34 C
Phnom Penh

សាលា​ក្តី​ស្តាប់​សាក្ខី​កម្ម​ពី​ស្ត្រី​ដែល​គេ​បង្ខំ​ឲ្យ​រៀបការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់​បាន​ប្រាប់​សាលាក្តី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ពុធ​អំពី​របៀប​ដែល​គេ​ប្រាប់​អ្នក​ស្រី​ថា អ្នក​ស្រី​នឹង​ត្រូវ​គេ​សម្លាប់​ចោល ប្រសិនបើ​អ្នក​ស្រី​មិន​ព្រម​រៀបការ​តាម​ការ​បង្ខំ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

អ្នក​ស្រី ជុំ សាមឿន ដែល​កើត​នៅ​ឆ្នាំ​១៩៦០ និង​បាន​ចូលរួម​ជាមួយ​បដិវត្តន៍​តាំង​ពី​នៅ​វ័យ​១៣​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា អ្នក​ស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ការដ្ឋាន​វាល​យន្តហោះ​កំពង់​ឆ្នាំង​នៅ​ឆ្នាំ​១៩៧៦ ក្រោយពី​ថ្នាក់​លើ​របស់​អ្នក​ស្រី​បាន​រក​ឃើញ​ថា ឪពុក​របស់​អ្នក​ស្រី​ជា​មន្ត្រី​ក្នុង​របប លន់ នល់។ នៅ​ចុង​ឆ្នាំ​១៩៧៨ ប៉ុន្មាន​ខែ​មុន​ខ្មែរ​ក្រហម​ត្រូវ​បាន​កម្លាំង​វៀតណាម​ផ្តួល​រំលំ អ្នក​ស្រី សាមឿន បាន​រៀបរាប់​ប្រាប់​ថា អ្នក​ស្រី​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​មនុស្ស​ចម្លែក​ម្នាក់​នៅ​ឯ​ពិធី​មួយ​ដែល​មាន​ប្រាំ​គូ​ត្រូវ​រៀបការ។

អ្នក​ស្រី​បាន​និយាយ​ថា “ខ្ញុំ​មិន​ស្គាល់​អនាគត​ប្តី​របស់​ខ្ញុំ​ទាល់តែ​សោះ។ គេ​ស្នើ​យើង​ឲ្យ​អង្គុយ​ម្ខាង រីឯ​ប្រុសៗ​អង្គុយ​នៅ​ជួរ​ម្ខាង​ទល់​មុខ​យើង”។

អ្នក​ស្រី សាមឿន បាន​មាន​ប្រសាសន៍​ថា អ្នក​ស្រី​ដំបូង​ឡើយ​បាន​បដិសេធ​នឹង​សំណើ​ដោយ​បង្ខិតបង្ខំ​របស់​ខ្មែរ​ក្រហម ប៉ុន្តែ​បាន​ទទួល​រង​ការ​គំរាម​ច្បាស់ៗ​ពី​កម្មាភិបាល​មូលដ្ឋាន​អំពី​ផលវិបាក​នៃ​ការ​ប្រឆាំង​នឹង​គោល​នយោបាយ​អង្គការ។

អ្នក​ស្រី​បាន​រៀបរាប់​ថា “នៅ​ពេល​គេ​បង្ខំ​ខ្ញុំ​ឲ្យ​រៀបការ ខ្ញុំ​បាន​ប្រកែក ហើយ​គេ​បាន​គំរាម​ខ្ញុំ​ថា បើ​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​ទេ ខ្ញុំ​គ្មាន​ថ្ងៃ​រៀបការ​ជាមួយ​បុរស​ណា​អស់​មួយ​ជីវិត។ បើ​គេ​ទាន់​ខ្ញុំ​ញញិម​ដាក់​បុរស​ណា​ម្នាក់ ខ្ញុំ​មុខ​ជា​នឹង​ត្រូវ​គេ​សម្លាប់​ចោល”។

អ្នក​ស្រី សាមឿន បាន​និយាយ​ថា ពួក​ទាហាន​តាម​ដាន​អ្នក​ទើប​រៀបការ​ថ្មីៗ ដើម្បី​ឲ្យ​ប្រាកដ​ថា ពួកគេ​ពិត​ជា​បាន​រួម​ដំណេក ដែល​ជា​ការ​ចោទ​ប្រកាន់​ឡើង​វិញ​ក្នុង​ដំណាក់​ទី​២​នៃ​សំណុំ​រឿង​០០២។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​រៀបការ គេ​ស្នើ​យើង​ឲ្យ​ទៅ​កន្លែង​ដេក​របស់​យើង ខ្ញុំ​ភ័យ​ញ័រ​ខ្លួន ហើយ​ខ្ញុំ​ខ្លាច​ណាស់ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា សូម​កុំ​ធ្វើ​អី​លើ​ខ្ញុំ ហើយ​បុរស​នោះ​មិន​បាន​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សំណាង​ណាស់”។

អ្នក​ស្រី​បាន​បន្ថែម​ថា “​ខ្ញុំ​បាន​ឮ​ស្នូរ​ជើង​នៅ​ក្រៅ​បន្ទប់ ហើយ​ខ្ញុំ​ចាប់​ផ្តើម​ញ័រ​ខ្លួន​ជា​ថ្មី​ទៀត”។

កាលពី​ថ្ងៃ​ពុធ ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​បាន​សួរ​ចុង​ចោទ គឺ​លោក នួន ជា អតីត​មេដឹកនាំ​ទី២​របស់​ប៉ុល ពត និង​អតីត​ប្រមុខ​រដ្ឋ ខៀវ សំផន ដែល​កំពុង​ត្រូវ​ជំនុំ​ជម្រះ​ទោស​ចំពោះ​ឧក្រិដ្ឋកម្ម ក្នុង​នោះ​មាន​ទាំង​បទ​ប្រល័យ​ពូជសាសន៍​ផង។

“ខ្ញុំ​ចង់​សួរ​ជន​ជាប់​ចោទ​ថា ឥឡូវ​នេះ​តុលាការ​បាន​រក​ឃើញ​ទោស​កំហុស​ទាំង​អស់​នៃ​ការ​ចោទ​ប្រកាន់​ទាំង​នោះ តើ​អ្នក​ត្រៀម​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ តើ​អ្នក​មាន​កិត្តិយស​អី​រស់​នៅ​លើ​ផែនដី​នេះ ឬ​តើ​អ្នក​ចង់​ទៅ​ឋាន​នរក​រស់​នៅ​ទី​នោះ​ទេ?”។

ចុង​ចោទ​ទាំង​ពីរ​មិន​បាន​ឆ្លើយ​តប​ទេ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស