33 C
Phnom Penh

អធិការ​រង​នគរបាល​ស្រុកម្នាក់​​ទទួលស្គាល់ថា ពិត​ជា​បានបាញ់កាំភ្លើង​​ ដោយសារ​​ខូចចិត្តនឹង​ការ​ស្លាប់​​ប្រពន្ធ​របស់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ អធិការ​រង​នគរ​បាល​​ស្រុក​ម្នាក់​បាន​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​បាន​បាញ់​នៅ​ក្បែរ​​អ្នក​សម្លាប់​សត្វ​ម្នាក់​ក្នុង​មូលដ្ឋាន​ម្នាក់​​ដែល​គាត់ចោទ​ថា បាន​ធ្វើអំពើ​​ ឲ្យ​ប្រពន្ធ​របស់​គាត់​ស្លាប់ ប៉ុន្តែ​បាន​អះអាង​ថា គាត់​បាញ់​កាំភ្លើង​នោះ​គ្រាន់​តែដើម្បី​​​រំសាយ​កំហឹង​តែ​ប៉ុណ្ណោះ​។

លោក ស្វាយ សាវ៉េត អធិការ​រង​នគរ​បាល​ស្រុក​បារាយណ៍​បាន​មាន​​ប្រសាសន៍​ថា លោក​បាន​​ដក​កាំភ្លើង​អាកា-៤៧​​បាញ់​ឡើង​លើ​ពី​គ្រាប់​​កាលពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​ខឹង​នឹង​លោក សែន រា៉នី អាយុ​៣៦​ឆ្នាំ ដែល​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ប្រពន្ធ​របស់​ខ្លួន​​​ដោយ​អាថ៌​កំបាំង​នៅ​ថ្ងៃ​នោះ​។

លោក សាវ៉េត បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ទទួល​ស្គាល់​កំហុស​របស់​ខ្ញុំ​ថា ខ្ញុំ​ពិត​ជាបាន​​បាញ់​កាំភ្លើង​ពី​រគ្រាប់​ឡើង​លើ​មែន​ ដោយ​សារ​ខ្ញុំ​ខូច​ចិត្ត​”។

​លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​មិន​អាច​ទប់​កំហឹង​បាន​ ពីព្រោះ​ខ្ញុំ​ខឹង​​ពី​ការ​ដែល​ប្រពន្ធ​របស់​ខ្ញុំ​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ​” ដោយ​លោក​ពន្យល់​ថា លោក​ជឿ​ថា លោក រ៉ានី គឺ​ជា​គ្រូអាបធ្មប់ ពីព្រោះ​គាត់​ជា​ជន​​ជាតិ​ចាម​។

លោក​បាន​បន្ថែម​ “​ខ្ញុំ​ស្បថ​ដាក់​ជីវិត​​ថា ខ្ញុំ​មិន​បាន​ប៉ុន​ប៉ង​សម្លាប់​គាត់​ទេ”។ លោក សាវ៉េត បាន​មាន​ប្រសាសន៍​ថា ​មេរបស់​គាត់​គឺ​លោក សួង ថេន ជាអធិការ​ស្រុក​បាន​ដក​ហូត​កាំភ្លើង​វែង និង​កាំភ្លើង​ខ្លី​របស់​គាត់ហើយ​​ចាប​់​តាំង​ពី​ពេល​នោះ​មក ដើម្បី​​រង់ចាំ​ការ​ស៊ើបអង្កេត​លើ​​ករណី​នេះ។

លោក រ៉ានី ដែល​និយាយ​ថា គាត់​បាន​គេច​ខ្លួន​ពី​ផ្ទះ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃ​អង្គារនោះ បាន​តប​ត​ថា ការ​អះអាង​របស់​លោក សាវ៉េត មិន​ពិត​ឡើយ​។

លោក​បាន​និយាយ​ថា “​លោក សាវ៉េត បាន​ដក​កាំភ្លើង​​បាញ់​ពីរ​គ្រាប់​គំរាម​ខ្ញុំ​ ហើយ​​បន្ទាប់មក​ កូន​ប្រុស​របស់​គាត់​បាន​​​ដក​កាំភ្លើង​ខ្លី​ភ្ជង់​​ខ្ញុំ ហើយ​​គំរាម​សម្លាប់​ខ្ញុំទៀត​…​ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ខ្លាំង​ណាស់​”។

លោក​បាន​បន្ថែម​ថា “​គាត់​បាន​ចោទ​ខ្ញុំ​ថា ធ្វើ​អំពើ​ឲ្យ​ប្រពន្ធ​របស់គាត់​ស្លាប់ ប៉ុន្តែ​វា​មិន​សម​ហេតុ​ផល​ទេ ពីព្រោះ​ខ្ញុំ​មិន​បាន​ដឹង​ពីរឿង​នោះទេ។ គាត់​មក​និយាយ​សុំ​ទោស ប៉ុន្តែ​​ខ្ញុំ​មិន​អាច​អភ័យ​ទោស​​ឲ្យ​គាត់​បានទេ។ ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​ផ្ដន្ទាទោស​គាត់​ទៅ​តាម​ច្បាប់​”។

​លោក រ៉ានី បាននិយាយ​ថា បច្ចុប្បន្ននេះ​លោកកំពុង​​ស្នាក់​នៅ​ផ្ទះ​ឪពុក​របស់​លោក​នៅ​ក្បែរ​នោះ​ជាមួយ​​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​​ និង​កូនៗ​ពីរ​នាក់​ទៀត​។

លោក អុិត សុភា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​លោក រ៉ានី​ ទេ​។ ប្រសិន​បើ​យើង​ទទួល​បានពាក្យ​បណ្ដឹង​ យើង​នឹង​កោះ​ហៅ​ភាគី​ទាំងអស់​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ​៕ សារុន​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស