្សិលមិញ លោក ដួង​ សុជាតិ បានបដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​អំពី​ការ​តែង​តាំង​ថ្មី​នេះទេ។

លោក សុខ ឦសាន អ្នក​នាំពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​លោក សាយ ឈុំ បាន​ជ្រើសរើស​យក​ទីប្រឹក្សា​ចាស់ៗ​​របស់​លោក ជា ស៊ីម ​ល្អៗ​តែ​ប៉ុណ្ណោះ​ មុន​ពេល​​ជ្រើស​រើស​អ្នក​ខាង​ក្រៅ​ដែល​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ផ្សេង​ទៀត។

លោក សុខ ឦសាន បាន​មាន​ប្រសាសន៍​ថា “​សម្ដេច​ សាយ ឈុំ មិន​ចង់​បាន​ទីប្រឹក្សា​ច្រើន​ទេ ពីព្រោះ​លោក​ចង់​បាន​តែ​មនុស្ស​វៃឆ្លាត​​ប៉ុណ្ណោះ​ដើម្បី​ជួយ​ដល់​ការ​ងារ​របស់លោក​”។

លោក​បាន​បន្ថែម​ថា “​កន្លង​មក​ ទីប្រឹក្សា​សម្ដេច ជា ស៊ីម មួយ​ចំនួនមិន​ចង់​បាន​ប្រាក់​ខែ​រដ្ឋ​ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​បាន​កិត្តិយស និង​សេចក្ដី​​ថ្លៃថ្នូ​ក្នុង​ការ​អម​ដំណើរ​សម្ដេច​ ជា ស៊ីម តែ​ប៉ុណ្ណោះ”៕ សារុន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស